40.6 C
Phnom Penh

អ្នក​ភូមិ​ជន​ជាតិ​ភាគតិច​ព្នង​​ដែលមាន​​វិវាទដីធ្លី​មក​ដាក់ញត្តិ​នៅ​រាជធានីភ្នំពេញ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

តំណាង​ប្រហែល​១២នាក់​របស់​អ្នក​ភូមិ​ជន​ជាតិ​ភាគតិច​ព្នង​ប្រមាណ២០០នាក់​ដែល​បាន​ចោទប្រកាន់​ក្រុមហ៊ុន​ចម្ការ​កៅស៊ូ​មួយ​ថាបាន​រំលោភ​យក​ដី​ដូនតា​របស់ពួកគាត់​នៅក្នុង​ខេត្ត​ក្រចេះ​បាន​មកដល់​រាជធានីភ្នំពេញកាលពី​ម្សិលមិញ​ដើម្បីសុំឲ្យ​លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន និងអង្គការ​សហប្រជាជាតិ​ជួយ។

ពួកគាត់​បាន​ប្រគល់​ញត្តិទៅ​តំណាង​ខុទ្ទកាល័យ​លោក​នាយក​រដ្ឋមន្ត្រី​​ ហ៊ុន សែន និង​លោក សុរិយា ស៊ូបេឌី ប្រេសិត​​សិទ្ធិមនុស្ស​អង្គការ​សហប្រជាជាតិដែលមក​បំពេញទស្សនកិច្ច​នៅប្រទេស​កម្ពុជា។

គ្រួសារ​អ្នកភូមិ​លើក​ឡើង​ថា ពួកគាត់​បានប្រើប្រាស់​ដីដែលមានវិវាទ​ទំហំ​១៥០​ហិកតា​ច្រើន​ជំនាន់​មកហើយ​ដើម្បី​ធ្វើស្រែចម្ការ​និងសម្រាប់ជា​កន្លែង​កប់សព ហើយ​បាន​​ចោទ​ប្រកាន់​ក្រុមហ៊ុន​ Dau TuSaigon-Binh Phuoc ពីបទ​ឈូសឆាយដីនេះកាលពី​ខែ​មីនា។

លោក ខុម ញ៉ោម តំណាង​អ្នកភូមិម្នាក់​បាន​និយាយថា អាជ្ញាធរ​ក្នុងស្រុក​ចិត្របុរី​សុខ​ចិត្ត​ផ្តល់​ប័ណ្ណ​កម្មសិទ្ធិដីរួម​ដល់​គ្រួសារ​ទាំង​នេះ​នៅជាប់នឹង​ដីទំហំ​៤៥០ហិកតា​ ប្រសិន​បើ​ពួកគាត់​លះបង់​តំបន់ដែលមានវិវាទនេះ ប៉ុន្តែ​គ្រួសារ​អ្នកភូមិ​បាន​បដិសេធ។

លោក ញ៉ោម បាន​និយាយថា ការ​បាត់​បង់​ដី​ទំហំ​១៥០ហិកតា “​មាន​ផល​ប៉ះពាល់​យ៉ាង​ខ្លាំង​ដល់ប្រពៃណី​របស់យើង​ ពីព្រោះ​យើង​ប្រើប្រាស់​តំបន់នេះ​សម្រាប់​កប់សព និង​ផ្គត់​ផ្គង់​ជីវ​ភាពរបស់យើង”។

អួន អុិន ជា​តំណាង​ម្នាក់ទៀត​​បាន​និយាយថា “យើង​ចង់​ឲ្យ​ពួកគេ​ប្រគល់ដី​ឲ្យ​ពួកយើង​វិញដើម្បី​គ្រាន់​មាន​​ស្មៅ​​ទុក​ឲ្យ​សត្វ​ពាហនៈស៊ី និង​ដើម្បី​រក្សា​ប្រពៃណីរបស់យើង​។ យើង​គ្រាន់តែចង់​បាន​ដីយើង​មក​វិញប៉ុណ្ណោះ យើង​មិន​ត្រូវ​ការ​សំណងឡើយ”។

លោក គង់ ចំរើន តំណាង​ខុទ្ទកាល័យ​លោក ហ៊ុន សែន បានមក​ជួប​អ្នក​ភូមិ​នៅ​សួន​មុខ​វត្តបទុម​ ហើយ​បាន​ទទួលយក​ញត្តិ​របស់ពួកគាត់ដោយ​សន្យាថា នឹង​ពាំនាំ​ការ​ត្អូញត្អែរ​របស់​ពួកគាត់​ទៅ​ប្រាប់​ចៅហ្វាយ​របស់ខ្លួន​។

បន្ទាប់មក ក្រុមអ្នកភូមិ​បានទៅកាន់​ទីស្នាក់ការ​ប្រចាំប្រទេស​នៃ​ការិយាល័យ​ឧត្តម​ស្នង​ការ​​សហប្រជាជាតិ​ទទួលបន្ទុក​សិទ្ធិមនុស្ស​ដែលពួកគាត់ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ជួប​លោក ស៊ូបេឌី​ មួយ​ភ្លែត។

ក្រុមអ្នកភូមិ​បាន​និយាយថា ប្រេសិតសិទ្ធិមនុស្ស​រូបនេះបាន​មាន​ប្រសាសន៍ថា លោក​នឹង​លើក​ឡើង​អំពី​ករណី​របស់ពួកគាត់​អំឡុង​ជំនួប​របស់លោកនៅពេល​ខាងមុខ​ជាមួយ​ក្រុម​មន្ត្រី​រដ្ឋាភិបាល។

ក្រុមហ៊ុន​បាន​បដិសេធថា មិន​បាន​​ធ្វើ​អ្វី​ខុស​លើ​គ្រួសារ​អ្នកភូមិ​ទេ។ លោក ទិត្យ តាទៀ មន្ត្រី​ទំនាក់​ទំនង​នៅ​ក្រុមហ៊ុន​ Dau TuSaigon បាន​មាន​ប្រសាសន៍ថា​ ក្រុមហ៊ុន​ទទួលបានដីសម្បទាន​ទំហំ​៦.៤៣៤ហិកតា​សម្រាប់ដាំកៅស៊ូកាលពី​ឆ្នាំ​២០០៨។

លោក​បានមាន​ប្រសាសន៍ថា ក្រុមហ៊ុន​បាន​ប្រកាន់​ខ្ជាប់តាម​ការ​សន​្យាថា នឹង​មិន​អភិវឌ្ឍ​ដីមួយ​ផ្នែក​ទំហំ​៥០០ហិកតា​​ដែលទាមទារសិទ្ធិកាន់កាប់​ដោយ​ក្រុម​អ្នកភូមិ​មូលដ្ឋាន​ឡើយ​រហូត​ដល់​ទំនាស់​នេះត្រូវ​បាន​ដោះស្រាយរួច​រាល់​ ហើយ​បាន​ចោទ​ប្រកាន់​គ្រួសារ​អ្នកភូមិ​ដែល​ឥឡូវ​នេះ​ទាមទារសិទ្ធិកាន់កាប់ដីទំហំ​១៥០ហិកតា ថាកំពុង​ព្យាយាម​ចង់បាន​ដី​លើសពី​អ្វីដែលពួកគាត់​មាន​សិទ្ធិ​កាន់កាប់។ លោក​បានមាន​ប្រសាសន៍ថា “​យើង​មិន​បាន​បំផ្លាញឬ​ឈូសឆាយ​ដីស្រែរបស់​ពួក​គាត់​ឡើយ”៕សារុន​​

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស