36 C
Phnom Penh

សព​ទាហាន​ថែរក្សា​សន្តិភាព​កម្ពុជា​​នឹង​ត្រូវ​ធ្វើ​មាតុភូមិ​និវត្តនៅ​​ថ្ងៃ​នេះ​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

យោងតា​ម​មន្ត្រី​រដ្ឋាភិបាល​ជាន់​ខ្ពស់​ម្នាក​់​បាន​ឲ្យ​ដឹង​ថា សពរបស់​ទាហាន​ថែរក្សា​សន្តិភាព​កម្ពុជា​ចំនួន​ពីរ​នាក់​ ដែល​បាន​បាត់​បង់​ជីវិត​កាលពី​សប្ដាហ៍មុន អំឡុង​ពេល​បំពេញ​ការ​ងារនៅ​ក្នុង​បេសកកម្ម​រក្សា​សន្តិភាព​របស់​អង្គការ​សហ​ប្រជាជាតិ​ក្នុង​ប្រទេស​ម៉ាលី​ នឹង​ត្រូវ​ធ្វើ​មាតុភូមិ​និវត្តនៅ​ក្នុង​ថ្ងៃនេះ​។

លោក មាឃ សេរីវឌ្ឍនា អាយុ​២៦​ឆ្នាំ និង​លោក នី ណុល អាយុ​៣២​ឆ្នាំ​បាន​ស្លាប់​ដោយ​សង្ស័យ​ថា ពុល​អាហារ​កាលពីថ្ងៃ​ទី១០ ខែមិថុនា នៅ​ក្នុង​ប្រទេស​ដែល​ស្ថិត​នៅ​តំបន់​អាហ្វ្រិក​ខាង​លិច​មួយនេះ​​។ ទាហាន​ថែរក្សា​សន្តិភាព​ទាំង​ពី​រនាក់​នេះ​ គឺ​ជា​ទាហាន​ដែល​ស្ថិត​នៅ​ក្នុង​កង​រក្សា​សន្តិភាពកម្ពុជា​ចំនួន​៣០៩​នាក់​ ដែល​ត្រូវ​កង​យោធពល​ខេមរភូមិន្ទ​បញ្ជូន​ឲ្យ​ទៅជួយ​រក្សា​ស្ថិរភាព​នៅ​ក្នុង​ប្រទេស​ម៉ាលី​ តាមរយៈជំនាញ​ខាង​វិស្វកម្ម និង​ដោះមីន​របស់​ពួកគេ។

ឧត្តម​សេនីយ៍ ឈុំ សុជាតិ អ្នកនាំពាក្យកង​​យោធពល​ខេមរភូមិន្ទ​បាន​មាន​ប្រសាសន៍​ថា “ទាហាន​ទំាងពីរ​នាក់​របស​់​យើង​ដែល​បាន​ស្លាប់​នៅ​​ប្រទេស​ម៉ាលី​ នឹងត្រូវ​ធ្វើ​មាតុ​ភូមិ​និវត្ត​មក​វិញ​នៅ​ថ្ងៃទី១៨ ខែមិថុនា”។

រីឯឧត្តម​សេនីយ៍​ សែម សុវណ្ណី អគ្គនាយក​នៃ​មជ្ឈមណ្ឌលជាតិ​សម្រាប់​​កង​កម្លាំង​រក្សា​សន្តិភាព​ បាន​លើក​ឡើង​កាលពី​សប្ដាហ៍មុន​ថា សព​របស់​ទាហាន​ទាំងពីរ​នាក់​នេះ​នឹង​ត្រូវ​ធ្វើ​កោសល្យ​វិច័យ​មុន​ពេល​ធ្វើ​មាតុភូមិ​និវត្ត ប៉ុន្តែ​លោក​ អូលីវីយេ សាលហ្គាដូ (Olivier Salgado) អ្នកនាំពាក្យ​នៃ​បេសកកម្ម​រក្សា​សន្តិភាព​របស់​អង្គការ​សហប្រជាជាតិ​នៅ​ក្នុង​ប្រទេស​ម៉ាលី បាន​ឲ្យ​ដឹង​ថា រដ្ឋាភិបាល​កម្ពុជា​បាន​ស្នើ​សុំ​ឲ្យ​មាន​ការ​ធ្វើ​មាតុភូមិ​និវត្ត​​សព​របស់​ទាហាន​ទាំង​ពីរ​នាក់​នេះ​ដោយ​មិន​ចាំបាច់​ធ្វើ​កោសល្យ​វិច័យ​។

លោក​ សាលហ្គាដូ បាន​លើក​ឡើង​តា​ម​រយៈ​​អុីម៉េលថា ” រដ្ឋាភិបាល​កម្ពុជា​ចង់​ទុក​ឱកាស​ធ្វើ​កោសល្យ​វិច័យ​ដោយ​ខ្លួន​ឯង​”។ ឧត្តម​សេនីយ៍​ សុជាតិ បាន​ឲ្យ​ដឹង​ថា លោក​មិន​ដឹង​អំពីការ​ស្នើ​បែប​នេះទេ​”៕ គឹមហឿន​​​​​​​​​​

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស