កម្មករនៅរោងចក្រ Beautiful Spring Footwear នៅក្នុងខេត្តតាកែវមិនព្រមបញ្ចប់ការតវ៉ារបស់ខ្លួនដែលមានរយៈពេលពីរថ្ងៃហើយនោះទេកាលពីថ្ងៃសៅរ៍ បន្ទាប់ពីថ្នាក់គ្រប់គ្រងរោងចក្រយល់ព្រមធ្វើតាមការទាមទារភាគច្រើនរបស់ពួកគេ ប៉ុន្តែមិនព្រមដំឡើងលុយព្រីម។
កម្មករប្រហែល១.០០០នាក់នៅរោងចក្រនេះបានចាប់ផ្ដើមតវ៉ានៅខាងក្រៅរោងចក្រកាលពីថ្ងៃសុក្រ ពីរថ្ងៃបន្ទាប់ពីអ្នកគ្រប់គ្រងផ្នែកសង្វាក់ផលិតកម្មតាមចោទថា បានយកស្បែកជើងគប់ស្ត្រីមានផ្ទៃពោះម្នាក់។
បន្ថែមពីលើការចង់ឲ្យមានការបណ្ដេញអ្នកគ្រប់គ្រងរូបនេះចេញ កម្មករបានទាមទារ១៩ចំណុច រួមមានលុយព្រីមប្រចាំខែពី១០ដុល្លារដល់១៥ដុល្លារ លុយឧបត្ថម្ភថ្លៃបាយថ្ងៃត្រង់ប្រហែល១ដុល្លារ ដាក់កង្ហារនិងផ្តល់ទឹកបរិសុទ្ធបន្ថែមទៀត។
លោក សុខ សុខជា អធិការរងនគរបាលស្រុកត្រាំកក់ ដែលបានចូលរួមការចរចានៅរោងចក្រនេះកាលពីថ្ងៃសៅរ៍ បាននិយាយកាលពីម្សិលមិញថា រោងចក្រយល់ព្រមតាមការទាមទារទាំងអស់របស់អ្នកតវ៉ា រួមទាំងការបញ្ចប់ការងាររបស់អ្នកគ្រប់គ្រងរូបនេះ លើកលែងតែការដំឡើងលុយព្រីម ពីព្រោះរោងចក្រទើបតែបើកនៅពេលថ្មីៗនេះ មិនអាចលៃលកលុយព្រីមបានទេ។
លោក សុខជា បាននិយាយថា “នៅថ្ងៃច័ន្ទនឹងមានការចរចាបន្តទៀត ប៉ុន្តែវាហាក់ដូចជាមិនអាចទៅរួចទេ ពីព្រោះរោងចក្រមិនអាចធ្វើតាមការទាមទាររបស់កម្មករ។ យើងនឹងដាក់កម្លាំងរបស់យើងដើម្បីគ្រប់គ្រងស្ថានការណ៍មិនឲ្យកម្មករបិទផ្លូវ ឬបង្កអំពើហិង្សាណាមួយឡើយ”។
លោក ប៊ុន វណ្ណៈ ដែលសហព័ន្ធសហជីពកម្មករកូនខ្មែររបស់លោកត្រូវបានអ្នកតវ៉ាហៅឲ្យមកជួយជំរុញឲ្យរោងចក្រធ្វើតាមការទាមទាររបស់ពួកគេ និងដែលបានចូលរួមការចរចាកាលពីថ្ងៃសៅរ៍ដែរនោះ បានបញ្ជាក់ពីព័ត៌មានដែលលោក សុខជា បានប្រាប់ ប៉ុន្តែបាននិយាយថា រោងចក្រមិនព្រមដកអ្នកគ្រប់គ្រងនោះចេញទេ។
លោកបាននិយាយថា “យើងបានទៅចរចាជាមួយរោងចក្រ ប៉ុន្តែយើងមិនបានឈានដល់កិច្ចព្រមព្រៀងជាមួយរោងចក្រទេ ពីព្រោះពួកគេមិនបានធ្វើតាមការទាមទាររបស់យើងឡើយ។ កម្មករមិនសប្បាយចិត្តទេ ហើយនឹងបន្តការតវ៉ាទៀតនៅថ្ងៃច័ន្ទ”។
ពុធ ស៊ីណា ជាអ្នកតវ៉ាម្នាក់ដែលបាននិយាយថា ពួកគេផលិតស្បែកជើងឲ្យក្រុមហ៊ុន ពូម៉ា របស់អាល្លឺម៉ង់នោះ ក៏បានចោទរោងចក្រនេះដែរថា មិនអនុញ្ញាតឲ្យពួកគេឈប់សម្រាកពេលឈឺនិងបង្ខំឲ្យពួកគេធ្វើការថែមម៉ោងនៅពេលដែលពួកគេមិនចង់ធ្វើ។ ពុធ ស៊ីណា បាននិយាយថា “យើងមិនចង់ឃើញរោងចក្រប្រើអំពើហិង្សា និងរំលោភសិទ្ធិរបស់យើងទេ ដូច្នេះយើងតវ៉ាទាមទារសិទ្ធិរបស់យើង”។ រោងចក្រនេះបានបិទទ្វារកាលពីម្សិលមិញ ហើយគេមិនអាចទាក់ទងរោងចក្រសុំការអត្ថាធិប្បាយបានឡើយ៕ គឹមហឿន