30.7 C
Phnom Penh

គណបក្ស​ជាប់ឆ្នោត​ទាំងពីរ​បន្តពិភាក្សា​រកដំណោះស្រាយ​ភាពទាល់ច្រកនយោបាយ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

គណបក្ស​​​ប្រជា​​​ជន​​​កម្ពុជា និង​​​គណបក្ស​​​សង្គ្រោះ​​​ជាតិ​​​នឹង​​​បន្ត​​​ការ​​​ចរចា​​​ថ្នាក់​​​កណ្តាល​​​នៅ​​​ថ្ងៃ​​​នេះ ដើម្បី​​​ទម្លាយ​​​ភាព​​​ទាល់​​​ច្រក​​​​​​នយោបាយ​​​ដ៏​​អូសបន្លាយ​​​ ដោយ​​​លើក​​​យកបញ្ហា​​​ដែល​​​នៅ​​​សេស​​​សល់​​​បន្ទាប់​ពី​អ្វីដែល​បាន​ព្រម​ព្រៀង​គ្នា​កាលពីខែមេសា​នោះ បាន​បរាជ័យ​ទៅវិញ​។

គណបក្ស​​​សង្គ្រោះ​​​ជាតិ​​​បាន​​​ធ្វើ​​​ពហិការ​​​មិន​​​ចូល​​​​​​សភា​​​ចាប់​​​តាំង​​​ពីការ​​​បោះ​​​ឆ្នោត​​​កាល​​​ពី​​​ខែ​​​កក្កដា ឆ្នាំ​​​២០១៣ ដែល​​​គណបក្ស​​​នេះ​​​ចោទ​​​គណបក្ស​​​ប្រជា​​​ជន​​​កម្ពុជាថាបាន​​​​លួច​​​បន្លំ​​​ ហើយ​​​ចង់​​​ឲ្យ​​​គណបក្ស​​​ប្រជា​​​ជន​​​កម្ពុជា​​​យល់​​​ព្រម​​​ចំពោះ​​​កំណែ​​​ទម្រង់​​​មួយ​​​ចំនួន​​​ មុន​​​ពេល​​​ខ្លួន​​​ទទួល​​​យក​​​អាសនៈ។

លោកនាយ​​​ក​​​រដ្ឋ​​​មន្ត្រី ហ៊ុន សែន​​​ និង​​​លោក សម រង្ស៊ី មេដឹក​​​នាំ​​​គណបក្ស​​​ប្រឆាំង​​​ហាក់ដូច​ជា​​​បាន​​​ដោះ​​​ស្រាយ​​​ភាព​​​ខ្វែង​​​គំនិត​​​គ្នា​បាន​​​​ច្រើន​​​កាល​​​ពី​​​ដើម​​​ខែ​​​មេសា មុន​​​ពេល​​​កិច្ច​​​ព្រម​​​ព្រៀង​​​ចុង​​​ក្រោយ​​​​​​បរាជ័យ ដែល​ទំនង​​​ជា​​​ដោយសារ​​​ការ​​​មិន​​​យល​​​់ស្របថា តើ​ត្រូវ​​​រំកិលកាលបរិច្ឆេទ​​​ការ​​​បោះ​​​ឆ្នោត​​​ជាតិ​​​លើក​ក្រោយ​ត្រឹម​ណា​ដែល​ការ​បោះ​ឆ្នោត​​​​នេះ​​​គ្រោង​​​ធ្វើ​​​នៅ​​​ពាក់​​​កណ្តាល​​​​​​ឆ្នាំ​​​២០១៨​​​នោះ។

លោក ព្រំ​​​ុ សុខា រដ្ឋ​​​លេខាធិការ​​​ក្រសួង​​​មហាផ្ទៃ​​​ ជា​​​ប្រធាន​​​ក្រុម​​​ចរចាគណបក្ស​​​ប្រជា​​​ជន​​​កម្ពុជា ​​​បាន​​​មាន​​​ប្រសាសន៍ថា ជំនួប​​​នៅ​​​ព្រឹទ្ធ​​​សភា​​​ថ្ងៃ​​​នេះ​​​នឹង​​​លើក​​​យក​​បញ្ហា​​​ដែល​​​គណបក្ស​​​ទាំង​​​ពីរ​​​នៅ​​​សេសសល់មក​ពិភាក្សា​។

លោក​​​បានមាន​​​ប្រសាសន៍​​​ថា “យើង​​​នឹង​​​ជួប​​​ប្រជុំ​​​ដើម្បី​​​បង្ហើយ​ឯកសារ​​​ព្រាង​​​នៃ​​​កិច្ច​​​ព្រម​​​ព្រៀង​​​​​​នយោបាយ​​​រវាង​​​គណបក្ស​​​ទាំង​​​ពី​​​រ​​​ ដែល​​​គណបក្ស​​​ទាំង​​​ពី​​​រ​​​បាន​​​ព្រាង​​​កាល​​​ពី​​​ថ្ងៃ​​​ទី​​​៩ ខែ​​​មេសា។ យើង​​​ប្រើ​​​ប្រាស់​​​​​​សេចក្តី​​​ព្រាង​​​ច្បាប់់​​​​​​នោះ ពីព្រោះ​​​នៅ​​​ពេល​​​នោះ​​​មនុស្ស​​​គ្រប់​​​គ្នា​​​គិត​​​ថា យើង​​​ស្ទើរ​​​តែ​​​ព្រម​​​ព្រៀង​​​ទៅ​​​ហើយ​​​ ដូច្នេះ​​​យើង​​​គិត​​​ថា យើង​​​នឹង​​​ដំណើរ​​​ការ​​​ទៅ​​​មុខទៀត​​​​ផ្អែក​​​លើ​​​ឯកសារ​​​នោះ​​​”។

លោក​​​បានមាន​​​ប្រសាសន៍​​​ថា ឯកសា​​​រ​​​នោះ​​​រួមមាន​​​ ឃ្លា​​​មួយ​ដែលធ្វើ​ឲ្យ​គណៈកម្មាធិការ​​​ជាតិ​​​រៀប​​​ចំ​​​ការ​​​បោះ​​​ឆ្នោត​​​ (គ.ជ.ប.) ដែល​​​មជ្ឈដ្ឋានទូទៅ​​​ចាត់​​​ទុក​​​ថា លម្អៀង​​​ទៅ​​​គណបក្ស​​​ប្រជា​​​ជន​​​កម្ពុជានោះ​ ​​​ក្លាយ​ជា​​​ស្ថាប័ន​​​អព្យាក្រឹត​​​ដែល​​​បាន​​​​​​ចែង​​​ក្នុង​​​រដ្ឋ​​​ធម្មនុញ្ញ​​​។ លោក ហ៊ុន សែន​​​ បាន​​​បញ្ជាក់​​​អំពី​​​សំណើនេះ​​​ចំពោះ​​​គណបក្ស​​​សង្គ្រោះ​​​ជាតិ អំឡុង​​​សុន្ទរកថាជា​​​សាធារណៈ​​​កាល​​​ពីថ្ងៃ​​​អង្គារ។

លោក​​​ ព្រុំ សុខា បាន​​​មាន​​​ប្រសាសន៍​​​ថា ក្រុម​​​ចរចា​​​គណបក្ស​​​ប្រជា​​​ជន​​​កម្ពុជា​​​ដែល​​​ចូល​​​រួម​​​​​​ក្នុង​ជំនួប​​​នៅ​​​ថ្ងៃ​​​នេះ​​​រួមមាន​​​ រូប​​​លោក​​​ លោក សក់ សេដ្ឋា រដ្ឋ​​​លេខាធិការ​​​​​​ក្រសួង​​​ម​​​ហាផ្ទៃ និង​​​លោក កើត​​​ រិទ្ធ រដ្ឋ​​​លេខាធិការ​​​ក្រសួង​​​យុត្តិធម៌​​​។

លោក យ៉ែម បុញ្ញប្ញទ្ធិ មក​​​ពី​​​គណបក្ស​​​សង្គ្រោះ​​​ជាតិ​​​បាន​​​មាន​​​ប្រសាសន៍​​​ថា ក្រុម​​​របស់​​​គណបក្ស​​​ប្រឆាំង​​​រួម​​​មាន​​​រូប​​​លោក លោក គួយ​​​ ប៊ុន​​​រឿន និង​​​លោក អេង ឆៃ​​​អ៊ាង​​​ សមាជិក​​​សភា​​​គណបក្ស​​​សង្គ្រោះ​​​ជាតិ​​​។ លោក​​​ យ៉ែម បុញ្ញប្ញទ្ធិ​​​ បាន​​​មាន​​​ប្រសាសន៍​​​ថា “ការ​​​ចរចា​​​​​​បាន​​​ជាប់​​​គាំង​​​នោះត្រង់ចំណុច​ដែល​គណបក្ស​​​ប្រជា​​​ជន​​​កម្ពុជា ​​​មិន​​​បាន​​​យល់​​​ព្រម​​​​​​ដាក់​​​ គ.ជ.ប. ជា​​​ស្ថាប័ន​​​ធម្ម​​​នុញ្ញ”។

លោក​​​បាន​​​បន្ថែម​​​ថា “ដោយ​​​សារ​​​​​មាន​​​ការ​​​ព្រម​​​ព្រៀង​​​គ្នា​​​កាល​​​ពី​​​ម្សិលមិញ យើង​​​នឹង​​​បន្ត​​​ពិភាក្សា​​​​ឲ្យ​​​បាន​​​កាន់​​​តែ​​​លម្អិត​​​បន្ថែម​​​ទៀត​​ស្តីពី​​​ការ​​​ដាក់​​​បញ្ចូល​​​ គ.ជ.ប.​​​ទៅ​​​ក្នុង​​​​​​រដ្ឋ​​​ធម្មនុញ្ញហើយ​​​យើង​​​នឹង​ពិនិត្យ​​​មើល​​​អំពី​​​ស​​​មា​​​សភាព​​​ និង​​​ភារកិច្ច​​​របស់​​​ស្ថាប័ន​​​នេះ ពិនិត្យមើលការ​​​ចុះ​​​បញ្ជី​​​អ្នក​​​បោះ​​​ឆ្នោត និង​​​បញ្ជី​​​ឈ្មោះ​​​បោះ​​​ឆ្នោត​​​ និង​​​ពិនិត្យមើលស្ថាប័ន​​​​​​​ដោះ​​​ស្រាយ​​​វិវាទ​​​បោះ​​​ឆ្នោត​​​”៕​​​សារុន​​​​​​​​​​​​​​​​​​​​​​​​​​​​

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស