ការរកសីុកាក់កបយ៉ាងខ្លាំងសម្រាប់អ្នកទទួលភ្នាល់ការប្រកួតបាល់ទាត់ ហ្វីហ្វាវើលខាប់នៅទូទាំងរាជធានីភ្នំពេញនៅសប្តាហ៍នេះ ទោះបីជាមន្ត្រីនគរបាលអះអាងថា ខ្លួនមានផែនការបញ្ឈប់រាល់សកម្មភាពភ្នាល់ខុសច្បាប់សម្រាប់ការប្រកួតនេះក្តី។
ក្រដាសភ្នាល់បាល់ត្រូវបានគេកាន់បង្ហាញព្រោងព្រាតនៅឯហាងកាហ្វេមួយមានមនុស្សច្រើនកុះករនៅចំណុចកាច់ជ្រុងនៃផ្លូវលេខ៦៣ និងផ្លូវលេខ២៨២កាលពីល្ងាចថ្ងៃច័ន្ទ ខណៈដែលក្រដាសភ្នាល់មួយថង់ចងព្យួរនៅខាងមុខហាងលក់គ្រឿងអេឡិចត្រូនិកយីហោ “៣៤៤” ស្ថិតនៅតាមបណ្តោយមហាវិថីព្រះមុនីវង្ស ដោយមានអ្នកទទួលភ្នាល់ម្នាក់អង្គុយនៅក្បែរនោះ។
ទោះបីជាអាជ្ញាធរមិនសូវអើពើនឹងការបំពានច្បាប់ប្រឆាំងល្បែងសីុសងក្តី ក៏មនុស្សចំនួន១៣នាក់ត្រូវបានចាប់ខ្លួនអំឡុងការឆ្មក់ចូលបង្ក្រាបហាងកាហ្វេអីុនធើណិតមួយកន្លែងកាលពីថ្ងៃច័ន្ទ ហើយមនុស្សបីនាក់ទៀតត្រូវបានឃាត់ខ្លួននៅក្នុងប្រតិបត្តិការឆ្មក់បង្ក្រាបដាច់ដោយឡែកមួយក្នុងក្រុងស្វាយរៀងនៅថ្ងៃដដែលនេះ។
លោក ជួន ណារិន ស្នងការរងរាជធានីភ្នំពេញបានមានប្រសាសន៍កាលពីម្សិលមិញថា ទំហំនៃការឆ្មក់បង្ក្រាបហាងកាហ្វេអីុនធើណិតដែលស្ថិតនៅជាយរាជធានីភ្នំពេញនេះ បង្ហាញឲ្យឃើញពីកិច្ចខិតខំប្រឹងប្រែងរបស់នគរបាលក្នុងការបង្ក្រាបក្រុមលេងល្បែងសីុសងខុសច្បាប់។
លោកបានមានប្រសាសន៍ទៀតថា ” អស់លោកគិតថា នេះគឺជាកន្លែងតូចឬ? ខ្ញុំជាអ្នកបញ្ជាផ្ទាល់ឲ្យបង្ក្រាបហាងនេះ ហើយយើងបានដកហូតបានកុំព្យូទ័រ១៣គ្រឿង “។ ប៉ុន្តែ នៅកន្លែងផ្សេងទៀតក្នុងរាជធានីភ្នំពេញ នគរបាលហាក់ដូចជាមិនសូវមានការប្តេជ្ញាចិត្តក្នុងការទប់ស្កាត់អ្នកភ្នាល់មិនឲ្យភ្នាល់ឡើយ។
លោក ចិន្តា អាយុ៣៥ឆ្នាំដែលបង្ហាញក្រដាសភ្នាល់បាល់ ហើយជ្រើសរើសគូប្រកួតនៅកណ្តាលវាលចែសតាមបណ្តោយផ្លូវលេខ៦៣ដែលមានសភាពអ៊ូអរកាលពីល្ងាចថ្ងៃច័ន្ទ និយាយថា គាត់គ្មានការព្រួយបារម្ភអំពីការចាប់ខ្លួនទេ។ បុរសរូបនេះនិយាយទៀតថា “ខ្ញុំមិនព្រួយបារម្ភទាល់តែសោះ ពីព្រោះអ្នកទទួលភ្នាល់មានខ្នងបង្អែកនៅពីក្រោយពួកគេ។ ទាល់តែចាប់អ្នកទទួលភ្នាល់ ទើបអាចបញ្ឈប់ការភ្នាល់បាន”។
ឧត្តមសេនីយ៍ត្រី ខេង ទីតូ អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានបដិសេធថា នគរបាលមិនមែនមិនយកចិត្តទុកដាក់លើការភ្នាល់បាល់វើលខាប់ខុសច្បាប់នោះទេ ដោយលោកបន្ទោសមន្ត្រីថ្នាក់ក្រោមដែលមិនអនុវត្តច្បាប់។
លោកបានមានប្រសាសន៍ទៀតថា “ប្រហែលជាមានការភ្នាល់លួចលាក់ខ្លះ ប៉ុន្តែ ពេលខ្លះវាអាស្រ័យលើមន្ត្រីថ្នាក់ក្រោម។ ប្រសិនបើ ពួកគេមិនបំពេញភារកិច្ចរបស់ខ្លួន ហើយមិនរាយការណ៍ទេនោះ យើងមិនអាចធ្វើអ្វី បានឡើយ។ យើងនឹងបង្ក្រាប ប្រសិនបើមានភ័ស្តុតាងបង្ហាញពីបទល្មើស”៕សុខុម