38.1 C
Phnom Penh

វិវាទ​នៅរោង​ចក្រ​​ Ocean បញ្ជូន​​ទៅ​ក្រុម​ប្រឹក្សា​អាជ្ញាកណ្តាល​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

​កាល​ពីម្សិលមិញ ក្រសួងការ​ងារ ​និង​បណ្តុះ​បណ្តាល​វិជ្ជាជីវៈ​ ​​​​បាន​​ប្រគល់​​​វិវាទ​ការ​ងារ​​នៅ​រោង​ចក្រ​​ Ocean ​ដែល​កំពុងកើតឡើង​​ ទៅ​​ក្រុម​ប្រឹក្សា​​​អាជ្ញាកណ្តាល​ បន្ទាប់​ពី​ការ​ចរចា​​​បន្ទាប់​រវាង​កម្មករ​និង​​អ្នក​គ្រប់គ្រង​​រោង​ចក្រ​ទទួល​បរាជ័យ​។

កម្មករបាន​និង​កំពុងតែ​ធ្វើការ​​តវ៉ា​​រយៈ​​ពេល​​​បី​សប្តាហ៍​មក​ហើយ បន្ទាប់​​ពី​អ្នក​គ្រប់គ្រង​​រោង​ចក្រ​បាន​ប្រកាស​​ថា ​ខ្លួននឹង​​បើក​ប្រាក់​ឲ្យ​តែ​១៥ដុល្លារ​​​​នៅ​​ខែ​នេះ​ បន្ទាប់​ពី​​រោង​ចក្រ​​​បាន​ផ្អាក​ដំណើរការ​ផលិត​​កាល​ពីថ្ងៃ​​ទី​​២៦ ខែ​ឧសភា ​ដោយសារ​ខ្វះ​ការ​បញ្ជា​ទិញ។

​លោក វង់ សុវណ្ណ ​អគ្គនាយករង​របស់​​អគ្គនា​យកដ្ឋាន​​ដោះ​ស្រាយ​ជម្លោះ​​ការ​ងារ នៃ​ក្រសួង​ការងារ​ ​និង​បណ្តុះ​បណ្តាល​វិជ្ជា​ជីវៈ​ បាន​ឲ្យដឹង​ថា ក្រសួង​នេះ​បាន​ជួបជាមួយ​​កម្មករ អ្នកគ្រប់គ្រង​និង​សហជីពរយៈ​​ពេល​ពីរ​ម៉ោង​កាល​ពីម្សិល​មិញ​ និង​​ទីបញ្ចប់​​​បាន​សម្រេច​បញ្ជូន​​ករណីនេះ​​ទៅ​ក្រុមប្រឹក្សា​នេះ​។លោកបានមាន​ប្រសាសន៍ថា​ “​នេះជាកិច្ចព្រម​​ព្រៀង​ចុងក្រោយ​​រវាងរោង​ចក្រ និង​​សហជីព​​ថា ត្រូវ​បញ្ជូន​​ករណីនេះ​​ទៅក្រុម​ប្រឹក្សា​​​អាជ្ញា​កណ្តាល​”។

លោក ចេង ឆន ​អ្នក​តំណាង​កម្មករ​​​មកពី​​សហព័ន្ធសហជីព​ចលនា​កម្្មករ​​ ​បានឲ្យដឹង​ថា​ ​​​ពួកគេមាន​​សុទិដ្ឋិនិយម​អំពីលទ្ធផលនេះ។លោកបានមាន​ប្រសាសន៍ថា “ប្រសិនបើ​ករណីនេះ​​​ត្រូវបាន​បញ្ជូន​​​​ទៅ​​ក្រុម​ប្រឹក្សា​អាជ្ញា​កណ្តាល​ ​យើងនឹង​​ទទួលបាន​យុត្តិធម៌​ ​ពីព្រោះ​​​​ពួកគេ​​អាច​​មើល​​ឃើញ​អ្វី​​ដែល​​ជា​បញ្ហា​​​​របស់​កម្មករ​​​​”។

លោក ឈឹម សុផាត មន្ត្រី​រដ្ឋបាល​​នៅ​​រោង​ចក្រនេះ​​បានឲ្យដឹង​ថា ​​ពួកគេ​ត្រូវ​គោ​រព​​សេចក្តី​សម្រេច​​​របស់​ក្រុមប្រឹក្សា​នេះ​។​​មន្ត្រីម្នាក់​​ធ្វើការ​នៅក្រុមប្រឹក្សា​អាជ្ញា​កណ្តាល​​ដែល​សុំ​បដិសេធ​មិនប្រាប់​ឈ្មោះ​ បានឲ្យដឹង​ថា ​ស្ថាប័ននេះ​​បាន​ធ្វើ​សេចក្តីសម្រេច​​របស់​ខ្លួន​លើករណីនេះ​ ប៉ុន្តែ​​មិនដឹងថា​​ខ្លួននឹងប្រកាសនៅ​ពេល​ណា​​ទេ​៕ ប៊ុននី​​​​​​​

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស