កាលពីម្សិលមិញ មន្ត្រីកងរាជអាវុធហត្ថម្នាក់បានទទួលស្គាល់ថា រថយន្តរបស់លោកពិតជាបានជាប់ពាក់ព័ន្ធក្នុងករណីគ្រោះថ្នាក់ចរាចរណ៍បុកហើយរត់ ដែលបានបណ្ដាលឲ្យមនុស្សពីរនាក់ស្លាប់កាលពីខែមុនមែន ប៉ុន្តែលោកមិនបានជិះក្នុងរថយន្តរបស់លោកម៉ាកតូយ៉ូតាទុនដ្រានៅពេលគ្រោះថ្នាក់កើតឡើងនោះទេ។
រថយន្តភីកអាប់មួយគ្រឿងបានបោះពួយទៅបុកម៉ូតូពីរគ្រឿងនៅជិតចំណុចប្រសព្វនៃមហាវិថីព្រះនរោត្តម និងមហាវិថីម៉ៅសេទុងកាលពីថ្ងៃទី៣០ ខែឧសភា ដោយបណ្ដាលឲ្យ ឃៀម នារី អាយុ៤១ឆ្នាំ និង សា៊ន វាសនា អាយុ២៣ឆ្នាំស្លាប់។ ងួន ឧស្សា អាយុ២៦ឆ្នាំត្រូវបានបញ្ជូនទៅមន្ទីរពេទ្យកាល់ម៉ែតដោយសាររងរបួសធ្ងន់។
អ្នកបើកបររថយន្តបានរត់គេចខ្លួនដោយថ្មើរជើង ហើយគេមិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយទេ។ នគរបាលរាជធានីភ្នំពេញបានតាមដានស្លាកលេខខេមរភូមិន្ទរបស់រថយន្តនេះ ហើយបានដាក់ពាក្យបណ្ដឹងសុំការសហការពីក្រសួងមហាផ្ទៃ។
លោកវរសេនីយ៍ទោ ឱ ស៊ឹម ដែលបានមានប្រសាសន៍ថា លោកកំពុងចរចាអំពីសំណងជាមួយជនរងគ្រោះ បានបញ្ជាក់តាមទូរស័ព្ទកាលពីម្សិលមិញថា នគរបាលបានតាមដានរថយន្តរបស់លោក។
លោកវរសេនីយ៍ទោ ឱ ស៊ឹម បានមានប្រសាសន៍ថា ” វាជារថយន្តរបស់ខ្ញុំ ប៉ុន្តែសន្តិសុខម្នាក់បានប្រើប្រាស់រថយន្តនេះ ហើយបានបង្កគ្រោះថ្នាក់ចរាចរណ៍។ ខ្ញុំកំពុងដោះស្រាយបញ្ហាជាមួយគ្រួសារជនរងគ្រោះ ហើយករណីនេះនឹងបញ្ចប់នៅពេលឆាប់ៗនេះ”។ លោកវរសេនីយ៍ទោ ឱ ស៊ឹម បានប្រាប់ថា លោកជាជំនួយការឧត្តមសេនីយ៍ សៅ សុខា មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស។ លោកបានមានប្រសាសន៍សំដៅដល់ឧត្តមសេនីយ៍ សៅ សុខា ថា ” ខ្ញុំជាជំនួយការរបស់មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស”។
ប៉ុន្តែលោក សៅ សុខា បានបដិសេធថា លោក ឱ ស៊ឹម មិនមែនជាជំនួយការរបស់លោកទេ។ លោក សៅ សុខា បានមានប្រសាសន៍ថា ” បុរសរូបនេះមិនមែនជាជំនួយការរបស់ខ្ញុំទេ ប៉ុន្តែប្រសិនបើគាត់អះអាងថា គាត់ជាជំនួយការរបស់ខ្ញុំ គាត់ត្រូវតែប្រឈមមុខនឹងច្បាប់”។
លោក ខេង ទីតូ អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេសបានមានប្រសាសន៍ថា តាមពិតលោក ឱ ស៊ឹម ធ្វើការនៅនាយកដ្ឋានអភិវឌ្ឍន៍នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស។ លោកឧត្តមសេនីយ៍ត្រី ខេង ទីតូ បានមានប្រសាសន៍ថា ” លោក ឱ ស៊ឹម ពិតជាធ្វើការនៅក្នុងទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេសមែន ប៉ុន្តែគាត់មិនមែនជាជំនួយការរបស់ឯកឧត្តម សៅ សុខា ទេ”។
អ្នកស្រី ភួន យី ជាម្ដាយរបស់ ស៊ាន វាសនា បាននិយាយថា អ្នកស្រីបាននិយាយជាមួយលោក ឱ ស៊ឹម កាលពីសប្ដាហ៍មុន ហើយបានទាមទារសំណងចំនួន១៥.០០០ដុល្លារ។ អ្នកស្រីបាននិយាយថា ” លោក ឱ ស៊ឹម បានប្រាប់យើងថា គាត់គ្រាន់តែជាតំណាងអ្នកបើកបរប៉ុណ្ណោះ ហើយមិនអាចសម្រេចបានទេ ប៉ុន្តែលោកបាននិយាយថា លោកនឹងយកសំណើនេះទៅប្រាប់អ្នកបើកបរ”៕ សារុន