27 C
Phnom Penh

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន មាន​ជំងឺ​ និង​លុបចោល​ជំនួប​ប្រជុំ​នៅ​ប្រទេស​បង់ក្លាដែស

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

​បណ្តាញ​​ព័ត៌មាន​ក្នុងស្រុក​បាន​រាយការណ៍ថា ​លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ​បាន​លុប​ចោលជំនួបកំពូល​ជាមួយ​ក្រុម​មន្ត្រី​​នៅ​ប្រទេស​​បង់​ក្លា​ដែស​កាល​ពីព្រឹក​ម្សិល​មិញ​ ដោយ​​សារ​​​​មាន​ជំងឺ ប៉ុន្តែ​លោក​​បាន​​​ចុះ​ហត្ថលេខា​លើ​កិច្ច​ព្រម​ព្រៀង​​មួយ​ចំនួន​ទាន់ មុនពេល​​ត្រឡប់​មកកាន់មាតុ​ភូមិវិញ​​នាថ្ងៃ​នេះ។

ដំណឹងនេះកើតឡើង​​រយៈពេល​​តែជាង​​មួយសប្តាហ៍​ប៉ុណ្ណោះ​ បន្ទាប់​​ពីមាន​​ពាក្យ​ចចាម​អារា៉មថា លោក​ ហ៊ុន សែន ​​មាន​ជំងឺ​ដាច់​សរសៃ​ឈាម​ខួរ​ក្បាល​។ពាក្យ​ចចាម​អារា៉ម​នេះ​ត្រូវ​បា​ន​បញ្ចប់ទៅ​វិញ​ភ្លាមៗ​ដោយ​លោកនាយករដ្ឋមន្ត្រី​ ដែល​បាន​ចាក​ចេញ​ទៅ​ប្រទេស​បង់​ក្លា​ដែសកាល​ពីថ្ងៃ​ច័ន្ទ​និង​មាន​សុខភាព​ល្អ។

លោក MShahriar Alam ​រដ្ឋមន្ត្រី​ក្រសួងការ​បរទេស​​​បង់ក្លាដែស​បាន​ប្រាប់ក្រុម​អ្នក​យក​ព័ត៌មាន​នៅសណ្ឋាគារ​ Pan Pacific Sonargaon Hotel នៅ​ទីក្រុង ដាកា ​ជាទី​ដែល​គណៈប្រតិ​ភូ​​កម្ពុជា​​​ជាន់​ខ្ពស់​​កំពុង​ស្នាក់នៅ​ថា លោក ហ៊ុន សែន ​មាន​សុខ​ភាព​មិន​ល្អ​ និង​បាន​លុប​​​ចោល​​ជំនួបប្រជុំ​​នៅ​​ពេល​ព្រឹក។

លោក Alam ត្រូវបា​ន​ដកស្រង់​សម្តី​​​ដោយ​កាសែត​ Banglanews 24 ថា ​” លោក ហ៊ុន សែន​​ មិនស្រួលខ្លួន តាំង​ពីយប់​ថ្ងៃ​ច័ន្ទ​ម៉្លេះ ​ប៉ុន្តែ​លោក​មិន​ស្ថិតក្នុង​ស្ថាន​ភាព​​​ធ្ង​ន់​ធ្ងរ​ទេ​។ ​ដោយ​សារ​​មាន​ជំងឺ​ ជំនួប​របស់​លោក ហ៊ុន សែន ​​ជាមួយ​ខ្ញុំ​និង​[លោក Tofail Ahmed] រដ្ឋមន្ត្រី​ក្រសួង​ពា​ណិជ្ជ​កម្ម​ត្រូវបា​ន​លុប​ចោល​”។

​ជំនួបមួយ​​រវាង​លោក ហ៊ុន សែន ​​ជាមួយ​នាយករដ្ឋមន្ត្រី​បង់ក្លាដែស សេក ហា​ស៊ី​ណា​(Sheikh Hasina) បាន​​បន្ត​នៅពេល​​​​រសៀល​ ​​ក្រោយមកមានការ​​​ពិភាក្សា​ទ្វេ​ភាគី​ និង​ពិធី​ចុះ​ហត្ថ​លេខា​​លើ​កិច្ច​ព្រម​ព្រៀង​ពាណិជ្ជកម្ម ការ​វិនិយោគ​ទុន​និង​វប្បធម៌​ និង​​អនុស្សរណៈ​នៃការ​​យោគយល់​គ្នា​ស្តីពី​កិច្ចសហ​ប្រតិបត្តិការ​​លើ​វិស័យ​កសិកម្ម​។

លោក អៀង សុផាល្លែត​ ជំនួយការផ្ទាល់​​​របស់​លោកនា​យករដ្ឋមន្ត្រី ហ៊ុន សែន ​បានមាន​ប្រសាសន៍ថា លោក​មិនដឹង​អំពី​សេចក្តីរាយការណ៍​​​ស្តី​​ពី​ជំងឺ​​របស់​លោក​នាយក​​រដ្ឋមន្ត្រីទេ និងបាន​បង្វែរសំណួរ​​​ទៅ​ខុទ្ទកាល័យ​​របស់​លោក ហ៊ុន សែន។

លោក ង៉ែត បុរី នាយ​​​រង​ខុទ្ទកាល័យ​បានមាន​ប្រសាសន៍ថា លោកឈឺ​ និង​មិន​បានទទួល​ព័ត៌មាន​អំពី​សុខភាព​​របស់​​លោក ហ៊ុន សែន ទេ។ លោកបានមាន​ប្រសាសន៍ថា “ខ្ញុំឈឺ ហើយ​ពេលនេះ កំពុង​ទទួល​ការ​ព្យាបាល​នៅក្នុង​មន្ទីរពេទ្យ​​”។

សូម្បីលោក ហេង តៃគ្រី ​ជាវេជ្ជបណ្ឌិត​ផ្ទាល់​​​របស់លោក ហ៊ុន សែន ​​និង​​​ជា​រដ្ឋ​លេខា​ធិការ​ក្រសួង​សុខាភិបាល​​ បានមាន​ប្រសាសន៍ថា លោកក៏​ឈឺដែរ។

លោក តៃគ្រី ​បានមាន​ប្រសាសន៍ថា “បាទ សូម្បី​​វេជ្ជបណ្ឌិត​ផ្ទាល់​​របស់​គាត់ ក៏ឈឺ​ដែរ​។​ប៉ុន្តែ​ប្រសិនបើ​ខ្ញុំ​​ដឹងអំពី​សុខភាព​​របស់​​គាត់ ខ្ញុំ​នឹងមិន​​ប្រាប់​អស់លោកទេ ​​ពីព្រោះ​​ខ្ញុំ​​ជាមន្ត្រី​រដ្ឋាភិបាល​ តើ​ខ្ញុំ​​​អាច​ប្រាប់​កាសែត​​ដូចម្តេចកើត​ ប្រសិនបើ​លោកនាយក​រដ្ឋមន្ត្រី​​ឈឺនោះ​?”៕ ប៊ុននី

​​​

 

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស