28 C
Phnom Penh

ការ​ជជែក​​ពិភាក្សា​​នៅសាកល​វិទ្យាល័យ​ផ្តោតលើ​កំហុស​សីលធម៌ក្នុង​សម័យ​ខ្មែរក្រហម​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កាល​ពីម្សិល​មិញ ​និស្សិត​​​រាប់​រយនាក់​​បាន​ចូល​រួម​​​ជជែក​ពិភាក្សា​នៅសាកល​វិទ្យាល័យ​បញ្ញា​សាស្ត្រ​​ស្តីពី​​ថាត្រូវ​បញ្ចប់​​អំពើហិង្សា​ផ្លូវ​ភេទ​​របៀបណា ជាផ្នែក​មួយ​​នៃ​យុទ្ធនាការ​​​​ទូទាំង​ពិភពលោក ​​​ដឹកនាំ​ដោយ​លោក វីលៀម ហេក(William Hague) រដ្ឋ​មន្ត្រី​ក្រសួងការ​បរទេស​អង់គ្លេស​ និងលោកស្រី អេនជឺលីណា ចូលី(Angelina Jolie) ប្រេសិត​ពិសេស​​របស់​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​ជនភៀស​ខ្លួន។

ព្រឹត្តិការណ៍​នេះរៀបចំ​ដោយ​ស្ថានទូត​​​អង់គ្លេស​​​មាន​បំណង​​បើកការ​​ពិភាក្សា​​​អំពី​​របៀប​បញ្ចប់​​អំពើហិង្សា​ផ្លូវ​ភេទ​ ថែមទាំង​ថា​តើ​ត្រូវ​​ពង្រឹង​ប្រព័ន្ធ​តុលាការយ៉ាងណា​​ដើម្បី​ទទួល​បាន​​ទំនុក​ចិត្ត​​ពី​ជន​រងគ្រោះ​ និង​ផ្តន្ទាទោស​ជន​​ល្មើស។

លោកស្រី ណាកាហ្គាវ៉ា កាស៊ូមិ (Nakagawa Kasumi) សាស្ត្រាចារ្យផ្នែក​ការ​សិក្សា​អំពី​យេនឌ័រ​នៅសាកល​វិទ្យាល័យនេះ​ បានធ្វើការ​ស្រាវ​ជ្រាវ​ដំបូង​​​អំពី​អំពើ​ហិង្សា​ផ្លូវ​ភេទ​និងជេនឌ័រ​​ ដែល​ត្រូវបា​ន​ប្រព្រឹត្ត​នៅ​ក្នុង​របប​ខ្មែរ​ក្រហម​ ហើយថា ស្ត្រី​រង​ប៉ះ​​ពាល់​ខ្លាំង​បំផុត​ដោយសារ​បទល្មើស​​បែបនេះ​ ដោយសារឋានៈ​របស់​ខ្លួននៅក្នុងសង្គម។

លោកស្រី​បាន​រៀប​រាប់ប្រាប់​ក្រុម​អ្នក​ចូល​រួម​ពិភាក្សា​​ថា ” វប្បធម៌​និទណ្ឌភាព ដែល​ជន​ល្មើស​រួច​ផុត​ពីការ​ដាក់​ទោស នឹង​ធ្វើឲ្យសង្គម​​​កើតមាន​អំពើ​ហិង្សា​កាន់តែច្រើន​ ជា​ពិសេស​អំពើ​ហិង្សា​ផ្លូវ​ភេទ”។

លោកស្រី​បានមាន​ប្រសាសន៍ថា “បញ្ហានេះ​ត្រូវបាន​លើកឡើង​​នៅក្នុងស្ថិតិ​ចុងក្រោយ​​របស់​អង្គការ​សហប្រជាជាតិ​ ​ដែល​បង្ហាញថា បុរស​ខ្មែរ​បានប្រព្រឹត្ត​អំពើ​ហិង្សាផ្លូវ​ភេទ​ក្នុង​​អត្រា​ខ្ពស់បំផុត​ចំពោះ​ស្ត្រី​​នៅអាស៊ី​-ប៉ាស៊ីហ្វិក​”។ លោកស្រី​បាន​​បន្ថែម​​ទៀតថា ​បទ​ល្មើស​កើតមាន​ច្រើន​បែបនេះ គឺ​មួយផ្នែក​ដោយសារតែ​អំពើហិង្សា​កើតមាន​ជាធម្មតា​ទៅហើយ ហើយ​តុលាការ​ទន់​ខ្សោយ​​មិនសូវ​ចាត់​វិធាន​ការ។

លោកស្រី កាស៊ូមិ ​បានលើកឡើងថា ” គោលនយោបាយ​របស់​រដ្ឋាភិបាល​​និងការ​ឆ្លើយ​តបនឹង​អំពើ​ហិង្សា​ចំពោះ​ស្ត្រី​​ចាំបាច់​ត្រូវ​យល់​ដឹង​​​អំពី​បទ​ល្មើស​នៅអតីតកាល​ ហើយ​យើង​ក៏ដូចជា​យុវ​ជន​​​របស់​ប្រទេស​​ជាតិ​ ត្រូវ​តែដឹង​អំពី​ប្រវត្តិ​នៃ​អំពើ​ហិង្សា​ផ្លូវ​ភេទ​នៅក្នុងទឹក​ដី​កម្ពុជា​ ដើម្បី​​បញ្ឈប់​វប្បធម៌​និទណ្ឌភាព​”។

លោក ​អាលីស្ទ័រ ហ៊ីលតុន (Alistair Hilton) អ្នក​ពិគ្រោះ​យោបល់​​របស់​​អង្គការ​ក្រៅរដ្ឋា​ភិបាលឈ្មោះ First Step បានមាន​ប្រសាសន៍ថា ប្រជាពល​រដ្ឋ​ចាំបាច់​ត្រូវមានការ​យល់​ដឹង​ថា អំពើ​ហិង្សា​ផ្លូវភេទ​នៅ​សម័យខ្មែរ​ក្រហម​ មិនមែន​គ្រាន់តែ​ប្រព្រឹត្ត​ចំពោះ​ស្ត្រី​នោះទេ​។ លោកបានមាន​ប្រសាសន៍ថា “ក្នុងសម័យ ​ប៉ុល​ ពត អ្នក​ប្រព្រឹត្ត​អំពើ​ហិង្សា​ផ្លូវ​ភេទ​ គឺ​ទាំង​បុរសទំាង​ស្ត្រី​។ ហើយ​បទល្មើស​​ទាំងនោះ​ត្រូវ​បាន​ប្រព្រឹត្តចំពោះ​បុរស​និង​ក្មេង​ប្រុស​”។

លោកស្រី កាស៊ូមិ ​បានមាន​ប្រសាសន៍ថា បទល្មើស​ខ្លះ​នៅ​សម័យ​ខ្មែរ​ក្រហម ដែល​ជន​រងគ្រោះបាន​ចេញមុខ​លើកឡើង​​​ រួមមាន​ការ​ចាប់​រំលោភ ការ​រំលោភ​បូក និងការ​រៀប​អាពាហ៍​ពិពាហ៍​ដោយ​បង្ខំ​ ដែល​​ជាទណ្ឌ​កម្ម​​ទាំង​លើបុរសនិង​ស្ត្រី​។

សាលាក្តី​ខ្មែរ​ក្រហម​​នឹង​​វិនិ​ច្ឆ័យ​បទល្មើស​​រៀបការ​ដោយ​បង្ខំ​ក្នុង​ដំណាក់កាល​បន្ទាប់​នៃ​សំណុំ​រឿង​ក្តី​០០២ ដែលគ្រោង​​នឹង​​ចាប់​ផ្តើម​នៅ​ពេល​បន្ទាប់​ក្នុង​ឆ្នាំ​នេះ៕ ប៊ុននី​​​​​​​​

 

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស