33 C
Phnom Penh

ស្ត្រីជនជាតិ​នីហ្សេរីយ៉ាជាប់ពន្ធនាគារ​រយៈពេល​២៥​ឆ្នាំ​ពីបទ​រត់ពន្ធគ្រឿង​ញៀន

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

សាលា​ដំបូង​រាជធានី​ភ្នំពេញ​បាន​ផ្ដន្ទាទោស​ស្ត្រីនីហ្សេរីយ៉ា​ម្នាក់​ឲ្យ​ជាប់ពន្ធនាគារ​រយៈ​​ពេល​២៥​ឆ្នាំ​កាលពីម្សិលមិញ ពីបទ​ប៉ុន​ប៉ង​រត់​ពន្ធ​គ្រឿង​ញៀន​មេតំហ្វេតាមីន​ចូល​​ក្នុង​ប្រទេសកម្ពុជា​។

ឈ្មោះ កូលលីន សេនីអូឡា បូសេដ (Collin Seniola Bosede) អាយុ​៣៦​ឆ្នាំ​ ត្រូវ​បាន​ចាប់​ខ្លួន​​កាលពី​​ខែ​សីហា ជាមួយ​នឹង​គ្រឿង​ញៀន​១,៥​គីឡូក្រាម​នៅ​ក្នុង​វ៉ាលិស​របស​់​ខ្លួន​នៅ​ឯ​អាកាសយាន​ដ្ឋាន​អន្តរជាតិ​ភ្នំពេញ។

អ្នក​ស្រី បូសេដ បានអះអាង​អំឡុង​ពេល​​​សវនាការ​ជំនុំជម្រះ​ទោស​អ្នកស្រី​ថា បុរស​ម្នាក់​នៅ​ប្រទេស​កាតា​បាន​ស្នើ​ឲ្យអ្នកស្រី​យក​កុំព្យូទ័រ​មួយ​គ្រឿងមក​ប្រទេស​កម្ពុជា ហើយ​ថា គាត់​មិនដឹង​ថា គ្រឿងញៀន​ត្រូវបានលាក់​នៅ​ក្នុង​កុំព្យូទ័រ​នោះទេ។

អ្នកស្រីបាន​ស្រែក​យំ​​នៅ​ឯតុលាការ​កាលពីម្សិលមិញ​ថា “ខ្ញុំមិនដឹង​ទេ ខ្ញុំមិន​ដឹង​ទេ”។ អ្នកស្រី​និយាយ​ថា “ខ្ញុំមិន​យល់​ថា​ ហេតុអ្វី​បាន​ជាតុលាការ​ផ្ដន្ទាទោស​ខ្ញុំឲ្យជាប់​ពន្ធនាគារ​២៥​ឆ្នាំ​ ហើយ​ខ្ញុំ​នឹង​ស្លាប់​។ ប្រសិន​បើ​ខ្ញុំ​ដឹង​ថា កុំព្យូទ័រ​នោះ​មាន​គ្រឿង​ញៀន ​ខ្ញុំ​មិន​យកវា​មក​ទេ”។

លោក សួស សំអាត ចៅក្រម​ប្រធាន​ក្រុម​ប្រឹក្សា​ជំនុំជម្រះ​បាន​ប្រាប់​អ្នកស្រី បូសេដ ថា អ្នក​ស្រី​មាន​សិទ្ធិ​ប្ដឹង​ឧទ្ធរណ៍​សាល​ក្រម​មិនឲ្យ​​ហួស៣០​ថ្ងៃ​។ ចេញ​ពីតុលាការ​ អ្នកស្រី​មិន​ព្រម​និយាយ​ជាមួយ​អ្នក​យកព័ត៌មាន​ទេ នៅពេល​សួរ​ថា តើ​អ្នកស្រី​នឹង​ប្ដឹង​ឧទ្ធរណ៍​ការ​ផ្ដន្ទា​ទោស​អ្នកស្រី ឬយ៉ាង​ណា​៕ ប៊ុននី​​​​​​​

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស