យោងតាមអភិបាលក្រុងប៉ោយប៉ែតបានឲ្យដឹងថា ខណៈដែលកម្មករចំណាកស្រុកប្រហែល១០.០០០នាក់ទៀតបានឆ្លងដែនពីប្រទេសថៃកាលពីម្សិលមិញ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបញ្ជាឲ្យយករថយន្តយោធា១៥០គ្រឿងដើម្បីដឹកពួកគេទៅស្រុកកំណើតវិញ។

ក្នុងពេលជាមួយគ្នានេះ អង្គការសិទ្ធិមនុស្សមួយបានរាយការណ៍ថា កម្មករខ្មែរដល់ទៅប្រាំបួននាក់ប្រហែលត្រូវបានសម្លាប់ អំឡុងការឆ្មក់ចាប់ដោយរបបយោធាថៃ ដែលនៅសប្ដាហ៍នេះបានចាប់ផ្ដើមបញ្ជូនកម្មករចំណាកស្រុកខុសច្បាប់យ៉ាងច្រើនចេញពីប្រទេស ដោយកៀងប្រមូលពួកគេ និងញាត់ពួកគេចូលរថយន្តទ្រុង ហើយបើកមកព្រំដែន។
លោក ង៉ោ ម៉េងជ្រុន អភិបាលក្រុងប៉ោយប៉ែត បានមានប្រសាសន៍ថា អាជ្ញាធរខ្មែរមានការភ្ញាក់ផ្អើលដោយសារមានកម្មករចំណាកស្រុកដ៏ច្រើនត្រឡប់មកប្រទេសវិញ។ លោកបានមានប្រសាសន៍ថា “កម្លាំងរបស់យើងកំពុងត្រៀមជួយកម្មករចំណាកស្រុករបស់យើង ប៉ុន្តែថ្ងៃនេះកម្មករចំណាកស្រុកច្រើនណាស់ត្រូវបានគេបញ្ជូនឆ្លងច្រកព្រំដែនអន្តរជាតិប៉ោយប៉ែត។ ឥឡូវលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបញ្ជាឲ្យបញ្ជូនរថយន្តយោធា១៥០គ្រឿងទៅជួយដឹកកម្មករចំណាកស្រុករបស់យើង”។
លោក ម៉េងជ្រុន បានប្រមាណថា កម្មករយ៉ាងហោចណាស់១០.០០០នាក់បានមកដល់តែមួយថ្ងៃម្សិលមិញ។ អាជ្ញាធរខេត្តបានផ្ដល់រថយន្តក្រុង២០គ្រឿងជួយដឹកកម្មករត្រឡប់ទៅស្រុកវិញ ហើយកំពុងចែកចាយអាហារ និងទឹក។ លោកបាននិយាយថា ” កម្លាំងរបស់យើងទាំងអស់មមាញឹកណាស់ក្នុងការជួយពួកគេ”។
អង្គការសិទ្ធិមនុស្សអាដហុកបានឲ្យដឹងកាលពីម្សិលមិញថា មានសេចក្ដីរាយការណ៍ជាច្រើនថា កម្មករចំណាកស្រុកដល់ទៅប្រាំបួននាក់ត្រូវបានទាហានថៃសម្លាប់ ហើយកម្មករយ៉ាងហោចណាស់ម្នាក់ទៀត តាមសេចក្ដីរាយការណ៍ថា ត្រូវបានគេវាយធ្វើបាប។ សេចក្ដីថ្លែងការណ៍មួយពីអង្គការអាដហុកបានឲ្យដឹងថា ” អ្នកត្រឡប់មកវិញ បានរាយការណ៍អំពីការឆ្មក់ចូលចាប់ដ៏ហិង្សាតាមផ្ទះដែលជនអន្តោប្រវេសន៍ខុសច្បាប់ត្រូវគេសង្ស័យថាស្នាក់នៅ និងការហែកឯកសារដែលពលរដ្ឋខ្មែរទទួលបាន ដើម្បីធ្វើការដោយស្របច្បាប់នៅប្រទេសថៃ”។
លោក ស៊ុម ចាន់គា អ្នកសម្របសម្រួលរបស់អង្គការអាដហុកនៅខេត្តបន្ទាយមានជ័យ បាននិយាយថា លោកបាននិយាយទៅកាន់កម្មករជាច្រើនដែលបាននិយាយថា ពួកគេត្រូវបានគេបាញ់ និងបានឃើញអ្នកផ្សេងទៀតត្រូវគេសម្លាប់ផ្ទាល់ភ្នែក។ លោកបានមានប្រសាសន៍ថា ក្នុងករណីមួយនោះ ស្ត្រីពីរនាក់ត្រូវបានគេបាញ់ស្លាប់បន្ទាប់ពីពួកគាត់ព្យាយាមដណ្ដើមមកវិញនូវឯកសារធ្វើការស្របច្បាប់ ដែលពួកទាហានបានហែកចោល។ លោកបានឲ្យដឹងទៀតថា ” ឥឡូវនេះយើងកំពុងស៊ើបអង្កេតករណីទាំងនេះ”។
យោងតាមក្រុមមន្ត្រីនៅច្រកព្រំដែនប៉ោយប៉ែតបានឲ្យដឹងថា កាលពីថ្ងៃអង្គារ កម្មករចំណាកស្រុកច្រើនជាង៦.៥០០នាក់បានឆ្លងកាត់ច្រកអន្តរជាតិប៉ោយប៉ែត ហើយជិត៧.៧០០នាក់បានមកដល់នៅថ្ងៃបន្ទាប់។ ចំនួននេះផ្ទុយគ្នាជាខ្លាំងទៅនឹងចំនួនផ្ដល់ដោយក្រសួងការបរទេស ដែលបានឲ្យដឹងកាលពីថ្ងៃពុធថា កម្មករ៧.៥០៧នាក់បានមកដល់នៅចន្លោះថ្ងៃទី១ និងថ្ងៃច័ន្ទ ខែមិថុនានេះ។
លោកមេឃុំ ផង់ សំអាត បានមានប្រសាសន៍ថា កម្មករ៦០០នាក់ទៀតបានមកដល់ច្រកព្រំដែនអន្តរជាតិអូរស្មាច់ ក្នុងខេត្តឧត្តរមានជ័យ។ មន្ត្រីខេត្ត និងកាកបាទក្រហមកម្ពុជានៅទីនោះ បានជួយក្នុងការដឹកជញ្ជូនកម្មករទៅស្រុកវិញ។
នាយនគរបាលប៉ុស្តិ៍ព្រំដែន លោក អ៊ុំ ករុណា បាននិយាយថា នៅច្រកអន្តរជាតិព្រំ ក្នុងខេត្តប៉ៃលិន កម្មករ៧៧២នាក់បានត្រឡប់មកវិញ ដែលចំនួននេះបានកើនឡើងបីដងពីមួយថ្ងៃមុននេះ។
យោងតាមវរសេនីយ៍ឯក ឈុន លុន ប្រធានការិយាល័យទំនាក់ទំនងព្រំដែនបានឲ្យដឹងថា កម្មករចំណាកស្រុក៧៦០នាក់ផ្សេងទៀតបានធ្វើដំណើរមកដល់ច្រកព្រំដែនអន្តរជាតិភ្នំដី ក្នុងខេត្តបាត់ដំបង ធ្វើឲ្យចំនួនសរុបរយៈពេលបីថ្ងៃឡើងដល់ច្រើនជាង៣.០០០នាក់។
លោកបានមានប្រសាសន៍ថា ” យោងតាមកម្មករចំណាកស្រុកបានឲ្យដឹងថា ពួកគេត្រូវពួកទាហានថៃចាប់ខ្លួន ដោយសារច្បាប់អាជ្ញាសឹក។ [ក្រុមយោធាកាន់អំណាច] បានបញ្ជាឲ្យម្ចាស់ហាងទាំងអស់ឈប់ប្រើកម្មករចំណាកស្រុកខុសច្បាប់ ដូច្នេះហើយកម្មករចំណាកស្រុករបស់យើងគ្មានការងារធ្វើទេ ហើយពួកគេត្រូវបានទាហានថៃចាប់ខ្លួនបញ្ជូនមកបន្ទាយទាហានមុនពេលបណ្ដេញចេញ”។
លោក អាន ប៊ុនហាក់ ប្រធានក្រុមហ៊ុនជ្រើសរើសពលករ Top Manpower និងជាអតីតប្រធានសមាគមនៃទីភ្នាក់ងារជ្រើសរើសពលករខ្មែរ បានរិះគន់ការចាប់ប្រមូលបញ្ជូនចេញនេះ ដោយលោកបាននិយាយថា វាបានធ្វើឡើងដោយគ្មានការព្រមាន ហើយធ្វើឲ្យរដ្ឋាភិបាលគ្មានពេលត្រៀមជាមុន។ លោកបានមានប្រសាសន៍ថា ” យើងសោកស្ដាយណាស់ ដែលរបបយោធាធ្វើភ្លាមៗដូច្នេះ…រដ្ឋាភិបាលរបស់យើងពិបាកជួយពួកគេណាស់”។ ប៉ុន្តែលោកបានទទួលស្គាល់ថា មិនមែនមនុស្សទាំងអស់សុទ្ធតែមិនចូលចិត្តការប្រមូលចាប់កម្មករឲ្យត្រឡប់មកវិញនេះទេ។ លោកបាននិយាយថា ” ខ្ញុំបានជួបម្ចាស់រោងចក្រមួយចំនួនដែលប្រើកម្មករចំណាកស្រុកស្របច្បាប់ ពួកគេបានគាំទ្រសកម្មភាពរបស់ក្រុមយោធា”។
លោក សាល ភាព អាយុ១៩ឆ្នាំ បានធ្វើការនៅភោជនីយដ្ឋានមួយកន្លែងអស់រយៈពេល១ឆ្នាំ ពេលទាហានចូលឆែកឆេរនៅដើមសប្ដាហ៍នេះ ដើម្បីប្រមូលជនអន្តោប្រវេសន៍ខុសច្បាប់។ ជាអ្នកនិយាយភាសាថៃរអិល លោក ភាព បានគេចពីពួកគេយ៉ាងងាយមួយរយៈពេលខ្លី ទម្រាំពួកគេរកឃើញថា គាត់គ្មានកាតសម្គាល់ខ្លួន។ លោកបាននិយាយថា ” ពួកគេចាប់យើងទាំងអស់គ្នា ហើយអូសយើងចូលតំបន់ដ៏ធំមួយ បន្ទាប់មកពួកគេបង្ខំយើងឲ្យឡើងឡាន”។ ក្រុមដែលត្រូវគេចាប់នេះចែកចេញជាពីរ អ្នកដែលមានលុយសូកក្រុមមន្ត្រី ត្រូវគេដឹកចេញភ្លាម។ អ្នកដែលនៅសល់ត្រូវរង់ចាំយ៉ាងតិចកន្លះថ្ងៃ៕ មានិត