កាលពីម្សិលមិញធនាគារកាណាឌីយ៉ាបានឲ្យដឹងថា ខ្លួនកំពុងស៊ើបអង្កេតថាតើគេបើកក្រដាស១០០ដុល្លារក្លែងក្លាយពីរសន្លឹកទៅឲ្យអតិថិជនដែលមកបើកលុយតាមមូលប្បទានបត្រដោយរបៀបណា។

អតិថិជនឈ្មោះ អៀម សុភាព ជាអ្នកគ្រប់គ្រងធនធានមនុស្សនៅកាសែត ខេមបូឌា ដេលី បានមានប្រសាសន៍ថា លោកទទួលបានក្រដាសប្រាក់១០០ដុល្លារក្លែងក្លាយពីរសន្លឹកពីបេឡាករម្នាក់នៅធនាគារកាណាឌីយ៉ាសាខាវិមានឯករាជ្យ ស្ថិតនៅតាមបណ្ដោយមហាវិថីព្រះនរោត្តម នៅពេលដែលលោកមកបើកប្រាក់តាមមូលប្បទានបត្រចំនួន២៨៥ដុល្លារ។
លោក សុភាព មិនបានចាប់អារម្មណ៍ថា ក្រដាសប្រាក់នោះក្លែងក្លាយទេ លុះពេលលោកយកទៅបង់នៅក្រុមហ៊ុនទេសចរណ៍ក្នុងស្រុកមួយក្នុងរយៈពេល៣០នាទីបន្ទាប់ពីការដកប្រាក់ទើបលោកដឹង។ លោកបានមានប្រសាសន៍ថា “ពួកគេបាននិយាយថា វាជាលុយក្លែងក្លាយ មិនមែនជាលុយពិតឡើយ”។
អ្នកស្រី ងួន វណ្ណីដា បុគ្គលិកនៅក្រុមហ៊ុនអង្គរខេមប្រ៊ូ ដែលលោក សុភាព បានយកប្រាក់ទៅបង់នោះ បាននិយាយថា អ្នកស្រីសង្កេតឃើញបញ្ហាខុសប្រក្រតីភ្លាមៗ។ អ្នកស្រីបាននិយាយថា ” គាត់បានឲ្យលុយនោះមកខ្ញុំ ហើយខ្ញុំបានកាន់វា ហើយលុយនោះដូចជាចម្លែក។ បន្ទាប់មកខ្ញុំបានយកទៅជូនចៅហ្វាយរបស់ខ្ញុំដែលបាននិយាយថា “វាមើលទៅដូចក្រដាសអ៊ីចឹង វាមិនមែនជាក្រដាសប្រាក់ឡើយ”។
លោក សុភាព បានមានប្រសាសន៍ថា ” បន្ទាប់មក លោកបានត្រឡប់ទៅធនាគារវិញប្រាប់បេឡាករនោះពីក្រដាសប្រាក់ក្លែងក្លាយ ប៉ុន្តែត្រូវគេប្រាប់ថា មិនអាចជួយបានទេ។ លោកបានមានប្រសាសន៍ថា ” បេឡាកររូបនោះបាននិយាយថា អ្នកស្រីមិនអាចជួយបានទេ។ អ្នកស្រីបាននិយាយថា វាជាកំហុសរបស់ខ្ញុំដែលមិនពិនិត្យមើលលុយនោះ។
ក្រដាសប្រាក់១០០ដុល្លារពីរសន្លឹក ដែលគេហៅថា “លុយខ្មោច”ដែលតាមទំនៀមទម្លាប់ត្រូវគេដុតអំឡុងពិធីសាសនា។ ក្រដាសប្រាក់ទាំងនេះមើលទៅដូចក្រដាសប្រាក់១០០ដុល្លារបេះបិទ ហើយមានខ្សែសយពណ៌ស្វាយ ប៉ុន្តែមានភាពខុសគ្នាច្បាស់ក្រឡែតគឺក្រដាសប្រាក់ក្លែងក្លាយមានសរសេរពាក្យថា ” Hell Note” នៅខាងខ្នង ហើយផ្ទៃវារលោងជាងក្រដាសប្រាក់ពិត ហើយក្រដាសប្រាក់នេះមានស្នាមដាចនៅត្រង់ជ្រុង។
នៅក្នុងសេចក្ដីថ្លែងការណ៍ដែលបានបញ្ជូនដោយលោក ថមមី ប៊ូគ្រីស (Tommy Boukhris) អ្នកគ្រប់គ្រងគម្រោងនៅការិយាល័យរបស់លោក ម៉ៃឃើល ឡ (Michael Lor) នាយកប្រតិបត្តិធនាគារ កាណាឌីយ៉ា ធនាគារកាណាឌីយ៉ាលើកឡើងថា ធនាគារមានប្រព័ន្ធគ្រប់គ្រងច្បាស់លាស់ ដូច្នេះនៅក្នុងប្រតិបត្តិការរបស់យើង យើងអាចត្រួតពិនិត្យប្រកបដោយប្រសិទ្ធភាព និងដោះស្រាយភាពខុសប្លែក និងខុសប្រក្រតីភ្លាមៗទាក់ទងនឹងប្រាក់”។
ទាក់ទងករណីលុយក្លែងក្លាយកាលពីម្សិលមិញនេះ ធនាគារកាណាឌីយ៉ាលើកឡើងថា យើងមិនអាចអត្ថាធិប្បាយ ឬបញ្ជាក់អំពីបញ្ហានេះបានទេ លុះណាតែយើងធ្វើការស៊ើបអង្កេតឲ្យបានត្រឹមត្រូវសិន”។
អតិថិជនធនាគារកាណាឌីយ៉ាប្រាំមួយនាក់បាននិយាយកាលពីម្សិលមិញថា ពួកគេមិនដឹងថាមានបញ្ហាស្រដៀងគ្នានេះទេ ប៉ុន្តែបានបន្ថែមថា ពួកគេកម្រពិនិត្យមើល ឬរាប់លុយបន្ទាប់ពីដកពីធនាគារ តាមបេឡាករ ឬម៉ាស៊ីនអេធីអឹមណាស់ ពីព្រោះពួកគេទុកចិត្តថា វាជាក្រដាសប្រាក់ពិត។
ពុធ ង៉ោ អាយុ៤៨ឆ្នាំបាននិយាយថា “ខ្ញុំបានដកប្រាក់មួយចំនួនពីធនាគារនេះ ហើយខ្ញុំមិនទាន់ដឹងថា តើវាជាលុយពិតឬក៏ក្លែងក្លាយនៅឡើយទេ។ ប៉ុន្តែខ្ញុំនឹងពិនិត្យនៅពេលក្រោយ ពីព្រោះខ្ញុំមិនដែលធ្លាប់ឮថាមានបញ្ហាបែបនេះកើតឡើងពីមុនមកនៅធនាគារកាណាឌីយ៉ាឡើយ”។
លោក សុភាព បានមានប្រសាសន៍ថា លោកបន្ទោសខ្លួនឯងដែលខ្វះការប្រុងប្រយ័ត្ន។ លោកបានមានប្រសាសន៍ថា ” នេះជាកំហុសរបស់ខ្ញុំ ពីព្រោះខ្ញុំទុកចិត្តធនាគារ”៕ សារុន