អ្នកភូមិមកពីសហគមន៍បឹងកក់ប្រហែល៥០នាក់បានជួបជុំគ្នានៅខាងក្រៅការិយាល័យធនាគារពិភពលោកក្នុងរាជធានីភ្នំពេញ កាលពីម្សិលមិញ ដោយយកឈាមមាន់ចាក់លើក្រដាស់ប្រាក់១០០ដុល្លារក្លែងក្លាយ ជាការប្រឹងប្រែងដើម្បីរារាំងកុំឲ្យធនាគារនេះបន្តផ្ដល់មូលនិធិដល់គម្រោងនានាក្នុងប្រទេសកម្ពុជាទៀត។

ដោយពាក់អាវកាក់មានសរសេរពាក្យថា ” World Bank=World Bad” និងពាក្យ ” ធនាគារពិភពលោកបានបំផ្លាញគ្រួសាររបស់ខ្ញុំ” សកម្មជនសិទ្ធិលំនៅដ្ឋានបានយកម្រាមដៃជ្រលក់ឈាមទៅផ្តិតនៅលើលុយក្លែងក្លាយក្រដាស១០០ដុល្លារទាំងនោះ ហើយយកទៅបិទនៅលើខ្លោងទ្វារមុខរបស់អង្គការនេះ។
នៅពេលចប់ពិធីបានយកលុយក្លែងក្លាយនោះទៅជ្រលក់ឈាម។ អ្នកស្រី ទេព វន្នី តំណាងសហគមន៍បឹងកក់បាននិយាយថា ” នេះគឺជាសារដែលយើងផ្ញើទៅធនាគារពិភពលោក”។
អ្នកស្រីបាននិយាយថា ” យើងមកទីនេះដើម្បីជំរុញឲ្យធនាគារពិភពលោកបញ្ចប់បញ្ហានៅបឹងកក់ ពីព្រោះយើងបានទទួលព័ត៌មានកាលពីពេលថ្មីៗនេះថា ពួកគេនឹងចាប់ផ្ដើមសហការជាមួយរដ្ឋាភិបាលម្តងទៀត ដើម្បីផ្ដល់ជំនួយដល់ប្រទេសកម្ពុជា បើទោះណាជាកម្ពុជាមិនទាន់បានបញ្ចប់បញ្ហារបស់អ្នកភូមិក៏ដោយ”។
បន្ទាប់ពីទទួលស្គាល់ថា ខ្លួនបានបរាជ័យក្នុងគម្រោងផ្ដល់ប័ណ្ណកម្មសិទ្ធិដីធ្លីក្នុងប្រទេសកម្ពុជា ដែលបានប៉ះពាល់ដល់អ្នកភូមិបឹងកក់ ធនាគារពិភពលោកបានបង្កកការផ្ដល់ប្រាក់កម្ចីថ្មីទាំងអស់ដល់ប្រទេសកម្ពុជាកាលពីឆ្នាំ២០១១ រហូតដល់រដ្ឋាភិបាលអាចឈានដល់កិច្ចព្រមព្រៀងជាមួយសហគមន៍នេះ។
ចាប់តាំងពីពេលនោះមក អ្នកភូមិប្រហែល៣.០០០គ្រួសារនៅតំបន់បឹងកក់ត្រូវបានបង្ខំឲ្យចាកចេញពីផ្ទះសំបែងរបស់ខ្លួន ដើម្បីបើកផ្លូវសម្រាប់គម្រោងអចលនទ្រព្យរបស់សមាជិកព្រឹទ្ធសភាគណបក្សប្រជាជនកម្ពុជា។
មុនពេលចាកចេញកាលពីម្សិលមិញ ក្រុមអ្នកតវ៉ាបានដាក់ញត្តិទៅធនាគារពិភពលោក ដោយលើកឡើងដដែលអំពីការជំទាស់របស់ពួកគាត់ចំពោះការបន្តផ្តល់ប្រាក់កម្ចីនេះ។
ញត្តិនោះមានខ្លឹមសារថា ” ប្រសិនបើធនាគារពិភពលោកមិនគោរពគោលជំហររបស់ខ្លួនក្នុងការឆ្លើយតបចំពោះប្រជាពលរដ្ឋដែលរងផលប៉ះពាល់ទេនោះ យើងថ្កោលទោសធនាគារពិភពលោកដែលបានជញ្ជក់ឈាមពលរដ្ឋខ្មែរ ហើយឃុបឃិតជាមួយរដ្ឋាភិបាលប្រព្រឹត្តអំពើពុករលួយ និងរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរ”។
លោក ប៊ូ សារឿន អ្នកនាំពាក្យធនាគារពិភពលោកបានសរសេរតាមអុីម៉េលបន្ទាប់ពីការតវ៉ាថា ធនាគារពិភពលោកប្តេជ្ញាបន្តការបង្កកមូលនិធិរបស់ខ្លួនកាលពីឆ្នាំ២០១១។ លោកបានមានប្រសាសន៍ថា ” ធនាគារពិភពលោកនៅតែជំរុញឲ្យមានដំណោះស្រាយចំពោះបញ្ហាដែលនៅសេសសល់ក្នុងការផ្ដល់ប័ណ្ណកម្មសិទ្ធិដីដល់អ្នកភូមិនៅតំបន់បឹងកក់បច្ចុប្បន្ន។ ធនាគារពិភពលោកមិនបានយល់ព្រមផ្តល់មូលនិធិថ្មីដល់ប្រទេសកម្ពុជាចាប់តាំងពីខែធ្នូ ឆ្នាំ២០១០មក”៕ សារុន