អង្គការសិទ្ធិមនុស្សក្នុងស្រុកមួយ ដែលកាលពីសប្តាហ៍មុនបានចុះផ្សាយការរាយការណ៍របស់សាក្សីដែលអះអាងថា ពលករខ្មែរចំនួនប្រាំបួននាក់ត្រូវយោធាថៃបាញ់សម្លាប់ បាននិយាយកាលពីម្សិលមិញថា ខ្លួនបានបាត់ទំនាក់ទំនងជាមួយសាក្សីទាំងនោះហើយ។
កាលពីថ្ងៃពុធសប្តាហ៍មុន អង្គការអាដហុកបានលើកឡើងនៅក្នុងសេចក្តីថ្លែងការណ៍ថា ខ្លួន “មានការព្រួយបារម្ភយ៉ាងខ្លាំងចំពោះការរាយការណ៍របស់សាក្សីប្រាប់អ្នកសើុបអង្កេតរបស់អង្គការអាដហុកអំពីការសម្លាប់ពលករខ្មែរចំណាកស្រុករហូតដល់ទៅប្រាំបួននាក់ពីសំណាក់កងកម្លាំងប្រដាប់អាវុធថៃ ដែលជាផ្នែកមួយនៃយុទ្ធនាការរបស់រដ្ឋាភិបាលយោធា ដើម្បីបណ្តេញពលករចំណាកស្រុកខុសច្បាប់ ដែលធ្វើការនៅក្នុងប្រទេសនេះ”។
ទោះជាយ៉ាងណា កាលពីម្សិលមិញ លោក ធន សារាយ ប្រធានអង្គការអាដហុកបានមានប្រសាសន៍ថា សាក្សីទាំងបីនាក់នោះបានបាត់ទំនាក់ទំនងហើយ។ លោកមានប្រសាសន៍បន្តទៀតថា “ពួកគេបានធ្វើដំណើរទៅស្រុកកំណើតរបស់ខ្លួននៅតាមបណ្តាខេត្តហើយហើយពួកគេគ្មានសីុមកាតទេ ដូច្នេះហើយធ្វើឲ្យមានការពិបាកទាក់ទងទៅពួកគេយ៉ាងខ្លាំង។ ទន្ទឹមនឹងនេះដែរ អ្នកខ្លះក្នុងចំណោមពួកគេចង់វិលត្រឡប់ទៅប្រទេសថៃវិញ ដូច្នេះហើយពួកគេមិនចង់ឲ្យផ្សព្វផ្សាយរឿងនេះឡើយ”។
ពលករខ្មែរចំណាកស្រុកជាង១៥០.០០០នាក់បានភៀសខ្លួនពីប្រទេសថៃ ដោយឆ្លងដែនមកកាន់កម្ពុជាវិញចាប់តាំងពីយោធាបានឡើងកាន់អំណាចកាលពីចុងខែឧសភាមក។
ខណៈដែលគ្មានជនរងគ្រោះណាម្នាក់ក្នុងអំពើហិង្សាបង្កដោយរដ្ឋាភិបាលយោធាថៃមិនបានចេញមុខបកស្រាយនោះ កាកបាទក្រហមកម្ពុជាបានធ្វើសេចក្តីរាយការណ៍កាលពីម្សិលមិញថា ខ្លួនក៏ទទួលបានដំណឹងដែរថា ពលករខ្មែរចំណាកស្រុកបានប្រឈមតតាំងជាមួយទាហានថៃ។
លោក អ៊ុយ សំអាត ប្រធាននាយកដ្ឋានគ្រប់គ្រងគ្រោះមហន្តរាយនៃកាកបាទក្រហមកម្ពុជាបានមានប្រសាសន៍ថា បន្ទាប់ពីពលករខ្មែរចាប់ផ្តើមរត់ភៀសខ្លួនពីប្រទេសថៃ ម្ចាស់រោងចក្រមួយចំនួនបានចាប់បង្ខាំងកម្មកររបស់ខ្លួន។
លោកបានមានប្រសាសន៍ទៀតថា “ពេលខ្លះយោធាថៃចុះឆែកឆេរតាមរោងចក្ររកមើលពលករខ្មែរ ហើយបង្ខំឲ្យពួកគេចាកចេញ។ នេះគឺជាពេលដែលពួកគេវៃ៉គ្នា។ ខ្ញុំមិនដឹងអំពីការរងរបួសរបស់ពលករខ្មែរទេ ប៉ុន្តែ ពួកគេពិតជាបានវ៉ៃគ្នាមែន”។
លោក ផាកឌី ទូឆៃយុទ្ធ ឯកអគ្គរាជទូតថៃប្រចាំកម្ពុជាបានមានប្រសាសន៍ថា លោកកំពុងរង់ចាំរបាយការណ៍លម្អិតពីអង្គការអាដហុក មុនពេលចាត់វិធានការបន្ថែមទៀត។
លោកមានប្រសាសន៍ថា ” ខ្ញុំបានទាក់ទងទៅអាជ្ញាធរថៃរួចហើយ ហើយគ្មានសេចក្តីរាយការណ៍អំពីរឿងនោះ [ពលករខ្មែរប្រាំបួននាក់ស្លាប់] ទេ”។ លោកបានមានប្រសាសន៍ទៀតថា របាយការណ៍លម្អិតពីអង្គការអាដហុក នឹងជួយធ្វើឲ្យការសើុបអង្កេតរបស់លោកលើសេចក្តីរាយការណ៍អំពីការស្លាប់នេះកាន់តែច្បាស់។
ពាក់ព័ន្ធនឹងសេចក្តីរាយការណ៍ដែលថា ពលករខ្មែរដែលត្រូវបានចាប់បង្ខាំងនៅតាមរោងចក្រត្រូវយោធាប្រមូលផ្តុំចាប់ខ្លួន លោក ផាកឌី ទូឆៃយុទ្ធ បានមានប្រសាសន៍ថា “យើងមិនធ្វើរឿងបែបនោះទេ។ ពលករខ្មែរមានសារៈសំខាន់ចំពោះសេដ្ឋកិច្ចថៃ”។
លោក ធន សារាយ បានមានប្រសាសន៍ថា អង្គការអាដហុកនឹងដាក់ជូនរបាយការណ៍ពេញលេញដែលមានខ្សែអាត់សំឡេងរបស់សាក្សី ទោះបីជាស្វែងរកសាក្សីទាំងនោះឃើញ ឬមិនឃើញក៏ដោយ។
លោកបានមានប្រសាសន៍បន្ថែមទៀតថា ” យើងមិនចង់បង្កបញ្ហារវាងប្រទេសទាំងពីរទេ ប៉ុន្តែ ទាំងនេះគឺជាការលើកឡើងរបស់សាក្សី។ ហើយនៅក្នុងសេចក្តីថ្លែងការណ៍នេះយើងមិនបញ្ជាក់ថា វាពិតជាបានកើតឡើងមែននោះទេ យើងគ្រាន់តែនិយាយថា យើងទទួលបានព័ត៌មាននេះពីសាក្សីប៉ុណ្ណោះ”៕សុខុម