29 C
Phnom Penh

តុលាការ​នឹង​សាកសួរ​ជន​សង្ស័យ​ពីបទមនុស្ស​ឃាត​​គិត​ទុក​ជាមុន​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ក្រុម​មន្ត្រី​បាន​និយាយ​កាលពីម្សិលមិញ​ថា បុរស​ប្រាំនាក់​ដែល​ត្រូវ​បាន​ចាប់​ខ្លួន​បន្ទាប់ពី​​គ្រោះ​ថ្នាក់​រថយន្ត​ដែល​បាន​បណ្ដាល​ឲ្យ​មន្ត្រី​កង​រាជអាវុធ​ហត្ថ​ពីរ​នាក់​ស្លាប់​កាលពី​ថ្ងៃអាទិត្យ នោះ នឹង​ត្រូវ​បញ្ជូនទៅ​សាលា​ដំបូ​ង​ខេត្ត​មណ្ឌលគិរី​នៅ​ថ្ងៃនេះ ដើម្បី​សាក​សួរ​ជុំវិញ​ការ​ចោទ​ប្រកាន់​ពីបទ​មនុស្ស​ឃាត​គិត​ទុកជាមុន​។

លោក ឱក ចិត្រា អាយុ​២៥​ឆ្នាំ ជាមន្ត្រី​កង​រាជអាវុធ​ហត្ថ​ខេត្ត និង​លោក​ ជា សំណាង អាយុ​២០​ឆ្នាំ​បាន​ស្លាប់​នៅពេល​រថយន្ត​លុច​ស៊ីស បាន​បុក​ម៉ូតូ​ពីក្រោយ​នៅ​ម៉ោង​ប្រហែល​១​និង​៤៥​នាទី​រំលង​អធ្រាត្រ​ក្នុង​ក្រុង​សែន​មនោរម្យ។

លោក​ វង្ស រចនា នាយការិយាល័យ​ស៊ើ​ប​អង្កេត​បទ​ឧក្រិដ្ឋនៃទីបញ្ជាការដ្ឋាន​កងរាជអាវុធហត្ថខេត្ត​បាន​មាន​ប្រសាសន៍​កាលពី​ម្សិល​មិញ​ថា ជន​សង្ស័យទាំង​ប្រាំ​នាក់​ដែល​ជាប់​ពាក់​ព័ន្ធ​ក្នុង​ហេតុការណ៍​នោះ​កំពុង​ត្រូវ​បាន​ឃាត់​ខ្លួន​នៅទី​បញ្ជាការ​ដ្ឋាន​កង​រាជ​អាវុធ​ហត្ថ​ខេត្ត​មុន​ការ​សាកសួរ​នៅថ្ងៃ​នេះ។

លោក​បាន​មានប្រសាសន៍ថា “ពួកគេ​ទាំង​អស់​ត្រូវ​បាន​ចោទ​ប្រកាន់ពី​បទ​មនុស្ស​ឃាត​គិត​ទុក​ជាមុន។ពួកគេ​គឺ​ជា​យុវជន​ ហើយ​មាន​ការ​គិតខ្លី​។ វា​គ្រាន់តែ​ជាជម្លោះ​តូច​តាច​ប៉ុណ្ណោះ​បន្ទាប់ពី​ការ​ផឹក​ស៊ី​នៅហាង​ខារ៉ា​អូខេ ប៉ុន្តែ​ពួកគេ​បែរជា​សម្លាប់​គ្នា​ទៅវិញ”។

នគរ​បាល​បាន​និយាយ​ថា មុនពេល​កើ​ត​ហេតុ​ជន​រង​គ្រោះ​និង​ជន​សង្ស័យ​បាន​វាយ​តប់​គ្នា​ក្នុង​ហាង​ខារ៉ាអូខេមួយ ដោយសារ​រឿង​ស្រី។ ការ​វាយ​តប់​គ្នា​នេះ​បាន​ឈាន​ទៅ​ដល់​ការ​ជិះ​រថយន្ត​ដេញ​បុក​គ្នា​ដែល​ជាលទ្ធផល​បណ្ដាល​ឲ្យ​មាន​គ្រោះថ្នាក់​ចរាចរណ៍រហូត​ដល់​មាន​មនុស្ស​ស្លាប់​បែប​នេះ​។

លោក​ សាក់ សារ៉ាង មេបញ្ជាការ​កង​រាជ​អាវុធ​ហត្ថ​ខេត្ត​បាន​មាន​ប្រសាសន៍​កាលពី​ថ្ងៃ​ច័ន្ទ​ថា ” អ្នក​ជាប់ឃុំមួយ​ចំនួនក្នុង​ចំណោម​អ្នក​ជាប់ឃុំប្រាំនាក់​​បាន​សារភាព​ថា ពួកគេ​បាន​ដេញបុក​សម្លាប់​ជន​រង​គ្រោះ​មែន។ ពួកគេ​ទាំង​អស់​សុទ្ធ​តែ​ជា​យុវជន​ ហើយតែង​តែ​ដើរ​​ផឹកស៊ី​នៅ​ពេល​យប់​ និង​បង្ក​ជម្លោះទៀត​​”៕ សារុន​​​​​​​

 

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស