ក្មេងជំទង់ៗមកពីអង្គការការពារកុមារមួយចំនួននឹងធ្វើការសម្តែងក្បាច់រាំដ៏កម្រមួយបែបនៅថ្ងៃអាទិត្យនេះនៅឯភោជនីយដ្ឋាន Gasolina ដែលជាផ្នែកមួយនៃគម្រោងរបស់ Dance Made in Cambodia។
ក្មេងៗចំនួន២៧នាក់ដែលមានអាយុពី១៣ ឆ្នាំដល់១៩ឆ្នាំមកពីអង្គការក្រៅរដ្ឋាភិបាលចំនួនបួន នឹងសម្តែងក្បាច់រាំដែលត្រូវបានបង្ហាត់បង្រៀនរយៈពេលប្រាំបីសប្តាហ៍ដោយលោក ស្តេហ្វិន ប៊ីមសុន (Stephen Bimson) ដែលជាគ្រូបង្រៀនរាំម្នាក់មកពី Dance Made In Cambodia។
កុមារី ខាន់ ចន្ទ្រា អាយុ១៣ឆ្នាំ ជាសិស្សមកពីអង្គការកម្ពុជាដើម្បីការរស់នៅ និងការបណ្តុះបណ្តាល (Cambodian Organization for Living and Training) និយាយថា នាងមានការភ័យខ្លាចចំពោះការសម្តែងលើកដំបូងរបស់នាងនៅចំពោះមុខទស្សនិជន។
នាងនិយាយថា ” ខ្ញុំរំពឹងថា ការសម្តែងរបស់ខ្ញុំនឹងល្អ ហើយខ្្ញុំនឹងព្យាយាមឲ្យអស់ពីសមត្ថភាពដើម្បីទទួលបានជោគជ័យ។ ខ្ញុំនឹងមិនបង្ហាញអារម្មណ៍ភ័យខ្លាចរបស់ខ្ញុំឡើយ”។
លោក ស្តេហ្វិន ប៊ីមសុន មានប្រសាសន៍ថា ការសម្តែងនេះគឺជាផ្នែកមួយនៃគម្រោងរបាំសហគមន៍ដែលធ្វើការជាមួយកុមារក្រីក្រខ្វះឱកាសនៅតាមអង្គការក្រៅរដ្ឋាភិបាល។
“របាំមិនមែនជាកម្លាំងចលករទាំងស្រុងនៅពីក្រោយអ្វីដែលយើងធ្វើនោះទេ។ យើងប្រើប្រាស់របាំនេះជាយានមួយដើម្បីបង្រៀនជំនាញផ្សេងៗទៀតដែលនឹងជួយកុមារទាំងនេះឲ្យមានឱកាសការងារល្អនៅពេលអនាគត និងនៅក្នុងរាល់ការសម្រេចចិត្តរបស់ពួកគេ”។
ការសម្តែងនេះនឹងចាប់ផ្តើមនៅម៉ោង ៥ និង៤៥នាទីល្ងាច៕ សុខុម