30 C
Phnom Penh

តុលាការ​សាកសួរ​មេដឹកនាំសហជីពជាលើកទី២ពាក់ព័ន្ធករណី​ញុះញង់

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

សាលាដំបូង​រាជធានីភ្នំពេញ​បាន​សាកសួរ​លោក អាត់ ធន់ មេដឹកនាំសហជីពឯករាជ្យ​មួយ​រូប​ជាលើកទី២កាលពី​ម្សិលមិញ ជុំវិញ​ការ​ចោទប្រកាន់ពី​បទញុះញង់​កម្មករ​រោង​ចក្រ​កាត់ដេរ​ឲ្យ​ធ្វើ​កូដ​កម្ម​កាលពី​ខែ​វិច្ឆិកា ដែលអំឡុង​ពេលនោះ នគរបាល​បាន​តបត​ចំពោះ​ក្រុម​យុវជន​ដែលគប់ដុំថ្ម​វិញ ដោយ​បាញ់គ្រាប់ពិត​ ហើយ​អ្នក​ឈរ​មើល​ម្នាក់​​បានត្រូវ​គ្រាប់​ស្លាប់។

លោក អាត់​ ធន់ ប្រធាន​សម្ព័ន្ធសហជីព​ប្រជាធិបតេយ្យ​កម្មករ​កាត​់​ដេរ​កម្ពុជា​​បាន​អះ​អាងយូរ​មក​ហើយ​ថា លោក​មិន​បាន​នៅកន្លែង​តវ៉ានោះទេ។ លោក​បាន​មាន​ប្រសាសន៍ថា លោក​បាន​រៀបរាប់ប្រាប់ដដែលអំឡុង​ការ​សាកសួរ​កាលពី​ម្សិលមិញ។ លោក​បាន​មាន​ប្រសាសន៍ថា “ចៅក្រមស៊ើបសួរ​បានសួរ​ខ្ញុំ​ ថាតើ​ខ្ញុំនៅឯណា​នៅម៉ោង​៤ល្ងាច​ថ្ងៃទី​១ ខែវិច្ឆិកា ឆ្នាំ២០១៣ ហើយ​ខ្ញុំបាន​ប្រាប់លោក​ថា ខ្ញុំធ្វើការ​នៅ​ការិយាល័យ​របស់ខ្ញុំរហូត​ដល់​ម៉ោង​៧យប់​។ ឥឡូវ​នេះ​​លោកចៅក្រម​បាន​ឲ្យ​ខ្ញុំ​នាំសាក្សី​ដែល​បាន​ឃើញខ្ញុំធ្វើការ​នៅការិយាល័យ​មក”។

លោក គឹម សុជាតិ មេធាវី​របស់លោក អាត់ ធន់ បាន​មាន​ប្រសាសន៍ថា លោកចៅក្រម​ ជា សុខហ៊ាង នឹង​កោះហៅសាក្សីក្នុង​រយៈពេល​ពីរសប្តាហ៍ក្រោយ។ លោក សុជាតិ បាន​មាន​ប្រសាសន៍ថា “យើងនឹង​ត្រៀម​កោះហៅសាក្សី​ឲ្យមកកាន់​តុលាការ​ ហើយ​ឲ្យ​ពួកគេ​បង្ហាញថា លោក អាត់ ធន់​​ ស្ថិតនៅការ​ិយាល័យរបស់លោក​អំឡុង​ហេតុការណ៍នោះ”។

លោក សុខហ៊ាង មិន​អាច​ទាក់ទង​ដើម្បីសុំអត្ថាធិប្បាយបានទេ ប៉ុន្តែ​ សាន សាក់នី ក្រឡាបញ្ជីត​ុលាការ​​បានបញ្ជាក់ថា ពិតជាមានការ​សាកសួរ​កាលពី​ម្សិលមិញមែន។

លោក អាត់ ធន់ ក៏បាន​ត​វ៉ានឹង​​ដីកាបង្គាប់របស់តុលាការ​​ដែល​ឲ្យ​លោក​នៅឲ្យឆ្ងាយពី​រោង​ចក្រកន្លែង​ដែលមាន​ការ​តវ៉ាកាលពី​ខែ​វិច្ឆិកា និង​មិន​ឲ្យ​ជួបជាមួយ​ក្រុម​កម្មករនោះ៕សារុន

 

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស