នគរបាលបាននិយាយកាលពីម្សិលមិញថា ត្រាក់ទ័រ និងត្រាក់ទ័រឈូសឆាយប្រាំមួយគ្រឿង ដែលជាកម្មសិទ្ធិរបស់ក្រុមហ៊ុនចិនមួយត្រូវបានគេលួចដុតនៅលើដីសម្បទានសេដ្ឋកិច្ចរបស់ក្រុមហ៊ុននេះស្ថិតក្នុងខេត្តបន្ទាយមានជ័យកាលពីយប់ថ្ងៃអាទិត្យ។
លោក ពេជ្រ វណ្ណថា នាយប៉ុស្តិ៍ឃុំបន្ទាយឆ្មារ បានមានប្រសាសន៍ថា ក្រុមហ៊ុនដែលមានដីសម្បទានទំហំ៦.០០០ហិកតានៅក្នុងខេត្តបន្ទាយមានជ័យនិងខេត្តឧត្តរមានជ័យបានយកត្រាក់ទ័រ និងត្រាក់ទ័រឈូសឆាយចូលមកកាន់ដីនេះកាលពីថ្ងៃសុក្រ ដើម្បីចាប់ផ្ដើមភ្ជួរដីដាំដំឡូងមី។ លោក វណ្ណថា បានមានប្រសាសន៍ថា “មានគេយកសាំងចាក់ដុតគ្រឿងចក្ររបស់ក្រុមហ៊ុននេះតែម្តង។ យើងមិនទាន់ដឹងថា ជនសង្ស័យជានរណានៅឡើយទេ”។
ក្រុមអ្នកភូមិមកពីខេត្តទាំងពីរនេះបានធ្វើការតវ៉ាជាច្រើនលើកច្រើនសាចាប់តំាងពីដីសម្បទាននេះត្រូវបានផ្តល់ឲ្យកាលពីឆ្នាំ២០០៩មក ដោយអះអាងថា ពួកគាត់បានរស់នៅ និងធ្វើស្រែចម្ការលើដីនេះចាប់តាំងពីទសវត្សរ៍ឆ្នាំ១៩៨០មកម្លេ៉ះ។
នៅក្នុងស្រុកថ្មពួកឯណោះវិញ ក្រុមអ្នកភូមិដែលជាប់ពាក់ព័ន្ធក្នុងវិវាទដីធ្លីទទួលបានដីទំហំ២.៥០០ហិកតាកាលពីឆ្នាំ២០១៣តាមរយៈគម្រោងផ្ដល់ប័ណ្ណកម្មសិទ្ធិដីរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។
លោក យ៉ត រ៉ៃ សមាជិកក្រុមប្រឹក្សាស្រុកបានមានប្រសាសន៍ថា “ការដុតនេះមិនពាក់ព័ន្ធនឹងវិវាទដីធ្លីជាមួយអ្នកភូមិមូលដ្ឋានឡើយ ពីព្រោះវិវាទនេះត្រូវបានដោះស្រាយរួចហើយកាលពីឆ្នាំមុន។ មានការសង្ស័យអំពីវិវាទផ្ទៃក្នុងនៅក្នុងក្រុមហ៊ុននេះ”។
លោក យ៉ត រ៉ៃ បានមានប្រសាសន៍ថា ដីទំហំប្រហែល២.០០០ហិកតាត្រូវបានដាំដំឡូងមីរួចហើយ ហើយការដុតនេះកើតឡើងនៅលើដីសម្បទានមួយផ្នែកដែលក្រុមហ៊ុនបានព្យាយាមភ្ជួរដើម្បីដាំបន្ថែមទៀត។
លោក សារិន រី អ្នកភូមិម្នាក់ដែលជាប់ពាក់ព័ន្ធវិវាទដីធ្លីក្នុងខេត្តបន្ទាយមានជ័យ បានបញ្ជាក់ថា វិវាទដីធ្លីក្នុងខេត្តរបស់លោកត្រូវបានដោះស្រាយរួចហើយ ប៉ុន្តែលោកបាននិយាយថា អ្នកភូមិក្នុងខេត្តឧត្តរមានជ័យកំពុងតវ៉ានឹងក្រុមហ៊ុននេះនៅឡើយ។
លោក រី បាននិយាយថា ” ទាក់ទងនឹងការដុតគ្រឿងចក្ររបស់ក្រុមហ៊ុន យើងសោកស្ដាយណាស់ចំពោះការបាត់បង់គ្រឿងចក្រទាំងនោះ ហើយយើងចង់ឲ្យចាប់អ្នកប្រព្រឹត្តឲ្យបានឆាប់ដើម្បីបង្ហាញថា អ្នកភូមិដែលធ្លាប់តវ៉ានឹងក្រុមហ៊ុនពាក់ព័ន្ធវិវាទដីធ្លីគឺគ្មានកំហុសទេ”។ គេមិនអាចទាក់ទងបុគ្គលិកក្រុមហុ៊នដើម្បីសុំអត្ថាធិប្បាយបានទេ៕ សារុន