សាកសពបុរសខ្មែរម្នាក់ដែលបានស្លាប់នៅពេលគាត់លោតចេញពីទូកនេសាទនៅក្នុងប្រទេសថៃដើម្បីគេចពីការចាប់ខ្លួនអំឡុងពេលមានការបង្ក្រាបលើពលករចំណាកស្រុកខុសច្បាប់នោះ ត្រូវបានបញ្ជូនមកដល់ប្រទេសកម្ពុជាតាមច្រកទ្វារអន្តរជាតិចាំយាមនៅក្នុងខេត្តកោះកុងហើយកាលពីថ្ងៃច័ន្ទ។
ការស្លាប់នេះបានធ្វើឲ្យពលករចំណាកស្រុកខ្មែរមានចំនួនរហូតដល់៩នាក់ហើយដែលបានស្លាប់នៅក្នុងប្រទេសថៃចាប់តាំងពីថ្ងៃអាទិត្យមក នៅពេលទាហានថៃដាក់សម្ពាធទៅលើពលករខុសច្បាប់ និងក្រុមហ៊ុននានាដែលជួលពួកគេ បន្ទាប់ពីការផ្តួលរំលំរដ្ឋាភិបាលថៃកាលពីខែមុន។
ទាហានថៃបានបដិសេធថាមិនបានព្យាយាមបណ្តេញពលរដ្ឋខ្មែរចេញឡើយ។ ប៉ុន្តែបើតាមការរាប់ចំនួនផ្លូវការរបស់រដ្ឋាភិបាលកម្ពុជា ពលករជាង១៥០.០០០នាក់បានសម្រុកត្រឡប់មកស្រុកកំណើតវិញចាប់តាំងពីចុងសប្តាហ៍មុន គឺមានចំនួនច្រើនជាងឆ្នាំធម្មតា។
លោក ដុំ សារ៉ន ប្រធានរដ្ឋបាលច្រកទ្វារអន្តរជាតិចាំយាមបានមានប្រសាសន៍ថា ឯម អុឹម អាយុ៣៩ឆ្នាំ និងពលករខ្មែរប្រាំនាក់ទៀតដែលធ្វើការខុសច្បាប់នៅលើទូកនេសាទថៃបានលោតចេញពីទូកកាលពីថ្ងៃសុក្រ ដោយសង្ឃឹមថា នឹងគេចពីការចាប់ខ្លួនដោយទាហានថៃ។ លោកបានមានប្រសាសន៍ថា ព័ត៌មាននេះគឺទទួលបានពីសេចក្តីរាយការណ៍របស់នគរបាលថៃដែលបានមកជាមួយសាកសព ឯម អុឹម ឆ្លងព្រំដែនកាលពីល្ងាចថ្ងៃច័ន្ទ។
លោក សារ៉ន បានពន្យល់ថា សេចក្តីរាយការណ៍នេះបានអះអាងថា ឯម អុឹម បានលង់ទឹកស្លាប់ ប៉ុន្តែលោកមិនបានពន្យល់ថាដោយសារមូលហេតុអ្វីនោះទេ ហើយលោកបានបន្ថែមថា ពលករប្រាំនាក់ទៀតកំពុងត្រូវឃុំខ្លួននៅក្នុងប្រទេសថៃនៅឡើយ។ លោកបានមានប្រសាសន៍ថា “ឯម អុឹម បានស្លាប់ដោយសារលោតចូលក្នុងទឹក ពីព្រោះគាត់ខ្លាចនគរបាលថៃចាប់ខ្លួន ពីព្រោះគាត់បានទៅធ្វើការនៅប្រទេសថៃដោយខុសច្បាប់”។
លោកបានបន្ថែមថា អាជ្ញាធរមូលដ្ឋានបានបូជាសព ឯម អុឹម នៅថ្ងៃនោះតាមសំណើរបស់ប្រពន្ធគាត់នៅក្នុងខេត្តកំពង់ចាម ដែលបានប្រាប់ពួកគេថា អ្នកស្រីមិនអាចរកប្រាក់ធ្វើបុណ្យបានឡើយ។
ខណៈដែលច្រកទ្វារអន្តរជាតិប៉ោយប៉ែតទៅទិសខាងជើងមានពលករសម្រុកចាកចេញច្រើនដោយសារតែស្ថានការណ៍ថ្មីៗនៅក្នុងប្រទេសថៃ ក៏មានពលករខ្មែររាប់រយ ឬអាចរាប់ពាន់នាក់មកតាមច្រកទ្វារចាំយាមដែរ។
លោក សារ៉ន មិនដឹង ថាតើមានពលករចំនួនប៉ុន្មាននាក់បានវិលត្រឡប់មកតាមច្រកទ្វារនេះចាប់តាំងពីស្ថានការណ៍នេះបានចាប់ផ្តើមកាលពីសប្តាហ៍មុនឡើយ ប៉ុន្តែលោកបានមានប្រសាសន៍ថា យ៉ាងហោចណាស់ពលករ១.៣០០នាក់បានឆ្លងកាត់ចាប់ពីថ្ងៃអាទិត្យដល់ព្រឹកម្សិលមិញ។
លោក នាង បូរ៉ាទីណូ អ្នកសម្របសម្រួលអង្គការសិទ្ធិមនុស្សអាដហុកប្រចាំខេត្តកោះកុងបានបូកសរុបពីថ្ងៃអាទិត្យដល់ថ្ងៃម្សិលមិញគឺមានចំនួនជាង១.៥០០នាក់ ហើយលោកប៉ាន់ប្រមាណថា ប្រហែល១៥ភាគរយជាអ្នកនេសាទ។
លោកបានមានប្រសាសន៍ថា ច្រកទ្វារអន្តរជាតិចាំយាមនៅថ្ងៃធម្មតាគឺមានពលករខ្មែរប្រហែល៥០នាក់ប៉ុណ្ណោះឆ្លងកាត់។ លោកបានមានប្រសាសន៍ថា “ពួកគេមួយចំនួននិយាយថា ពួកគេបានឃើញទាហានថៃ ឬនគរបាលថៃសុំឲ្យពួកគេឡើងជិះរថយន្ត ហើយបញ្ជូនពួកគេមកព្រំដែន។ មួយចំនួនទៀតនិយាយថា ពួកគេគ្រាន់តែឮពាក្យចចាមអារ៉ាមថា ទាហានថៃនឹងចាប់ខ្លួនពួកគេ ដូច្នេះហើយបានជាពួកគេត្រឡប់មកវិញដោយខ្លួនឯង”។
នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែតឯណោះវិញ លោកបានមានប្រសាសន៍ថា អាជ្ញាធរមូលដ្ឋានបានផ្តល់អាហារ និងជម្រកបណ្តោះអាសន្នដល់ពលករដែលវិលត្រឡប់មកវិញ ហើយជួយសម្រួលដល់ការវិលត្រឡប់ទៅស្រុកកំណើតរបស់ខ្លួនវិញ៕សារុន