35 C
Phnom Penh

ស្ត្រី​បម្រើការងារ​តាម​ផ្ទះ​ទាម​ទារ​សិទ្ធិ​ស្មើភាព​ដូច​កម្ម​ករ​ផ្សេង​ទៀត

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ដោយ​ត្រូវ​​ម្ចាស់​ផ្ទះ​បង្ខំ​ឲ្យ​ធ្វើ​ការ​នឿយ​ហត់​​ច្រើន​ម៉ោង ​និង​មិន​អនុញ្ញាត​ឲ្យ​​ទទួល​ការ​ព្យា​បាល​ត្រឹម​ត្រូវ ព្រម​ទាំង​ទទួល​បាន​ប្រាក់​ខែ​បន្តិច​បន្តួច​នោះ​ ​ស្តាប់​​ទៅ​ការ​អះអាង​របស់​​អ្នក​ស្រី ហម សាវ៉ាត ដែល​ជា​​អតីត​​អ្នក​បម្រើការ​ងារ​តាម​ផ្ទះ ​ហាក់​ដូ​ចរឿង​រ៉ាវ​​​របស់​ស្ត្រី​​ខ្មែរ​បម្រើការងារ​តាម​ផ្ទះ​ដែលរងការ​រំលោភ​បំពាន​​នៅ​​​ក្នុង​ប្រទេស​ម៉ាឡេស៊ី ​អ៊ីចឹងដែរ​​។

ប៉ុន្តែ អ្នកស្រី​ ហម សាវ៉ាត់ មិន​ធ្លាប់​បាន​ឈានជើង​ចេញ​ពី​ប្រទេស​កម្ពុជា​ឡើយ​។ ស្ត្រី​វ័យ​៣៧​ឆ្នាំ​រូប​នេះ​​បាន​​ធ្វើ​ជា​អ្នក​បម្រើការងារ​តាម​ផ្ទះ​នៅ​ក្នុង​រាជ​ធានី​ភ្នំពេញ​ អស់​រយៈ​ពេល​១០​ឆ្នាំ ហើយ​ជា​ញឹក​ញាប់​គាត់​​ត្រូវ​ធ្វើ​ការ​ជាង​១២​ម៉ោង​ក្នុង​មួយ​ថ្ងៃ​ និង​ទទួល​បាន​ប្រាក់​ខែ​​​ត្រឹម​តែ​៥០​ដុល្លារ​ប៉ុណ្ណោះ។

អ្នកស្រី ហម សាវ៉ាត ដែល​ពេល​នេះ​មាន​ការ​ងារ​ជា​អ្នក​បោស​សំអាត​នៅ​កោះពេជ្រ​និង​ទទួល​បាន​ប្រាក់​ខែ​១២០​ដុល្លារ​ និយាយ​ថា ” ពេល​ខ្លះម្ចាស់​ផ្ទះ​ពិត​ជា​ចិត្ត​ល្អ​ណាស់​។ នៅ​ពេល​​ពួកគេ​ហូប​​អាហារ​ យើង​ក៏​អាច​ចូល​រួម​​​ហូប​​ជាមួយ​​ពួក​គេ​បាន​ដែរ”​។ ប៉ុន្តែម្ចាស់​ផ្ទះ​​របស់​គាត់​មិន​តែ​ងតែ​ចិត្ត​ល្អ​បែប​នេះ​គ្រប់​ពេល​នោះ​ទេ​។

គាត់​បាន​និយាយ​ថា “មាន​ពេល​មួយ ជាមួយ​ថៅកែ​ម្នាក់​ទៀត​ នៅ​ពេល​ខ្ញុំ​រអិល​ដួល ​​ខ្ញុំ​មាន​​របួស​ដៃ​ ហើយ​ខ្ញុំគិត​ថា ខ្ញុំ​ត្រូវ​តែ​ទៅ​មន្ទីរ​ពេទ្យ​ ប៉ុន្តែ ពួកគេ​មិនយក​ខ្ញុំ​ទៅ​ទេ​។ នៅ​ពេល​ខ្ញុំ​ចង់​ឈប់​សម្រាក​មួយ​ថ្ងៃ​ ពួកគេគំរាមកាត់​ប្រាក់​ខែ​ខ្ញុំ​។ នៅពេល​យើង​មាន​បញ្ហា​ជាមួយ​ថៅកែ​ យើងមិន​ដឹង​ថា​ត្រូវ​រក​ជំនួយ​ពីអ្នក​ណា​ទេ​”។

យោង​តាម​បណ្តាញកម្ម​ករ​​ធ្វើ​ការតាម​ផ្ទះ​កម្ពុជា ហៅ​កាត់​ CDWN បាន​ឲ្យ​ដឹង​ថា ទុក្ខ​វេទនា​របស់​ស្ត្រីបម្រើការ​ងារ​តាម​ផ្ទះ​នៅ​ឯបរទេស​ត្រូវ​បាន​កត់​ត្រា​យ៉ាងច្បាស់​លាស់ ប៉ុន្តែ ​ចំណែក​ឯ​ស្ត្រីបម្រើការ​ងារ​តាម​ផ្ទះ​ជាច្រើននៅ​ក្នុង​ប្រទេស​​កម្ពុជា វិញ ​កំពុង​ប្រឈម​ការ​រំលោភបំពានដោយគ្មាន​​អ្នក​​ចាប់​អារម្មណ៍។

អ្នកប​ម្រើការ​ងារ​តាម​ផ្ទះ​​ និង​កម្មករ​ផ្សេង​ៗ​ទៀត​នៅ​ក្នុង​​វិស័យ​​ក្រៅ​ប្រព័ន្ធ​​មិន​ទទួល​បាន​​ការ​គាំពារ​តាម​ផ្លូវ​ច្បាប់​ដូច​កម្មករ​កាត់​ដេរ​ និងកម្មករ​ផ្សេង​ៗ​ទៀត​ ដែល​ធ្វើការ​នៅ​ក្នុង​វិស័​យ​ផ្លូវការ ​ដែល​សិទ្ធិ​របស់​ពួកគេ​ត្រូវ​បាន​ការពារ​ដោយ​​ច្បាប់​ការងារ​ឆ្នាំ​១៩៩៧​​ឡើយ ហើយ​​ជា​ញឹក​ញាប់​ពួកគេ​រង​ការ​ធ្វើ​បាប​ពី​សំណាក់​ម្ចាស់​ផ្ទះ​។

កាល​ពី​ម្សិលមិញ ស្របពេល​នឹង​ទិវា​អ្នក​​បម្រើការ​ងារ​តាម​ផ្ទះ​ សមាជិក​រាប់សិប​នាក់​របស់ CDWN បាន​ហែក្បួន​ទៅ​កាន់​ក្រសួង​ការងារ​ដើម្បី​ដាក់​ញត្តិ​ទាម​ទារ​សិទ្ធិស្មើ​ភាព​តាម​ផ្លូវ​ច្បាប់​។

លោក​ស្រី​ វុន សម្ផស្ស ប្រធាន​អង្គ​ការ​​ CDWN បាន​មាន​ប្រសាសន៍​ថា ខណៈ​​ពេល​​អង្គការ​របស់​លោក​ស្រី​​​ដែល​ត្រូវបាន​បង្កើត​ឡើង​ក្នុង​ឆ្នាំ​២០១១​ មាន​សមាជិក​តែ​៣៦៨​នាក់​នោះ​ មាន​​អ្នក​​បម្រើការងារ​តាម​ផ្ទ​ះ​ប្រមាណ​២៤០.០០០​នាក់​នៅ​ទូទាំ​ង​ប្រទេស​កម្ពុជា ប៉ុន្តែ ​ពួកគេ​ភាគ​ច្រើន​មិន​អាច​និយាយ​អ្វី​បាន​ឡើយ​។

លោកស្រី​មាន​ប្រសាសន៍​ថា ” ពេល​នេះ​ តាម​រយៈ​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​ វា​កាន់តែងាយ​ស្រួ​ល​សម្រាប់​យើង​ធ្វើ​ការ​ជាមួយ​អ្នក​បម្រើការ​ងារ​តាម​ផ្ទះ​ ប៉ុន្តែ យើង​នៅ​តែ​យល់​​ថា មាន​ការពិបាក​ទំនាក់​ទំនង​ជាមួយ​ពួកគាត់​ ពីព្រោះ​ភាគ​ច្រើន​ពួកគាត់​ស្នាក់​នៅ​តែ​ក្នុង​ផ្ទះ​”។

លោកស្រី​បាន​លើក​ឡើ​ងបន្ថែម​ទៀត​ថា ” ម្ចាស់​ផ្ទះ​​មិន​អនុញ្ញាត​ឲ្យ​ពួកគាត់​​មាន​​ទំនាក់​ទំនង​ជា​មួយ​​អ្នក​ផ្សេង​ឡើយ​ ។ វា​មាន​ការ​ពិបាក​សម្រាប់​អ្នក​បម្រើការងារ​តាម​ផ្ទះ​ជាច្រើនដែល​ចង់​ប្រើ​សិទ្ធិ​របស់​ខ្លួន ដោយសារ​ពួកគាត់​​ភាគ​ច្រើន​មិន​ចេះ​អក្សរ​”។

លោក​ស្រីបាន​បន្ត​ថា ​អង្គ​ការ CDWN ​កត់​ត្រា​ករណីរំលោភ​បំពានគួរ​ឲ្យ​ព្រួយ​បារម្ភ​​​បាន​មួយ​ចំនួន ​រួ​ម​ទាំង​ការ​ចាប់​រំលោភ​ស្ត្រីម្នាក់​នៅក្នុង​រាជធានី​ភ្នំពេញ​កាល​ពីខែ​ឧសភា​ ឆ្នាំ​២០១៣ផង​​។ កាល​ពីខែ​មីនា ស្ត្រី​បម្រើ​ការងារ​តាម​ផ្ទះ​ម្នាក់​នៅក្នុង​ខេត្ត​កណ្តាល ​ត្រូវ​បាន​​ម្ចាស់​ផ្ទះ​បង្ខំ​ឲ្យ​ស៊ី​កម្អួត​របស់​ខ្លួន នៅពេល​ម្ចាស់​ផ្ទះ​របស់ស្ត្រី​អ្នកបម្រើ​រូប​នោះ​​ខឹង​​។

អ្នកស្រី ងួន ណារ៉េន អាយុ​៥២​ឆ្នាំ​ ដែល​ជា​អ្នក​បម្រើការងារតាម​ផ្ទះ ​បាន​​ចូល​រួម​ការ​ហែ​ក្បួន​​កាល​ពីម្សិល​មិញ​នេះ​ដែរ​ ដើម្បី​តវ៉ា​ប្រឆាំង​នឹង​អ្វី​ដែ​ល​អ្នកស្រី​ហៅ​ថា ស្ថានភាព​ការងារ​​ ” ដូច​ទាសករ​”។

អ្នកស្រី​និយាយថា ” ខ្ញុំ​បាន​យំ​អង្វរ​​ករ​ [អតីត​ម្ចាស់​ផ្ទះ​របស់​ខ្ញុំ​]​ សុំបើក​ប្រាក់​ខែ​ពាក់​កណ្តាល​ពីរ​ថ្ងៃ​មុន​ដើម្បីចេញ​ថ្លៃ​ព្យាបាល​កូន​​ប្រុស​ខ្ញុំ​នៅ​មន្ទីរ​ពេទ្យ​ ប៉ុន្តែ ពួកគេ​នៅតែ​មិន​ព្រម​បើក​ឲ្យ​ខ្ញុំ​ ដូច្នេះ​ខ្ញុំក៏​សម្រេច​ចិត្ត​ឈប់​ធ្វើការ​។ ពួកគេ​ចាត់​ទុក​ខ្ញុំ​ដូច​ជា​ទាស​ករ​ចាំបម្រើ​ពួកគេ​គ្រប់​ពេល​។ អ្នក​បម្រើការងារ​តាម​ផ្ទះ​គ្មាន​សិទ្ធិ​​ដូច​កម្មករ​កាត់​ដេរ​ដើម្បី​តវ៉ា ឬធ្វើ​កូដកម្មនោះ​ទេ ហើយ​គ្មាន​អ្នក​ណា​ម្នាក​់​ខ្វល់​នឹង​ពួក​យើង​ឡើយ”​៕សុខុម​

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស