27 C
Phnom Penh

នគរបាល​រឹបអូសបាន​​ឱសថ​ក្លែងក្លាយទម្ងន់​​​៣តោន​​ក្នុង​រាជ​ធានីភ្នំពេញ​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

នគរបាលបាន​ឆ្មក់​ចូល​ចាប់​​​​ឱសថ​​ខុស​ច្បាប់​​​​ទម្ងន់​ជាង​បីតោននៅ​​​​​ក្នុង​គេហដ្ឋាន​ឯក​​ជន​​មួយ​​ក្នុងខណ្ឌ​ចំការមន​ រាជធានីភ្នំពេញ​​កាល​​ពីថ្ងៃ​​​​ពុធ។ ​ដោយចាត់​វិធានការ​​តាម​​ពាក្យ​បណ្តឹង​​មួយ​ពី​ក្រុម​ហ៊ុន DKSH មាន​មូលដ្ឋាន​នៅ​ប្រទេស​ស្វីស​ ដែល​មាន​សិទ្ធិ​ផ្តាច់​មុខ​​​ក្នុងការ​​ចែក​ចាយ​ផលិត​ផល​ឱសថ​​​ជាង១១.០០០មុខ​​នៅក្នុង​ប្រទេសនេះ​​​ នគរបាល​​​សេដ្ឋកិច្ច​​បាន​រកឃើញ​​ឱសថ​​​ទម្ងន់​៣.៥៤៥គីឡូក្រាម​ ដែល​ក្រសួង​សុខាភិបាលមិនទាន់​ពិនិត្យ​នៅឡើយ​។

លោក ឡុង ស្រេង ប្រធាន​​នាយកដ្ឋាន​នគរបាល​ប្រឆាំង​​បទល្មើសសេដ្ឋកិច្ច​​​ ​របស់​ក្រសួង​មហាផ្ទៃ​ បានមាន​ប្រសាសន៍ថា ” យើង​រឹប​អូសបាន​ផលិត​ផល​​​ចំនួន​៤៥មុខ​ផ្សេងគ្នា​​មាន​ទម្ងន់​សរុប​​៣.៥៤៥គីឡូក្រាម​”។ ​លោកបានមាន​ប្រសាសន៍ថា ” ​​ជនសង្ស័យឈ្មោះ ​​តែម វុឌ្ឍី ​ត្រូវបា​ន​ចោទ​ប្រកាន់​​​ពីបទ​មាន​ឱសថ​ខុស​​ច្បាប់​ និង​ត្រូវ​បាន​បញ្ជូន​ទៅ​តុលាការ​​​”។ លោកបាន​​បន្ថែម​​ថា ​ផលិត​ផល​នេះ​​​ត្រូវបា​ន​នាំ​ចូល​​​ពីប្រទេស​ថៃ​ ​​និងបាន​គេច​​ពន្ធ។

លោក តុប ឈុនឡុង ព្រះរាជ​​អាជ្ញា​រង​​អម​សាលាដំបូង​​រាជធានីភ្នំពេញ​​បាន​បដិសេធ​មិន​ធ្វើ​​អត្ថាធិប្បាយ​​​អំពី​ករណី​​នេះ​កាល​ពីម្សិល​មិញ​។ យោងតាម​លោក ស្រេង និង​ លោក នីកូឡាស់ ចាបានៀ(NicolasChabanier) ​អ្នក​ចាត់​ការ​​​ទូទៅ​​នៅក្រុមហ៊ុន DKSH ​បាន​ឲ្យដឹងថា ផលិត​ផលឱសថ​​ទាំង​​អស់​​ដែល​មក​ដល់​ប្រទេស​កម្ពុជា ​ត្រូវតែ​ចុះ​បញ្ជី​​នៅ​ក្រសួង​​សុខាភិបាល​ ក្នុង​តម្លៃ​២.៥០០​ដុល្លារ​ក្នុងផលិត​ផល​នីមួយៗ ​​​ដោយមាន​បិទ​ស្ទីកឃ័រ​បញ្ជាក់​​​​​​​លេខសេរីនិង​ស្លាក​សញ្ញា​ក្រុម​ហ៊ុន​ DKSH​​ផង​។

លោក ចាបានៀ បាន​មាន​ប្រសាសន៍​ថា ដោយ​ក្រុម​ហ៊ុន DKSH ជា​ក្រុមហ៊ុន​ចែក​ចាយ​ផ្តាច់​មុខ​ឲ្យ​ក្រុមហ៊ុន​ឱសថ​ធំៗដូចជា ក្រុមហ៊ុន Pfizer និង​ GlaxoSmithKline ដូច្នេះ​វា​ងាយ​ដឹង​ថា ​ផលិត​ផល​ឱសថណាដែល​​​ត្រូវ​បាន​នាំ​ចូល​ដោយ​ខុស​ច្បាប់​នោះ​។ លោក​បានមាន​ប្រសាសន៍​ថា ” យើង​សហ​ការ​ជាមួយ​ក្រុមហ៊ុន​ឱសថ​ធំ​ៗ​​នៅ​លើ​​ពិភព​លោ​ក​។ ក្រុមហ៊ុន​ទាំ​ង​នេះ​មាន​មនុស្សរបស់​ពួកគេនៅ​ទី​នេះ​ និ​ង​នៅ​ទី​កន្លែង​ផ្សេង​ទៀត​”។

នៅ​ឯ​គេ​ហដ្ឋាន​របស់​លោក វុទ្ធី​ ក្នុង​សង្កាត់​ទួល​ស្វាយ​ព្រៃ​២​កាល​ពី​ម្សិលមិញ កូន​ស្រី​របស់​លោក​ អាយុ​២២ឆ្នាំ ជា​និស្សិត ដែល​មិន​ប្រាប់ឈ្មោះ​របស់​នាង​បាន​ឲ្យដឹង​ថា​ ជន​បរទេស​ពីរ​រូប​ដែល​គេ​មិន​ស្គាល់​ឈ្មោះ​បាន​អម​ដំណើរ​នគរបាល​ចូលមក​រឹប​អូស​យក​ឱសថ។

នាង​បាន​និយាយ​ថា “បុរស​ជន​ជាតិ​អូស្ត្រាលី​ម្នាក់​ និងបស្ចិមប្រទេសម្នាក់ទៀតបាន​មក​ជា​មួ​យ​នគរ​បាល​។ ដំបូង​ពួក​គេ​និយាយ​ថា ពួកគេ​ស្វែង​រក​ឱសថ​ក្លែង​ក្លាយ​ពី​ប្រទេស​បារាំង​ ក៏​ប៉ុន្តែ នៅ​ពេល​ដែល​ពួកគេ​រក​មិន​ឃើញ​ ពួក​គេ​រឹប​អូស​យក​ឱសថ​ដែល​យើង​មិន​ទាន់​បាន​បង់​ពន្ធ​។ លោក ឡុង ស្រេង​ បាន​មាន​ប្រសាសន៍​ថា ជន​បរទេស​ម្នាក់​ឈ្មោះ​ ប៉ូល​ បាន​ប្តឹង​ ហើយ​បា​ន​នាំ​នគរបាល​មក​រឹប​អូស​យក​ឱសថ​ ប៉ុន្តែ​បាន​បដិសេធ​មិន​ធ្វើ​អត្ថា​ធិ​ប្បាយ​បន្ថែម​ទៀត​ឡើយ​៕​ប៊ុននី​​​​​​​

 

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស