34 C
Phnom Penh

អាជ្ញាធរ​​​ហាម​​​មិន​ឲ្យ​រៀប​ចំ​វេទិកា​​​សាធារណៈ​ស្តី​ពី​ការ​កាប់​​​ឈើ​ខុស​ច្បាប់​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ក្រុ​​​មមន្ត្រី​​​ខេត្ត​​​ព្រះវិហារ​​​បាន​​​រារាំង​​​សកម្មជន​​​ការ​​​ពារ​​​បរិស្ថាន​​​ភ្លាមៗ​​​មិនឲ្យ​​​រៀប​​​ចំ​​​វេទិកា​​​សាធា​រណៈ​​​ដូច​​​ការ​​​​គ្រោង​​​ទុក​ទេ​​​​​កាល​​​ពីម្សិល​​​មិញ ដោយ​​​ក្រុម​​​សកម្មជន​​​អះអាង​​​ថា ការ​​​រារាំង​​​នេះ​​​គឺជាហេតុ​​​ផលនយោបាយ ហើយ​​​មន្ត្រី​​​ទាំង​​​នោះ​​​និយាយ​​​ថា ក្រុម​​នេះ​​​មិន​​​បាន​​​ធ្វើតាម​​​នី​​​តិ​​​វិធី​​​ត្រឹម​​​ត្រូវ​​​ឡើយ​​​។

លោក សេង សុខហេង អ្នក​​​សម្រប​​​សម្រួល​​​បណ្ដាញ​​​កសាង​​​សន្តិភាព​​​សហគមន៍​​​បាន​​​មាន​​​ប្រសាសន៍​​​ថា អភិបាល​​​ខេត្ត​ និង​​​អភិបាល​​​ស្រុក បាន​បិទវេទិកា​​​ដែលរៀបចំ​​​ឡើង​​​នៅ​​​ខាង​​​ក្រៅ​​​សាលា​​​ស្រុក​​​ជ័យ​​​សែន ដើម្បី​​​ពិភាក្សា​​​ពី​​​ការ​​​កាប់​​​ឈើ​​​ខុស​​​ច្បាប់​​​ក្នុង​​​តំបន់​​​ព្រៃឡង់​​​។

លោក សុខហេង​​​ បាន​​​មាន​​​ប្រសាសន៍​​​ថា “លោក​​​ ថោង សាគឿន អភិបាល​​​ស្រុក​​​បាន​​​ចេញ​​​មក​​​​​​និយាយ​​​ថា លោក​​​អភិបាល​​​ខេត្ត​​​បានចេញ​​​បញ្ជា​​​មិន​​​អនុញ្ញាត​​​ឲ្យ​​​រៀប​​​ចំ​​​វេទិកា​​​សាធារណៈ​​​នេះទេ ពីព្រោះ​​​លោក​​​បារម្ភ​​​ថា វេទិកានេះ​​​នឹងត្រូវ​បាន​​​​ប្រើ​​​ប្រាស់​​​​​ដើម្បី​​​ហេតុ​​​ផល​​​នយោបាយ​​​”។​​ លោក​​​បាន​​​បន្ថែម​​​ថា ” ខ្ញុំគិត​​​ថា វា​​​គ្រាន់តែជា​​​លេស​​​របស់​​​ពួកគេ​​ប៉ុណ្ណោះ ពីព្រោះ​​​ពួកគេ​​​ចង់​​​គេចវេះ​​​មិន​​ដោះ​​​ស្រាយ​​​បញ្ហា​​​ពាក់ព័ន្ធ​​​ការ​​​កាប់​​​​​​បំផ្លាញ​​​ព្រៃឈើ​​​ក្នុង​​​តំបន់​​​ព្រៃឡង់​​​ ពីព្រោះ​​​ពួកគេ​​​បាន​​​ឃុប​​​ឃិត​​​ជាមួយ​​​ឈ្មួញ​​​ដើម្បី​​​កាប់​​​ឈើ​​”។

លោក​​​ សុខហេង បាន​​​មាន​​​ប្រសាសន៍​​​ថា វេទិកា​​​នេះ​​​គឺ​​​ផ្ដោត​​​លើ​​​ការ​​​សង្ស័យ​​​ថា​​​មាន​​​ការ​​​កាប់ឈើ​​​ខុស​​​ច្បាប់​​​ និង​​​ការ​​​ជាប់​​​ពាក់​​​ព័ន្ធ​​​របស់​​​ក្រុម​​​ហ៊ុន​​​ទ្រី​​​ភាព​​​ក្នុង​​​ការ​​​កាប់​​​ឈើ​​នេះ។ ប្រជា​​​ពល​​​រដ្ឋ​​​ប្រហែល​​​៣០០​​​នាក់​​​ត្រូវ​​​បាន​​​​​​រារាំង​​​​​​មិន​​​ឲ្យ​​​ចូល​​​រួម​​​វេទិកា​​​នេះ​​​ទេ។

លោក ថោង សាគឿន អភិបាល​​​ស្រុក​​​ជ័យ​​​សែន បាន​​​ទទួល​​​ស្គាល់​​​ថា លោក​​​បាន​​​បិទ​​​វេទិកា​​​នេះ​​​មែន ប៉ុន្តែ​​​លោក​​​បាន​​​លើក​​​ឡើង​​​ថា វា​​​មិនទាក់​​​ទង​​​នឹង​​​នយោបាយ​​​ទេ។ លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា “ខ្ញុំមិននិយាយ​​​ថា យើង​​​ហាមឃាត​់មិន​​​ឲ្យ​​​រៀប​​​ចំ​​​វេទិកា​​​សាធារណៈដោយ​​​សារ​​​ហេតុ​​​ផល​​​នយោបាយឡើយ។ ខ្ញុំ​​​បាន​​​និយាយ​​​ថា លោក​​​អភិបាល​​​ខេត្ត​​​បាន​​​បញ្ជា​​​ឲ្យ​​​ហាមឃាត់​​​វេទិកា​​​នេះ ពីព្រោះមិន​​​មាន​​​ការ​​​ស្នើ​​​សុំ​​​ធ្វើ​​​ត្រឹម​​​ត្រូវ​​​ទេ​​​។

លោក សាគឿន បាន​​​មាន​​​ប្រសាសន៍​​​ថា ក្រុម​​​សកម្មជន​​​បាន​​​ដាក់​​​សំណើ​​​សុំ​​​រៀប​​​ចំ​​​វេទិការយៈ​​​ពេល​​​មួយ​​​ថ្ងៃមុនតែ​​​​​ប៉ុណ្ណោះ​​​ គឺ​​​មិន​​​អាច​​​ទទួល​​​យក​​​បានឡើយ។ ប៉ុន្តែ​​​លោក សុខហេង បាន​​​អះអាង​​​ថា ឯកសារ​​​ត្រូវ​​​បាន​​​ដាក​​​់ជូន​​​ជា​​​មុន​​​ត្រឹម​​​ត្រូវ​​​ហើយ ហើយ​​​វេទិកា​​​គ្រោង​​​ធ្វើ​​​នៅ​​​ថ្ងៃ​​​អង្គារ​​​។

អ្នកស្រី​​​ ឈឹម សុខា តំណាង​​​សហគមន៍​​​ស្អាង​​​ ក្នុង​​​ខេត្ត​​​ព្រះវិហារ បាន​​​មាន​​​ប្រសាសន៍​​​ថា អាជ្ញាធរ​​​មិន​​​អើ​​​ពើ​​​នឹង​​​បទល្មើស​​​ព្រៃ​​​ឈើ​​​ក្នុង​​​សហគមន៍​​​របស់​​​អ្នកស្រី​​​ឡើយ​​​។ អ្នកស្រី​​​បាន​​​និយាយ​​​ថា ” យើង​​​សង្កេត​​​ឃើញ​​​ថា យ៉ាង​​​ហោច​​​ណាស់​​​មាន​​​រថយន្ត​​​៣០គ្រឿង​​​ដឹក​​​ឈើ​​​ចូល​​​ទៅក្នុង​​​ក្រុមហ៊ុន​​​ទ្រីភាព។ យើង​​​មិន​​​បាន​​​ឃើញ​​​អាជ្ញាធរ​​​ ឬក្រុម​​​មន្ត្រី​​​រដ្ឋបាល​​​ព្រៃ​​​ឈើ​​​ណា​​​រារាំង​​​សកម្មភាព​​​ទាំង​​​នេះឡើយ​​​”។

លោក អំ សំអាត អ្នក​​​គ្រប់​​​គ្រង​​​បច្ចេក​​​ទេស​​​នៅ​​​អង្គការ​​​សិទ្ធិ​​​មនុស្ស​​​លីកាដូ បាន​​​មាន​​​ប្រសាសន៍​​​ថា ​​ការ​​​ហាមឃាត់​​​មិន​​​ឲ្យ​​​រៀប​​​ចំវេទិកា​​នេះ​​​ គឺ​​​ជា​​​ការ​​​រំលោភ​​​សេរីភាព​​​នៃ​​​ការ​​​បញ្ចេញ​​​មតិ​​​ដោយ​​​សេរី។ លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា ” ខ្ញុំ​​​គិត​​​ថា វា​​​ជា​​​ការ​​​បំផ្លាញ​​​សេរីភាព​​​នៃ​​​ការ​​​បញ្ចេញ​​​មតិ​​​។ សកម្មជន​​​សហគមន៍​​​គ្រាន់តែ​​​ចង់​​​លើក​​​ឡើង​​​នូវ​​​កង្វល់​​​ពាក់ព័ន្ធ​​​ការ​​​កាប់​​​បំផ្លាញ​​​ព្រៃ​​​ឈើ និង​​​ស្នើ​​​ឲ្យ​​​រដ្ឋាភិបាល​​​ចាត់​​​វិធាន​​​ការ​​​ការ​​​ពារ​​​ព្រៃ​​​ឈើតែប៉ុណ្ណោះ”។

លោក អុិត ភូមិរា នាយ​​​ខណ្ឌ​​​រដ្ឋបាល​​​ព្រៃ​​​ឈើ​​​ខេត្ត​​​ព្រះវិហារ​​​បាន​​​ដាក់​​​ទូរស័ព្ទ​​​ចុះ​​​នៅ​​​ពេល​​​អ្នក​​​យកព័ត៌មាន​​​ទាក់​​​ទង​​​​។ លោក អ៊ុំ ម៉ារ៉ា អភិបាល​​​ខេត្ត​​​មិន​​​អាច​​​ទាក់​​​ទង​​​សុំ​​​ការ​អត្ថា​​​ធិប្បាយ​​​បាន​​​ទេ​​​៕ សារុន​​​​​​​​​​​​

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស