អ្នកភូមិដែលខឹងសម្បាប្រហែល២០០នាក់នៅក្នុងស្រុកមួយដែលសម្បូរដោយឈើក្នុងខេត្តស្ទឹងត្រែង បានសម្រុកចូលការិយាល័យរដ្ឋបាលព្រៃឈើមូលដ្ឋានមួយកាលពីម្សិលមិញនិងបានយកគោយន្តដែលក្រុមមន្ត្រីការិយាល័យនោះយកទៅរក្សាទុកមកវិញ។
លោក ស៊ី សួន អភិបាលស្រុក សៀម ប៉ាង បានមានប្រសាសន៍ថា អ្នកភូមិមិនប្រដាប់អាវុធមកពីភូមិ តា ខេង និងភូមិ ពង គ្រាល ឃុំព្រែក មាស បានទៅដល់ការិយាល័យនេះ នៅមុនថ្ងៃត្រង់បន្តិច និងបានវាយកម្ទេចសោនៅខ្លោងទ្វារធំ មុនពេលចូលទៅយកគោយន្ត ដែលត្រូវបានប្រើដើម្បីដឹកឈើកាប់ខុសច្បាប់មកវិញ។ មន្ត្រីនគរបាលនិងកងរាជអាវុធហត្ថជាតិនៅកន្លែងនោះមិនបានតបតអ្វីទេ។
លោក ស៊ី សួន បានមានប្រសាសន៍ថា “ខ្ញុំបានជួបពួកគេនៅទីនោះ និងបានព្យាយាមសុំឲ្យពួកគេគោរពច្បាប់។ ពួកគេមិនស្តាប់ខ្ញុំទេ មិនខ្វល់អ្វីដែលខ្ញុំនិយាយឡើយ។ ពួកគេឆ្លើយតបមកខ្ញុំថា ពួកគេនឹងទទួលខុសត្រូវចំពោះមុខច្បាប់ដោយខ្លួនឯង”។
ភាពតានតឹងនេះកើតឡើងរយៈពេលច្រើនខែមកហើយនៅក្នុងស្រុក សៀម ប៉ាង ដែលភាគច្រើនពាក់ព័ន្ធក្នុងសម្បទានដីសេដ្ឋកិច្ច ដែលអ្នកស្រុកត្រូវទទួលខុសត្រូវចំពោះការកាប់ឈើតិចតួច ចំណែកពួកមហាសេដ្ឋីរកស៊ីឈើគេចវេះមិនទទួលខុសត្រូវឡើយ។
ក្រុមមន្ត្រីព្រៃឈើនិងកងរាជអាវុធហត្ថបានរឹបអូសគោយន្ត ដែលអ្នកភូមិប្រើដើម្បីកាប់ឈើប្រណីត និងរក្សាទុកគោយន្តទាំងនោះ ដើម្បីទារយកប្រាក់លោះ ដោយទាមទារប្រាក់ចំនួនច្រើនលើសលប់ និងតាមតែទំនើងចិត្ត។ មន្ត្រីម្នាក់នៅសាលាដំបូងខេត្តបានឲ្យដឹងកាលពីខែមុនថា ទង្វើនេះគឺជាការខុសច្បាប់។
កាលពីសប្តាហ៍មុន លោក លី កន ប្រធានរដ្ឋបាលព្រៃឈើស្រុកសៀមប៉ាង ត្រូវបានដកចេញពីតួនាទីរបស់លោក។ មិនមានការផ្តល់ហេតុផលចំពោះការដកតួនាទីរបស់លោកឡើយ។
លោក ទិត្យ សំណាង ដែលជំនួសលោក លី កន បានបដិសេធមិនធ្វើអត្ថាធិប្បាយអំពីការសម្រុកចូលរបស់អ្នកភូមិឡើយ។ ទោះជាយ៉ាងណា អនុប្រធានរបស់លោក គឺលោក ស្រស់ សារិន បានបញ្ជាក់ថា រឿងនេះបានកើតឡើងមែន។ លោក សារិន ក៏មានភារកិច្ចដោះស្រាយផងដែរកាលពីសប្តាហ៍មុន នៅពេលកសិករចំនួនប្រហែលគ្នានេះមកពីឃុំសេកុង បានសម្រុកចូលការិយាល័យរដ្ឋបាលព្រៃឈើដដែលនេះ និងបាននាំយកទូកមួយគ្រឿង និងគោយន្តពីរគ្រឿងដែលត្រូវបានរក្សាទុកទៅវិញ។
អ្នកស្រុកទាំងនោះក៏បានឲ្យដឹងផងដែរថា ឧបករណ៍របស់ខ្លួនត្រូវបានរក្សាទុកដើម្បីទារប្រាក់លោះ។ យោងតាមលោក ស៊ី សួន បានឲ្យដឹងថា កាលពីថ្ងៃច័ន្ទមុន អ្នកស្រុកបានឡោមព័ទ្ធការិយាល័យអង្គការអភិរក្សមួយឈ្មោះ BirdlifeInternational នៅក្បែរការិយាល័យព្រៃឈើស្រុក សៀម ប៉ាង និងបានទាមទារគ្រឿងចក្រដែលគេរឹបអូសមកវិញ។ រណារអារឈើចំនួនបីត្រូវបានប្រគល់ឲ្យអ្នកភូមិវិញ ដើម្បីបញ្ចប់ជម្លោះ។
លោក ឈាង តុលា ប្រធានខណ្ឌរដ្ឋបាលព្រៃឈើ ខេត្តស្ទឹងត្រែង បានមានប្រសាសន៍កាលពីម្សិលមិញថា ការិយាល័យរបស់លោកកំពុងដោះស្រាយករណីនេះ និងសម្រេច ថាតើត្រូវចោទប្រកាន់កសិករទាំងនោះ ឬយ៉ាងណា។
ឈ្មោះ ធឿង ប៉ាង អាយុ២៣ឆ្នាំ ដែលជាអ្នកភូមិម្នាក់ក្នុងចំណោមអ្នកភូមិដែលបានសម្រុកចូលការិយាល័យព្រៃឈើកាលពីម្សិលមិញបានឲ្យដឹងថា គាត់ចាំបាច់ត្រូវតែធ្វើដូច្នេះ។
ធឿង ប៉ាង បានឲ្យដឹងថា គាត់ប្រឹងរកបានត្រឹមតែអង្ករច្រកឆ្នាំង ព្រោះគ្មានគ្រឿងចក្រកសិកម្មរបស់គាត់ ហើយមិនអាចបង់ប្រាក់ចំនួន១.៥៨០ដុល្លារ ដែលរដ្ឋបាលព្រៃឈើទាមទារជាថ្នូរនឹងគោយន្តរបស់គាត់ឡើយ។ លោកបានមានប្រសាសន៍ថា ” យើងបារម្ភថា យើងនឹងត្រូវចាប់ខ្លួន [ដោយសារតែសម្រុកចូលការិយាល័យនេះ] ប៉ុន្តែយើងគ្មានជម្រើសទេ”៕ប៊ុននី