38 C
Phnom Penh

កងរាជអាវុធហត្ថ​ចាប់ខ្លួន​មនុស្ស​៦នាក់​ពីបទរានដីព្រៃលិចទឹក

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កាលពីថ្ងៃសុក្រ កងរាជអាវុធ​​​ហត្ថ​​​បាន​​​សហការ​​​ជាមួយ​​​រដ្ឋបាលជល​​​ផល​​​ខេត្ត​​​កំពង់ធំ​​​ដើម្បី​ចាប់​​​ខ្លួន​​​បុរស​​​ប្រាំមួយនាក់ និង​​​រឹប​​​អូស​​​ត្រាក់ទ័រឈូស​​​ឆាយ​​​ចំន​ួន​បួន​​​គ្រឿង ដែល​​​ត្រូវ​​​បាន​​​ប្រើ​​​ប្រាស់​​​ដើម្បី​​​រាន​​​ព្រៃលិច​​​ទឹក ដែល​​​ត្រូវ​​​បាន​​​ការ​​​ពារ​​​ស្ថិត​​​ក្នុង​​​តំបន់​​​អភិរក្ស​​​មច្ឆជាតិនៅ​​​ក្នុង​​​ស្រុក​​​ស្ទោង។

លោក ឃុន ប៊ុនហូ មេបញ្ជាការ​​​កង​​​រាជអាវុធ​​​ហត្ថ​​​បាន​​​មាន​​​ប្រសាសន៍​​​ថា កាលពី​​​រសៀល​​​ថ្ងៃ​​​សុក្រ កង​​​រាជអាវុធហត្ថ និង​​​មន្ត្រីមូលដ្ឋាន​​​បានឡោមព័ទ្ធ​​​ត្រាក់​​​ទ័រ​​​ឈូស​​​ឆាយ​​​ទាំង​​​នោះ ដែល​​​កំពុង​​​រាន​​​ដី​​​យ៉ាង​​​សកម្ម​​​នៅ​​​ក្នុង​​​តំបន់​​​អភិរក្ស​​​មច្ឆជាតិ​​​មួយនៅ​​​ក្នុង​​​ឃុំ​​​សំព្រោច។

លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា “យើង​​​បាន​​​ចាប់​​​ខ្លួន​​​មនុស្ស​​​ប្រាំមួយនាក់ និង​​​រឹប​​​អូស​​​ត្រាក់​​​ទ័រ​​​ឈូស​​​ឆាយ​បាន​​បួន​​​គ្រឿង​​​”។ លោក​​​បាន​​​បន្ថែម​​​ថា ក្រុម​​​អ្នក​​​ភូមិ​​​មូល​​​ដ្ឋាន​​​បាន​​​រាយការណ៍​​​អំពី​​​សកម្មភាព​​​ខុស​​​ច្បាប់​​​នេះ​​​។ លោក ប៊ុនហូ បានមាន​​​ប្រសាសន៍​​​ថា ” កន្លង​​​មក​​​ យើង​​​បាន​​​ព្រមាន​​​ប្រជា​​​ពល​​​រដ្ឋ​​​ច្រើន​​​លើក​​​ច្រើនសាមក​​​ហើយ​​​ថា ការ​​​រាន​​​ព្រៃ​​​នៅ​​​ក្នុង​​​តំបន់​​​នោះ​​​ គឺ​​​ជាការ​​​ខុស​​​ច្បាប់​​​ ប៉ុន្តែ​​​ពួកគាត់​​​មិន​​​ស្ដាប់​​​ទេ  ហេតុដូច្នេះ​​​ហើយ​​​យើង​​​ត្រូ​​​វតែ​​​ចាត់វិធានការ​​​”។

យោងតាម​​​លោក ហង្ស ថុល មេបញ្ជាការ​​​កង​​​រាជអាវុធ​​​ហត្ថ​​​េខត្ត​​​បាន​​​ឲ្យ​​​ដឹង​​​ថា ជន​​​សង្ស័យ​​​ប្រាំនាក់​ដែល​មាន​​​ឈ្មោះ ហង្ស ហេន អាយុ​​​៣១​​​ឆ្នាំ​​​ បែន សុភាព អាយុ​​​២៥​​​ឆ្នាំ សំ ថា អាយុ​​​២២ឆ្នាំ ស៊ុំ គី អាយុ​​​៣៧ឆ្នាំ និង​​​ កែវ គឿន អាយុ​​​២៣​​​ឆ្នាំ មកពី​​​ស្រុក​​​សំពៅលូន ខេត្ត​​​បាត់​​​ដំបង ចំណែក​​​ លី លឹម អាយុ​​​៥១​​​ឆ្នាំ​​​មកពីឃុំសំព្រោច។

លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា “បន្ទាប់ពី​​​ការ​​​ចាប់​​​ខ្លួន និង​​​សាក​​​សួររួច​មក ​​​ ជន​​​សង្ស័យ​​​ទាំង​​​នេះ​​​បាន​​​សារភាព​​​ថា ពួកគេ​​​មិន​​​មែន​ជាម្ចាស់​​​ដីនេះទេ ហើយ​​​បាន​​​ជួល​​​ដីនេះ​​​ពីអ្នក​​​ភូមិ​នៅ​​​ក្នុង​​​ឃុំនេះ។ យើង​​​កំពុង​​​សាក​​​សួរ​​​ពួកគេ​​​ដើម្បី​​​​​​រកឲ្យឃើញ​​​ថា តើ​​​មាន​​​មនុស្ស​​​​​​ប៉ុន្មាន​​​នាក់​ទៀត​​​​ជាប់ពាក់​​​ព័ន្ធ”។លោក ប៉ែន វណ្ណរិទ្ធ ប្រធាន​​​ខណ្ឌ​​​រដ្ឋបាលជល​​​ផល​​​ខេត្ត​​​កំពង់ធំ មិនអាច​​​ទាក់ទង​​​សុំការ​​​អត្ថាធិប្បាយ​​​បានទេ។

លោក គុច គឹមឡុង ព្រះរាជអាជ្ញារង​​​អម​​​សាលា​​​ដំបូង​​​ខេត្ត​​​បានមាន​​​ប្រសាសន៍​​​ថា កង​​​រាជ​​​អាវុធ​​​ហត្ថ​​​មិន​​​ទាន់​​​បាន​​​បញ្ជូ​​ន​​​ករណីនេះ​​​ទៅ​​​តុលាការ​​​នៅឡើយទេ​​​។ លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា “នៅ​​​ពេល​​​ករណី​​​នេះ​​​មក​​​ដល​​​់​​​ដៃ​​​របស់​​​យើង​​​ យើង​​​នឹង​​​ចាត់​​​វិធា​​​ន​​​ការ​​​ចាំបាច់ ហើយ​​​សម្រេច​​​ថាតើ​​​ត្រូវ​​​ធ្វើ​​​អ្វីនៅពេលបន្ទាប់​​​”។

បើទោះណា​​​ជាការ​​​នេសាទ​​​ត្រូវ​​​បាន​​​ហាម​​​ឃាត់​​​នៅ​​​ក្នុង​​​តំបន់​​​អភិរក្ស​​​នេះ​ក៏ដោយ ក៏ព្រៃ​​​លិច​​​ទឹក​​​នេះ​ត្រូវ​​​បាន​​​ញាំញី​​​ដោយការ​​​រាន​​​ព្រៃ​​​ខុស​​​ច្បាប់​​​​​ដែរ​​​។ កាលពីខែ​​​កក្កដា ឆ្នាំ​​​២០១២​​​មន្ត្រី​​​មូល​​​ដ្ឋាន​​​ប្រហែល​​​២០​​​នាក់​​​ទទួល​​​បាន​​​ដីកា​​​កោះហៅពីតុលាការ​​​ពាក់​​​ព័ន្ធ​​​ការ​​​រាន​​​ដីព្រៃ​​មួួយផ្នែកធំ​​​ដើម្បី​​​ធ្វើ​​​ស្រែ​​​ប្រាំង​​​៕ សារុន​​​​​​​​​​​​​​

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស