33 C
Phnom Penh

ទាហាន​​​ថែ​​​រក្សា​សន្តិភាព​កម្ពុជា​ពីរ​នាក់​​​ស្លាប់​ដោយសារ​ពុល​អាហារ​នៅ​ក្នុង​ប្រទេស​ម៉ាលី​​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

មន្ត្រី​យោធា​ជាន់​ខ្ពស់​ម្នាក់​បាន​ឲ្យដឹង​ថា ទាហាន​កម្ពុជា​ពីរ​នាក់​​​​បម្រើ​ការ​ក្នុង​បេសកកម្ម​រក្សា​សន្តិភាព​របស់​អង្គការ​​សហ​ប្រជា​ជាតិ​ក្នុង​ប្រទេស​ម៉ាលី នៃ​​​តំបន់​​​អាហ្វ្រិក​ខាង​លិច​ បាន​ស្លាប់​ដោយសារ​ពុល​អាហារ​កាល​ពី​ថ្ងៃ​អង្គារ។

លោក​ឧត្តម​សេនីយ៍​ សែម សុវណ្ណី អគ្គនាយក​នៃ​មជ្ឈមណ្ឌល​ជាតិ​សម្រាប់​កង​កម្លាំង​រក្សា​សន្តិ​ភាព​បាន​មាន​ប្រសាសន៍​ថា សាក​សព​លោក មាឃ សេរីវឌ្ឍនា​ អាយុ​២៦​ឆ្នាំ​ និង​លោក នី ណុល អាយុ​៣២​ឆ្នាំ​ ដែល​ស្ថិត​នៅ​ក្នុង​កង​រក្សា​សន្តិ​ភាព​កម្ពុជា​មាន​កម្លាំង​ចំនួន​៣០៩​នាក់​នៅ​ក្នុង​ប្រទេស​ដែល​មាន​ជម្លោះ​​​​ស្ទើរ​​​គ្រប់​កន្លែង នឹង​ត្រូវ​​​​​​​​​ធ្វើ​កោសល្យ​វិច័យ​ដោយ​អង្គការ​សហ​ប្រជា​ជាតិ​នៅ​ក្នុង​ប្រទេស​ម៉ាលី មុន​ពេល​បញ្ជូន​មក​ប្រទេស​កម្ពុជា។ លោក​ឧត្តម​សេនីយ៍ សុវណ្ណី បាន​មាន​ប្រសាសន៍​ថា ” បុគ្គលិក​យោ​ធា​ពីរ​រូប​បាន​ស្លាប់​បន្ទាប់​ពី​ពុល​អាហារ​បណ្តាល​ឲ្យ​ពួកគេ​ថប់​ដង្ហើម”។

លោក​បាន​មាន​ប្រសាសន៍​ថា ” ពេល​នេះ​ អង្គការ​សហ​ប្រជា​ជាតិ​កំពុង​តែ​ធ្វើ​កោសល្យ​វិច័យ​លើ​សាកសព​ទាំង​ពីរ​​​។ ខ្ញុំ​គិត​ថា សាក​សព​ទាហាន​រូប​នេះ​នឹង​ត្រូវ​បញ្ជូន​​មក​ប្រទេស​កម្ពុជា​ឆាប់​ៗ​”។ លោក​បាន​បន្ថែម​ថា លោក​កំពុង​តែ​រង់​ចាំ​របាយការណ៍ពិស្តារ​បន្ថែម​ទៀត​អំពី​ការ​ស្លាប់​នេះ​។

ប្រទេស​កម្ពុជា​បាន​​ចាប់​ផ្តើម​បញ្ជូន​កង​កម្លាំ​ង​របស់​ខ្លួន​ទៅ​កាន់​ប្រទេស​ដែល​មាន​បញ្ហា​នេះ​កាល​ពី​ក្នុង​ខែ​កុម្ភៈ​ ជា​ផ្នែក​​​​មួយ​​​នៃ​បេសកកម្ម​រក្សា​សន្តិភាព​របស់​​អង្គការ​សហ​ប្រជា​ជាតិ​នៅ​ក្នុង​ប្រទេស​ម៉ាលី ​មាន​ឈ្មោះ​ថា ​​​​​U.NMultinational IntegratedStabilization MissioninMali (MINSUMA)។ បេសកកម្ម​នេះ​ត្រូវ​បាន​បង្កើត​ឡើង​ក្នុង​ឆ្នាំ​២០១៣​នៅ​ពេល​មាន​ចលាចល​ បន្ទាប់​​​​​ពី​​​ជន​ជាតិ​ដើម​ភាគ​តិច Tuareg នៅ​ភាគ​ខាង​ជើង​ ធ្វើ​រដ្ឋ​ប្រហារ​អបគមន៍​​ក្នុង​ខែ​មេសា ឆ្នាំ​២០១២​។

កង​រក្សា​សន្តិភាព​ចំនួន​១០​នាក់​បាន​ស្លាប់​ អំឡុង​ប្រតិបត្តិការ​ MINSUMA នេះ​បើ​យោង​តាម​គេ​ហ​ទំព័រ​របស់​អង្គការ​សហ​ប្រជា​ជាតិ​ ដែល​មិន​ទាន់​បន្ថែម​ឈ្មោះ​​​លោក មាឃ សេរីវឌ្ឍនា និង​លោក នី ណុល​ ទៅ​នឹង​បញ្ជី​អ្នក​​​ស្លាប់​​​​ ឬ​រាយ​ការណ៍​អំពី​ការ​ស្លាប់​​​​ទេ​​​គិត​​​មក​ទល់​នឹង​យប់​មិញ​។

កន្លង​មក​ កង​យោធ​ពល​ខេមរភូមិន្ទ​បាន​បញ្ជូន​ទាហាន​ច្រើន​ជាង​១.៦០០នាក់​ទៅ​ចូល​​​រួម​​​ក្នុង​​​​បេសកកម្ម​អង្គការ​សហ​ប្រជាជាតិ​នៅ​ក្នុង​ប្រទេស​ឆាដ ស៊ូដង់​ ស៊ូដង់​ខាង​ត្បូង​ និ​ង​ប្រទេស​លីបង់​។ លោក​ឧត្តម​សេនីយ៍​ សុវណ្ណី បាន​មាន​ប្រសាសន៍​ថា ​លោក មាឃ សេរីវឌ្ឍនា និង​លោក នី ណុល គឺ​ជា​ទាហាន​កម្ពុជា​ដំបូង​ដែល​ស្លាប់​ ក្នុង​​​ពេល​​​​បំពេញ​បេសកកម្ម​ថែរក្សា​សន្តិភាព​អង្គការ​សហ​ប្រជា​ជាតិ​។

អង្គការ​សហ​ប្រជា​ជាតិ​ប្រចាំ​រាជ​ធានី​ភ្នំពេញ​បាន​បដិសេធ​មិន​ធ្វើ​អត្ថា​ធិប្បាយ​អំពី​ការ​ស្លាប់​នេះ​ទេ។ នាយកដ្ឋាន​ប្រតិបត្តិការ​ថែ​រក្សា​សន្តិភាព​របស់​​អង្គការ​សហ​ប្រជា​ជាតិ​មាន​មូល​ដ្ឋាន​នៅ​ក្នុង​ញូវ​យ៉ក​ មិន​បាន​ឆ្លើយ​តប​នឹង​សំណើ​​​សុំ​អត្ថា​ធិ​​​ប្បាយ​​​ឡើយ​​​។

យោង​តាម​លោក​ឧត្តម​សេនីយ៍​ សុវណ្ណី​ បាន​ឲ្យដឹង​ថា កង​យោ​ធពល​ខេម​រភូមិន​្ទ​ត្រូវ​បាន​បញ្ជូន​ទៅ​ប្រទេស​ម៉ាលី​ ដើម្បី​បំពេញ​​​បេសកកម្ម​​​ជា​វិស្វករ​នៅ​ក្នុង​ទី​ប្រជុំ​ជន​ គីដាល និង​ប្រជុំ​ជន តេសាលីត ភាគ​ខាង​ជើង​ និង​ដើម្បី​បោស​សម្អាត​យុទ្ធ​ភណ្ឌ​មិន​ទាន់​ផ្ទុះ​នៅ​ក្នុង​តំបន់​ហ្គាវ ភាគ​ឦសាន​ប្រទេស​។ លោក​ទាំ​ង​ពីរ​គឺ​ជា​វិស្វ​ករ។

ប្រទេស​ម៉ាលី​បាន​ធ្លាក់​ក្នុង​ភាព​ចលាចល​កាល​​​ពី​​​ខែ​មករា ​ឆ្នាំ​២០១២ ដែល​ពេល​នោះ​សមាជិក​ជនជាតិ​ភាគ​តិច Tuareg បាន​ធ្វើ​ការ​វាយ​ប្រហារ​ទៅលើ​ទី​​​ប្រជុំ​​​ជន​​​មួយ​ចំនួន​នៅ​ភាគ​ខាង​ជើង​ប្រទេស​ បណ្តាល​ឲ្យ​ជន​ស៊ីវិល​ភៀស​ខ្លួន​ឆ្លង​ដែន​ទៅ​កាន់​ប្រទេស​មូ៉រី​តានី​​​។ ក្នុង​ខែ​មេសា​ ឆ្នាំ​២០១២ ក្រុម​​ឧទ្ទាម​​​​​​​​​​​​ Tuareg បាន​​ត្រួត​ត្រា​ប្រទេស​ម៉ាលី ភាគ​ខាង​ជើង​ និង​បាន​ប្រកាស​ឯករាជ្យ​របស់​ខ្លួន​ ហើយ​ប្រកាស​តំបន់​នេះ​ជា​រដ្ឋ​ឥស្លាម​គ្រប់​គ្រង​ដោយ​ច្បាប់​ឥស្លាម សារីយ៉ា៕ ប៊ុននី​​​

 

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស