35 C
Phnom Penh

ពលរដ្ឋខ្មែរ​​​ប្រាំមួយ​​​នាក់​​​ស្លាប់​​​នៅថៃ​​​ ខណៈ​​​ពល​​​ករ​​​ចំណាក​​​ស្រុក​​​បន្ត​​​ចាក​​​ចេញ​​​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ពល​​​រដ្ឋខ្មែរ​​​ប្រាំមួយនាក់​​​បាន​​​បាត់​​​បង់ជីវិត​​​ និង​​​ប្រាំពីរ​​​នាក់​​​ទៀត​​​បាន​​​រង​​​របួស​​​ក្នុង​​​គ្រោះ​​​ថ្នាក់​​​ចរាចរណ៍ពី​​​រ​​ករណី​​​នៅ​​​ប្រទេស​​​ថៃ​​​កាលពីចុង​​​សប្ដាហ៍​​​ ខណៈដែល​​​កម្មករ​​​ចំណាកស្រុក​​​រាប់​​​ម៉ឺន​​​នាក់​​​បាន​​​បន្ត​​​នាំគ្នា​​​ចាក​​​ចេញ​​​ត្រឡប់​​​មក​​​ប្រទេស​​​ខ្មែរ​​​វិញ ​​​ក្នុង​​​ពេល​​​មាន​​​ការ​​​បង្ក្រាប​​​លើ​​​ពលករ​​​ខុស​​​ច្បាប់​​​ពីសំណាក់​​​កង​​​ទ័ព​​​ថៃ​​​។

យោងតាម​​​លោក គៀត​​​ ប៊ុនលាភ ប្រធាន​នគរ​​​បាល​​​អន្តោប្រវេសន៍​នៅ​​ច្រកទ្វារ​​​ព្រំដែន​​​អន្តរ​​​ជាតិ​​​​​​ប៉ោយ​​​ប៉ែត បាន​​​ឲ្យ​​​ដឹង​​​ថា ពល​​​រដ្ឋខ្មែរ​​​​​​ប្រាំមួយនាក់​​​នោះ កំពុង​​​ត្រូវ​​​កង​​​ទ័ព​​​ថៃ​​​​​​ដឹក​​​ត្រឡប់​​​មក​​​ប្រទេស​​​ខ្មែរ​​​វិញ ស្រាប់​​​តែ​​​រថយន្ត​​​របស់ពួកគេ​​ផ្ទុះកង់​​​ ហើយ​​​បាន​​​ក្រឡាប់​​​នៅ​​​ខេត្ត​​​ឆាឆឺងសៅ បណ្ដាល​​​ឲ្យ​​មនុស្ស​ទំាងប្រាំមួយនាក់​​​​​​ និង​​​អ្នក​​​បើក​​​បរ​​​ជនជាតិ​​​ថៃ​​​ម្នាក់​​​ស្លាប់​​​​​។ លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា ” យើង​​​បាន​​​ទទួល​​​តែ​​​ព័ត៌មាន​​​ប៉ុណ្ណោះ ប៉ុន្តែ​​​សព​​​អ្នក​​​ទាំង​​​នោះ​​​មិនទាន់​​​មក​​​ដល់​​​ប៉ោយប៉ែត​​​នៅឡើយ​​​ទេ”។

លោក កុយ គួង អ្នកនាំពាក្យ​​​ក្រសួង​​​ការ​​​បរទេស​​​ បាន​​​មាន​​​ប្រសាសន៍​​​ថា គ្រោះ​​​ថ្នាក់​​​នេះ​​​បាន​​​កើត​​​ឡើង​​​នៅ​​​ម៉ោង​​​ប្រហែល​​​១​​​រំលង​​​អធ្រាត្រ​​​កាលពីម្សិលមិញ ហើយ​​​ថា​​​ អ្នក​​​ស្លាប់​​​​​​មាន​​​បុរស​​​ប្រាំ​​​នាក់ និង​​​ស្ត្រី​​​ម្នាក់​​​។ លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ទៀត​​​ថា ពល​​​រដ្ឋខ្មែរ​​​១៣​​​នាក់​​​ផ្សេង​​​ទៀត​​​ក៏បាន​​​រង​​​របួស​​​ក្នុង​​​គ្រោះ​​​ថ្នាក់​​​ចរាចរណ៍​​​ដែរ​​​។ លោក កុយ គួង បាន​​​បន្ថែម​​​ថា “មន្ត្រី​របស់​​​យើង​​​ [នៅ​​​ប្រទេស​​​ថៃ​​​] បាន​​​ធ្វើ​​​ដំណើរ​​​ទៅ​​​តំបន់​​​នោះ ឥឡូវ​​​នេះពួកគេ​​​ជួយ​​មើល​ថែទាំ​​​អ្នក​​​របួស​​​”។ អ្នក​​​ស្លាប់​​​ និង​​​អ្នក​​​របួស​​​កំពុង​​​ត្រូវ​​​បញ្ជូន​​​ត្រឡប់​​​មក​​​ប្រទេស​​​កម្ពុជា​​​វិញ។

អ្នក​​​នាំពាក្យ​​​កង​​​ទ័ពថៃ និង​​​ឯកអគ្គរាជទូត​​​ថៃ​​​ប្រចាំ​​​កម្ពុជា​​​ លោក ផាកឌី ទូឆៃយុទ្ធ មិន​​​​​​អាច​​​ទាក់ទង​​ដើម្បីសុំការ​​​អត្ថាធិប្បាយ​​​បានទេ។អភិបាល​​​ក្រុង​​​ប៉ោយ​​​ប៉ែត លោក ង៉ោ ម៉េងជ្រុន បានមាន​​​ប្រសាសន៍​​​ថា កម្មករ​​​ចំណាក​​​ស្រុក​​​ខ្មែរ​​​ប្រាំមួយ​​​នាក់​​​ផ្សេង​​​ទៀត​​​បាន​​​រងរបួស​​​ពេល​​​ដែល​​​រថយន្ត​​​របស់ពួកគេ​​​ក៏បាន​​​ផ្ទុះ​​​កង់​​​ ហើយ​​​ក្រឡាប​​​់​​​ដែរ​​​ ក្នុងគ្រោះថ្នាក់មួយ​​​ដោយឡែកកាលពី​​​ម្សិលមិញ​​​នៅជិត​​​ព្រំដែន​​​ខ្មែរ​​​-ថៃ ហើយ​​​ត្រូវ​​​បាន​​​នាំ​​​ឆ្លង​​​​​​ច្រក​ទ្វារ​ព្រំដែន​​​ប៉ោយ​​​ប៉ែត​​​នៅ​​​ម៉ោង​​​ប្រហែល​​​១០​​​និង​​​៣០នាទី​​​ព្រឹក​​​។

ខេ ពិសិដ្ឋ ជា​​​គិលានុបដ្ឋាក​​​​ម្នាក់​​នៅ​​​មណ្ឌល​​​សុខភាព​​​ប៉ោយ​​​ប៉ែត​​​ បាន​​​មាន​​​ប្រសាសន៍​​​ថា​​​មនុស្ស​​​ប្រាំមួយនាក់​​​បាន​​​រង​​​​​​របួស​​​ភាគច្រើន​​​លើ​ផ្ទៃ​​​មុខ និងដង​​​ខ្លួន ហើយ​​​ត្រូវ​​​បាន​​​បញ្ជូន​​​ទៅ​​​​ព្យាបាល​នៅ​មន្ទីរ​​​ពេទ្យ​​​បង្អែក​​​ខេត្ត​​​បន្ទាយ​​​មាន​​​ជ័យ។

បើទោះជា​​​គ្រោះថ្នាក់​​​ទាំងពីរ​​​លើក​​​បាន​​​កើត​​​ឡើង​​​ខណៈ​​​ដែល​​​ពល​​​រដ្ឋខ្មែរ​​​ត្រូវ​​​បាន​​​បង្ខំ​​​ឲ្យ​​​ចាក​​​ចេញ​​​ ឬ​​​រត់ចេញ​​​ពីការ​​​គំរាម​​​ចាប់​​​ខ្លួន​​​ដោយ​​​យោធាថៃ​​​ ដែល​​​កំពុង​​​គ្រប់​​​គ្រង​​​ប្រទេស​​​ក្រោម​​​ច្បាប់​​​អាជ្ញាសឹក​​​ដ៏តឹង​​​រ៉ឹង​​​ជាង​​​ពេល​​​ណាទាំង​​​អស់​​​ ចាប់តាំងពី​​​ការ​​​ទម្លាក់​​​រដ្ឋាភិបាល​​​ថៃ​​​កាល​​​ពីខែមុន​​​មកក៏ដោយ ក៏លោក​​​ កុយ គួង ប្រយ័ត្ន​​​ប្រយែង​​​ក្នុង​​​ការ​​​ទម្លាក់​​​កំហុស​​​ណាមួយ​​​លើ​​​របប​​​យោធាថៃ​​​។ លោក​​​បានមាន​​​ប្រសាសន៍​​​ថា “ខ្ញុំ​​​មិនទាន់​​​ដឹង​​​ទេ ពីព្រោះ​​​វា​​​គ្រាន់តែ​​​ជា​​​គ្រោះ​​​ថ្នាក់​​​ធម្មតា​​​​​ប៉ុណ្ណោះ។ គ្មាន​នរណា​​​ដេញ​​​តាម​​​ពួកគេ​​​ទេ” ។

ទន្ទឹម​​​នឹង​​​នេះ​​​ កម្មករ​​​ចំណាក​​​ស្រុក​​​បន្ត​​​មក​​​ស្រុក​​​វិញ​​​ក្នុង​​​ចំនួន​​​ដ៏ច្រើន​​​។ លោក ម៉េងជ្រុន ជា​​​អភិបាល​​​ក្រុង​​​ប៉ោយប៉ែត បា​​នមាន​​​ប្រសាសន៍​​​ថា ពល​​​រដ្ឋខ្មែរ​​​ច្រើនជាង​​​១១៧.០០០​​​នាក់​​​បាន​​​ឆ្លង​​​ច្រក​​​ទ្វារ​ព្រំដែន​​​ពីថ្ងៃទី៦ ខែមិថុនា ដល់​​​យប់​​​ថ្ងៃសៅរ៍។  យោងតាម​​​លោក ប៊ុនលាភ បាន​​​ឲ្យ​​​ដឹង​​​ថា កម្មករ​​​ជិត​​​៤៤.០០០​​​នាក់​​​បាន​​​ឆ្លង​​​ច្រក​​​ទ្វារ​ព្រំដែន​​​ប៉ោយ​​​ប៉ែត​​​កាលពី​​​​​​ថ្ងៃសៅរ៍​​​តែមួយ​​​ថ្ងៃ។

លោក សាន ឃិត ប្រធាន​​​សាខា​​​ស្នាក់​​​ការ​​​​​​កាកបាទ​​​ក្រហម​​​កម្ពុជាខេត្ត​​​បន្ទាយ​​​មាន​​​ជ័យ​​​បាន​​​មាន​​​ប្រសាសន៍​​​ថា បុគ្គលិក​​​បួននាក់​​​របស់​​​លោក​​​ និងអ្នក​​​ស្ម័គ្រ​​​ចិត្ត​​​ប្រហែល​​​៣០​​​នាក់​​​​​​បាន​​​ស្ថិត​​​នៅ​​​ច្រក​​​ទ្វារ​ព្រំដែន​​​ប៉ោយ​​​ប៉ែត ផ្ដល់​​​បាយទឹក​​​ដល់កម្មករ​​​​​​​​​ដែល​​​ត្រឡប់​​​ម​​​កវិញ ដើម្បីជួយ​​​ពួកគេ​​​រហូត​​​ដល់​​​ពួកគេ​​​រក​​​បាន​​​មធ្យោបាយ​​​ត្រឡប់​​​ទៅ​​​ស្រុក​​​កំណើត​​​របស់​​​ខ្លួន​​​វិញ។

កម្មករ​​​ចំណាក​​​ស្រុក​​​ជាច្រើនទៀត​​​ទំនងជា​​​កំពុង​​​ធ្វើ​​​ដំណើរ​​​មក​​​។ រាជ​​​រដ្ឋាភិបាល​​​ថៃ​​​ និង​​​កម្ពុជា​​​ធ្វើការ​ប៉ាន់​​​​​ប្រមាណ​​​ថា ពល​​​រដ្ឋខ្មែរ​​​ចន្លោះពី​​​១៦០.០០០​​​នាក់ ទៅ​​​២០០.០០០​​​នាក់​​​កំពុង​​​ធ្វើការ​​​នៅ​​​ប្រទេស​​​ថៃ​​​ដោយ​​​ខុស​​​ច្បាប់​​​ មុនពេលមាន​​​​​​ការ​​​បណ្ដេញ​​​ចេញនេះ។ អង្គការ​​​​​​​​សិទ្ធិមនុស្ស​​​អាដហុក​​​នៅ​​​កម្ពុជា​​​ បា​​​ន​​​ឲ្យ​​​ដឹង​​​ថា ចំនួន​​​នោះ​​​អាច​​​មាន​​​ជិត​​​៤០០.០០០​​​នាក់។

ពួកគេ​​​ទាំង​​​អស់​​​គ្នា​​​បាន​​​ចាក​​​ចេញ​​​ពី​​​ប្រទេស​​​កម្ពុជា​​​រក​​​ការ​​​ងារ​​​ល្អ​​​ប្រសើរ​​​ និង​​​ប្រាក់​​​ខែ​​​ច្រើន​​​​​​ជាង​​​។ ឥឡូវ​​​នេះ ពួកគេ​​​ត្រឡប់​​​មក​​​វិញ​​​ រដ្ឋាភិបាល​​​កំពុង​​​ប្រឹង​​​ប្រែង​​​ដោះស្រាយ​​​។

ក្រសួង​​​ការ​​​ងារ​​​កំពុង​​​ផ្សព្វ​​​ផ្សាយ​​​ដំណឹង​​​ក្នុង​​​កាសែត​​​ភាសាខ្មែរ​​​ចាប់​​​តាំង​​​ពីថ្ងៃសុក្រ​​​មក​​​ដោយ​​​មាន​​​ទាំង​​​លេខ​​​ទូរស័ព្ទ​​សម្រាប់​ឲ្យ​​​​អ្នក​​​ធ្វើ​​​មាតុភូមិ​​​និវត្ត​​​អាច​​​ទូរស័ព្ទ​​​ទៅ​ដាក់​​​ពាក្យ​​​រក​​​ការងារ​​​ថ្មី​​​ធ្វើ និង​​​ចុះ​​​ឈ្មោះ​​​​​​ចូល​រៀន​កម្មវិធី​​​បណ្ដុះបណ្ដាល​នានា​​។

លោក ហេង សួគ៌ អ្នក​​​នាំពាក្យ​​​ក្រសួង​​​ការ​​​ងារ បាន​​​មាន​​​ប្រសាសន៍​​​ថា កម្មវិធី​​​បណ្ដុះ​​​បណ្ដាល​​​ចំនួន​​​២៥​​​ត្រូវ​​​បា​​​ន​​​ផ្ដល់​​​នៅ​​​តាម​​​មណ្ឌល​​​ដែល​​​បើក​​​នៅ​​​ទូទាំង​​​ប្រទេស​​​ មាន​​​ចាប់​​​ពី​​​វគ្គ​​​សិក្សា​​​​ផ្នែក​កសិកម្ម​​​រយៈពេល​​​មួយ​​​សប្ដាហ៍​​​ដល់​​​កម្មវិធី​​​រយៈពេល​​​បួន​​​ខែ​​​ផ្នែក​​​​​ម៉ូដ​​​សក់ ដោយ​​​ការ​​​សិក្សា​​​​​​ទាំងអស់​​​ឥតគិត​​​ថ្លៃទេ​​​។ លោក​​​បានមាន​​​ប្រសាសន៍​​​ថា “មិន​​​ទាន់​​​មាន​​​នរណា​​​មក​​​នៅ​​​ឡើយ​​​ទេ ប៉ុន្តែ​​​យើង​​​កំពុង​​​រង់​​​ចាំ​​​ពួកគេ​​​មក​​​ទទួល​​​ជំនាញ​​​ និង​​​រក​​​ការ​​​ងារ​​​ធ្វើ​​​”។

លោក​​​ សួគ៌ បាន​​​មាន​​​ប្រសាសន៍​​​ថា ក៏​​​មានការ​​​ងារ​​​ប្រហែល​​​៥០.០០០​​​​​​កន្លែង​​​ដែរ​​​ ដែល​​​វិនិយោគិន​​​បរទេស​​​ក្នុង​​​ប្រទេស​​​បាននិង​​​កំពុង​​​ស្នើ​​​សុំ​​​ក្រសួង​​​ការ​​​ងារ​​​ជួយ​​​ពួកគេ​​​បំពេញ​​​កន្លែង​​​ទំនេរ​​​ទាំង​​​នោះ ជា​​​ការ​​​ងារ​​​ដែល​​​លោក​​​សង្ឃឹម​​​ថា កម្មករ​​​ចំណាក​​​ស្រុក​​​ដែល​​​ត្រឡប់​​​មក​​​វិញមួយ​​​ចំនួន​​​អាច​​​ចូល​​​ធ្វើ​​​បាន​​​។

លោក​​​ ឡាយ ញា៉ញ់ អាយុ​​​៥៣​​​ឆ្នាំ​​​ បាន​​​ឆ្លង​​​ច្រក​​​ទ្វារ​ព្រំដែន​​​ប៉ោយ​​​ប៉ែត កាលពីម្សិលមិញ​​​ បន្ទាប់ពី​​​ធ្វើ​​​ការ​​​ងារ​​​សំណង់​​​បាន​​​១​​​ឆ្នាំ​​​នៅ​​​ប្រទេស​​​ថៃ​​​ ដោយ​​​រក​​​បាន​​​ប្រហែល​​​២៥០​​​បាត​​​​​​ក្នុង​​​មួយ​​​ថ្ងៃ​​​ ដើម្បីជួយ​​​ប្រពន្ធនិងកូន​​​របស់លោក​​​នៅឯស្រុក​កំណើត​ក្នុង​​ខេត្ត​​​បាត់​​​ដំបង​។

លោក ញា៉ញ់ បាន​​​មាន​​​ប្រសាសន៍ថា លោក​​​បាន​​​ចាក​​​ចេញ​​​ទាំង​​​ភិត​​​ភ័យ​​​ ដោយសារ​​​មាន​​​ពាក្យ​​​ចចាមអារ៉ាម​​​ថា ជន​​​ចំណាក​​​ស្រុក​​​ខុស​​​ច្បាប់​​​កំពុង​​​ត្រូវ​​​គេ​​​ចាប់​​​ខ្លួន​​​ ហើយ​​​ឥឡូវ​​​នេះ​​​លោក​​​​​​គ្រោង​​​មក​​​ស្រុក​​​វិញ​​​ ដែល​​​លោក​​​សង្ឃឹមថា នឹង​​​ចុះ​​​ឈ្មោះ​​​ក្នុង​​​កម្មវិធី​​​ជ្រើស​​​រើស​​​ការ​​​ងារ​​​ថ្មី​​​របស់​​​ក្រសួង​​​កា​​រ​​​ងារ​​​។ លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា ” ខ្ញុំ​​​នឹង​​​សប្បាយ​​​ចិត្ត​​​ណាស់​​​បើ​​​គេ​​​អាច​​​ឲ្យ​​​ខ្ញុំ​​​៣ម៉ឺន​​​រៀល​​​ក្នុង​​​មួយ​​​ថ្ងៃ​​​។ លុយ​​​ប៉ុណ្ណឹង​​​ខ្ញុំ​​​អាច​​​ទិញ​​​អាហារ​​​ និង​​​ថ្នាំពេទ្យ​​​បាន​​។ ខ្ញុំ​​នឹង​​​ជួប​​​ការ​​​លំបាក​​​​​ខ្លាំង​​​បើ​​​ខ្ញុំ​​​ទទួល​​​បាន​​​តិច​​​ជាង​​​នេះ​​​”៕ មានិត

(រាយការណ៍​​​បន្ថែម​​​ដោយ ZsomborPeter)​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស