38 C
Phnom Penh

នគរបាល​ចាប់​ខ្លួនឧកញ៉ាម្នាក់បញ្ជូន​ទៅ​ពន្ធនាគារ​ដោយ​សារ​មាន​ជម្លោះ​ជា​មួយ​បង​ប្អូន​បង្កើត

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

នគរបាល​ជាតិ​បាន​ឲ្យ​ដឹង​កាល​ពី​ថ្ងៃ​សៅរ៍​ថា ឧកញ៉ាម្នាក់​ត្រូវ​បាន​ចាប់​ខ្លួន​បញ្ជូន​ទៅ​ពន្ធនាគារ​កាល​ពី​សប្តាហ៍​មុន ​តាម​ការ​ចោទ​ប្រកាន់​ពី​បទ​រំលោភ​លើ​សេចក្ដី​ទុកចិត្ត​ បន្ទាប់ពី​មាន​ពាក្យ​បណ្ដឹង​ពី​ប្អូន​ប្រុស​របស់​គាត់​ដែល​ជាឧកញ៉ា​ដែរ ក្រោយ​ពី​បង​ប្អូន​បង្កើត​ទាំង​ពីរ​ឈ្លោះ​គ្នា​រឿង​លក់​ផ្ទះ​។

យោងតាមគេហទំព័រ​របស់​នគរ​បាល​ជាតិ​បង្ហាញ​ថា ហួត សេងឡុង ម្ចាស់​ក្រុមហ៊ុន​ហួត​ត្រាកូ រង​ការ​ចោទ​ប្រកាន់​ពីបទ​ឆបោក​ប្អូន​ប្រុស​របស់​គាត់​ឈ្មោះ ហួត វណ្ណថន ម្ចាស់​ក្រុម​ហ៊ុន​ទូរស័ព្ទចល័ត​ Beeline ដោយសារ​លួច​លក់​ផ្ទះ​របស់​គាត់។

លោក វណ្ណថន បាន​ធ្វើ​ពាក្យ​ប្ដឹង​ទៅ​នគរ​បាល ដោយ​អះអាង​ថា គាត់​បាន​ទិញ​ផ្ទះ​មួយ​នៅ​ក្នុង​សង្កាត់​ទន្លេបាសាក់ ក្នុង​ក្រុង​ភ្នំពេញ​កាលពីខែសីហា​ឆ្នាំមុន ប៉ុន្តែ​បាន​ដាក់ឈ្មោះ​បង​​ប្រុស​របស់គាត់​ធ្វើ​ជា​តំណាង​របស់​គាត់​។

លោក​ វណ្ណថន អះអាង​ថា លោក ហួត សេងឡុង ក្រោយ​មក​បាន​កែ​ប្រែ​ឯកសារ​បញ្ជាក់​ថា គាត់​គឺជា​ម្ចាស់​ផ្ទះនោះ ហើយ​បាន​លក់​ផ្ទះនោះ​កាលពី​ខែធ្នូ។ យោងតាម​គេហទំព័រ​របស់​នគរ​បាល​ជាតិ​ លោក​ វណ្ណថន ទើប​តែដឹង​ពីរឿង​នេះ​កាលពី​ថ្ងៃទី​២០ ខែឧសភា។ គេមិន​អាច​ជួប​គាត់​សំុ​ការ​អត្ថាធិប្បាយ​បានទេ​កាលពីម្សិលមិញ។

គេហទំព័រ​នេះ​បង្ហាញ​ថា “ឧកញ៉ា ហួត សេង​ឡុង នឹង​មានទោស​ជាប់ពន្ធនាគារ​ពី​មួយ​ឆ្នាំ​ទៅប្រាំមួយ​ឆ្នាំ និង​ពិន័យ​ជាប្រាក់​ពី​១លាន​រៀល​ទៅ​៦លាន​រៀល​​ ប្រសិន​បើ​រក​ឃើញ​ពិរុទ្ធ​ភាព​”។ លោក​ សេងឡុង ត្រូវ​បាន​ចាប់​ខ្លួន​កាលពី​ថ្ងៃ​ទី១១ ខែមិថុនា។ លោក វណ្ណថន បាន​ស្នើ​ឲ្យ​នគរបាល​រក​យុត្តិធម៌ឲ្យគាត់​។

លោក ហួត សេងឡុង អាយុ​៧៦ឆ្នាំ​ដែលជា​ម្ចាស់​ក្រុម​ហ៊ុន​ CIT​ និង​ក្រុម​ហ៊ុន​ DataManagementCenter ដែរ​នោះ​ ត្រូវ​បា​ន​នាំទៅ​ព្យាបាល​ជំងឺ​លើស​ឈាម​រយៈ​ពេល​ពីរ​ថ្ងៃ​នៅ​មន្ទីរ​ពេទ្យ​។ តុលាការ​ចោទ​លោក​ សេងឡុង កាលពី​ថ្ងៃសៅរ៍ និង​បាន​បញ្ជូន​គាត់​ទៅ​ឃុំខ្លួន​បណ្ដោះ​អាសន្ន​នៅ​ពន្ធនាគារ​ប៉េហ្ស៊ី។

លោក​ ហូ ពុទ្ធវិសាល ប្រធាន​ពន្ធនាគារ​ប៉េហ្ស៊ី បាន​និយាយ​ថា លោក​ សេង​ឡុង នៅ​មាន​ជំងឺ​នៅ​ឡើយ ប៉ុន្តែ​អាច​ដើរ​បាន​។

លោក​ ហួត សេង​ទ្រី អាយុ​៦២​ឆ្នាំ​ជា​បង​ប្អូន​ប្រុស​ទី៣ បាន​ចុះ​ផ្សាយនៅ​ក្នុង​កាសែត​ក្នុង​ស្រុក​កាលពី​ថ្ងៃទី២៦ ខែឧសភា ដើម្បីថ្កោល​ទោស​លោក សេងឡុង ជាសាធារណៈ​។

ការ​ចុះ​ផ្សាយ​ដែល​មាន​រូប​ថត​របស់​បង​ប្អូន​ប្រុស​ទាំង​េនះ​ មាន​ខ្លឹមសារ​ថា ” ខ្ញុំ​សូម​ជម្រាប​ដល់​មិត្ត​ភក្ដិ​ និង​សាច់​ញាតិ​ដែល​រស​់​នៅ​ក្នុង​​ព្រះរាជាណាចក្រ​កម្ពុជា សហរដ្ឋអាមេរិក បារំាង និង​អូស្ត្រាលី​ថា ខ្ញុំសូម​ថ្កោល​ទោស​បង​ប្រុស​របស់​ខ្ញុំ​ឈ្មោះ ហួត សេងឡុង ពីព្រោះ​គាត់​បាន​សម្រេច​បញ្ចប់ទំនាក់ទំនង​របស់​យើង​។ គាត់​ប្រព្រឹត្តមិន​គប្បី និង​ធ្វើ​ការ​ចោទ​ប្រកាន់ដោយ​មិនពិត​មក​លើ​ខ្ញុំ​ និង​ប្អូនប្រុស​របស់​គាត់​ ហើយ​ចោទ​ខ្ញុំ​ថា បាន​ចូលផ្ទះ​គាត់ដោយ​ខុស​ច្បាប់​”។

ការ​ចុះ​ផ្សាយ​នេះ​មិន​បាន​លើក​ឡើង​ដោយ​ផ្ទាល់​អំពីជម្លោះ​អចលន​ទ្រព្យ​រវាង​លោក សេងឡុង និង​លោក វណ្ណថន ទេ។

ឧត្តម​សេនីយ៍ឯក​ ម៉ក់ ជីតូ ប្រធាន​នាយក​ដ្ឋាន​កណ្ដាល​សន្តិសុខ​នៃ​ក្រសួង​មហាផ្ទៃ​បាន​និយាយ​ថា លោក សេងឡុង បាន​សារភាព​ថា ​បាន​កែ​ប្រែ​ឯកសារ​អចលនទ្រព្យ​នោះ​ដោយ​មិន​ត្រឹម​ត្រូវ​មែន។ លោក​ឧត្តម​សេនីយ៍ឯក​ ម៉ក់ ជីតូ បាន​មាន​ប្រសាសន៍​ថា “គាត់​បាន​សារភាព​ថា គាត់​បាន​ធ្វើ​ដូច្នេះមែន”។ លោក​បាន​បន្ថែម​ថា បទ​ល្មើស​នេះ​កើត​ឡើង​ដោយ​សារ​តែ​បង​ប្អូន​ទុក​ចិត្ត​គ្នា​៕ គឹមហឿន​​​

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស