28 C
Phnom Penh

រោងចក្រយល់​ព្រម​តាមការ​ទាម​ទារភាគ​​​ច្រើន​​​ ប៉ុន្តែ​កម្មករ​ប្តេជ្ញា​បន្តការ​តវ៉ាទៀត

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កម្មករ​​​នៅ​​​រោងចក្រ​​​ Beautiful Spring Footwear នៅ​​​ក្នុងខេត្ត​​​តាកែវ​​​មិន​​​​​ព្រម​​​បញ្ចប់​​​ការ​​​តវ៉ា​របស់​ខ្លួន​ដែល​មាន​រយៈពេល​​​ពី​​រ​​​ថ្ងៃ​​ហើយ​នោះទេ​​កាលពីថ្ងៃសៅរ៍ បន្ទាប់ពី​​​ថ្នាក់​​​គ្រប់គ្រង​​​រោងចក្រ​​​យល់​​​ព្រម​​​ធ្វើ​​​តាមការ​​​ទាម​​​ទារ​​​ភាគ​​​ច្រើន​​​របស់​​​ពួកគេ​​​ ប៉ុន្តែ​​​មិន​​​ព្រម​​​ដំឡើង​​​លុយ​​​ព្រីម។

កម្មករ​​​ប្រហែល​​​១.០០០​​​នាក់នៅ​​​រោងចក្រ​​​នេះ​​​បាន​​​ចាប់​​​ផ្ដើម​​​តវ៉ា​​​នៅ​​​ខាង​​​ក្រៅ​​​រោងចក្រ​​​កាលពី​​​ថ្ងៃសុក្រ ពីរ​​​ថ្ងៃ​​​បន្ទាប់ពី​​​អ្នក​​​គ្រប់គ្រង​​​ផ្នែក​សង្វាក់​ផលិត​​​កម្ម​​​តាម​​​ចោទ​​​ថា បាន​​​យក​​​ស្បែក​​​ជើង​​​គប់​​​ស្ត្រីមាន​​​ផ្ទៃ​​​ពោះ​​​ម្នាក់​​​។

បន្ថែមពី​​​លើ​​​ការ​​​ចង់​​​ឲ្យ​មាន​ការ​​​បណ្ដេញ​​​អ្នក​​​គ្រប់​​​គ្រង​​​រូប​​​នេះ​​ចេញ កម្មករ​បាន​​​ទាម​​​ទារ​​​១៩​​​ចំណុច​​ រួម​​​មាន​​​លុយ​​​ព្រីម​​​ប្រចាំ​​​ខែ​​​ពី​​​១០​​​ដុល្លារ​​​ដល់​​​១៥​​​ដុល្លារ លុយ​​​ឧបត្ថម្ភ​​​ថ្លៃ​​​បាយ​​​ថ្ងៃ​​​ត្រង់​​​ប្រហែល​​​១​​​ដុល្លារ ដាក់​​​កង្ហារ​​​និង​​​ផ្តល់​ទឹក​​​បរិសុទ្ធ​​​បន្ថែម​​​ទៀត​​​។

លោក សុខ សុខ​​​ជា អធិការ​​​រង​​​នគរបាល​​​ស្រុក​​​ត្រាំកក់ ដែល​​​បានចូលរួម​​​ការ​​​ចរចា​​​នៅ​​​រោងចក្រ​​​នេះកាលពីថ្ងៃសៅរ៍ បាន​​​និយាយ​​​កាលពី​​​ម្សិល​មិញ​​​ថា រោងចក្រ​​​យល់ព្រម​​​តាម​​​ការ​​​ទាមទារ​​​ទាំង​​​អស់​​​របស់​​​អ្នក​​​តវ៉ា​​​ រួមទាំង​​​ការ​​​បញ្ចប់​​​ការ​​​ងារ​​​របស់​​​អ្នក​​​គ្រប់​​​គ្រង​​​រូប​​​នេះ​​​ លើក​​​លែង​​​តែការ​​​ដំឡើង​​​លុយព្រីម​​​ ពីព្រោះ​​​រោងចក្រ​​​ទើប​​​តែ​​​បើក​​​នៅពេល​​​ថ្មីៗ​​​នេះ មិន​​​អាច​​​លៃ​​​លក​​​លុយព្រីមបាន​​​ទេ។

លោក សុខជា បាននិយាយ​​​ថា “នៅ​​​ថ្ងៃ​​​ច័ន្ទ​​​នឹង​​​មាន​​​ការ​​​ចរចា​​​បន្ត​​​ទៀត​​​ ប៉ុន្តែ​​​វា​​​ហាក់​​​ដូច​​​ជា​​​មិនអាច​​​ទៅរួចទេ ពីព្រោះ​​​រោងចក្រ​​​មិនអាច​​​ធ្វើ​​​តា​​ម​​​ការ​​​ទាម​​​ទាររបស់​​​កម្មករ​​​។ យើង​​​នឹង​​​ដាក់​​​កម្លាំង​​​របស់​​​យើង​​​ដើម្បី​​​គ្រប់​គ្រង​​​ស្ថាន​​​ការណ៍​​​​មិន​​​ឲ្យកម្មករ​​​បិទ​​​ផ្លូវ​​​ ឬបង្ក​​​អំពើ​​​ហិង្សា​​​ណាមួយឡើយ​​​”។

លោក ប៊ុន វណ្ណៈ ដែល​​​សហព័ន្ធ​​​សហជីព​​​កម្មករ​​​កូន​​​ខ្មែរ​​​របស់​​​លោក​​​ត្រូវ​​​បាន​​​អ្នក​​​តវ៉ា​​​ហៅ​​​ឲ្យ​​​មក​​​ជួយ​​​ជំរុញ​​​ឲ្យ​​​រោងចក្រ​​​ធ្វើ​​​តាម​​​ការ​​​ទាម​​​ទារ​​​របស់​​​ពួកគេ និងដែល​​​បានចូល​​​រួម​​​ការ​​​ចរចា​​​កាលពី​​​ថ្ងៃសៅរ៍ដែរនោះ​​​ បាន​​​បញ្ជាក់ពីព័ត៌មាន​ដែល​លោក សុខជា បាន​ប្រាប់ ប៉ុន្តែ​​​បាន​​​និយាយ​​​ថា រោងចក្រ​​​មិន​​​ព្រម​​ដក​អ្នក​​​គ្រប់​​​គ្រង​​​នោះ​​​ចេញទេ។

លោកបាន​​​និយា​​យ​​​ថា “យើង​​​បាន​​​ទៅចរចា​​​ជាមួយ​​​រោងចក្រ​​​ ប៉ុន្តែ​​​យើង​​​មិន​​​បាន​​​ឈាន​​​ដល់​​​កិច្ច​​​ព្រមព្រៀង​​​ជាមួយ​​​រោងចក្រ​​​ទេ ពីព្រោះពួកគេ​​​មិន​​​បានធ្វើ​​​តាម​​​ការ​​​ទាមទារ​​​របស់​​​យើង​​​ឡើយ។ កម្មករ​​​មិន​​​សប្បាយ​​​ចិត្ត​​​ទេ ហើយនឹង​​​បន្ត​​​ការ​​​តវ៉ា​​​ទៀត​​​នៅ​​​ថ្ងៃច័ន្ទ”។

ពុធ ស៊ីណា ជាអ្នកតវ៉ា​​​ម្នាក់​​​ដែល​​​បាន​​​និយាយ​​​ថា ពួកគេ​​​ផលិត​​​ស្បែកជើង​​​ឲ្យ​​​ក្រុម​​​ហ៊ុន ពូម៉ា​​​ របស់​​​អាល្លឺម៉ង​​​់​​​នោះ ក៏បាន​​​ចោទ​​​រោងចក្រ​​​នេះ​ដែរ​​ថា មិន​​​​អនុញ្ញាត​ឲ្យពួកគេ​​​ឈប់​​​សម្រាក​​​ពេលឈឺ​​​និង​​​បង្ខំឲ្យពួកគេ​​​ធ្វើការ​​​ថែមម៉ោង​​​នៅពេលដែល​​​ពួកគេមិន​​​ចង់​​​ធ្វើ​​​។ ពុ​ធ ស៊ីណា បា​​​ន​​​និយាយ​​​ថា “យើង​​​មិន​​​ចង់​​​ឃើញរោងចក្រ​​​ប្រើ​​​អំពើ​​​ហិង្សា​​​ និង​​​រំលោភ​​​សិទ្ធិ​​​របស់​​​យើង​​​ទេ ដូច្នេះយើង​​​តវ៉ា​​​ទាម​​​ទារ​​​សិទ្ធិ​​​របស់​​​យើង​​​”។ រោងចក្រ​​​នេះបាន​​​បិទ​​​ទ្វា​​​រ​​​កាលពីម្សិលមិញ ហើយគេ​​​មិន​​​អាច​​​ទាក់ទង​​​រោងចក្រ​​​សុំការ​​​អត្ថាធិប្បាយ​​​បានឡើយ​​​៕ គឹមហឿន​​​​​​​​​​​​​​​​​

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស