35 C
Phnom Penh

ការ​ចរចាដើម្បី​បញ្ជប់ការ​ធ្វើពហិការ​សភាជួបបញ្ហាទៀតហើយ​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ការ​ចរចា​ថ្នាក់​កណ្ដាល​រវាង​គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ​ ដើម្បី​បញ្ចប់​ភាព​ទាល់​ច្រក​នយោបាយ​ក្នុង​ប្រទេស​បាន​ជួប​បញ្ហា​ទៀត​ហើយ​កាលពី​ម្សិលមិញ នៅ​ពេល​នេះ​នៅ​ត្រង់​ថា តើ​ត្រូ​វ​​ជ្រើស​រើស​សមាជិក​គណៈកម្មាធិកា​រ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​(គ.ជ.ប.)ដូច​ម្ដេច​ ប៉ុន្តែគណបក្ស​ទាំង​ពីរ​ព្រម​ព្រៀង​គ្នាបន្ត​ការ​ចរចា​ទៀត។

ការ​ចរចា​នេះ​គឺ​ជា​លើកទី​២​ហើយចាប់​តាំងពី​ខែមេសា​មក នៅពេល​លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន និង​លោក សម រង្ស៊ី មេដឹកនាំ​គណបក្ស​ប្រឆាំង​ទំនង​ជា​ជិត​ឈាន​ដល់​កិច្ច​ព្រម​ព្រៀង​ ដែល​នឹង​បញ្ចប់​ការ​ធ្វើ​ពហិការ​រដ្ឋសភា​របស់​គណបក្ស​សង្គ្រោះជាតិ​ទៅហើយ។ គណបក្ស​ប្រឆាំង​មិន​ព្រម​ទទួល​យក​អាសនៈ​របស់​ខ្លួន​ ដោយ​តវ៉ា​ជំទាស់​ទៅ​នឹង​ការ​បោះ​ឆ្នោត​ជាតិ​កាលពី​ឆ្នាំមុន ដែល​គណបក្ស​នេះ​ចោទ​គណបក្ស​ប្រជា​ជន​កម្ពុជា​ថា បាន​លួច​បន្លំ​។

នៅ​ក្នុង​សុន្ទរកថា​ជា​សាធារណ​ៈ​កាលពីថ្ងៃ​អង្គារ លោក ហ៊ុន សែន បាន​ផ្ដល់​ឲ្យ​គណបក្ស​សង្គ្រោះជាតិ​នូវ​ការ​ទាម​ទារ​មួយក្នុង​ចំណោម​ការ​ទាមទារសំខាន់​ៗរបស់​​​ខ្លួនគឺ​​​ឲ្យ គ.ជ.ប. ដែល​មជ្ឈដ្ឋានទូ​ទៅ​ចាត់​ទុក​ថា លម្អៀង​ទៅ​រក​គណបក្ស​ប្រជា​ជន​កម្ពុជានោះ​​ ធ្វើ​​​ជា​ស្ថាប័ន​ឯករាជ្យ និងមាន​ចែង​ក្នុង​រដ្ឋ​ធម្មនុញ្ញ។

ប៉ុន្តែ​បន្ទាប់ពី​ជំនួប​​រយៈពេល​១ម៉ោង​នៅ​ព្រឹទ្ធសភា​កាលពីម្សិល​មិញ លោក ព្រុំ សុខា ប្រធាន​ក្រុម​ចរចា​គណបក្ស​ប្រជាជន​កម្ពុជា បាន​បន្ទោស​គណបក្ស​សង្គ្រោះ​ជាតិ​ថា បាន​ផ្លាស់ប្តូរ​ការ​ទាម​ទារ​របស់​ខ្លួន​ឲ្យមាន​​​ការ​​​បោះ​​​ឆ្នោត​​​ជ្រើស​​​រើស​​​សមាជិកគ.ជ.ប. ​ដោយ​សំឡេង​​​សមាជិក​សភា​ពីរ​ភាគបី​។

លោក​បាន​មាន​ប្រសាសន៍​ថា ” ជំនួប​នៅ​ថ្ងៃ​នេះ​ពឹង​ផ្អែកលើ​​សេចក្តីព្រាងនៃកិច្ច​ព្រម​ព្រៀង​ ដែល​មេដឹកនាំ​កំពូល​នៃគណបក្ស​ទាំង​ពីរ​បាន​ចរចា​កាលពី​ថ្ងៃទី​៩ ខែមេសា ពីព្រោះ​នៅ​ពេល​នោះ​យើង​ទាំង​អស់​គ្នា​គិត​ថា ការ​ចរចា​នឹង​បញ្ចប់ ហើយ​នឹង​មិន​មាន​បញ្ហា​ទៀត​ឡើយ​។ ដោយសារ​យើង​ស្នើឲ្យ​​ដាក់​គ.ជ.ប. ក្នុង​រដ្ឋធម្មនុញ្ញ ពួកគេ​ [គណបក្ស​សង្គ្រោះជាតិ​]​ ស្នើ​ឲ្យ​ផ្លាស់​ប្ដូរ​ទៅ​ពីរ​ភាគ​បីវិញ ប៉ុន្តែ​យើង​ស្នើ​សុំ​៥០​បូក​១”។

យោង​តាម​សេចក្ដីព្រាង​នៃ​​​​ចំណុច​​​ទាំងពីរ​​​​ដែល​គណបក្ស​ប្រជា​ជន​កម្ពុជា​ស្នើ​ឲ្យ​ដាក់​ក្នុង​រដ្ឋធម្មនុញ្ញនោះ គ.ជ.ប.​ ក៏នឹង​ត្រូវ​កាត់​បន្ថយ​ចំនួន​សមាជិក​ពី​ប្រាំបួននាក់​មក​ត្រឹម​ប្រាំ​នាក់ ហើយ​សមាជិក​ម្នាក់ៗ​មាន​អាណត្តិ​៥​ឆ្នាំ​។

នៅពេល​ត្រូវ​បាន​ទាក់​ទង​បន្ទាប់ពី​ជំនួបនេះ​ លោក អេង ឆៃអា៊ង សមាជិក​សភា​ជាប់​ឆ្នោត​គណបក្ស​សង្គ្រោះជាតិ និង​ជា​អ្នក​ចរ​ចា​ម្នាក់ក្នុង​ចំណោមអ្នក​ចរចា​របស់​គណបក្ស​ប្រឆាំង​បាន​បញ្ជាក់​ថា គណបក្ស​ទាំង​ពីរ​មាន​បញ្ហា​ទៀត​ហើយ។ លោក​បាន​មាន​ប្រសាសន៍​ថា ” មិន​មាន​ការ​ព្រម​ព្រៀង​គ្នាទេនៅ​ព្រឹក​នេះ ពីព្រោះ​គណបក្ស​ប្រជា​ជន​កម្ពុជា​ទាមទារ​៥០​បូក​១ ហើយ​គណបក្ស​សង្គ្រោះជាតិ​ទាមទារ​ពីរ​ភាគ​បី”។

ឥឡូវ​នេះ​ ដោយ​គណបក្ស​ប្រជា​ជ​ន​កម្ពុជា​កាន់កាប់អាសនៈ​សភា​លើស​​​តិច​តួច​ក្នុង​ចំណោម​អាសនៈ​សភា​១២៣​អាសនៈ​នោះ លោក​បាន​លើក​ឡើង​ថា សំឡេង​ឆ្នោត​ពីរ​ភាគ​បី​ គឺ​ជា​មធ្យោបាយ​តែ​មួយគត់​ដើម្បី​ធ្វើ​ឲ្យ​ប្រាកដ​ថា គណបក្ស​ទាំង​ពីរ​អនុម័ត​យល់​ព្រម​លើ​សមាជិក​ គ.ជ.ប.។ លោក​បាន​មាន​ប្រសាសន៍​ថា ” យើង​ចង់​ឲ្យ​ គ.ជ.ប. មិន​មែន​ជា​សមាជិក​នៃ​គណបក្ស​ណា​មួយ​ឡើយ​ ប៉ុន្តែ​ត្រូវ​មាន​ការ​ព្រម​ព្រៀង​ពី​គណបក្ស​ទាំង​អស់​ដែលមាន​អាសនៈ​ក្នុង​សភា​”។

លោក អេង ឆៃអា៊ង បាន​មាន​ប្រសាសន៍ថា គណបក្ស​សង្គ្រោះជាតិ​ក៏ចង់​ឲ្យរក្សា​​ទុក​សមាជិក​គ.ជ.ប.​ប្រាំបួន​រូបដែរ ដោយ​សមាជិ​ក​ម្នាក់​ៗ​មាន​អាណត្តិ​៤​ឆ្នាំ​។

នៅក្នុង​ទំព័រ​ហ្វេស​ប៊ុក​របស់​លោក លោក សម រង្ស៊ី បាន​មាន​ប្រសាសន៍​ថា លោក​និង​លោក ហ៊ុន សែន បានព្រមព្រៀង​អំឡុង​ការ​សន្ទនា​តាមទូរស័ព្ទ​កាលព​ី​ខែ​មេសាថា ត្រូវ​តែ​មាន​ការ​​ព្រមព្រៀង​រវាង​គណបក្ស​ទាំង​ពីរ​ក្នុង​ការ​បោះ​ឆ្នោត​ជ្រើស​រើស​សមាជិក​ថ្មី​នៃ​ គ.ជ.ប. ហើយ​លោក​បាន​ចោទ​គណបក្ស​ប្រជា​ជន​កម្ពុជា​ថា បាន​ផ្លាស់​ប្ដូរ​ចិត្ត​។

បើ​ទោះណា​ជាមាន​ការ​ចោទ​ប្រកាន់​​ ការ​បន្ទោស​គ្នា និង​ភាព​ទាល់​ច្រក​មិន​ចេះ​ចប់​មិន​ចេះហើយ​ក៏ដោយ ក៏គណបក្ស​ទាំងពីរ​បាន​ដើរ​ចេញពី​ព្រឹទ្ធសភា​កាលពីម្សិលមិញ ដោយ​ព្រមព្រៀង​គ្នា​ថា នឹង​ជួប​គ្នា​ម្ដង​ទៀត​ ប៉ុន្តែ​មិន​ដឹងនៅពេល​ណានោះទេ៕ សារុន​​

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស