ប្រទេសកម្ពុជាទទួលបានអាសនៈនៅស្ថាប័នគ្រប់គ្រងដ៏មានឥទ្ធិពលរបស់អង្គការពលកម្មអន្តរជាតិ (ILO) ជាលើកដំបូងកាលពីសប្ដាហ៍មុន បើទោះជាមានចលាចលក្នុងវិស័យការងារជាញឹកញាប់ នាពេលថ្មីៗ ដែលបណ្តាលឲ្យមានការបង្ហូរឈាម និងពាក្យបណ្ដឹងអំពីការរំលោភសិទ្ធិក្នុងឧស្សាហកម្មកាត់ដេរដ៏សំខាន់នេះក៏ដោយ។
ប្រទេសកម្ពុជាទទួលបានសំឡេងឆ្នោតគាំទ្រភាគច្រើនពីប្រទេសជាសមាជិកអង្គការ ILO នៅឯសន្និសីទពលកម្មអន្តរជាតិប្រចាំឆ្នាំក្នុងទីក្រុងហ្សឺណែវ សម្រាប់អាសនៈមួយក្នុងចំណោមអាសនៈប្ដូរវេនចំនួន១៨ដែលបើកចំហសម្រាប់រដ្ឋាភិបាលនានា និងធ្វើឡើងរៀងរាល់បីឆ្នាំម្ដង។ ស្ថាប័នគ្រប់គ្រងដែលមាន៥៦អាសនៈនេះជាអ្នកសម្រេចអំពីគោលនយោបាយរបស់អង្គការILO បោះឆ្នោតជ្រើសរើសអគ្គលេខាធិការ ILO កំណត់របៀបវារៈសម្រាប់រៀបចំសន្និសីទប្រចាំឆ្នាំនិងអនុម័តកម្មវិធីព្រាងនិងថវិកាសម្រាប់អង្គការILOមុនពេលឈានដល់ការរៀបចំសន្និសីទ។
បន្ទាប់ពីវិលត្រឡប់ពីទីក្រុងហ្សឺណែវវិញកាលពីថ្ងៃច័ន្ទ លោក អុិត សំហេង រដ្ឋមន្ត្រីក្រសួងការងារបានចាត់ទុកការទទួលបានអាសនៈនេះ ថាជាកិត្តិយសដ៏ធំធេងសម្រាប់ប្រទេសកម្ពុជា និងជាការទទួលស្គាល់ចំពោះការខិតខំប្រឹងប្រែងរបស់កម្ពុជាអំពីការគោរពសិទ្ធិរបស់កម្មករ។
លោកបានប្រាប់អ្នកយកព័ត៌មាននៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញថា ” ប្រទេសនានាក្នុងពិភពលោកបានទទួលស្គាល់ថា ប្រទេសកម្ពុជាមានលក្ខខណ្ឌការងារល្អប្រសើរក្នុងពិភពលោកទាក់ទងនឹងសេរីភាព ការបណ្ដុះបណ្ដាលវិជ្ជាជីវៈ សិទ្ធិក្នុងការធ្វើកូដកម្ម និងការតវ៉ា និងការសម្ដែងមតិរបស់កម្មករ និងសិទ្ធិក្នុងការចរចាជាដើម។
លោកបានបន្ថែមថា ចំណុចទាំងអស់នេះហើយធ្វើឲ្យយើងទទួលបានការគាំទ្រពីបណ្ដាប្រទេសភាគច្រើននៅក្នុងពិភពលោកដែលបានបោះឆ្នោតគាំទ្រយើង។ វាជាដំណឹងល្អសម្រាប់ប្រទេសជាតិរបស់យើង កម្មករ និងនិយោជក”។ ប៉ុន្តែ យោបល់របស់លោករដ្ឋមន្ត្រី គឺផ្ទុយពីយោបល់របស់អង្គការសិទ្ធិមនុស្សអន្តរជាតិ និងសហជីពឯករាជ្យក្នុងស្រុកមួយចំនួន។
ទើបតែខែមុននេះទេដែលសហព័ន្ធសហជីពមអន្តរជាតិបានចាត់ទុកប្រទេសកម្ពុជាជាប្រទេសមួយក្នុងចំណោមប្រទេសដែលមានលក្ខខណ្ឌការងារអន់បំផុតក្នុងពិភពលោកនៅក្នុងការចាត់ចំណាត់ថ្នាក់ប្រចាំឆ្នាំរបស់ខ្លួន ដោយសារតែមិនមានការគោរពសិទ្ធិកម្មករ និងមានការរំលោភបំពានពីសំណាក់និយោជក។
នៅសិក្ខាសាលាមួយក្នុងរាជធានីភ្នំពេញកាលពីខែមុន អង្គការ ILO បានលើកឡើងថា សេចក្ដីព្រាងច្បាប់ចុងក្រោយរបស់ក្រសួងការងារស្ដីពីសហជីពគឺអន់ជាងសេចក្ដីព្រាងច្បាប់កាលពីលើកមុនទៅទៀត ហើយមិនស្របតាមអនុសញ្ញាអង្គការ ILO ដែលប្រទេសនេះបានឲ្យសច្ចាប័ន។
