30.1 C
Phnom Penh

អនា​គត​របស់​អ្នកភូមិ​ខេត្ត​ក្រចេះ​ដែល​ត្រូវ​បាន​បណ្តេញ​ចេញ​នៅ​តែ​មិន​ច្បាស់លាស់

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

តំណាង​​​អ្នក​ភូមិ​​​៣០១​​​គ្រួសារ​​​ ដែល​ត្រូវ​បាន​​ផ្ត​ល់ដី​​​សម្បទាន​​​សង្គម​​​កិច្ច​​​នៅ​​​ក្នុង​​​ខេត្ត​​​ក្រចេះ​​​ ដើម្បី​ដោះ​​​ស្រាយ​​​វិវាទ​​​ដីធ្លី​​​ដ៏អូស​​​បន្លាយ​​​នោះ បាន​​​និយាយ​​​កាលពីម្សិលមិញ​​​ថា ពួកគាត់​​​បាន​​​រាយការណ៍​​​ទៅអាជ្ញាធរ​​​កាលពី​​​ថ្ងៃសៅរ៍ អំពី​​​ពីគ្រួសារ​​​ចំណូលថ្មី​​​ដែល​​​បានមក​ចូល​រួម​ជាមួយពួកគាត់​ចាប់​តាំង​ពី​ពេល​នោះ​មក ដោយសង្ឃឹម​​​ថា នឹង​​​ទទួល​​​បាន​​​ដីផង​​​ដែរ​​​។

អាជ្ញាធរ​​​បាន​​​ផ្ដល់​​​ដីសម្បទាន​​​ទំហំ​​​៧៥០​​​ហិកតា​​​ដល់​​​គ្រួសារ​​​ទាំងនេះកាលពីដើម​​​ខែនេះ បន្ទាប់ពី​​​អ្នកភូមិ​​​មួយ​​​ចំនួន​​​ក្នុងចំណោម​​​អ្នក​​​ភូមិ​​​​​​៣០១​​​គ្រួសារ​​​បាន​​​ចំណាយ​​​ពេល​​​ជិត​​​ពីរ​​​សប្ដាហ៍​​​ក្នុង​​​រាជធានីភ្នំពេញតវា៉ពីការ​ដែលក្រុម​​​ហ៊ុន​​​ប៊ិញភួក​​​២  (BinhPhuoc 2) បាន​​​បង្ខំ​​​ឲ្យពួក​​​គាត់​​​ចាកចេញពីដីស្ថិត​​​នៅ​​​ក្នុង​​​ស្រុកស្នួល​​​ ប៉ុន្តែ​​​ដំណឹង​​​នេះ​​​បាន​​​ផ្សព្វផ្សាយ​​​យ៉ាង​​​លឿន​​​ ហើយ​​​ក្រុម​អ្នក​​​ឱកាស​​​និយម​​​បាន​​​មក​​​ដល់​​​ភ្លាមៗ​​​តែម្ដង​​​។

លោក ងួន វិបុល តំណាង​​​ម្នាក់ក្នុង​​​ចំណោម​​​តំណាង​​​ប្រាំពីរ​​​នាក់​​​មក​ពី​ឃុំឃ្សឹម ដែល​​​​​​ផ្ទះ​​របស់​ពួក​គាត់​​​ត្រូវ​​​បាន​​​បំផ្លាញ​​​ដើម្បី​​​បើក​​​ផ្លូវ​​​ឲ្យ​​​​​​ក្រុម​​​ហ៊ុននេះធ្វើចម្ការ​​​កៅស៊ូ​​​នោះ​​​ បាន​​​មាន​​​ប្រសាសន៍​​​ថា ” យើងបាន​​​ចុះឈ្មោះអ្នក​​​ភូមិ ហើយ​​​បានរក​​​ឃើញ​​​ថា អ្នក​​​ភូមិ​​​៧៩២​​​គ្រួសារ​​​កំពុង​​​រស់​​​នៅ​​​ក្នុង​​​ជម្រក​​​លើ​ដី​​ទំហំ​​​៧៥០​​​ហិកតា​​​នេះ និ​​​ង​​​អ្នកភូមិ​ដែលរស់​​​នៅ​​​លើ​​​ផ្លូវ​​​លំ​ក្បែរ​​​នោះ​​​”។

តួលេខ​ចំនួន៧៩២​​​គ្រួសារ​នេះ​​ គឺ​​​ខ្ពស់​​​ជាងតួលេខ​កាលពី​​​សប្ដាហ៍​​​មុនទៅទៀត ដែលនៅពេល​​​នោះ​​​អ្នក​​​ភូមិ​​​៤៤៩​​​គ្រួសារ​​​បាន​​​លើក​​​ឡើង​​​ថា ពួកគាត់​​​បានចូលរួម​​​ជាមួយ​​​អ្នកភូមិ​​​៣០១​​​គ្រួសារ​​​ដំបូង​​​ចុះឈ្មោះ​​​ទទួល​​​ដីសម្បទាន​​​សង្គម​​​កិច្ច​​​នេះ។

លោក វិបុល​​​ បាន​​​មាន​​​ប្រសាសន៍​​​ថា សេចក្តី​រាយការណ៍​នេះ​​​ស្នើ​​​ឲ្យអាជ្ញាធរ​​​ដោះស្រាយ​​​បញ្ហា​​​ទាក់​​​ទង​​​នឹង​​​អ្នកភូមិ​​​៣០១​​​គ្រួសារ​​​ជា​មុន​សិន។ ប៉ុន្តែ​​​លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា របាយការណ៍​​​នេះ​​​ក៏ស្នើ​​​ឲ្យអាជ្ញាធរ​​​ជួយ​​​រក​​​ដី​​​ឲ្យ​​​គ្រួសារ​​​ចំណូល​​​ថ្មី​​​៤៩១​​​គ្រួសារ​​​ផង​​​ ពីព្រោះ​​​ពួកគាត់​​​ក៏ជា​​​អ្នក​​​គ្មាន​​​ផ្ទះសំបែង​​​ដែរ។

លោក ស ចំរ៉ុង អភិបាល​​​ខេត្ត​​​ក្រចេះ​​​បានមាន​​​ប្រសាសន៍​​​ថា អាជ្ញាធរ​​​កំពុង​​​ពិចារណា​​​ ថាតើ​​​ត្រូវ​​​ដោះស្រាយ​​​ជាមួយ​​​នឹង​​​​​គ្រួសារ​​​ចំណូល​​​ថ្មី​​​ដោយរបៀបណា​​​។​​ លោក ចំរុ៉ុង បានមាន​​​ប្រសាសន៍​​​ថា “យើង​​​មានគោល​​​នយោបាយ​​​ផ្ដល់​​​ដីសម្បទាន​​​សង្គម​​​កិច្ច​​​ដល​​​់​​​គ្រួសារ​​​ក្រីក្រ ប៉ុន្តែ​​​យើង​​​សង្ឃឹមថា នឹង​​​ស្វែង​​​រក​​​ការ​​​ពិត​​​ទាក់ទង​​​នឹង​​​កំណើននៃ​​​គ្រួសារ​​​ទាំង​​​នេះ​​​”។

លោក ហេង ភារក្ស អ្នក​​​ស៊ើប​​​​​​អង្កេត​​​នៅ​​​អង្គការ​​​សិទ្ធិមនុស្ស​​​អាដ​​​ហុក បាន​​​មាន​​​ប្រសាសន៍​​​ថា ឥឡូវ​​​នេះ​​​អ្នក​​​ភូមិ​​​៣០១​​​គ្រួសារ​​​កំពុ​​​ង​​​រស់​​​នៅ​​​ក្នុង​​​ជម្រក​​​លើ​​​ដីសម្បទាន​​​សង្គម​​​កិច្ច ចំណែក​​​គ្រួសារ​​​ចំណូល​​​ថ្មី​​​បាន​​​បោះ​​​តង់​​​បណ្ដោះអាសន្ន​​​លើ​​​ដី​​​ចិញ្ចើម​​​ផ្លូវ​​​ក្បែរ​​​នោះ។

លោក ភារក្ស បាន​​​បន្ថែ​​​ម​​​ថា ភាគច្រើននៃ​​​គ្រួសារ​​​ចំណូល​​​ថ្មីទាំងនេះ​​​មកពី​​​កន្លែង​​​ដែល​​​មាន​វិវាទដីធ្លី​​​ពាក់​​​ព័ន្ធ​​​នឹង​​​ក្រុម​​​ហ៊ុន​​​វៀតណា​​​ម​​​មួយទៀត ឈ្មោះ​​​ ដឹក យ៉ុង (DeukYong) ហើយ​​​ពួកគាត់​មកពីឃុំជាមួួយគ្នានឹង​​​អ្នក​​​ភូមិ​​​៣០១​​​គ្រួសារ​​​ដំបូង​​​ដែរ។

លោក ភារក្ស បា​​​ន​​​មាន​​​ប្រសាសន៍​​​ថា “ឥឡូវ​​​នេ​​​ះ​​​​អាជ្ញាធរកំពុង​​​ប្រឈម​​​នឹង​​​ការ​​​លំបាក​​​ថា តើ​​​ត្រូវ​​​រក​​​ដំណោះ​​​ស្រាយ​​​ឲ្យ​គ្រួសារ​​​ទាំងអស់​​​នេះដោយវិធីណា ពីព្រោះ​​​ដីមាន​ទំហំ​តូច​ណាស់​​​មិន​​​អាច​​​ផ្ដល់​ឲ្យ​គ្រួសារ​​​ដែល​​​បានចុះឈ្មោះទាំង​​​អស់បានទេ​​​” ៕ សារុន​​​​​​​​​​​​​​​​​​​​​

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស