29 C
Phnom Penh

គោល​ការណ៍​ណែនាំ​​មាន​បំ​ណង​​​ធានា​​រក​យុត្តិធម៌​​ឲ្យ​ស្ត្រី​និង​​កុមារ​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

គោលការណ៍​ណែនាំមាន​១០០​ទំព័រសម្រាប់​ការ​ការ​​ពារតាម​ផ្លូវ​ច្បាប់​​នៃ​សិទ្ធិ​​ស្ត្រី​និង​កុមារ​ត្រូវ​បាន​ធ្វើ​ឡើង​ដោយ​ក្រសួង​កិច្ចការ​នារី​នៅក្នុងរាជធានី​​ភ្នំពេញ​កាល​ពីម្សិល​មិញ​ ជា​ការ​ខិត​ខំ​ប្រឹងប្រែង​មួយ​ដើម្បី​​លើក​ឡើង​ពី​កង្វះ​ខាត​ក្នុង​ប្រព័ន្ធ​តុលាការ​ពាក់​ព័ន្ធ​នឹង​​រឿង​ក្តី​ដូចជា​ការ​ចាប់​រំលោភ អំពើ​ហិង្សា​ក្នុង​គ្រួសារ​ និង​ការ​បៀតបៀន​កេរ្តិ៍​ខ្មាស។

ការ​បោះពុម្ព​ផ្សាយនេះ​ដោយមានការ​​​ផ្តល់​មូល​និធិ​​​ពី​រដ្ឋាភិបាល​​អាល្លឺម៉ង់​និង​​រដ្ឋាភិបាល​អេស្ប៉ាញ ​បាន​ធ្វើ​ឡើង​រយៈពេល​​ប្រាំបីខែ​ បន្ទាប់​ពី​លោកស្រី អុឹង កន្ថាផាវី រដ្ឋ​មន្ត្រី​ក្រសួង​កិច្ចការ​នារី​​បាន​ប្រាប់​គណៈ​កម្មាធិការ​លុប​បំបាត់​ការ​រើស​​អើង​​លើ​ស្ត្រី​ របស់​​អង្គការ​សហ​ប្រជាជាតិ​​ថា ​មិនមាន​ឯកសារ​ចងក្រង​អំពី​ករណី​ស្ត្រី​ដែល​នាំយកករណីនៃ​​អំពើ​ហិង្សានិង​ការ​​រំលោភ​បំពាន​បញ្ជូន​ទៅ​តុលាការ​​ទេ។

ករណីនេះ​ធ្វើ​ឲ្យ​​អង្គការ​សហ​ប្រជាជាតិ​នៅក្នុង​ទីក្រុង​ហ្សឺណែវ​​​អំពាវនាវ​ឲ្យ​​រដ្ឋាភិបាល​កម្ពុជា​ខិត​ខំប្រឹង​ប្រែងថែម​ទៀត​​ដើម្បី​នាំ​ខ្លួន​ជន​ដៃដល់​ប្រព្រឹត្ត​អំពើ​ហិង្សា​និងការ​រំលោភ​បំពាន​​​ទៅ​តុលាការ។

លោកស្រី កន្ថាផាវី បានលើកឡើង​ក្នុង​​សេចក្តី​ថ្លែងការណ៍ថា ” យោងតាម​ការ​ស្ទាបស្ទង់​មតិ​ថ្មីៗនេះ​ ​ដែល​ដឹកនាំ​ដោយ​ទីភ្នាក់​ងារ​​ចំនួន​​បួន​របស់​អង្គការ​សហ​ប្រជាជាតិ​​នៅក្នុង​ប្រទេស​កម្ពុជា​បានឲ្យដឹងថា ស្ត្រី​ចំនួន​២៥ភាគ​រយ​ធ្លាប់​ទទួល​រង​ការ​ប្រើ​អំពើ​ហិង្សាលើ​ផ្លូវ​ភេទ​និង​លើ​រាង​កាយ​យ៉ាង​តិច​ម្តង​​ពីដៃ​គូ​រួម​សង្វាស។ គោលការណ៍​ណែនាំនេះ​នឹង​ត្រូវអនុវត្ត​ដោយ​​​អង្គភាព​នគរបាល​យុត្តិធម៌​​នៃ​ក្រសួង​កិច្ចការ​នារី​ ព្រម​ទាំងអនុវត្តដោយ​អ្នក​ផ្តល់​សេវាកម្ម​​រដ្ឋ​និង​មិនមែន​រដ្ឋ​ ដែល​ជួយ​ស្ត្រី​​រងគ្រោះ​រួច​ផុត​ពី​​​អំពើ​ហិង្សា​​​យេនឌ័រ។

​​ពេលនេះ​គម្រោងការនេះ​ គឺ​សម្រាប់​​នគរបាល​យុត្តិធម៌​​ដើម្បី​ធ្វើការ​ផ្សព្វផ្សាយ​ និង​ធ្វើ​​ការ​បណ្តុះបណ្តាល ដែល​​ពួកគេ​​ទទួល​​បាន​​ពីមេធាវី​មួយក្រុម​​កាល​ពីឆ្នាំមុន​ដល់​នគរបាល​យុត្តិធម៌​ផ្សេងទៀត​​នៅទូទាំងប្រទេស។

យោងតាម​ច្បាប់​ចម្លង​នៃ​គោលការណ៍​​ណែនាំ​​ ដែល​​ពិពណ៌នា​លម្អិត​​អំពី​នីតិ​វិធី​ព្រហ្ម​ទណ្ឌ​និង​នីតិវិធី​រដ្ឋប្បវេណី​​ទាក់​​ទង​នឹង​រឿងក្តី​ពាក់​ព័ន្ធ​នឹង​​ស្ត្រី​និងកុមារ​​បាន​ឲ្យដឹងថា ” ស្ត្រី​ដែល​​ចង់​ក្រោក​ឈរ​ការ​​ពារសិទ្ធិ​​របស់​ខ្លួន ជារឿយៗ​តែងតែ​ដឹងថា​ វា​លំបាក​​​ក្នុងការឡើង​​តុលាការ”​។ គោលការណ៍​​នេះ​មាន​ខ្លឹមសារថា “​ភរិយារបស់​ជនប្រព្រឹត្ត​អំពើ​ហិង្សា​ក្នុង​គ្រួសារត្រូវ​បាន​ប្រាប់ឲ្យ​រស់​នៅ​ជាមួយ​ប្តី ពីព្រោះ​ការលែង​លះមិនទាន់​ត្រូវ​បាន​ទទួល​យក​ក្នុង​សង្គម​វប្បធម៌​កម្ពុជាទេ​”។ “ ជនរងគ្រោះ​ដោយសារ​​ការ​ចាប់​រំលោភ​ កម្រ​មាន​ថ្ងៃ​ឡើងតុលាការ​​​ណាស់​។ ជាទូទៅ​ជ​ន​ល្មើស​​ដោះ​ស្រាយ​សំណង​​រដ្ឋ​ប្បវេណី​នៅ​ក្រៅ​តុលាការ ហើយ​ត្រូវបាន​ព្រះ​រាជអាជ្ញា​ឬនគរបាល​បញ្ចប់​ដោយខុស​ច្បាប់​ឲ្យចុងចោទ​រួច​ខ្លួន​​”។

ឆ្លើយតបនឹងបញ្ហានេះ គោលការណ៍ណែនាំនេះ​​កត់សម្គាល់ថា ​​ទង្វើ​​​ចេញពី​ព្រះរាជ​អាជ្ញា​​បែបនេះ គឺ​មិនត្រឹមត្រូវ​ឡើយ​ និងសុំឲ្យ​មាន​កា​រ​ចាត់​វិធានការ​​​ពី​ក្រសួង​យុត្តិធម៌​​និង​ឧត្តម​ក្រុម​ប្រឹក្សា​​​អង្គចៅក្រម​។

លោក សុក សំអឿន ​នាយកប្រតិបត្តិ​​ក្រុមអ្នក​ច្បាប់​ការ​ពារ​សិទ្ធិ​កម្ពុជា​ បានមាន​ប្រសាសន៍ថា គោលការណ៍​​ចេញ​​ពីក្រសួង​នានា ​អាច​ឥតប្រយោជន៍​ នៅពេល​ប្រព័ន្ធនេះ​មាន​គុណ​វិបត្តិច្រើន​។

លោកបានមាន​ប្រសាសន៍ថា ” ចៅក្រមម្នាក់ត្រូវតែ​ស៊ើប​អង្កេត​បទល្មើស​មិនជាក់ស្តែង​​​ដូចជា​​ការ​ចាប់​រំលោភ​​ជាដើម។ ​ប៉ុន្តែ​​ជា​រឿយៗ ​​រឿង​ក្តីនេះ​ត្រូវ​ចប់​ ហើយ​ពួកគេ​មិនអាច​ប៉ះ​បាន​ទៀតផង​ ពីព្រោះ​​ចៅក្រម​អង្គុយ​តែនៅ​ក្នុង​ការិយាល័យ​​របស់​ខ្លួន​ អាន​សំណុំរឿង​​របស់​នគរបាល​ ហើយ​ប្រសិន​បើ​​វាមិន​​​និយាយដល់​សាក្សីណាម្នាក់ ​សំណុំរឿង​នេះ​ត្រូវបាន​ទម្លាក់​ចោល​”។ ប៊ុននី​​​​​​​​​

​​​​​

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស