28 C
Phnom Penh

ក្រសួងការ​បរទេស​​និយាយ​សម្រាល​​ការ​គំរាម​កំហែង​​កម្មករ​​ខ្មែរ​នៅក្នុង​ប្រទេស​ថៃ​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ខណៈ​ដែល​​កម្មករ​ខ្មែរ​រាប់​ពាន់​នាក់​នៅ​តែ​បន្ត​ឆ្លង​កាត់​ច្រក​ព្រំ​ដែន​ពី​ប្រទេស​​ថៃ​កាល​ពី​ម្សិលមិញ​នោះ​ ក្រសួង​ការបរទេស​និង​សហ​ប្រតិបត្តិការ​​​អន្តរជាតិ ​បាន​ចេញ​សេចក្តី​ប្រកាស​មួយ​ដោយ​និយាយ​សម្រាល​​ការ​​វិល​ត្រឡប់​​របស់​កម្មករ​យ៉ាង​ច្រើន​ និង​បាន​លើកឡើង​ថា​ ​វាជា​”ពាក្យ​ចចាម​​អារ៉ាម​” ដែល​​ថា​​ រដ្ឋាភិបាលយោធាថៃបាន​ដេញ​​ឬ​បាញ់​​កម្មករ​​ចំណាក​ស្រុក​​ខុស​ច្បាប់​។

ក្រសួង​​បាន​លើកឡើង​នៅក្នុង​សេចក្តី​ប្រកាស​​នេះ​ថា “​សូម្បី​នៅ​មុន​ពេល​ប្រទេស​​ថៃ​ត្រូវបាន​រដ្ឋាភិបាល​យោធា​​ត្រួតត្រា​​ក៏ដោយ ក៏​អាជ្ញាធរថៃបាន​​បញ្ជូន​កម្មករ​ខ្មែរ​ខុស​ច្បាប់​ត្រឡប់​មក​កម្ពុជា​វិញ​ដែរ​​​”។

សេចក្តីប្រកាស​នេះ​ក៏បាន​ផ្តល់​តួលេខកម្មករចំណាកស្រុក​ដែល​ត្រឡប់​វិញ​​​តិចជាង​មន្ត្រី​មូល​ដ្ឋាន​មាន​ក្នុង​ពេល​ប៉ុន្មាន​ថ្ងៃ​​នេះ​ ដោយ​លើក​ឡើងថា កម្មករចំនួន​​៧.៥០៧​នាក់​​បាន​វិល​ត្រឡប់​មក​ស្រុកកំណើត​វិញ​​​ពី​ថ្ងៃ​ទី​១ដល់​ថ្ងៃទី៩ខែ​មិថុនា។ ចំណែក​​អ្នក​ផ្សេងទៀត​ប្រាប់​​តួលេខថាមាន​កម្មករ​ចំណាក​ស្រុក​វិល​មកវិញ​ច្រើនជាង​១០. ០០០នាក់។

សេចក្តីប្រកាសនេះ​មាន​ខ្លឹម​សារថា ខណៈ​​ដែលរូបថត​បន្ត​បង្ហោះ​លើ​អុីនធឺណិត​​អំ​ពី​​កម្មករ​ខ្មែរ​​​ត្រូវបាន​​ទាហាន​ថៃ​ចាប់​ញាត់​ចូល​រថយន្ត​​នេះ​ កាលពី​ថ្ងៃ​​​អង្គារ ក្រុមមន្ត្រី​​បានជួប​ជាមួយ​ឯកអគ្គរាជទូត​ថៃ​​ដើម្បី​ដាក់​ពាក្យតវ៉ា​​។ សេចក្តី​ប្រកាស​នេះ​ឲ្យ​ដឹង​ថា “នៅ​ឯជំនួបនេះ លោក អ៊ុង​ សៀន​ [រដ្ឋលេខាធិការ​] បាន​ស្នើ​ឲ្យ​ភាគី​​ថៃ​បញ្ជូន​កម្មករ​ខ្មែរ​ ដែល​ធ្វើ​ការ​ខុស​ច្បាប់​​នៅក្នុងប្រទេស​ថៃ​មក​កម្ពុជា​វិញ​ក្នុង​​លក្ខណៈ​មនុស្ស​ធម៌ និង​មិន​​ឲ្យញាត់​ពួកគេ​លើ​ឡាន​ទ្រុង​​នោះទេ”។

មន្ត្រីនគរ​បាល​ព្រំដែន​កាលពីថ្ងៃអង្គារ បាន​និយាយ​ថា កម្មករ​ចំណាក​ស្រុក​ជាង​៦.៥០០​នាក់​ក្នុង​មួយ​ថ្ងៃ​បាន​ឆ្លង​កាត់​ច្រក​ព្រំដែន​អន្តរជាតិ​ប៉ោយប៉ែត កាលពីថ្ងៃច័ន្ទ និង​ថ្ងៃអង្គារ។

លោក ឃាត ប៊ុនលាភ ប្រធានបុគ្គលិក​នៃ​នគរ​បាល​អន្តោ​ប្រវេសន៍​​ប៉ោយ​ប៉ែត បាន​មាន​ប្រសាសន៍​ថា មិនទាន់​មាន​តួលេខពិត​ប្រាកដ​សម្រាប់​ថ្ងៃ​ម្សិល​មិញ​នៅ​ឡើយ​ទេ។ ប៉ុន្តែ​លោក ប៊ុនលាភ បាន​មាន​ប្រសាសន៍​ថា រថយន្ត​ដឹក​កម្មករ​ជាង​៥០​គ្រឿង​​បានមក​ដល់​កាលពី​ម្សិលមិញ បើធៀបកាលពីថ្ងៃអង្គារ​មានរថយន្ត​៧១​គ្រឿង​ និង​កាលពី​ថ្ងៃច័ន្ទ​ មាន​៤៣​គ្រឿង។

លោកបាន​មាន​ប្រសាសន៍​ថា ” វា​ជា​លើក​ដំបូង​ហើយ ដែល​នគរ​បាល​អន្តោ​ប្រវេសន៍​​របស់​យើងបានជួប​ពួកគេ​ច្រើន​​ដូច្នេះ”។ ក្រុម​មន្ត្រី​ផ្សេង​ទៀត​បាន​ឲ្យ​ដឹង​ថា ​កម្មករ​រាប់​រយនាក់​ទៀត​បាន​ឆ្លង​កាត់​តាម​ច្រក​​នានា​នៅ​តាម​បណ្តោយ​ព្រំដែន។ លោកមេឃុំ ផន សំអាត បានមាន​ប្រសាសន៍​ថា នៅ​ច្រក​​ព្រំដែន​អូរស្មាច់ កម្មករ​ចំនួន​៧២៣​នាក់​ត្រូវ​បាន​បញ្ជូន​ត្រឡប់​មក​វិញ​កាលពី​ម្សិលមិញ។ កម្មករ​២១៧​នាក់​ទៀត​បាន​មក​ដល់​ច្រក​ឆ្លង​កាត់​ព្រំដែន​ ព្រំ នៅ​ក្នុង​ខេត្ត​ប៉ៃលិន។

លោកវរ​សេនីយ៍ឯក អ៊ុំ ករុណា នាយ​នគរ​បាល​ច្រក​ព្រំដែន​បាន​មាន​ប្រសាសន៍​ថា “វា​ជា​ថ្ងៃ​ទី១ហើយ​ដែល​កម្មករ​ចំណាកស្រុក​​ត្រូវ​បាន​ទាហាន​ថៃ​បញ្ជូន​ត្រឡប់​មក​ទីនេះ​វិញ។ កម្មករ​ផ្សេង​ទៀត​ភ័យ​ខ្លាច​ថា ទាហាន​ថៃ​នឹង​ស្វែង​រក​ចាប់​ខ្លួន​ពួក​គេ”។ អង្គការ​អន្តរជាតិ​ទេសន្តរប្រវេសន៍ បាន​ឲ្យ​ដឹង​​កាលពី​ម្សិលមិញ​ថា រំហូរ​របស់​កម្មករ​ចំណាក​ស្រុក​មក​ច្រើនលើសលប់​​ធ្វើ​ឲ្យ​អាជ្ញាធរ​ពិបាក​ធ្វើការ​​។

អង្គការ​នេះបាន​លើក​ឡើង​ក្នុង​សេចក្ដី​ប្រកាស​មួយ​ថា “កម្មករ​ជាច្រើន​នាក់​​មិន​អាច​បន្ត​ដំណើរ​បាន​ព្រោះ​គ្មាន​ប្រាក់​ធ្វើ​ដំណើរ​មក​ជួប​ជុំ​គ្រួសារ​របស់​ខ្លួន។ អង្គការ​អន្តរជាតិ​ទេសន្តរប្រវេសន៍នៅ​កម្ពុជា​បាន​បញ្ជូន​រថយន្ត​ក្រុង​បី​គ្រឿង​ទៅ​ជួយ​ដឹក​កម្មករ​ចំណាក​ស្រុក​ “៕ ប៊ុននី​​​​​

 

© 2022, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស