29.3 C
Phnom Penh

អ្នកភូមិ​​អះអាង​​ថា ក្រុមហ៊ុន​ចិន​​​​ជួល​​ទាហាន​​បិទ​ផ្លូវ​​មិន​ឲ្យ​ធ្វើ​ស្រែ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

​អ្នក​​ភូមិ​នៅ​ស្រុក​​បទុម​សាគរ ​ក្នុងខេត្តកោះកុង​​បានលើកឡើង​កាល​ពី​ថ្ងៃ​សុក្រ​ថា ​ក្រុម​ហ៊ុន​អភិវឌ្ឍន៍​​សហជីព ​(UDG) បាន​ប្រើ​កម្លាំង​យោធា​​ដើម្បី​រារាំង​​​អ្នក​ភូមិ​​មិន​ឲ្យធ្វើ​ស្រែ​នៅ​លើ​ដី​​​ដែល​​ជាប់​​ពាក់​ព័ន្ធ​​​ក្នុង​ជម្លោះ​​យូរ​យារ​​មក​ហើយ​ ប៉ុន្តែ​មន្ត្រី​​យោធា​បាន​បដិសេធ​សេចក្តីអះ​អាង​នេះ​។

អ្នក​ភូមិឈ្មោះ ឃុន ថាឡា ​អាយុ​​៤០ឆ្នាំ បានមាន​ប្រ​សាសន៍កាល​ពីម្សិលមិញថា ក្រុម​ហ៊ុន​ចិន​​បាន​​ជួល​​ទាហាន​​យាម​​ដី​ និង​​​បិទ​ផ្លូវ​មិន​ឲ្យ​អ្នក​ភូមិ​ចូល​។

អ្នកស្រី ថាឡា បានមាន​ប្រសាសន៍ថា “កាល​​ពី​​ល្ងាច​ម្សិល​មិញ ​​​ទាហានប្រមាណ​​៣០នាក់​​​ដែល​ក្រុម​​ហ៊ុន UDGជួល ​បាន​ហាម​ប្រាម​​​អ្នក​​ភូមិ​​មិ​ន​ឲ្យ​​ចូល​​ធ្វើ​ស្រែ​​ឡើយ​”។

អ្នក​ស្រី​​បាន​បន្ថែម​​ថា​ ​” ​ខ្ញុំ​​នឹង​តស៊ូ​រហូត​ដល់​ខ្ញុំ​​ស្លាប់ ដើម្បីកា​រ​​​ពារ​​ស្រែ​​​របស់​​ខ្ញុំ​ ​និ​ង​​ព្យា​យាមធ្វើ​ស្រែ​​​នៅលើ​ដី​របស់​ខ្ញុំ​ ​ពីព្រោះ​​យើង​​​ជា​​អ្នក​ភូមិ​​ក្រីក្រ​ និង​ផ្អែក​លើ​​ស្រូវ​ដើម្បី​ទ្រទ្រង់​ខ្លួន​ឯង​​​”។

កាល​ពី​ខែ​កុម្ភៈ ទីស្តីការ​​​គណៈ​រដ្ឋ​មន្ត្រី​​បាន​ចេញ​​​បទ​​​បញ្ជា​​មួយ​​ឲ្យ​​ក្រុម​​ហ៊ុន​ UDG ​​ដែល​ទទួល​​បាន​សម្បទាន​ដី​៤៥.០០០​ហិកតា​​នៅក្នុង​ព្រំ​​ឧទ្យាន​​​ជាតិ​បទុម​សាគរ​ ឲ្យ​ឈ​ប់​ប​ំផ្លាញ​​​ជម្រក​​របស់​​អ្នក​​ភូមិ​ ​និ​ង​​ឈ​ប់ទន្ទ្រានយក​ដី​​របស់​​ពួកគាត់ ​​រហូត​ទាល់​តែ​មាន​ទទួលបាន​​កិច្ច​​ព្រម​ព្រៀង​និង​​សំណង។

​​ប៉ុន្តែ​​ក្រុម​​ហ៊ុននេះ​​មិន​​​អើ​​ពើ​​នឹង​​បទ​បញ្ជា​​នេះទេ ​ហើយ​​អង្គការ​សិទ្ធិុ​មនុស្ស​​និង​​អ្នក​ស្រុក​ឲ្យដឹងថា ក្រុម​ហ៊ុននេះ​​នៅតែ​ឈូស​​ឆាយ​​និង​បំផ្លាញវាល​ស្រែ​​ទៀត​។ អ្នក​​​ភូមិ​​ក៏​បាន​បដិសធ​​​ចំពោះ​​ការ​​អះ​​អាង​​​​របស់​រដ្ឋាភិបាល​ដែលថា ​​មាន​តែ​វាលស្រែ​​ជារបស់​​​អ្នក​ដែល​​ចុះ​​ហត្ថលេខា​លើកិច្ចព្រមព្រៀង​ទទួល​យក​សំ​ណង​​​ទេ ដែល​ត្រូវបាន​ឈូស​ឆាយ។

លោកឧត្តមសេនីយ៍​ត្រី​ យ៉ុន មិន មេបញ្ជាការ​នៃ​កងយោធពល​ខេមរភូមិន្ទ​​នៅ​​ខេត្ត​កោះ​​កុង​​បានឲ្យដឹង​ថា ​លោក​មិនបាន​ដឹង​អំពី​ការ​ចោទ​ប្រកាន់​​​របស់​​អ​្នកភូមិ​​ទេ​ ប៉ុន្តែ​​ទទួល​ស្គាល់ថា ​​ទាហាន​​​ត្រូវ​បា​ន​​បញ្ជូន​ទៅ​​ការ​​ពារ​​គម្រោង​​​​​របស់ក្រុម​ហ៊ុន។

លោក​បានមាន​ប្រសាសន៍ថា “​មាន​​ទាហាន​ប្រមាណ​​១០​នាក់​​​ត្រូវ​បាន​ក្រុម​ហ៊ុន​ស្នើ​ឲ្យ​​​ទៅ​​ការពារ​​​ពួកគេ ​ខណ​ៈ​​​ដែល​​​ពួក​គេ​​សាងសង់​ស្ពាន​​និ​ង​ផ្លូវ​​​”។

​​លោក​​ក៏បាន​​និយាយ​សម្រាល​​កា​រ​រិះ​គន់​​​​អំ​​ពី​​វត្តមាន​​​របស់​​ទាហាន​​នៅក្នុង​ភូមិ​ថា​ ​វា​​​សម​រម្យ​ហើយ​​សម្រាប់​​​ទាហាន​​ក្នុងការការ​​ពារ​​ក្រុម​​ហ៊ុន​នេះ​។

​លោកបានមាន​ប្រសាសន៍ថា ​​”​ក្រុមហ៊ុននេះ​​បាន​ទទួល​​​អាជ្ញា​ប័ណ្ណ​​មួយ​ដើម្បី​​​អភិវឌ្ឍ​តំបន់​នេះ​ ​​ហើយ​តំបន់​នេះ​​តាំង​នៅ​ក្នុង​ព្រៃ​ ​ជា​​ទី​​ដែល​​យោធា​​​របស់​​យើង​​ឈរជើង​​”។

ក្រុម​ហ៊ុន​​នេះ​​ទទួល​​បាន​​សម្បទាន​​មួយ​​ក្នុងឆ្នាំ​២០០៨ ​ដើម្បី​អភិវឌ្ឍ​​រមណីយដ្ឋាន​ទេស​ចរណ៍​​​ដ៏​​ធំ​មួយ​​​នៅ​លើ​ឆ្នេរ​​កោះ​កុង​។ ទោះយ៉ាងណា អ្នក​ស្រុក​​និង​គណ​បក្ស​សង្គ្រោះជាតិ​​បាន​ឲ្យដឹងថា ​ភាគធំៗ​​ជាច្រើន​នៃ​​ដី​សម្បទាន​នេះ​​​ត្រូវបា​ន​​​ប្រែក្លាយ​​ទៅ​ជា​​ចម្ការ​​​ដំឡូងមី​​​និង​ដាំ​​ដើម​​​ដូង​ប្រេង​។

លោក ​អុិន គង់​ចិត្រ ​​អ្នកសម្រប​សម្រួល​​​របស់​​អង្គការ​សិទ្ធិមនុស្ស​លីកាដូ​​ បានលើក​ឡើង​ថា ​​​​ពួកគេ​កំពុង​តែ​​ស៊ើបអង្កេតសេចក្តី​​អះអាង​​របស់​អ្នក​ភូមិ​។

លោកបានមាន​ប្រសាសន៍ថា ​​”​វា​​ជា​ការ​រំលោភ​​​សិទ្ធិមនុស្ស​ធ្ងន់​​ធ្ងរ ប្រសិន​បើ​ក្រុម​ហ៊ុន​​នេះ​​ប្រើ​​កម្លាំង​យោធា​គំរាម​​​អ្នក​​ភូមិ​។ យោធា​​គួរ​​​តែការ​​ពារ​​​ជាតិ​ ​មិន​មែនការ​​ពារ​​ក្រុម​ហ៊ុន​​ទេ​​​”។

អ្នក​ភូមិ​ម្នាក់​​ទៀត ឈ្មោះ ទឹង ទីន ​អាយុ​៣២ឆ្នាំ​ បានឲ្យដឹង​ថា ​គាត់​ត្រូវបាន​​​ទាហាន​គំរាម​កំហែង ខណៈ​​ដែល​កំពុង​​ភ្ជួរ​ដីរបស់​ខ្លួន។

​​គាត់​បាន​​និយាយថា ” ​ទាហាន​ប្រហែល​​៣០នាក់​ រាប់​​ទាំង​​​អាជ្ញាធរ​​បាន​មកដល់​​​ដោយ​មាន​​កាំភ្លើងអាកា​-៤៧ ​ ដោយគំរាម​​​​​​ចាប់​​ខ្លួន​ពួក​យើង​ ប្រសិន​បើ​​​ពួក​យើង​​មិន​​ឈប់​ភ្ជួរ​។ ពួកគេ​​បាន​និយាយថា ​​​វាជាដី​​​​​របស់​​ក្រុម​​ហ៊ុន​ ប៉ុន្តែ​​ខ្ញុំ​ធ្លាប់​​ធ្វើ​ស្រែ​​នេះ​រយៈ​​ពេល​ច្រើន​ឆ្នាំ​​មកហើយ​”​៕ ប៊ុននី​​​​​

​​​​​

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស