មន្ត្រីតុលាការម្នាក់បានឲ្យដឹងកាលពីម្សិលមិញថា កាលពីសប្តាហ៍មុន សាលាដំបូងខេត្តកណ្តាលបានសាកសួរបុរសប្រាំនាក់ ដែលត្រូវបានឃុំខ្លួន ចាប់តាំងពីខែធ្នូ ជុំវិញការលួចព្រះសារីរិកធាតុពីភ្នំឧត្តុង្គ រួមជាមួយជនសង្ស័យ ដែលកាលពីខែកុម្ភៈ បានសារភាពថាបានលួចតែម្នាក់ឯង។
កាលពីដើមខែនេះ លោក លឹម សុគន្ធា ចៅក្រមស៊ើបអង្កេត បានមានប្រសាសន៍ថា តុលាការនេះបានឃាត់ខ្លួនបុរសប្រាំនាក់ ដែលតុលាការចាប់ខ្លួនកាលពីខែធ្នូ ដើម្បីធានាថា អ្នកដែលពាក់ព័ន្ធជាមួយការលួចនេះ នឹងត្រូវផ្តន្ទាទោស។លោកបានមានប្រសាសន៍កាលពីម្សិលមិញថា វាឆាប់ពេកហើយមិនអាចប្រកាសសេចក្តីសម្រេចរបស់តុលាការបានទេ។
លោកចៅក្រម សុគន្ធា បានមានប្រសាសន៍ថា “ខ្ញុំបានសាកសួរពួកគេទល់មុខគ្នាកាលពីថ្ងៃពុធ ថ្ងៃទី១១ ខែមិថុនា។ ខ្ញុំមិនអាចបញ្ចេញព័ត៌មានបានទេ ត្រូវតែរក្សាការសម្ងាត់ព្រោះត្រូវធ្វើការស៊ើបអង្កេតបន្តិចបន្តួចទៀត។
ការលួចព្រះសារិរិកធាតុ ដែលប្រទេសស្រីលង្កាប្រគល់ឲ្យប្រទេសកម្ពុជា និងបានយកទៅតម្កល់ទុកនៅក្នុងសក្សមុនីចេតីនៅលើកំពូលភ្នំឧដុង្គក្នុងឆ្នាំ២០០២ បាននាំឲ្យមានការខឹងសម្បាពីមជ្ឈដ្ឋានទូទៅ ជាពិសេសក្នុងចំណោមបព្វជិត ដែលបានចោទរដ្ឋាភិបាលថាមិនបានខិតខំប្រឹងប្រែងស្វែងរកវត្ថុបុរាណនេះមកវិញ។
ជាការឆ្លើយតប នគរបាលបានចាប់ខ្លួនសន្តិសុខយាមភ្នំឧដុង្គបីនាក់ ឈ្មោះ ចម ថៃ អាយុ៥៧ឆ្នាំ សៀង សារិន អាយុ៥៨ឆ្នាំ និងឈ្មោះ កា សាក់ អាយុ៤៦ឆ្នាំ និងប្រធានសន្តិសុខនៅព្រះសក្យមុនីចេតី ឈ្មោះ ផា សុខែម អាយុ៥៩ឆ្នាំ រួមជាមួយនឹងឈ្មោះ កាន់ សុភក្តិ អាយុ៣៩ឆ្នាំជាអ្នករត់ម៉ូតូឌុប។ ជនទាំងប្រាំនាក់នេះត្រូវបានចោទប្រកាន់ពីបទលួចព្រះសារីរិកធាតុ។
កាលពីខែកុម្ភៈ ឈ្មោះ កែវ រស្មី អាយុ២៤ឆ្នាំដែលមានប្រវត្តិលួចរបស់របរកំបុិកកំប៉ុក ត្រូវបានចាប់ខ្លួន និងចោទប្រកាន់ពីបទលួចព្រះសារីរិកធាតុ។ ក្រោយមកជននេះបានសារភាពថា ខ្លួនពិតជាបានលួចរតនសម្បត្តិនេះមែន ដោយលបចូលនៅពេលដែលសន្តិសុខពេលយប់កំពុងតែដេក និងបានប្រើញញួរ និងទួណឺវីស ទម្លាយសក្យមុនីចេតីដែលត្រូវចំណាយទឹកប្រាក់៤,៥លានដុល្លារក្នុងការសាងសង់។
សមាជិកគ្រួសាររបស់ជនជាប់ចោទទាំងប្រាំនាក់នេះបានទៅតុលាការកាលពីសប្តាហ៍មុន និងបានលើកឡើងកាលពីម្សិលមិញថា ពួកគេសង្ឃឹមថា ទុក្ខវេទនារយៈពេលប្រាំមួយខែរបស់ពួកគេនៅក្នុងពន្ធនាគារនឹងបញ្ចប់ឆាប់ៗនេះ។
ឈ្មោះ រឿន ផល្លា ជាកូនស្រីរបស់ ចម ថៃ បាននិយាយថា ” ជនសង្ស័យបានសារភាព ប្រាប់តុលាការថា ខ្លួនគេបានប្រព្រឹត្តបទល្មើសនេះដោយខ្លួនឯង”។
ឈ្មោះ សៀង ចំរើន ជាកូនស្រីរបស់ សៀង សារិន បានឲ្យដឹងថា ឪពុករបស់នាងបានសុំឲ្យរដ្ឋាភិបាលជួយធានាឲ្យមានការដោះលែងរូបគាត់ និងបុរសបួននាក់ទៀត។ នាងបានឲ្យដឹងថា “គាត់អំពាវនាវដល់តុលាការ និងសុំរដ្ឋាភិបាលឲ្យដោះលែងពួកគាត់ពីព្រោះពួកគាត់មិនបានប្រព្រឹត្តបទល្មើសនេះឡើយ។ ខ្ញុំសង្ឃឹមថា ពួកគាត់នឹងត្រូវលើកលែងការចោទប្រកាន់នៅខែនេះ”៕ ប៊ុននី