29 C
Phnom Penh

កម្មករ​ចំណាក​ស្រុក​កម្ពុជា​​​និយាយ​អំពី​ការ​ចុះ​បង្ក្រាប​ និង​ជំរិត​ទារ​ប្រាក់​ពី​សំណាក់​យោធាថៃ​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ស្រុក​អារញ្ញប្រាថេត,ប្រទេសថៃ-នៅ​ពេល​រថយន្ត​នគរ​បាល​ដែល​ដឹក​កម្មក​រ​ចំណាក​ស្រុក​បាន​ឈប់​នៅ​ប៉ុស្តិ៍​នគរ​បាល​​ ស៊ុន ម៉ានី បាន​លោត​ចេញ​ពីកន្លែង​អង្គុយ​របស់​ខ្លួន​ ដោយ​មាន​អារម្មណ៍​ធូរស្រាល​ថា ភាព​លំបាក​លំបិន​របស់​ខ្លួន​ជិត​បញ្ចប់​ហើយ​។ មិ​ន​ដល់​មួយ​ម៉ោង​ផង គាត់​និង​អ្នក​ផ្សេង​ប្រហែល​៥០​នាក់​បាន​នាំគ្នា​ឡើង​ជិះ​រថយន្ត​ឆ្លង​កាត់​ព្រំដែន​មក​ប្រទេស​កម្ពុជា​វិញ​ ហើយ​ទីបញ្ចប់​គាត់​បាន​ទៅ​ដល់​ផ្ទះ​របស់​ខ្លួន​។thailand

ស៊ុន ម៉ានី បាន​និយាយ​ដោយ​ពន្យល់​អំពី​ស្ថាន​ភាព​នៃ​ក្រុម​កម្មករ​ចំណាក​ស្រុក​​របស់​គាត់​ ដែល​បាន​មក​ដល់​យឺត​ពេល​ពេក​សម្រាប់​ការ​ធ្វើ​ឯកសារ​ ហើយ​បាន​ដេក​នៅ​លើ​ទីធ្លា​បេតុង​នៃ​ប៉ុស្តិ៍​នគរ​បាល​អន្តោ​ប្រវេសន៍​ក្នុង​ខេត្ត​ស្រះកែវ​ថា ” យើង​ដេក​នៅ​លើ​ទីធ្លាបេតុង​កាល​ពី​យប់​មិញ​”។

អ្នក​នេសាទ​អាយុ​៣៦​ឆ្នាំ​រូប​នេះ​បាន​និយាយ​ថា “ពួកគេ​មិ​ន​បាន​ចាប់​ខ្លួនពួក​យើង​នោះទេ ប៉ុន្តែ​នៅ​កន្លែង​នោះ​យើង​បាន​ឮការ​ចាប់​ខ្លួន​ពី​សំណាក់​យោធា​ថៃ​ ហើយ​​យើង​បាន​ស្ម័គ្រចិត្ត​ត្រឡប់​មក​វិញ​”​។

នៅពេល​កម្មករ​ចំណាក​ស្រុក​ជាង​១០០.០០០​នាក់​បាន​ត្រឡប់​មក​ប្រទេស​កម្ពុជា​វិញ​ក្នុង​សប្ដាហ៍​នេះ ដើម្បីគេច​ពី​ការ​បង្ក្រាប​ដ៏គួរ​ឲ្យ​ភ័យ​ខ្លាច​ពីសំណាក់​រដ្ឋាភិបាល​យោធា​ថៃ​ ដែល​បាន​ធ្វើ​រដ្ឋប្រហារ​កាលពី​ចុង​ខែមុន នគរ​បាល​អន្តោប្រវេសន៍ថៃ​បានក្លាយ​ទៅ​ជា​នគរ​បាល​ដែល​មាន​ភាព​ស្ទាត់​ជំនាញ​ខាង​ធ្វើ​ឯកសារ​ និង​ដឹក​ជញ្ជូន​កម្មករ​។

ស៊ុន​ ម៉ានី ត្រូវ​បាន​គេ​បញ្ជូន​ឡើង​លើ​រថយន្ត​នគរ​បាល​មួយ​គ្រឿង​យ៉ាង​ឆាប់​រហ័ស​សម្រាប់​ការ​ធ្វើ​ដំណើរ​ចម្ងាយ​១០​គីឡូម៉ែត្រ​ចុង​ក្រោយ​ទៅកាន់​ព្រំដែន​ ហើយ​នៅពេល​រថយន្ត​ដឹក​កម្មករ​មួយគ្រឿង​ផ្សេង​ទៀត​ដែល​ចេញ​ដំណើរ​ពី​ហួហ៊ីន​បាន​មក​ដល់​ កម្មករ​បាននាំគ្នា​ស្រែក​ថ្ងូរ​ និង​ពត់ដៃពត់ជើង​បន្ទាប់ពី​ពួកគេ​ចុះ​ពី​រថយន្ត​​ក្រោយ​ពេល​ធ្វើ​ដំណើរ​អស់​រយៈពេ​ល​៧ម៉ោង​ ដោយ​​គ្មាន​ឈប់​នៅ​កន្លែង​ណាមួយ​សោះ​នោះ​។

រដ្ឋាភិបាល​យោធាថៃ​បាន​បដិសេធ​ថា គ្មាន​គោល​នយោបាយ​ណាមួយ​ដើម្បី​បង្ក្រាប​កម្មករ​ចំណាក​ស្រុក​ខុស​ច្បាប់​នោះទេ ដោយ​​បាន​លើកឡើង​នៅ​ក្នុង​សេចក្ដី​ថ្លែង​ការណ៍​មួយ​របស់​ខ្លួន​កាលពី​សប្ដាហ៍មុនថា ការ​អះអាង​ថា មាន​ការ​ចាប់​ខ្លួន​ឬមាន​ការ​ប្រើ​អំពើ​ហិង្សា​លើ​កម្មករ​ចំណាក​ស្រុក​នោះ​ គឺ​ជាការ​អះអាង​គ្មាន​មូល​ដ្ឋាន​។

រីឯ​ក្រុម​ប្រឹក្សា​ជាតិ​រក្សា​សន្តិភាព​ និងសណ្ដាប​់ធ្នាប់​ថៃ​ ដែល​រដ្ឋាភិបាល​យោធា​ថៃ​ជា​អ្នក​ដាក់​ឈ្មោះ​ឲ្យ​វិញ​បាន​លើកឡើង​ថា ខ្លួន​គ្រាន់​តែ​ចាប់​ផ្ដើម​កម្មវិធី​ “រៀបចំ​កម្មករ​ចំណាក​ស្រុក​ឲ្យ​បាន​ច្បាស់​លាស់​ត្រឹម​ត្រូវ​តែប៉ុណ្ណោះ​ ដោយ​ចេញ​បទ​បញ្ជា​ឲ្យ​និយោជក​នីមួយៗ​ធ្វើ​បញ្ជី​កម្មករ​ចំណាក​ស្រុក​របស​់​ខ្លួន ហើយ​ដាក់បញ្ជី​ទាំង​េនះ​ទៅកាន់អាជ្ញាធរ​ថៃ​។

ប៉ុន្តែ​ទោះបីជាមាន​ការ​ធានា​ពី​ក្រុម​ប្រឹក្សាជាតិ​រក្សា​សន្តិភាព និង​សណ្ដាប់​ធ្នាប់​ថៃ​ដូច​នេះ​ក្ដី​ ការ​អនុវត្ត​បទ​បញ្ជា​ជាក់​ស្ដែង​គឺ​មាន​ជាប់​ពាក់​ព័ន្ធ​នឹង​ការ​ចាប់​ខ្លួន និង​ការ​ជំរិត​ទារ​ប្រាក់ នេះ​បើ​យោង​តាមការ​ឲ្យ​ដឹង​ពី​កម្មករ​កម្ពុជា​ដែល​ស្ថិត​នៅ​ក្នុង​ប៉ុស្តិ៍​នគរ​បាល​ខេត្ត​ស្រះកែវ។

រឹម ឃីម អាយុ​២៥​ឆ្នាំ​បាននិយាយ​ថា គាត់​និង​អ្នក​នេសាទ​ចំនួន​៣៤​នាក់​ផ្សេង​ទៀត​ត្រូវ​បាន​ចាប់​ខ្លួន​នៅ​ក្នុង​ការ​ឆ្មក់ចូល​មួយ​ ដែល​ធ្វើ​ឡើង​ដោយ​ទាហាន​ថៃ​។ លោក ឃីម បាន​និយាយ​ថា ” ប្រសិន​បើ​យើង​នៅ​លើ​ទូក​ វា​មិន​អីទេ​។ ប៉ុន្តែ​យើង​បាន​ឡើង​លើ​ច្រាំង​ ហើយ​ពួកគេ​បាន​ចាប់​ខ្លួនយើង​”។ លោកបាន​បន្ត​ថា គ្មាន​ការ​ប្រើ​អំពើ​ហិង្សា​នោះទេ ប៉ុន្តែ​ទាហាន​ថៃ​បាន​ទារ​ប្រាក់​ចំនួន​៣.០០០​បាត​ (ប្រហែល​៩២​ដុល្លារ​) ក្នុង​ម្នាក់​ៗ​​ដើម្បី​ជា​ថ្នូរ​នឹង​ការ​ដោះ​លែង​។ គាត់​បា​ន​និយាយ​ទៀត​ថា ” ពួកគេ​បាន​ឲ្យ​ថៅកែ​របស់​​យើង​បង់​ប្រាក់​ជំនួស​កម្មករ ហើយ​បន្ទាប់​មកទៀត​ពួកគេ​បាន​យក​ប្រាក់​ទាំង​នោះ”។

ណុំ បូរ៉ា អាយុ​២៧​ឆ្នាំ ដែល​ជា​អ្នក​នេសាទ​ម្នាក់​ផ្សេង​ទៀត​បាន​ពន្យល់​ថា “ពួកគេ​បាន​យក​លុយ​ទាំង​នេះ​នៅពេល​ពួកគេ​កំពុង​ធ្វើ​ឯកសារ​ឲ្យ​ពួកយើង​”។

កម្មករ​ណា​ដែល​គ្មាន​ប្រាក់​​គ្រប់​គ្រាន់​ត្រូវ​បានទាហាន​ថៃ​​បង្ខំ​ឲ្យ​គ្រួសារ​របស់​ខ្លួន​នៅ​ក្នុង​ប្រទេស​កម្ពុជា​ផ្ញើ​​ប្រាក់​មក​។ លោក​ បូរ៉ា បាន​និយាយ​ថា គ្រួសា​រ​គាត់​បាន​ផ្ញើ​​ប្រាក់​ចំនួន​៤.៥០០​បាត​ (ប្រហែល​១៣៩​ដុល្លារ​) មក​ឲ្យ​គាត់​ដើម្បី​បង់​ឲ្យ​ទាហាន​ថៃ​។

នៅ​ សាវ៉ន អ្នក​រត់​តុ​អាយុ​៣៨​ឆ្នាំ​ដែ​ល​ត្រូវ​បាន​ចាប់​ខ្លួនជាមួយ​មនុស្ស​ចំនួន​ប្រាំនាក់​ផ្សេង​ទៀត​អំឡុង​ការ​ឆ្មក់​ចូល​ក្នុង​ភោជនីយដ្ឋាន ​ដែល​នាង​ធ្វើការ​បាន​និយាយ​ថា ​”ពួកគេ​ចាប់​ខ្លួន​គ្រាន់​តែ​ចង់​បាន​ប្រាក់​ប៉ុណ្ណោះ” ។ នៅ សាវ៉ន ត្រូវ​បាន​បង្ខំឲ្យ​បង់​ប្រាក់​៤.០០០​បាត​ (ប្រហែល​១២៣​ដុល្លារ)។ នៅ សាវ៉ន បាននិយាយ​ថា ” នៅពេល​យើង​កំពុង​ធ្វើការ​ យើង​ទុក​លុយ​របស់​យើង​ជាមួយ​ថៅកែ​ ប៉ុន្តែ​នៅពេល​ពួកគេ​ចាប់​ខ្លួន​យើង​ ទាហាន​បាន​យក​ប្រាក់​​នោះទាំង​អស់​”។

លោក ស ខេង រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​បាន​ថ្លែង​នៅ​ក្នុង​ពិធី​ប្រគល់​សញ្ញាបត្រ​មួយ​ក្នុង​រាជ​ធានីភ្នំពេញ​កាលពីម្សិលមិញ​ថា កម្មករ​កម្ពុជា​ចន្លោះពី​៣០០.០០០​ទៅ​៤០០.០០០នាក់​កំពុង​ធ្វើការ​នៅ​ក្នុង​ប្រទេស​ថៃ។

លោក​បាន​លើក​ឡើង​ថា រដ្ឋាភិបាល​យោធាថៃ​ត្រូវ​តែ​ទទួល​ខុស​ត្រូវ​ចំពោះ​ការ​បញ្ជូន​កម្មករ​យ៉ាង​ច្រើន​ពី​ប្រទេសថៃ​មក​ប្រទេស​កម្ពុជា​វិញ​ក្នុង​សប្ដាហ៍​នេះ​ ក្នុ​ង​នោះ​គេ​បាន​ឃើញ​កម្មករ​ចំណាក​ស្រុក​យ៉ាង​តិច​១៥០.០០០​នាក់​បាន​ឆ្លង​កាត់​ព្រំដែន​ ដោយសារ​តែ​ខ្លាច​មាន​ការ​ចាប់​ខ្លួន​។ កម្មករ​ចំណាក​ស្រុក​កម្ពុជា​យ៉ាង​តិច​ចំនួន​ប្រាំបីនាក់​បាន​ស្លាប់ និង​១៩​នាក់​ផ្សេង​ទៀត​បាន​រង​របួស​នៅ​ក្នុង​ហេតុការណ៍​គ្រោះ​ថ្នាក់​ចរាចរណ៍​មួយ​ចំនួន​ពេល​ភៀស​ខ្លួន។

លោក​បាន​មាន​ប្រសាសន៍​ថា ” ខ្ញុំគិត​ថា មេដឹកនាំ​រដ្ឋាភិបាល​យោធាថៃ​ត្រូវ​តែ​ទទួល​ខុស​ត្រូវ​ចំពោះ​បញ្ហា​ទាំង​អស់​ដែល​បាន​កើត​ឡើង រួ​មទាំង​ការ​បាត់​បង់​ជីវិត​ផង​ដែរ។ ទោះបីជា​ការ​ពិត​ពួកគាត់​ជា​កម្មករ​ខុស​ច្បាប់​ក្ដី​ ប៉ុន្តែ​បើ​ប្រៀប​ធៀប​ពីភាព​ខុស​ច្បាប់​ជាមួយ​នឹង​អាយុ​ជីវិត​របស់​មនុស្ស​ វាមិន​អាច​ប្រៀប​ធៀប​គ្នា​បាន​ទេ​។ អាយុ​ជីវិត​មនុស្ស​គឺវា​មាន​តម្លៃ​ខ្លាំង​​ណាស់”។

លោក ស ខេង បានមាន​ប្រសាសន៍​បន្ថែម​ថា “នៅ​ពេល​អនាគត​ ប្រសិន​បើ​ពល​រដ្ឋរបស់​យើង​ចង់​ទៅ​ធ្វើ​ការ​នៅ​ក្រៅ​ប្រទេស​ ខ្ញុំសូមអំពាវ​នាវ​ដល់ពួកគាត់​ថា សូម​កុំទៅ​ដោយ​ខុស​ច្បាប់”។ លោក​បាន​បន្ត​ទៀត​ថា “​ក្រសួង​មហាផ្ទៃត្រូវ​តែ​ទទួល​យក​ការរអ៊ូរទាំ​ពី​កម្មករ​ចំណាក​ស្រុក​ដែល​ថា ការ​ធ្វើ​លិខិត​ឆ្លង​ដែន​នៅ​កម្ពុជាមាន​តម្លៃ​ខ្ពស់​ ហើយ​លំបាក​នឹង​ទទួល​បាននោះ​។

នៅពេល​កម្មករ​ប្រហែល​៦០​នាក់​បាន​ចុះ​ពីលើ​រថយន្ត​ដែល​ធ្វើ​ដំណើរ​មក​ពី​ហួហ៊ីន​កាលពីម្សិលមិញ នគរ​បាល​ថៃ​បាន​ឲ្យ​ពួកគេ​តម្រង់ជួរ​ភ្លាមៗ​ ហើយ​បាន​ផ្ញើ​ឯកសារ​លម្អិត​សម្រាប់​ពួកគេ​។​នគរ​បាល​ថៃ​​បាន​រាប់​ឃើញ​ថា មាន​កម្មករ​ចំណាក​ស្រុក​កម្ពុជា​ចំនួន​៧៤.២៤១​នាក់​បាន​ត្រឡប់​មក​វិញ​បើ​គិត​មក​ត្រឹម​ថ្ងៃច័ន្ទ​ ហើយ​តួលេខ​នេះ​មាន​​ចំនួន​ទាប​ជាង​​តួលេខ​របស់​អាជ្ញាធរ​ក្រុង​ប៉ោ​យ​ប៉ែតឆ្ងាយណាស់​ ដែល​រាប់​ឃើញ​ថា មាន​កម្មករ​កម្ពុជា​ចំនួន​១៥១​.១៨០​នាក់​បាន​ត្រឡប់​មក​វិញ​នោះ។

នៅពេល​នគរ​បាល​បាន​បដិសេធ​មិននិយាយ​ជាមួយអ្នក​យកព័ត៌មាន​ ពួកគេ​បាន​អនុញ្ញាត​ឲ្យ​ធ្វើ​បទ​សម្ភាសជាមួយ​កម្មករ​ចំណាក​ស្រុក​ដែល​ត្រឡប់​មក​ប្រទេស​កម្ពុជាវិញ​។ នៅ​ពេល​អង្គុយ​យ៉ាង​ស្ងៀម​ស្ងាត់ក្នុង​ជួរ​ចំនួន​បី​ កម្មករ​ចំណាក​ស្រុក​បាន​និយាយ​ខ្សឹប​ៗ​ ខណៈ​នគរ​បាល​ថៃ​កំពុង​ដើរ​ចែក​ទឹក​សុទ្ធ។

ជា ជៀង អ្នក​រត់តុ​ម្នាក់​ដែល​ធ្វើការ​នៅ​ហួហ៊ីន ហើយ​ដែល​ស្ម័គ្រចិត្ត​​ប្រគល់​ខ្លួន​​ឲ្យ​អាជ្ញាធរ​មូល​ដ្ឋាន​បាន​និយាយ​ថា ” នៅ​ក្នុង​ស្ថាន​ភាព​ច្របូក​ច្របល់​ផ្នែក​នយោបាយ យោធា​បាន​មក​ចាប់​ខ្លួន​មនុស្ស​។ ពួកគេ​បាន​មក​ចុះ​បង្ក្រាប​នៅ​ក្នុង​ភោជនីយ​ដ្ឋាន​មួយ​ផ្សេង​ទៀត ហើយ​យើង​បាន​ឮថា ប្រសិន​បើ​យើង​រត់​ ពួកគេ​នឹង​បាញ់​យើង​។ ហេតុ​ដូច្នេះ​ហើយ​យើង​ខ្លាច​ណាស់។ ខ្ញុំ​គ្មាន​អ្វី​នោះទេ ដូច​ជា​ឯកសារ​ ឬលិខិត​ឆ្លង​ដែន​ជាដើម​ ហេតុដូច្នេះខ្ញុំ​ខ្លាច​ណាស់​។ ពួកគេ​បាន​ព្រមាន​ខ្ញុំ ទោះបីជា​ខ្ញុំ​និយាយ​ថៃ​ក៏ដោយ​ ខ្ញុំ​នឹង​នៅ​តែ​​ត្រូវ​ចាប់​ខ្លួន។ យើង​គ្មាន​ជម្រើស​នោះ​ទេ ហេតុដូច្នេះយើងបា​ន​ប្រគល់​ខ្លួន​ឲ្យ​យោធា​”។

អំឡុង​ពេល​នៅ​ប៉ុស្តិ៍​នគរ​បាល​ហួហ៊ីន នាង​បា​ន​និយាយ​ថា នាង​ហើយ​និង​អ្ន​ក​ផ្សេង​ទៀត​បាន​រង់​ចាំ​រហូត​ដល់ម៉ោង​២​រំលង​អធ្រាត្រ​នៅពេល​ត្រូវ​បាន​បញ្ជូន​ឡើង​លើ​រថយន្ត​ដឹក​កម្មករ​ ជាទីដែល​ពួក​នាង​​នឹង​ត្រូវ​ជាប់​នៅទីនោះ​រហូត​ដល់​ម៉ោង​៩​ព្រឹក​។

នាង​និយាយ​ដោយ​មាន​កាយវិការ​ញាក់​ស្មាថា “គេ​មិន​បានឲ្យយើង​​ឈប់​នៅកន្លែង​ណាមួយ​ឡើយ។ ប្រសិន​បើ​យើង​ត្រូវ​ទៅ​បង្គន់​ក៏ដោយ​ ក៏ពួកគេ​មិនឈប់​ឲ្យពួក​យើង​ដែរ​។ ហេតុ​ដូច្នេះ យើង​មាន​តែ​ទ្រាំ​រហូត​ដល់​ពួក​យើង​មក​ដល់ទីនេះ​”។

មិនដល់​១ម៉ោង​ផង ក្រុមកម្មករ​ដែល​ត្រូវ​បានដឹក​ពីហួហ៊ីន​មក ត្រូវ​បានបញ្ជូន​ឡើង​រថយន្ត​នគរ​បាល​ផ្សេង​ទៀត​ដែល​ដឹកពួកគេ​ទៅព្រំដែន។ ប៉ុន្តែ​ទោះបីជាយ៉ាង​ណា​ក៏ដោយ នគរ​បាល​ថៃ​ទំនង​ជា​បាន​ដឹ​ង​យ៉ាង​ច្បាស់​អំពី​អ្វី​ដែល​កម្មករ​ចំណាកស្រុកទាំង​នេះ​បាន​និយាយ។ មុនពេល​អនុញ្ញាត​ឲ្យ​​រថយន្ត​ដឹក​កម្មករ​មួយ​គ្រឿង​​ធ្វើ​ដំណើរ​ចាកចេញ​ មន្ត្រីថៃ​ដែល​គេ​មិន​បាន​ឃើញ​មួយ​រូប​​ត្រូវ​បាន​គេ​ឮស្រែក​ឡើង​ថា “កុំនិយាយ​អំពី​ការ​ដេញ​ចាប់​ និង​ការ​បាញ់​ប្រហារ​ដោយ​យោធា​ថៃ​ឲ្យសោះ”៕គឹមហឿន

(រាយការណ៍បន្ថែម​ដោយ ឃី សុវុឌ្ឍី)

 

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស