28 C
Phnom Penh

បន្ទាប់ពី​សុើបអង្កេត ​ធនាគារកាណា​ឌីយ៉ា​លើកឡើងថា ​ករណី​ក្រដាស​ប្រាក់​ក្លែង​ក្លាយ​មិន​អាច​កើតឡើង​ទេ​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ធនាគារ​កាណា​ឌីយ៉ា​ ​បាន​បញ្ចប់​ការ​សើុបអង្កេត​របស់ខ្លួន​កាល​ពីថ្ងៃ​សុក្រ​ ​ចំពោះ​​ការ​​​​ចោទ​ប្រកាន់​ដែល​​​ថា ​បុគ្គ​លិក​របស់​ខ្លួនមួយរូបបាន​បើក​​​ក្រដាស​ប្រាក់​១០០ដុល្លារ​ក្លែងក្លាយពីរ​​​សន្លឹក​​​​កាល​ពីដើម​សប្តាហ៍​នេះ​ ដោយ​សន្និដ្ឋាន​តាម​រូបភាព​វីដេអូថា បញ្ហា​នេះ​មិន​អាច​កើត​មាន​បាន​ទេ។

រូបភាព​ក្នុង​វីដេអូ​ដែល​បង្ហាញ​ពី​ដំណើរការ​​​​ គឺ​ការ​​​បើក​សាច់ប្រាក់២៨៥​​​ដុល្លារ​​​ តាម​​​​មូលប្បទាន​​​បត្រ​ ដោយ​បុគ្គលិក​កាសែត​ ខេមបូឌា ដេលី ​កាលពីថ្ងៃច័ន្ទនោះ ​បាន​បង្ហាញថា ​អ្នក​​​បើក​​​ប្រាក់​​​ម្នាក់​​​បាន​យក​ប្រាក់​ចេញពី​ថត​តុ​ ពិនិត្យ​ ​ហើយ​រាប់​​បីដង​ មុន​នឹង​ខ្ទាស់ប្រាក់​នោះ​​​ជាមួយគ្នា​ ហើយ​ហុច​ឲ្យសហការី​ម្នាក់​ទៀត​។

បន្ទាប់មក​ សហការីនោះ​ក៏​បាន​បញ្ចប់​ការងារ​ផ្នែក​ឯកសារ​ចាំបាច់​សម្រាប់​​​បើក​​​ប្រាក់​​​​នេះ​ ហើយ​ក៏​បាន​បោះត្រា​លើ​មូលប្បទានបត្រ​ និង​បាន​រាប់​​ប្រាក់​នោះ​ម្តងទៀត​ ហើយ​​​​​ប្រគល់​ឲ្យអតិថិជន ​ដែល​បានលារាប់​​​​ និង​បាន​ពិនិត្យ​​ប្រាក់​ទាំងនោះ​មួយ​​​ភ្លែត​​​ មុន​ពេល​ដាក់​វា​ចូល​ក្នុង​ហោប៉ៅ​ ​ហើយ​អតិថិជននោះក៏បាន​ចាកចេញ​ពី​ធនាគារ​កាណាឌីយ៉ា​សាខា​​វិមាន​ឯករាជ្យ​។ ដំណើរការ​​​បើក​​​សាច់​​​ប្រាក់​​​គឺ​​​មើល​​​ឃើញ​​​ច្បាស់​​​លាស់​​​។

​លោក ម៉ៃឃើល​ ឡ (MichaelLor) ​ប្រធាន​នាយក​ប្រតិបត្តិ​ធនាគារ​ កាណាឌីយ៉ា ​បាន​មានប្រ​សាសន៍ថា “​វា​មិនអាចទៅរួច​ទេ ដែល​ធនាគារ​នេះ​ផ្តល់​ប្រាក់ក្លែងក្លាយ​ បន្ទាប់​​​ពី​ឆ្លងកាត់​បុគ្គ​លិក​ជាន់ខ្ពស់​ពីរ​​​នាក់​​​នោះ​”។​ លោក​បានមានប្រ​សាសន៍​បន្ថែម​ទៀតថា ​”បុគ្គ​លិក​ម្នាក់​ជា​ប្រធាន​ផ្នែក​បម្រើ​សេវា​អតិថិជន​ ​និង​ម្នាក់ទៀត​ជា​​​បេឡាករ​​​ជាន់ខ្ពស់​ ហើយ​ពួកគេ​ទាំងពីរ​នាក់​បាន​ពិនិត្យ​ក្រដាស​ប្រាក់​នោះ​ដោយ​យក​ចិត្តទុកដាក់​ មុន​ពេល​ប្រគល់​ឲ្យអតិថិជន”។ លោក ឡ ​បាន​លើក​ឡើងថា ​ឱកា​ស​ដែល​ក្រដាស​ប្រាក់​ក្លែងក្លាយ​អាច​​ចូល​ទៅ​ក្នុង​ទូដែក​របស់​ធនាគារនេះ​មាន​ “តិច​ខ្លាំង​ណាស់​”។

លោក​បាន​មានប្រសាសន៍​ថា “​រាល់​ក្រដាស​ប្រាក់​ដែល​ចូល​ទៅ​ក្នុង​ទូដែក​នោះ​ តែង​ត្រូវ​​បាន​​មនុស្ស​​​បីនាក់​​​ត្រួតពិនិត្យ​​​​​​​​​​ គឺ​ បេឡាករ​​​ ​ប្រធាន​ផ្នែក​បម្រើ​អតិថិជន​ ​និង​អ្នក​​​កាន់​​​ទូដែក​”។​

អតិថិជន​ដែល​បាន​អះអាង​ថា ​បាន​ទទួល​ក្រដាស​ប្រាក់​ក្លែងក្លាយ​ពី​ធនាគារនេះ​ គឺ​លោក​ អៀម​ សុភាព​ ប្រធាន​គ្រប់គ្រង​ធន​ធាន​មនុស្ស​នៅកាសែត​ ខេមបូឌា ដេលី​ ​បាន​ឲ្យដឹង​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ថា លោក​ចាប់អារម្មណ៍​​ក្រដាស​ប្រាក់ក្លែង​ក្លាយ​នេះ​ ​នៅ​ពេល​ក្រុម​​​ហ៊ុន​​​​ទេស​ចរណ៍​មួយ​បាន​បដិសេធ​មិន​ទទួល​យក​ក្រដាស​ប្រាក់​នោះ​នៅថ្ងៃដដែល​​​នោះ​។ ​ក្រុម​​​ហ៊ុន​​​​ទេស​ចរណ៍​នោះ​បាន​បញ្ជាក់​អំពីការ​​​រៀប​​​រាប់​​​របស់​លោក​។​

នៅ​ពេល​អ្នកសារព័ត៌​មាន​សួរ​កាលពី​ថ្ងៃព្រហស្បតិ៍​ថា លោក​​​បាន​​​យក​​​លុយ​​​ចេញ​​​ក្រៅ​​​នៅពេល​​​ណា​​​ ​លោក​ សុភាព​ បាន​និយាយ​ថា ​ដក​​​​មួយម៉ោង​មុន​នោះ​​​។

នៅ​ពេល​អ្នកសារព័ត៌​មាន​សួរ​ថា តើ​លោក សុភាព​ បាន​យក​ប្រាក់​ទាំងនោះ​ចេញពី​ធនាគារ​នៅ​ពេលណា​ ​លោក សុភាព ​បាន​ឆ្លើយ​អំពី​ពេល​វេលា​ដែល​លោក​បាន​យក​ប្រាក់​ទាំងនោះ​ចេញ​ពី​ថត​តុ​របស់​លោកដែល​ត្រូវ​បាន​ចាក់សោ។ ​លោក​ សុភាព ​បាន​និយាយ​កាលពីថ្ងៃ​សុក្រ​ថា ​ប្រាក់ទាំងនោះ​ត្រូវ​បានរក្សាទុក​នៅ​ក្នុង​ថត​តុ​របស់​លោក​ ពី​ល្ងាច​ថ្ងៃច័ន្ទ​ រហូត​ដល់​ពេល​ដែល​លោក​បានទៅ​ជួបភ្នាក់ងារ​ទេសចរណ៍​នោះ​នៅថ្ងៃ​ព្រហស្បតិ៍​។

នៅពេលសួរ​អំពី​លទ្ធផល​រកឃើញ​តាម​រយៈ​ការសើុបអង្កេត​របស់ធនាគារ​កាណា​ឌី​យ៉ា ​លោក សុភាព ​បាន​និយាយថា លោក​លែង​ប្រាកដ​ហើយថា ​ក្រដាស​ប្រាក់ក្លែង​ក្លាយ​នោះ​ចេញពីធនាគារនេះ​ឬយ៉ាងណា៕ ប៊ុននី

 

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស