27 C
Phnom Penh

វិស័យកាត់​ដេរ​ឈានមួយជំហានទៀតខិតឆ្ពោះទៅរកការ​ដំឡើ​ង​ប្រាក់​ខែគោល​ប្រចាំ​ឆ្នាំ​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

គណៈកម្មាធិការ​ប្រឹក្សា​ការងារ​(LAC)ត្រីភាគី មានការ​រីកចម្រើន​ទៅមុខ​ខ្លះ​ក្នុងការ​បង្ហាញ​វិធី​ថ្មី​មួយ​​ដើម្បី​កំណត់​ប្រាក់​ខែ​គោល​សម្រាប់​ឧស្សាហ​កម្ម​កាត់​ដេរ​​ប្រកប​ដោយ​ហានិភ័យនៅ​ក្នុង​ប្រទេសនេះ​​​កាល​ពី​ម្សិល​មិញ ដោយ​ព្រម​ព្រៀង​ប្រកាស​​ការ​ដំឡើង​ប្រាក់​ខែគោល​​​រៀង​រាល់​ដំណាច់​ឆ្នាំ និង​ចាប់​ផ្តើម​ដំឡើង​ប្រាក់​ខែនៅ​ដើម​ឆ្នាំ​ក្រោយ​នេះ​។

ទោះ​ជាយ៉ាង​ណា​ សហជីព​ខ្លះ​បាន​ទាម​ទារ​ឲ្យ​មាន​ការលើ​ក​លែង​សម្រាប់​ឆ្នាំ​នេះ​។ គ​ណៈកម្មាធិការ​ប្រឹក្សា​ការងារ​ ដែល​មាន​​អ្នក​តំណាង​មក​ពី​រដ្ឋាភិបាល រោង​ចក្រ​ និង​សហជីព​បាន​ជួប​គ្នា​ដើម្បី​បន្តធ្វើ​​សិក្ខាសាលា​មួយ​កាល​ពី​​ខែ​មេសា ដែល​រដ្ឋាភិបាល​ និងស​ហ​ជីព​នានា​បាន​យល់​ព្រម​ថា គួរ​តែ​កែ​សម្រួល​ប្រាក់​ខែ​គោល​​រៀង​រាល់​ឆ្នាំ​ដោយ​ពិចារ​ណា​​ទាំង​ផល​ប៉ះពាល់​ដល់សេដ្ឋកិច្ច​ និង​សង្គម​។ ទស្សន​មតិ​មាន​ខុសៗគ្នាជុំវិញ ថាតើ​គណៈ​កម្មាធិការ​ប្រឹក្សា​ការងារ គួរ​តែ​កំណត់​ការ​ឡើង​ប្រាក់ខែ​គោល​តាមរយៈ​​ការ​ព្រមព្រៀងគ្នា​ ឬ​ការ​បោះ​ឆ្នោត​សំឡេងភាគ​ច្រើន​ជាសម្ងាត់ឬយ៉ាងណា​។

ដំណើរ​ការ​​សម្រាប់​ការ​បង្ហាញ​ប្រព័ន្ធ​កំណត់​ប្រាក់​ខែ​ថ្មី​មួយ​ត្រូវ​បានបង្កើតឡើង​ បន្ទាប់​ពី​កូដ​កម្ម​របស់​កម្មករ​កាត់​ដេរ​​កាន់​តែរីកធំឡើង​កាល​ពីចុងឆ្នាំមុន​ នៅពេល​​គណៈកម្មាធិការ​ប្រឹក្សា​ការងារ​បាន​សម្រេច​ដំឡើ​ងប្រាក់​ខែគោល​របស់​វិស័យ​នេះ​ពី​៨០​ដុល្លារ​ទៅ​៩៥​ដុល្លារ​ ជំនួស​ប្រាក់ខែ​គោល​១៦០​ដុល្លារ​ ដែល​សហជីព​ខ្លះ​កំពុង​​ទាម​ទារ​។

ការ​តវ៉ា​នេះ​បាន​ធ្វើឲ្យឧស្សាហកម្មនេះ​ជាប់​គាំង​​មួយ​រយៈ​ និង​បញ្ចប់​ទៅវិញ​ភ្លាមៗ​កាល​ពី​ថ្ងៃ​ទី​៣​ខែ​មករា ដែល​ពេលនោះ​ កង​រាជអាវុធ​ហត្ថ​បាន​បាញ់​ទៅលើ​កម្មករ​ដែល​ធ្វើ​បាតុ​កម្ម​ ដោយធ្វើ​ឲ្យ​មនុស្ស​យ៉ាង​តិច​​ប្រាំនាក់​ស្លាប់​ និង​ជាង​៤០​នាក់​រង​របួស​។

បន្ទាប់ពី​កិច្ច​ប្រជុំ​កាល​ពីម្សិលមិញ គណៈកម្មាធិការ​ប្រឹក្សាការ​ងារ​បាន​ចេញ​សេចក្តី​ថ្លែង​ការណ៍មួយ​មាន​ខ្លឹម​សារ​ថា ពួកគេ​បាន​ព្រម​ព្រៀង​ថា ពួកគេ​នឹង​ជួប​ពិភាក្សា​អំពី​ប្រាក់​ខែ​គោល​ជា​រៀង​រាល់​ឆ្នាំ​ក្នុង​ត្រីមាស​ទី៣​ ប្រកាស​ការព្រម​ព្រៀង​ដំឡើងប្រាក់​ខែ​គោល​​ក្នុងត្រីមាស​ទី​៤​ និង​អនុវត្ត​ការ​ដំឡើង​ប្រាក់ខែ​​ចាប់​ពីខែ​មករាឆ្នាំបន្ទាប់​​​ ដោយ​ទុក​ពេល​ឲ្យ​រោង​ចក្រ​ដើម្បីត្រៀមរៀបចំ​។

សេចក្តី​ប្រកាស​នេះមាន​ខ្លឹម​សារថា គណៈកម្មាធិការ​ប្រឹក្សា​​ការងារនឹង​​ព្យាយាម​ធ្វើ​សេចក្តី​សម្រេច​ទាំង​អស់​តាមរយៈការ​ព្រមព្រៀង​គ្នា​។សេចក្តីប្រកាសនេះ​បន្ថែម​​ថា ប៉ុន្តែ ប្រសិន​បើ​ពួកគេ​មិន​​ព្រម​ព្រៀងគ្នា​ បន្ទាប់​ពី​កិច្ច​ប្រជុំ​លើក​ទី​២​ គណៈកម្មាធិការ​ប្រឹក្សា​​ការងារ​ដែល​មាន​សមាជិក​២៨​រូប​នឹង​សម្រេច​តាម​រយៈ​ការ​បោះ​ឆ្នោត​សំឡេង​ភាគច្រើន​ដោយ​សន្លឹក​ឆ្នោត​សម្ងាត់​។

សេចក្តី​ប្រកាស​នេះ​ត្រូវ​បាន​ចុះ​ហត្ថ​លេខា​ដោយ​លោក អិុត​ សំហេង រដ្ឋ​មន្ត្រី​ក្រសួង​​ការ​ងារនិងបណ្តុះបណ្តាល​វិជ្ជា​​ជីវៈ លោក ណាង សុធី សហ​ប្រធាន​វិស័យ​ឯកជន​ និង​លោក ជួន​ មុំ​ថុល តំណាង​ឲ្យ​សហ​ជីព​។ លោក មុំថុល គឺ​​ជា​ប្រធាន​សហជីព​មួយ​មាន​សម្ពន្ធ​ភាព​ជា​មួយ​រដ្ឋាភិបាល​ និង​ក៏​ជា​ទីប្រឹក្សា​លោក អិុត សំហេង ផង​ដែរ​។

លោក មុំថុល បានមានប្រសាសន៍​នៅ​បន្ទាប់​ពី​កិច្ច​ប្រជុំ​ថា “ខ្ញុំ​គិត​ថា កិច្ច​ប្រជុំ​ថ្ងៃ​នេះ​ ជា​សញ្ញា​ល្អមួយ​ ពីព្រោះ​គ្មាន​នរណា​ជំទាស់​នឹង​កិច្ច​ព្រម​ព្រៀង​នេះ​ទេ​”។

លោក សុធី ក៏​បាន​លើកឡើង​​ដែរ​ថា សេចក្តី​សម្រេច​នេះ​ធ្វើ​ឡើង​ជា​ឯកច្ឆន្ទ។ លោក​បាន​មាន​ប្រសាសន៍​ថា លោកសង្ឃឹម​ថា កិច្ច​ព្រម​ព្រៀង​នេះ​នឹង​ជួយ​នាំ​ឧស្សាហ​កម្ម​​កាត់​ដេរ​របស់​ប្រទេសនេះ​មក​នូវ​ស្ថិ​រភាព​និងគួរឲ្យទុក​ចិត្តបាន​ ដែល​អ្នកទិញ​របស់​​​ខ្លួន​ចង់បាន​បំផុត ប៉ុន្តែ លោក​បាន​បន្ថែម​ថា ភាព​ជោគ​ជ័យ​អាស្រ័យ​ទៅលើ​អ្វី​ដែល​លោក​ហៅ​ថា ” សហជីព​ប្រឆាំង”។

លោក​ស្រី​ ឆេង ឡាង អនុ​ប្រធាន​សម្ព័ន្ធសហជីព​ឯករាជ្យ​ជាតិ​នៃឧស្សាហកម្មវាយនភណ្ឌ​កាត់​ដេរ​​កម្ពុជា ដែល​ជា​សហជីព​មួយ​​ក្នុង​ចំណោម​សហជីព​ដែល​មិនមាន​សម្ព័ន្ធ​​ភាព​ជាមួយ​រដ្ឋភិបាល​ ដែល​មាន​សមាសភាព​ក្នុង​គណៈកម្មាធិការ​ប្រឹក្សា​ការងារនេះដែរ ​បាន​លើកឡើង​ថា កិច្ច​ព្រម​ព្រៀង​នេះ​មិន​ទាន់​ជា​ឯកច្ឆន្ទ​ទេ​។

​​​​​ លោកស្រី​បាន​មាន​ប្រសាសន៍​ថា លោក​ស្រី​បាន​ព្រម​ព្រៀង​ជាមួយ​អ្នក​​ផ្សេង​ទៀត​អំពី​ថា តើ​ គណៈកម្មាធិការ​ប្រឹក្សា​ការងារនេះ​គួរ​តែ​ធ្វើ​សេចក្តី​សម្រេច​តាម​រយៈ​ការ​បោះ​ឆ្នោត​សំឡេង​ភាគ​ច្រើនជា​សម្ងាត់ឬយ៉ាងណា​ ប្រសិន​បើ​កិច្ចព្រមព្រៀង​បរាជ័យ​ ក៏ប៉ុន្តែ មិន​មាន​​នៅ​លើ​កាល​វិភាគ​​ដែល​ដាក់​នៅ​ក្នុង​សេចក្តី​ប្រកាស​របស់​គណៈកម្មាធិការ​ប្រឹក្សា​ការងារ​ដែល​លោកស្រី​បាន​បោះ​ឆ្នោត​ជំទាស់ទេ។

លោកស្រី​បាន​មាន​ប្រសាសន៍​ថា “​យើង​បាន​ស្នើ​ឲ្យ​មាន​សេចក្តីប្រកាស​អំពីការ​ដំឡើង​ប្រាក់​ឈ្នួល​ថ្មី​ និង​ការអនុវត្ត​ធ្វើឡើង​នៅ​ខែ​តែមួយ​ ក៏ប៉ុន្តែ ក្រសួ​ងការងារនិងបណ្តុះ​បណ្តាល​ GMAC[សមាគម​រោង​ចក្រ​កាត់​ដេរ​នៅ​កម្ពុជា]និង​សហជីព​មួយ​ចំនួន​ទៀត មិន​ព្រម​ព្រៀង​ឡើយ​”។

លោកស្រី ឡាង បាន​ឲ្យដឹង​ថា លោកស្រី​ក៏​ស្នើ​ឲ្យមាន​ការ​ដំឡើងប្រាក់​ខែ​គោល​រៀង​រាល់​ឆ្នាំ​ស្រប​តាម​អតិផរណា ក៏​ប៉ុន្តែ មាន​ចំនួនច្រើន​​ជាង​នេះ​ទៀត​​។

លោក អាត់​ ធន់ ប្រធាន​សម្ព័ន្ធសហជីពប្រជា​ធិបតេយ្យ​កម្មករកាត់ដេរកម្ពុជា​ បាន​មាន​ប្រសាសន៍​ថា លោក​យល់​ស្រប​ឲ្យ​មាន​ការ​ដំឡើ​ង​ប្រាក់​ខែ​គោល​ចាប់​ពី​ខែ​មករា​ជា​ទូទៅ​ ក៏​ប៉ុន្តែ លោក​ចង់​ឲ្យមានការ​លើកលែង​តែសម្រាប់​ឆ្នាំ​នេះប៉ុណ្ណោះ​​។

ក៏ដូចលោកស្រី ឡាង ដែរ​ លោក អាត់​ ធន់ បាន​មាន​ប្រសាសន៍​ថា លោក​ចង់​ឲ្យ​មាន​ការ​ដំឡើង​ប្រាក់​ខែ​នៅ​ឆ្នាំ​នេះដោយ​ចាប់​ផ្តើម​ពី​ខែ​តុលា​តទៅ​។ លោក​បាន​មាន​ប្រសាសន៍​ថា “ដោយសារ​ថាគិត​អំពី​កម្មករ​ និង​មជ្ឈដ្ឋានទូទៅ​ ពួកគេ​កំពុង​តែ​រង់​ចាំ​កិច្ច​ព្រម​ព្រៀង​”។ការ​ពន្យារ​ពេល​ណាមួយ​ក្នុង​ការ​ដំឡើង​ប្រាក់​ខែ​ខាងមុខនេះ​”អាច​​នាំ​ឲ្យមានការ​តវ៉ា​បន្ថែម​ទៀត​ ក៏​ប៉ុន្តែ យើង​ចង់​បាន​សន្តិភាព​”។

លោក​ អាត់ ធន់ បាន​មាន​ប្រសាសន៍​ថា ការ​បោះឆ្នោ​ត​ជាសម្ងាត់​ជំនួស​ឲ្យការ​លើក​ដៃ​ដូច​ដែល​ពួក​គេធ្វើ​ពេល​នេះ ក៏​នឹង​ធ្វើ​ឲ្យ​ដំណើរ​ការមាន​លទ្ធិ​ប្រជា​ធិបតេយ្យ​ប្រសើរ​ឡើង​ថែម​ទៀត​ ដោយ​អនុញ្ញាត​ឲ្យ​សមាជិក​នានា​បោះ​ឆ្នោត​យោង​ទៅតាម​មនសិការ​របស់​ខ្លួន​ មិន​មែន​លំអៀង​ដោយ​សារតែមាន​គំនាប​ហួស​​ហេតុឡើយ​។

គណៈកម្មាធិការ​ប្រឹក្សា​ការងារនឹ​ងជួប​ប្រជុំ​គ្នា​ម្តង​ទៀត​នៅ​ថ្ងៃ​ទី​៣០ ខែ​មិថុនា ពោល​គឺពីរសប្តាហ៍គត់ ដើម្បី​ពិភាក្សា​​អំពីសេចក្តី​លម្អិត​នៃ​គម្រោង​នេះ​ និង​ដើម្បី​ព្យាយាម​ដោះស្រាយ​ការ​ខ្វែង​គំនិត​របស់​ពួកគេ​៕ ប៊ុននី​​​​​​

 

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស