ពេញមួយថ្ងៃដំបូងនៃបេសកកម្មលើកទី១១របស់លោកមកកាន់ប្រទេសកម្ពុជា លោក សុរិយា ស៊ូបេឌី ប្រេសិតសិទ្ធិមនុស្សអង្គការសហប្រជាជាតិ បានជួបលោក អុិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ ដើម្បីពិភាក្សាអំពីបញ្ហាបន្ទាន់មួយចំនួនដែលកម្លាំងពលកម្មនៅប្រទេសកម្ពុជាកំពុងជួបប្រទះ។
យោងតាមលោក ហេង សួគ៌ អ្នកនាំពាក្យក្រសួងការងារបានឲ្យដឹងថា លោក ស៊ូបេឌី លើកយកបួនចំណុចមកពិភាក្សាអំឡុងជំនួបនោះ។ លោកបានមានប្រសាសន៍ថា “លោកទាំងពីរបានពិភាក្សាអំពីពលករខ្មែរ ដែលត្រូវបានបញ្ជូនពីប្រទេសថៃមកវិញ។ លោក ស៊ូបេឌី ក៏ចង់ដឹងផងដែរអំពីការវិវឌ្ឍនៃសេចក្ដីព្រាងច្បាប់សហជីព ពីព្រោះវាហាក់ដូចជាប៉ះពាល់ដល់សេរីភាពរបស់សហជីព។
លោក ហេង សួគ៌ បានមានប្រសាសន៍ថា “លោកចង់ដឹងអំពីប្រាក់ខែគោល និងចង់ពិភាក្សាអំពីរបាយការណ៍ដែលលោកទទួលបានពីអ្នកដែលបានចូលរួមធ្វើកូដកម្ម និងមេដឹកនាំសហជីពមួយចំនួនដែលត្រូវបានចាប់ខ្លួនកាលពីខែមករា ដែលមិនអាចត្រឡប់មកធ្វើការវិញនោះ”។
ជាការឆ្លើយតប លោក អិុត សំហេង ដែលបានធ្វើដំណើរទៅក្រុងប៉ោយប៉ែតកាលពីចុងសប្ដាហ៍ ដើម្បីវាយតម្លៃអំពីស្ថានភាពពលករចំណាកស្រុក បានជម្រាបលោក ស៊ូបេឌី ថា អាជ្ញាធរកំពុងប្រឈមមុខនឹងបញ្ហាពីរយ៉ាងក្នុងការបញ្ជូនពលករចំណាកស្រុកមកវិញ គឺតាមរយៈបណ្តាញការទូតជាមួយប្រទេសថៃ និងតាមរយៈការផ្ដល់ការយកចិត្តទុកដាក់បន្ទាន់នៅនឹងកន្លែង។
ទាក់ទងទៅនឹងសេចក្ដីព្រាងច្បាប់សហជីព ដែលស្ថាប័នការងាររបស់អង្គការសហប្រជាជាតិ បានលើកឡើង នឹងជាជំហានថយក្រោយចំពោះសិទ្ធិកម្មករនៅក្នុងប្រទេស ប្រសិនបើសេចក្តីព្រាងច្បាប់នេះនៅតែដដែល។ តាមព័ត៌មានថា លោក អុិត សំហេង បានលើកឡើងថា វាឆាប់ពេកហើយ មិនអាចនិយាយអំពីបញ្ហានេះបានទេ។
លោក អុិត សំហេង បានបញ្ជាក់អំឡុងជំនួបនោះថា ដំណើរការថ្មីចំពោះការកំណត់ប្រាក់ខែគោលក្នុងវិស័យកាត់ដេរ ត្រូវបានពិភាក្សាអំឡុងជំនួបនៅក្រសួងការងារកាលពីម្សិលមិញ។
យោងតាមលោក ហេង សួគ៌ បានឲ្យដឹងថា លោករដ្ឋមន្ត្រីក៏បានជម្រាបលោក ស៊ូបេឌី ផងដែរថា ក្រសួងនឹងធ្វើឲ្យប្រាកដថា រោងចក្រទាំងអស់បានអនុវត្តតាមច្បាប់ការងារក្នុងការជ្រើសរើសកម្មករ និងការបញ្ឈប់កម្មករ។
កាលពីម្សិលមិញ លោក ស៊ូបេឌី ក៏បានធានាអះអាងនឹងអ្នកភូមិដែលគ្មានផ្ទះសំបែងមកពីសហគមន៍បុរីកីឡា ដែលបានប្រមូលផ្ដុំគ្នានៅខាងក្រៅការិយាល័យឧត្តមស្នងការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សដែរថា លោកមិនបានភ្លេចលើកឡើងអំពីការអំពាវនាវរបស់ពួកគាត់ឲ្យដោះស្រាយវិវាទដីធ្លីរបស់ពួកគាត់ឡើយ។ លោកបានមានប្រសាសន៍ថា ” ខ្ញុំនឹងលើកឡើងបញ្ហានេះម្ដងទៀតតាមដែលខ្ញុំអាចធ្វើបាន ដើម្បីដោះស្រាយបញ្ហាដែលបងប្អូនកំពុងប្រឈមមុខនេៅពេលនេះ”៕ សារុន
(រាយការណ៍បន្ថែមដោយ Lauren Crothers និង ឃួន ណារីម)