កាលពីខែមករា កងរាជអាវុធហត្ថបានបង្ក្រាបការតវ៉ាទាមទារដំឡើងប្រាក់ខែរបស់កម្មកររោចក្រកាត់ដេរ ដោយការបាញ់កាំភ្លើងចូលទៅក្នុងក្រុមមនុស្ស ធ្វើឲ្យកម្មករយ៉ាងហោចណាស់ប្រាំនាក់ស្លាប់ និងច្រើននាក់ទៀតរងរបួស។
ទោះបីជាមិនមានកងរាជអាវុធហត្ថ ឬមន្ត្រីរដ្ឋាភិបាលណាម្នាក់ចេញមុខទទួលខុសត្រូវក៏ដោយ ក៏សកម្មជនសហជីពនិងកម្មករ២៣នាក់ដែលត្រូវបានចាប់ខ្លួនពាក់ព័ន្ធនឹងហេតុការណ៍នោះ ត្រូវបានផ្ដន្ទាទោសកាលពីពេលថ្មីៗនេះដែរ និងបានទទួលការព្យួរទោសបន្ទាប់ពីសវនាការកាត់ក្ដីមិនត្រឹមត្រូវដែលត្រូវបានមជ្ឈដ្ឋានទូទៅចាត់ទុកថា ជារឿងនយោបាយ។ មួយថ្ងៃបន្ទាប់ពីការបាញ់បណ្ដាលឲ្យមនុស្សស្លាប់ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃក៏បានចេញបម្រាមហាមឃាត់មិនឲ្យធ្វើបាតុកម្ម ដែលបម្រាមនោះនៅជាធរមាននៅឡើយ។
លោក ទុន សុភ័ណ្ឌ អ្នកសម្របសម្រួលថ្នាក់ជាតិរបស់អង្គការ ILO បាននិយាយការពារតួនាទីថ្មីរបស់កម្ពុជានៅស្ថាប័នគ្រប់គ្រងនេះ។ លោកបានមានប្រសាសន៍ថា ” ប្រទេសកម្ពុជាមានបញ្ហាទាំងនេះ ហើយប្រទេសដទៃទៀតក៏មានបញ្ហាដែរ…មិនមែនមានតែកម្ពុជានោះទេ”។ លោកបានបន្ថែមថា ” ខ្ញុំគិតថា នៅពេលថ្មីៗនេះប្រទេសកម្ពុជាមានការវិវឌ្ឍគួរឲ្យកត់សម្គាល់ ដោយលោកលើកឡើងអំពីសេចក្ដីសម្រេចរបស់តុលាការក្នុងការដោះលែងមនុស្ស២៣នាក់ ព្រាងច្បាប់ស្តីពីសហជីព ហើយរដ្ឋាភិបាលធ្វើការជាមួយសហជីព ឧស្សាហកម្មកាត់ដេរ និងនិយោជករិះរកវិធីថ្មីៗដើម្បីកំណត់ប្រាក់ខែគោលរបស់វិស័យនេះ។
លោក អាត់ ធន់ មេដឹកនាំសហជីពឯករាជ្យបានមានប្រសាសន៍ថា ប្រទេសកម្ពុជាទំនងជាទទួលបានការគាំទ្រច្រើនក្នុងចំណោមប្រទេសជាសមាជិកអង្គការ ILO ដោយសារមានការគោរពអនុសញ្ញាជាច្រើនរបស់អង្គការ ILO ដែលខ្លួនបានចុះហត្ថលេខា។ លោកបានបន្ថែមថា តួនាទីថ្មីរបស់កម្ពុជានៅស្ថាប័នគ្រប់គ្រងនេះអាចជំរុញឲ្យរដ្ឋាភិបាលធ្វើការងារកាន់តែល្អប្រសើរក្នុងការអនុវត្តអនុសញ្ញាទាំងនេះ។
ទោះជាយ៉ាងណា លោក ប៉ាវ ស៊ីណា មេដឹកនាំសហជីពបានមានប្រសាសន៍ថា ប្រទេសកម្ពុជាមិនសមនឹងអាសនៈនេះទេ ហើយលោកបារម្ភថា រដ្ឋាភិបាលអាចប្រើប្រាស់វាដើម្បីប្រឆាំងសហជីព។ លោកបានមានប្រសាសន៍ថា ” កម្មករ និងសហជីពមានបញ្ហាច្រើនដែលមិនទាន់ត្រូវបានដោះស្រាយនៅឡើយ រួមមានការចាប់ខ្លួន និងការសម្លាប់កម្មករ ការគំរាមកំហែងសហជីព និងការបណ្តេញកម្មករចេញពីការងារជាដើម”។ លោកបានបន្ថែមថា “នៅពេលកម្ពុជាក្លាយជាសមាជិកនៃស្ថាប័នគ្រប់គ្រងនេះ វាជាការងាយស្រួលសម្រាប់រដ្ឋាភិបាលកម្ពុជាក្នុងដាក់សម្ពាធឲ្យអង្គការ ILO ធ្វើតាមអ្វីដែលខ្លួនចង់បាន៕ សារុន