40.6 C
Phnom Penh

បុរសម្នាក់​ស្លាប់​ បន្ទាប់​​ពី​​ត្រូវ​បង្ខំឲ្យផឹក​​ថ្នាំ​សម្លាប់​សត្វល្អិត​​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

នគរបាល​​​បាន​ឲ្យដឹង​កាល​ពីម្សិលមិញថា ​មនុស្ស​ចំនួន​បួននាក់​​ដែល​គេ​ចោទថា​បាន​វាយ​​អ្នក​ក្បែរខាង​មា្នាក់​​របស់​​ខ្លួន​​ដោយ​ព្រនង់​​ឈើ​ និង​បង្ខំ​ឲ្យ​​គាត់​​ផឹក​​ថ្នាំ​សម្លាប់​សត្វល្អិត​​​ជុំវិញ​ជម្លោះ​​ព្រំដី​​​នៅ​ក្នុងខេត្ត​ត្បូងឃ្មុំ​ ត្រូវបាន​ចាប់​ខ្លួន​។

លោក ប៉េង ​អេងហាក់ អធិការ​នគរបាល​ស្រុក​មេមុត ​បានមាន​ប្រសាសន៍ថា ជនរង​គ្រោះ​​​​ឈ្មោះ ជា សុផុន អាយុ​​៣១ឆ្នាំ ​បាន​ស្លាប់ក្នុងមន្ទីរពេទ្យ​​មួយ​នៅប្រទេស​វៀតណាម​កាល​ពី​យប់​ថ្ងៃ​​ច័ន្ទ​ ​ដោយសារ​តែ​កា​រ​វាយ​ប្រហារនេះ​។

ជនសង្ស័យ​ទាំង​​អស់​នេះ មកពីគ្រួសារតែមួយ​។​ឈ្មោះ ឌឿន ព្រាម ​​អាយុ​២៧ឆ្នាំ​ ​និង​ប្រពន្ធ​​​​ឈ្មោះ ​សឿន ណន ​អាយុ​​៣៤ឆ្នាំ​ ប្អូនប្រុស​របស់​ប្រពន្ធ​រូបនេះឈ្មោះ សឿន មៀន ​​អាយុ​២៣ឆ្នាំ និងឪពុករបស់​ស្ត្រី​រូបនេះ​ឈ្មោះ ប៉ាចុង សឿន អាយុ​​៥៥ឆ្នាំ ត្រូវបាន​ចាប់​ខ្លួន​​កាល​ពី​ថ្ងៃ​អាទិត្យ​​នៅក្នុងចម្ការ​កៅស៊ូរបស់​ពួកគេ​។ ​សមាជិកគ្រួសារ​​នេះត្រូវបានចោទថាបាន​​​វាយប្រហារ​​ ជា សុផុន ​បន្ទាប់​ពីគាត់​​ឈ្លោះ​ប្រកែក​​ជាមួយ​អ្នកស្រី ណន ​នៅថ្ងៃនោះ។

លោក ​អេងហាក់ ​​​បានមាន​ប្រសាសន៍ថា “​ក្រោយមក ស្ត្រីរូបនេះ​បាន​ហៅ​ប្តី ប្អូន​ប្រុស​និង​ឪពុក​របស់​ខ្លួន។ ​​ពួកគេ​​បាន​យកព្រនង់ឈើ​ព្រួតគ្នា​​វាយ​លើ​រាងកាយ​របស់​​ជនរងគ្រោះ​​រហូត​ដល់គាត់​របួស​ធ្ងន់​​​”។ បន្ទាប់នោះ ​​ពួកគេ​បាន​យកខ្សែ​​​​ចង​​​ដៃ​និងជើង​​​របស់​ជន​រងគ្រោះជាប់​នឹង​ខ្ទម​​តូចមួយ​នៅក្នុងចម្ការកៅស៊ូ​។ ក្រោយមក ពួកគេ​​​បាន​បង្ខំ​​ឲ្យជងរងគ្រោះ​ផឹក​ថ្នាំសម្លាប់​សត្វល្អិត​ក្នុងការ​ប៉ុន​ប៉ង​សម្លាប់​ជន​រងគ្រោះ​”។

លោក បេង ឫទ្ធី នាយនគរបាល​​​ឃុំ​ជាំក្រវៀន ​បានមាន​ប្រសាសន៍ថា ​​ជម្លោះ​នេះ​​​បាន​កើតមាន​​​រយៈ​ពេល​​ជាង​​​មួយឆ្នាំ​មក​ហើយ​ នៅពេល​​​ជងរងគ្រោះ​​ដាំ​ដើម​ដំឡូងមី​នៅតាម​ព្រំ​​ដី​​របស់​​ពួកគេ។ លោក ឫទ្ធី បាន​បន្ថែមថា ​បន្ទាប់ពីការ​​វាយ​ប្រហារ​រួច ជន​រងគ្រោះ​​ត្រូវបាន​​​អ្នកភូមិ​ផ្សេង​ទៀត​ប្រទះឃើញ​ និង​បញ្ជូន​​ទៅមន្ទីរ​​ពេទ្យបង្អែកស្រុក​។ លោកបានមាន​ប្រសាសន៍ថា​ ” ​បន្ទាប់ពីនគរ​​បាល​​មូលដ្ឋាន​​ទទួល​បាន​​សេចក្តីរាយការណ៍​​ពី​អ្នកភូមិ​ នគរបាល​មូលដ្ឋាន​​​បានចុះទៅ​ដល់​កន្លែង​កើតហេតុ​ និងបាន​ឃើញ​​​ជងរងគ្រោះ​កំពុង​តែ​ក្អួត”។

“លក្ខណៈបែបនេះនាំឲ្យពួកគេជឿថា ​ជនរងគ្រោះ​​ពុល​ថ្នាំ​សម្លាប់​សត្វ​ល្អិត​។ នៅជិត​កន្លែង​កើតហេតុ​​នគរបាល​​ក៏បាន​រកឃើញ​​ព្រនង់​ឈើ​ប្រឡាក់​ឈាម​ និងដប​ថ្នាំសម្លាប់​សត្វ​ល្អិត​ទទេ។​​ជនរងគ្រោះ​​រងរបួសធ្ងន់​​នៅត្រង់​ក្បាល​​របស់ខ្លួន និងមាន​ស្នាម​​ជាំ​លើ​​រាងកាយ​​ផងដែរ​”។

លោក អេងហាក់ ​បានមាន​ប្រសាសន៍ថា ​បើទោះជា​បញ្ជូន​​ទៅ​ប្រទេសវៀតណាម​ដើម្បី​ព្យាបាល​​ក៏ដោយ ក៏​​ជនរងគ្រោះ​​បានស្លាប់​​​ដោយសារអ្វី​ដែល​វេជ្ជ​បណ្ឌិត​​​ជឿថា​​​ពុល​ដោយសារ​​ការ​ផឹក​ថ្នាំ​សម្លាប់​សត្វ​ល្អិត។

លោក ​អេងហាក់ ​បានមាន​ប្រសាសន៍ថា “បន្ទាប់​ពី​ពួកគេត្រូវបាន​ចាប់ខ្លួន​និងសាក​សួរ​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​​ ជន​សង្ស័យ​ទំាង​​អស់​បាន​សារភាព​​ថា ខ្លួន​​ពិតជាបាន​​​ធ្វើ​ឲ្យ​ជន​រងគ្រោះ​​របួស​​ធ្ងន់​ធ្ងរ​មែន​ ហើយថា ​​ពួកគេបាន​​យកខ្សែចង​​ដៃនិង​​ជើង​គាត់​”។ទោះជាយ៉ាងណា ​ពួកគេបាន​បដិសេធ​​​ថាមិនបាន​បំពុល​​​ជងរងគ្រោះទេ​។

លោក​ កែវ សំនៀង អធិការរង​នគរ​បាលស្រុក​​បានមាន​ប្រសាសន៍ថា ​​ជនសង្ស័យ​​ត្រូវ​បាន​​បញ្ជូន​ទៅកាន់​ស្នងការ​ដ្ឋាននគរបាល​ខេត្ត​​កាល​ពីម្សិលមិញ​​ដើម្បី​​ធ្វើការ​សាកសួរ​បន្ថែម​​ទៀត​។

លោក ហួត វុទ្ធី ព្រះរាជអាជ្ញា​​អម​សាលាដំបូងខេត្ត​កំពង់ចាម​បានមាន​ប្រសាសន៍ថា ឯកសារ​​ទាក់ទងនឹងសំណុំរឿង​នេះ ​បានមក​ដល់​សាលាដំបូង​​ខេត្តហើយ​កាលពី​រសៀល​ម្សិល​មិញ​ ហើយជនសង្ស័យ​នឹង​ត្រូវ​បញ្ជូន​​ទៅ​តុលាការ​​នាថ្ងៃនេះ​​ដើម្បីប្រឈម​នឹង​ការ​ចោទប្រកាន់​៕​ប៊ុននី​​​​​​​

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស