27 C
Phnom Penh

ផ្សារ​មូល​បត្រ​កម្ពុជាដែល​មិនសូវ​មាន​​ដំណើ​រ​ការ​ ចុះ​បញ្ជី​ក្រុម​ហ៊ុន​ទី​២

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ផ្សារ​មូល​បត្រ​មិន​រឹង​មាំ​របស់​កម្ពុជា​ ដែល​នៅតែគ្មានការ​រីក​ចម្រើន​ចាប់​តាំង​ពី​បើក​ដំណើរ​ការ​ក្នុង​ឆ្នាំ​២០១២​មក​នោះ នៅទីបំផុត​បាន​ចុះ​បញ្ជី​ក្រុមហ៊ុនទី២កាលពីម្សិលមិញ ​នោះ​គឺរោងចក្រ​កាត់​ដេរ​ Grand Twins International របស់​តៃវ៉ាន់​។

លោក​ ហ៊ាន សាហ៊ីប និង​លោក អេដឌី ឡាវ (Eddie Liao) ​នាយក​​ប្រតិបត្តិ​ និង​ជា​ប្រធាន​ក្រុម​ហ៊ុន​ Grand Twins International  បាន​ចុច​កណ្ដឹ​ង​ដើម្បី​​បើក​ផ្សារ​មូល​បត្រ​​នៅ​វេលាម៉ោង៩ព្រឹក​កាលពីម្សិលមិញ។ ស៊ីវ ចាន់ណា/ខេមបូឌា​ ដេលី​
លោក​ ហ៊ាន សាហ៊ីប និង​លោក អេដឌី ឡាវ (Eddie Liao) ​នាយក​​ប្រតិបត្តិ​ និង​ជា​ប្រធាន​ក្រុម​ហ៊ុន​ Grand Twins International បាន​ចុច​កណ្ដឹ​ង​ដើម្បី​​បើកដំណើរការជួញដូរ​ទី​ផ្សារ​មូល​បត្រ​​នៅ​វេលាម៉ោង៩ព្រឹក​កាលពីម្សិលមិញ។ ស៊ីវ ចាន់ណា/ខេមបូឌា​ ដេលី​

បន្ទាប់ពី​ពន្យារ​កាល​បរិច្ឆេទ​ចំនួន​ពីរ​លើកដោយសារ​មាន ” បញ្ហា​បច្ចេកទេស​” រួច​មក រោង​ចក្រ​ Grand Twins International ​ដែល​មាន​មូល​ដ្ឋាន​​នៅ​ក្នុង​រាជធានី​ភ្នំពេញ ​និង​ដែល​ផលិត​សម្លៀក​បំពាក់​កីឡា​ឲ្យ​ក្រុម​ហ៊ុនអាឌីដាស(Adidas) និង​ក្រុម​ហ៊ុន​សាឡូម៉ុន (Salomon) របស់​សហរដ្ឋអាមេរិក​ បាន​ក្លាយ​ជាក្រុម​ហ៊ុនឯកជន​ទី១​ដែល​ប្រកាស​លក់​ភាគ​ហ៊ុន​របស​់​ខ្លួន​ជាសាធារណៈ​នៅ​លើ​ផ្សារ​មូលបត្រ​កម្ពុជា​ ចាប់​តាំង​ពីផ្សារ​នេះ​បាន​បើក​ដំណើរ​ការជួញដូរ​មក​។

លោក ហ៊ាន សាហ៊ីប ប្រធាន​ផ្សារ​មូល​បត្រ​កម្ពុជា និង​ជា​រដ្ឋលេខាធិការ​ក្រសួង​ហិរញ្ញ​វត្ថុ បានមាន​ប្រសាសន៍​ទៅកាន់​អ្នក​ចូលរួម​ដែល​ភាគ​ច្រើន​ជាមន្ត្រី និងជា​អ្នក​កាសែត​នៅ​ឯ​ពិធី​ចុះ​បញ្ជី​កាលពីម្សិលមិញ​នៅ​ផ្សារ​មូល​បត្រ​កម្ពុជា​ ដែល​មានទីតាំង​ស្ថិត​នៅ​ក្នុង​អគារកាណាឌីយ៉ា ថៅវើល (Canadia Tower) ថា “នេះ​ឆ្លុះ​បញ្ចាំងព​ីការ​រីក​ចម្រើន​ថ្មីរបស់​​ផ្សារ​មូល​បត្រ។ យើង​មើល​ឃើញ​សក្ដា​នុពល​របស់​ផ្សា​រមូល​បត្រ​កម្ពុជា ហើយ​វា​នឹង​ក្លាយ​ជា​កម្លាំង​ចលករ​សម្រាប​់​ជំរុញ​កំណើន​សេដ្ឋកិច្ច​របស់​កម្ពុជា​”។

នៅវេលាម៉ោង​៩​ព្រឹក លោក​ ហ៊ាន សាហ៊ីប និង​លោក អេដឌី ឡាវ (Eddie Liao) ​នាយក​​ប្រតិបត្តិ​ និង​ជា​ប្រធាន​ក្រុម​ហ៊ុន​ Grand Twins International ព្រម​ទាំ​ង​គណៈគ្រប់​គ្រង​មួយ​ចំនួន​របស់​ក្រុម​ហ៊ុន​នេះ​ ដែល​ស្ថិតក្នុង​​ឈុត​សម្លៀក​បំពាក់​​កីឡា​អាឌីដាស បាន​ចុច​កណ្ដឹ​ង​ដើម្បី​​បើក​កម្មវិធី។

លោក អេដឌី ឡាវ បាន​មាន​ប្រសាសន៍​បន្ទាប់ពី​ពិធី​បើក​ការ​ជួញដូ​រ​មូល​បត្រ​នេះ​ថា ” ខ្ញុំ​មាន​ការ​ជឿជាក់​១០០​ភាគរយ​ថា យើង​នឹង​ធ្វើ​បាន​ល្អ។ យើង​មាន​បុគ្គលិក​ល្អ មានជំនាញ​ល្អ និង​​មាន​អតិថិជន​ល្អ ហើយ​រដ្ឋាភិបាល​​គាំទ្រយើង​នៅ​កម្ពុជា”។

ទោះជាយ៉ាង​ណា ដំណើរ​ការ​ដំបូង​នៃ​​ការ​លក់​មូល​បត្រ​របស​់​ក្រុម​ហ៊ុន​ថ្មីនេះ ​មិន​សូវ​ជា​​មាន​ការ​​ទាក់​ទាញ​ប៉ុន្មាន​ទេ​។ តម្លៃ​​មូល​បត្រ​លក់​បើក​ឆាក​របស់​​ក្រុម​ហ៊ុន​ Grand Twins International គឺ​៩.៧០០​រៀល​ ឬ​ប្រហែល ២,៤០​ដុល្លារ​ ជា​មួយ​នឹង​​​ការ​ជួញដូរ​ភាគហ៊ុន​ដំបូង​ចំនួន​២.៧០០​ហ៊ុន ដែលមាន​តម្លៃ​សរុប​២៦,១៩​លាន​រៀល​ ឬប្រហែល​៦​.៤៦៩​​ដុល្លារ​។

នៅពេល​បិទ​ការ​ជួញដូរ​ តម្លៃ​ភាគហ៊ុន​បាន​ធ្លាក​់​ចុះ​ម​ក​នៅ​ត្រឹម​៩.២២០​រៀល​ ឬប្រហែល​២,២០​ដុល្លារ​។ ទំហំ​នៃការ​ជួញដូរ​បាន​កើន​ឡើង​ដល់​៣.១០១​ហ៊ុនសម្រាប់​តម្លៃ​សរុប​២៩,៨៨​លាន​រៀល ឬ​ប្រហែល​៧.៣៨៣​ដុល្លារ​។

លោក ហុង សុខហួ ប្រធាន​នាយក​ប្រតិបត្តិ​ផ្សារមូល​បត្រ​កម្ពុជា​ បាន​មាន​ប្រសាសន៍​ថា “មិន​សូវ​មាន​​អ្នក​ចាប់​អារម្មណ៍​ខ្លាំង​ទេចំពោះ [តម្លៃ​ជួញដូរ​ដំបូង​] នេះ​។ សូម្បីនៅ​ថ្ងៃ​េនះ​យើង​ទទួល​បាន​ការ​ជួញ​ដូរ​មួយ​ចំនួន​ក្ដី ក៏ប៉ុន្តែ​នៅ​តែ​មានកម្រិត​ទាប​​នៅ​ឡើយ​។ អ្នក​ខ្លះ​និយាយ​ថា វា​មិន​មែនជា​ពេល​ដែល​ [ត្រូវ​ចុះ​បញ្ជី​] នោះទេ ប៉ុន្តែ​ [Grand Twins] មិន​អាច​រង់​ចាំទៀត​បានឡើយ​”។

អ្នក​វិភាគ​ខាង​ឧស្សាហកម្ម​បាន​និយាយ​កាលពី​ម្សិលមិញ​ថា ខណៈ​ដែល​ការ​ចុះ​បញ្ជី​គឺ​ជា​ជំហានដែល​ត្រូវ​​បោះ​ឆ្ពោះទៅមុខ​នោះ​ ផ្សារ​មូល​បត្រ​នៅតែ​ជួប​ការ​លំបាក​នៅ​ឡើយ​ចាប់​តាំងផ្សារ​មូល​បត្រ​កម្ពុជា​ បាន​ចុះបញ្ជី​រដ្ឋាករ​ស្វយ័ត​​ក្រុង​ភ្នំពេញ​ជាលើក​ដំបូង​កាលពីពីរ​ឆ្នាំ​មុន​មក​។

លោក ថូម៉ាស ហាក់ហ្គើ (Thomas Hugger) ជា​ប្រធាន​នាយក​​ប្រតិបត្តិ និង​ជា​អ្នក​គ្រប់​គ្រង​នៅ​ក្រុមហ៊ុន​ Asia Frontier Capital ជា​ក្រុម​ហ៊ុនគ្រប់​គ្រង​​មូល​និធិ​ដែល​មាន​មូល​ដ្ឋាន​នៅ​ក្រុង​ហុង​កុង បានមាន​ប្រសាសន៍​ថា “ផ្សារមូ​ល​បត្រ​នេះ​គឺ​តឹ​ងរ៉ឹង​ពេកពាក់​ព័ន្ធ​នឹង​លក្ខខណ្ឌ​ចុះ​បញ្ជី។ ដំណើរ​ការ​ទាំង​មូល​ក្នុង​ការ​ចុះបញ្ជី​​គឺ​​មាន​លក្ខណៈ​ការិយាធិបតេយ្យ​ណាស់​។ ​វា​នៅ​ត្រង់​​ថា ផ្សារ​មូល​ធន​នៅ​ក្នុង​​ប្រទេស​កម្ពុជា ​ប្រហែល​ជា​ក្មេង​ខ្ចីពេក ឬមិនទាន់​មាន​ការ​​រីក​ចម្រើន និង​​ខ្វះ​ការ​គាំទ្រ​ ឬការ​ចាប់​អារម្មណ៍​ពី​ក្រុម​ហ៊ុន​នានា”។

លោក​បាន​គូស​បញ្ជាក់​ថា ប្រទេស​ឡាវ​ ដែល​មានប្រជា​ជន​សរុប​ស្មើនឹង​១ភាគ៣​នៃប្រជា​ជន​សរុប​ក្នុងប្រទេស​កម្ពុជា ​មា​ន​ក្រុម​ហ៊ុន​ចំនួន​បី​ចុះ​បញ្ជី​ក្នុង​ផ្សារ​មូល​បត្រ​របស់​ខ្លួន​ចាប់​តាំង​ពី​បើក​​ដំណើរ​ការ​ក្នុង​ឆ្នាំ​២០១១​មក។ លោក​បាន​បន្ត​ថា ” ដូច្នេះ​កម្ពុជា​ គួរ​តែ​​មាន​ប្រាំមួយ ឬ​ប្រាំពីរ​​។វា​ពិត​ជាគួរ​ឲ្យ​ខក​ចិត្ត​ណាស់ ​ដែល​មាន​តែក្រុមហ៊ុនពីរ​ចុះ​បញ្ជី”។

លោក រ៉ូហាន​ ចច (Rohan George) ប្រធាន​ទីផ្សារ​ពិភព​លោក​នៅ​ធនាគារ​ ANZ Royal ប្រចាំ​​កម្ពុជា​ បាន​មាន​ប្រសាសន៍​ថា បច្ចុប្បន្ន​ក្រុម​ហ៊ុន​ដែ​ល​បាន​ចុះ​បញ្ជី​ ផ្ដល់​តម្លៃ​តិច​តួច​ប៉ុណ្ណោះ ជាហេតុ​ធ្វើ​ឲ្យការ​ជឿ​ទុក​ចិត្ត​របស់​​វិនិយោគិន​​ធ្លាក់​ចុះ។

លោក​បាន​ប្រសាសន៍​ទៀត​ថា ” តម្លៃ​អាស្រ័យ​លើ​ចំណូល​ ហើយ​ចំណូល​​រង​ឥទ្ធិ​ពល​ពីវដ្ដ​សេដ្ឋកិច្ច​ ការ​ព្យាករ ​និង​ការ​រីក​ចម្រើន​ផ្នែក​ពាណិជ្ជកម្ម។ ភាគ​ហ៊ុនទាំងពីរ​មិន​ស្ថិត​នៅ​ក្នុង​វិស័​យគួរ​ឲ្យ​ទាក់​ទាញ​​ទេ​នៅ​ក្នុ​ង​ទីផ្សារ​ដែល​ផ្តល់​តម្លៃ​​នាពេល​បច្ចុប្បន្ន​​”។

ជាឧទាហរណ៍ នៅពេល​រដ្ឋាករ​ស្វយ័ត​ក្រុងភ្នំពេញ​ចុះ​បញ្ជី​ តម្លៃ​ហ៊ុន​របស់​វា​បាន​កើន​​​ឡើងយ៉ាង​គំហុក​​ជិត​៥០​ភាគរយ​នៅ​ថ្ងៃ​ជួញដូរ​ដំបូង​ ហើយ​បាន​បន្ត​កើន​ឡើង​ខ្ពស់​មិន​ធ្លាប់​មាន​បីថ្ងៃ​ក្រោយមក​ទៀត ដល់​១០.០០០​រៀល ឬប្រហែល​២,៥៧​ដុល្លារ​ ដែល​លោក​ រ៉ូហាន ចច កោ​ត​សរសើរ​ថាជា​” ​ថ្ងៃ​ដំបូង​គួរ​ឲ្យ​រំភើប​​”។ បន្ទាប់​មក​ វា​បាន​ធ្លាក់​ចុះ​យ៉ាង​គំហុក​មក​ដល់​តម្លៃដើម​៦.៣០០​រៀល​ ឬប្រហែល​១,៥៧​ដុល្លារវិញ ហើយ​បាន​បន្ត​ធ្លាក់​ចុះទៀត។​ កាលពីម្សិលមិញ​តម្លៃហ៊ុនគឺ​៤.៨០០​រៀល​ ឬ​​ប្រហែល​១,១៨​ដុល្លារ​ក្នុង​មួយ​ហ៊ុន។

និយាយ​ពី​ក្រុម​ហ៊ុន Grand Twins Internationalវិញ លោក រ៉ូហាន ចច បានមាន​ប្រសាសន៍​ថា ស្ថានភាព​ចលាចល​នាពេល​​បច្ចុប្បន្ន​​ក្នុង​វិស័យ​កាត់​ដេរ​របស់​កម្ពុជា​ រួម​ទាំង​កូដ​កម្ម​ និង​បាតុកម្ម​ដែល​​កង​កម្លាំង​រដ្ឋាភិបាល​បាន​បង្ក្រាប​​យ៉ាងបង្ហូរ​ឈាម​ផង​ដែរនោះ ធ្វើ​ឲ្យ​ក្រុម​ហ៊ុន​ជួប​ការ​លំបាក​ក្នុង​កា​រលក់​ហ៊ុន​​ឲ្យ​ទៅ​វិនិយោគិន​។ លោក​បាន​បន្ត​ថា ” វិស័យ​កាត់​ដេរ​ហាក់​ដូច​ជា​មាន​បញ្ហា​ខ្លះ​”។

កាលពីម្សិលមិញ មន្ត្រីមូល​បត្រ​បាន​ទទួល​ស្គាល់​ថា ចាំបាច់​ត្រូវ​មា​ន​វិធានការ​បន្ថែម​ទៀត​ មុនពេល​ផ្សារ​មូល​បត្រ​កម្ពុជា​ មា​ន​ឥទ្ធិពល​លើ​សេដ្ឋកិច្ច​កម្ពុជា​ទាំង​មូល។

លោក អុីនស៊ូ លី (Ihnsoo Lee) មន្ត្រី​ប្រតិបត្តិការ​ជាន់​ខ្ពស់​នៅ​ផ្សារ​មូល​បត្រកូរ៉េ ដែល​គ្រប់​គ្រង​ភាគហ៊ុន​៤៥​ភាគរយ​នៅ​ក្នុង​ផ្សារមូល​បត្រ​កម្ពុជា បាន​មាន​ប្រសាសន៍​ថា “ខ្ញុំគិត​ថា អនាគត​របស់​ផ្សារ​មូល​បត្រ​កម្ពុជា គឺ​ភ្លឺ​ស្វាង ប៉ុន្តែ​យើង​ត្រូវ​រង់​ចាំ​សិន។ ប្រសិន​បើ​យើង​មាន​ក្រុម​ហ៊ុ​ន​ប្រហែល​១០​ចុះ​បញ្ជី វានឹង​ដំណើរ​ការ​ដោយ​ស្វ័យ​ប្រវត្តិ ប៉ុន្តែ​មុន​ពេល​នោះ​មក​ដល់​ យើង​​ត្រូវ​អត់ធ្មត់​សិន​”៕ សុខុម​​​​

 

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស