ប៉ោយប៉ែត, ខេត្តបន្ទាយមានជ័យ- ពេលកម្មករចំណាកស្រុករាប់ពាន់នាក់ដើរចុះដើរឡើងនៅជុំវិញគាត់ លោក ភឿន ផាន បានអង្គុយរង់ចាំដោយស្ងាត់ស្ងៀមនៅច្រកទ្វារព្រំដែននេះកាលពីម្សិលមិញ ឲ្យអាជ្ញាធរប្រាប់គាត់ថា សាកសពប្អូនស្រីរបស់គាត់ត្រូវបានបញ្ជូនមកពីប្រទេសថៃ។

យោងតាមអាជ្ញាធរ និងអង្គការអាដហុកបានឲ្យដឹងថា អ្នកស្រី ភឹម ភឿប អាយុ៤៤ឆ្នាំ និងបងប្អូនជីដូនមួយរបស់គាត់ឈ្មោះ កាន ជាន អាយុ៣៨ឆ្នាំ បានស្លាប់កាលពីថ្ងៃអាទិត្យ បន្ទាប់ពីរថយន្តទួរីស ដែលពួកគាត់បានជួលជិះគេចខ្លួនពីការបង្ក្រាបគួរឲ្យភ័យខ្លាចពីសំណាក់របបយោធាថៃមកលើកម្មករខុសច្បាប់នោះ បានផ្ទុះកង់ក្រឡាប់។
ប្ដីរបស់អ្នកស្រី ភឹម ភឿប ក៏បានរងរបួសនៅក្នុងឧបទ្ទវហេតុនេះដែរ។ រហូតមកទល់ពេលនេះពលរដ្ឋខ្មែរយ៉ាងតិចប្រាំបីនាក់បានស្លាប់ និងរងរបួស១៩នាក់នៅក្នុងគ្រោះថ្នាក់ចរាចរណ៍បីករណីដោយឡែកពីគ្នាពាក់ព័ន្ធរថយន្តដឹកកម្មករចាកចេញពីប្រទេសថៃ។
លោក ផាន រៀបរាប់ប្រាប់ក្មួយស្រី និងក្មួយប្រុសរបស់គាត់ថា ម្ដាយរបស់ពួកគេបានស្លាប់ ហើយឪពុករបស់ពួកគេបានរងរបួស។លោក ផាន ដែលបានមើលថែទាំកូនរបស់ប្ដីប្រពន្ធទាំងពីរនេះ នៅពេលឪពុកម្ដាយរបស់ពួកគេធ្វើការនៅក្នុងប្រទេសថៃបាននិយាយថា ” កូនៗរបស់ពួកគេយំនៅពេលខ្ញុំប្រាប់ពួកគេ ប៉ុន្តែខ្ញុំមិនហា៊នឲ្យពួកគេមកទេ ពីព្រោះមានមនុស្សច្រើនណាស់នៅទីនេះ ហើយខ្ញុំគិតថា នៅពេលពួកគេឃើញសាកសពម្ដាយពួកគេនឹងកាន់តែពិបាកចិត្ត”។
អ្នកស្រី ភឹម ភឿប និងប្ដីរបស់គាត់បានចាកចេញពីកន្លែងធ្វើការងារសំណង់នៅក្នុងប្រទេសថៃ នៅពេលដែលក្រុមគ្រួសារមានការព្រួយបារម្ភកាន់តែខ្លាំងអំពីការប្រព្រឹត្តលើកម្មករចំណាកស្រុកពីសំណាក់របបយោធាថៃ។ ដោយមានការទូរស័់ព្ទហៅពីសាច់ញាតិដែលមានការព្រួយបារម្ភឲ្យពួកគេត្រឡប់មកផ្ទះវិញ និងមានការប្រមូលចាប់ពីអាជ្ញាធរ ឬដោយមានការភ័យខ្លាចអំពីអំពើហិង្សានោះ កម្មករចំណាកស្រុកខ្មែរជិត១៤០.០០០នាក់បានភៀសខ្លួននៅសប្ដាហ៍នេះ ដោយបង្កការលំបាកភ្លាមៗដល់អាជ្ញាធរ និងបុគ្គលិកជំនួយនៅតាមព្រំដែនបានទៅផ្ដល់ជំនួយដល់ពួកគេ។
ដោយចំនួនអ្នកធ្វើមាតុភូមិនិវត្តកាលពីម្សិលមិញបានធ្លាក់មកនៅត្រឹមក្រោម១០.០០០នាក់ បន្ទាប់ពីបានកើនឡើងច្រើនរហូតដល់មួយថ្ងៃមាន៤៥.០០០នាក់កាលពីថ្ងៃសៅរ៍នោះ ប្រតិបត្តិការដ៏ធំដែលបានបញ្ជូនមនុស្សទាំងនេះមកស្រុកកំណើតវិញទទួលបានជោគជ័យ។
លោក ប្រេដ ឌីកសុន ប្រធានក្រុមការងាររបស់អង្គការអន្តរជាតិទេសន្តរប្រវេសន៍ប្រចាំនៅប៉ោយប៉ែត បាននិយាយថា ” ប្រតិបត្តិការនេះធ្វើបានល្អណាស់ និងចំណាយពេលខ្លី ប៉ុន្តែវាជាបទពិសោធថ្មីមួយ យើងមិនដែលជួបប្រទះការបញ្ជូនកម្មករចំណាកស្រុកដ៏ច្រើនបែបនេះទេពីមុន។ ក្នុងរយៈពេលមួយឆ្នាំយើងអាចទទួលកម្មករ៩០.០០០នាក់ ប៉ុន្តែវាឈានដល់ចំនួននេះតែក្នុងរយៈពេលមួយសប្ដាហ៍”។
ទាហាន នគរបាល ក្រុមកាយឫទ្ធិ និងយុវជនរាប់រយនាក់ រួមជាមួយនឹងទីភ្នាក់ងារផ្ដល់ជំនួយ និងបុគ្គលិកអង្គការក្រៅរដ្ឋាភិបាលមាននៅពេញផ្លូវក្នុងក្រុងប៉ោយប៉ែត។ ទាហាននិងក្រុមកាយឫទ្ធិបានទៅជួបគ្រប់រថយន្តក្រុង រថយន្តទាហាន និងរថយន្តទួរីស ហើយបានជួយយកអីវ៉ាន់ និងនាំកម្មករចំណាកស្រុកទៅកាន់ដំបូលតង់មួយដែលនៅទីនោះ សិស្សនិស្សិត និងព្រះសង្ឃចែកអាហារ និងកញ្ចប់អីវ៉ាន់ប្រើប្រាស់ ក្រុមមួយទៀតលើកស្លាកសញ្ញាដែលមានសរសេរឈ្មោះខេត្ត រីឯភ្នាក់ងារក្រុមហ៊ុនមិត្តហ្វូនបានចែកស៊ីមកាតទៅឲ្យអ្នកដែលទើបមកដល់ថ្មី។
មុំ អារុណ ជានិស្សិតអាយុ២០ឆ្នាំ ដែលបានមកដល់ក្រុងប៉ោយប៉ែតកាលពីសប្ដាហ៍មុន ក្នុងនាមជាអ្នកស្ម័គ្រចិត្តជាមួយសហភាពសហព័ន្ធយុវជនកម្ពុជា ដែលដឹកនាំដោយលោក ហ៊ុន ម៉ានី កូនប្រុសពៅរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និយាយថា យើងដឹងថា ពួកគេមកពីទីណា និងរៀបចំដាក់ពួកគេបញ្ជូនទៅតាមខេត្ត”។ អារុណ បាននិយាយថា សមាជិកសហភាពសហព័ន្ធយុវជនកម្ពុជាជាង២០០នាក់ត្រូវបានដាក់នៅប៉ោយប៉ែត ហើយរំពឹងថា នឹងមកបន្ថែមទៀត។
គាត់បាននិយាយថា ” យើងធ្វើការពេញមួយថ្ងៃ ប៉ុន្តែឈប់សម្រាកប្រសិនបើយើងអស់កម្លាំង”។ នៅពេលកាន់ស្លាកសញ្ញាមួយដែលសរសេរថា កំពង់ស្ពឺ លោក អារុណ និយាយថា គាត់គិតថា ក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខនេះអាចមានកម្មករចំណាកស្រុកជាង៥០០.០០០នាក់ទៀត។
រថយន្តទាហានតម្រង់ជួរនៅតាមផ្លូវធំៗនៅក្នុងក្រុងប៉ោយប៉ែត ដោយរថយន្តនីមួយៗមានដាក់ស្លាកឈ្មោះខេត្តខុសៗគ្នា។ កម្មករចំណាកស្រុកមួយចំនួនចង់បញ្ចប់ការធ្វើដំណើរដ៏យូរនេះ ហើយបានសម្រាកនៅក្នុងរថយន្តដែលមិនទាន់មានមនុស្សជិះ។
ចក់ រឿន ជាកម្មករសំណង់ដែលរង់ចាំនៅជិតរថយន្តទៅខេត្តបាត់ដំបង ដែលនៅទំនេរជាមួយកូនស្រីអាយុ៥ឆ្នាំរបស់គាត់បាននិយាយថា ” ខ្ញុំកំពុងធ្វើការ ហើយខ្ញុំមិនបានឮអំពីការប្រមូលចាប់នេះទេ ប៉ុន្តែសាច់ញាតិរបស់យើងបានទូរស័ព្ទប្រាប់ឲ្យត្រឡប់មកផ្ទះវិញ ពីព្រោះប្រទេសថៃកំពុងមានចលាចល”។
កូនស្រីពីរនាក់របស់អ្នកស្រី រឿន មានអាយុ២១ឆ្នាំ និង១៧ឆ្នាំ និងប្ដីរបស់គាត់នឹងត្រឡប់មកពីប្រទេសថៃនៅសប្ដាហ៍ក្រោយ។
នៅពេលសួរថា អ្នកស្រីនឹងធ្វើអ្វីនៅពេលក្រោយ អ្នកស្រីបាននិយាយថា ” ខ្ញុំមិនដឹងថា ត្រូវធ្វើអ្វីនៅឡើយទេ។ ខ្ញុំអត់មានស្រែ ខ្ញុំគ្មានចម្ការ ដូច្នេះខ្ញុំត្រូវទៅធ្វើការនៅប្រទេសថៃ”។
មនុស្សជាច្រើននៅព្រំដែនបាននិយាយថា ពួកគេមានបំណងត្រឡប់ទៅប្រទេសថៃវិញ នៅពេលដែលមានភាពស្ងប់ស្ងាត់។
លោក សៀន អូ៊ ដែលបានធ្វើដំណើរជាមួយប្រពន្ធរបស់គាត់ និងកូនស្រីអាយុ៧ខែ បាននិយាយថា ” យើងចង់មកទីនេះ ទុកឲ្យប្រទេសថៃរៀបរយ និងមានភាពស្ងប់ស្ងាត់សិន ហើយយើងនឹងត្រឡប់ទៅវិញ។ ប៉ុន្តែប្រសិនបើខ្ញុំត្រឡប់ទៅធ្វើការនៅថៃម្ដងទៀត ខ្ញុំត្រូវធ្វើលិខិតស្នាម”។
នៅពេលលោក អ៊ូ និយាយ អ្នកស្រី ឈី ណាល់ បានឲ្យទារករបស់គាត់ផឹកទឹកក្រូចដែលទើបទទួលបានពីបុគ្គលិកផ្ដល់ជំនួយ។ ប្ដីប្រពន្ធនេះហាក់ដូចជាស្ងាត់ស្ងៀម ថ្វីបើទើបតែចុះចេញពីរថយន្តនគរបាលអន្តោប្រវេសន៍ថៃដូចទ្រុងញាត់មនុស្សចូលប្រហែល៥០នាក់។ អ្នកស្រី ណាល់ បាននិយាយថា “យើងប្ដូរវេនគ្នាពកូន”។
ប្ដីប្រពន្ធនេះបានចាកចេញពីការងារដោយស្ម័គ្រចិត្ត ដោយធ្វើដំណើរតាមរថភ្លើងរយៈពេលពីរម៉ោងមុនពេលពួកគេជួបទាហានពេលចុះចេញពីរថយន្តហើយបានចាប់ពួកគេជាមួយអ្នកផ្សេងទៀត។ នៅពេលពួកគេមកដល់ប៉ោយប៉ែត ពួកគេបានចំណាយពេលជិត៩ម៉ោងនៅក្នុងរថយន្តទួរីស។ អ្នកស្រី ណាល់ បាននិយាយថា ” ពីដំបូងពួកគេមិនបានចាប់ខ្លួនយើងទេ ប៉ុន្តែយើងខ្លាច អ៊ីចឹងហើយទើបពួកយើងត្រឡប់មកវិញ”។
ការធ្វើដំណើររយៈពេលយូរនេះបានធ្វើឲ្យប៉ះពាល់ដល់មនុស្សជាច្រើន។ នៅឯគ្លីនិកបណ្ដោះអាសន្នមួយដែលក្រសួងសុខាភិបាលបានបង្កើតឡើង គិលានុបដ្ឋាក និងវេជ្ជបណ្ឌិតបានព្យាបាលកម្មករចំណាកស្រុកដែលមានអារម្មណ៍វិលមុខ និងអស់កម្លាំងចូលមកជាបន្តបន្ទាប់។
លោកវេជ្ជបណ្ឌិត លាង ឡេនីន បាននិយាយថា “ចាប់តាំងពីយើងបានបង្កើតកន្លែងព្យាបាលកាលពីថ្ងៃទី១០ ខែមិថុនា មនុស្សប្រហែល២.០០០នាក់បានចូលមកពិនិត្យនិងព្យាបាលជំងឺ។ នៅពេលដែលពួកគេមិនមានអ្វីហូប ដោយសារពួកគេត្រូវរង់ចាំរយៈពេលយូរនោះ ពួកគេមានអារម្មណ៍វិលមុខ”។ លោកបានបន្តថា មនុស្សជាច្រើនអត់មានអាហារហូបមួយថ្ងៃឬពីរថ្ងៃមកហើយ។ “អ្នកខ្លះមកទាំងសន្លប់ ពីព្រោះពួកគេមិនបានហូបអ្វីបីថ្ងៃមកហើយ”។ ដោយចំនួនអ្នកវិលត្រឡប់បានធ្លាក់ចុះ អ្នករង់ចាំនៅទឹកដីខ្មែរបានថយចុះ ហើយអ្នកជំងឺក៏បានថយចុះដែរ។
គាត់បាននិយាយថា “ឥឡូវនេះរថយន្តកំពុងចតរង់ចាំ ដូច្នេះពួកគេអាចបន្តដំណើរបានលឿន។ ប្រសិនបើមិនដូច្នេះទេ យើងមានមនុស្សកាន់តែច្រើននៅទីនេះ។ យើងបានព្យាបាលមនុស្ស២.០០០នាក់ក្នុងរយៈេពលប៉ុន្មានថ្ងៃនេះ ពីព្រោះពួកគេប្រញាប់ទៅផ្ទះ”៕ គឹមហឿន