ក្រុមមន្ត្រីនៅតាមព្រំដែនថៃបាននិយាយកាលពីម្សិលមិញថា ឥឡូវនេះពលករខ្មែរចំណាកស្រុកប្រហែល១៨០.០០០នាក់បានវិលត្រឡប់មកដល់ស្រុកកំណើតរបស់ខ្លួនវិញហើយ ចាប់តាំងពីការចាប់ផ្តើមសម្រុកចាកចេញរបស់ពលករចំណាកស្រុកក្នុងចំនួនដ៏ច្រើនពីប្រទេសថៃកាលពីសប្ដាហ៍មុន ប៉ុន្តែគេបានកត់សម្គាល់ថា ការឆ្លងព្រំដែនបានថយចុះច្រើន។

អ្នកដែលវិលត្រឡប់មកវិញភាគច្រើននិយាយថា ពួកគេបានរត់ចោលការងារក្នុងប្រទេសថៃដោយមានពាក្យចចាមអារ៉ាមថា ពួកគេគឺជាគោលដៅនៃការចាប់ខ្លួនពីសំណាក់ទាហានថៃ ដែលបានចាប់ផ្ដើមប្រមូលពលករចំណាកស្រុកខុសច្បាប់បន្ទាប់ពីការផ្ដួលរំលំរដ្ឋាភិបាលក្រុងបាងកក កាលពីខែមុន ហើយបានប្រកាសច្បាប់អាជ្ញាសឹក។
លោក គោស៊ុំ សារឿត អភិបាលខេត្តបន្ទាយមានជ័យ បានមានប្រសាសន៍ថា ” រហូតមកទល់ពេលនេះមានពលករចំណាកស្រុកជាង១៨០.០០០នាក់ត្រូវបាននិរទេសដោយរដ្ឋាភិបាលយោធាថៃឆ្លងកាត់ច្រកទ្វារអន្តរជាតិប៉ោយប៉ែត ចាប់តាំងពីថ្ងៃទី៦ ខែមិថុនាមក”។
ច្រកឆ្លងកាត់ជាច្រើនហាក់ដូចជាបានកើនឡើងកាលពីថ្ងៃអាទិត្យ នៅពេលដែលពលរដ្ឋខ្មែរជាង៤០.០០០នាក់បានចាកចេញពីប្រទេសថៃតាមច្រកទ្វារអន្តរជាតិប៉ោយប៉ែត។
យោងតាមតួលេខដែលបានពីរដ្ឋាភិបាល អង្គការសិទ្ធិមនុស្ស និងសាក្សីបានឲ្យដឹងថា យ៉ាងហោចណាស់ពលរដ្ឋខ្មែរចំនួន១០នាក់បានស្លាប់ ក្នុងនោះភាគច្រើនគឺស្លាប់ដោយគ្រោះថ្នាក់ចរាចរណ៍ ចាប់តាំងពីថ្ងៃអាទិត្យ អំឡុងការប្រមូល និងការខិតខំប្រឹងប្រែងត្រឡប់មកស្រុកកំណើតវិញ។ លោក សែម មករា អនុប្រធានច្រកទ្វារអន្តរជាតិប៉ោយប៉ែត បានមានប្រសាសន៍ថា ឥឡូវនេះសាកសពចំនួនប្រាំពីរនាក់ត្រូវបានបញ្ជូនមកដល់កម្ពុជាហើយ។
យោងតាមអង្គការសិទ្ធិមនុស្សអាដហុកបានឲ្យដឹងថា ពួកគេបានរាប់បញ្ចូលសាកសពបុរសម្នាក់និងស្ត្រីពីរនាក់ដែលបានស្លាប់បន្ទាប់ពីរថយន្តទួរីសដែលពួកគេជួលជិះមកស្រុកកំណើត បានផ្ទុះកង់នៅក្នុងខេត្តច័ន្ទបុរី ហើយបានក្រឡាប់។
អ្នកស្រី មួន ភៀយ ដែលរងរបួសស្រាលក្នុងគ្រោះថ្នាក់ចរាចរណ៍បាននិយាយថា រថយន្តទួរីសបានមកដល់កន្លែងដែលទាហានថៃបិទផ្លូវ នៅពេលនោះទាហានម្នាក់បានបាញ់ឡើងលើដើម្បីឲ្យរថយន្តទួរីសនោះឈប់។ អ្នកស្រីបាននិយាយថា អ្នកបើកបររថយន្តជនជាតិថៃបានបត់រថយន្តត្រឡប់ក្រោយភ្លាម ហើយបើកយ៉ាងល្បឿនចេញពីកន្លែងបិទផ្លូវនោះ ស្រាប់រថយន្តបានផ្ទុះកង់ហើយក្រឡាប់តែម្ដង។
អ្នកស្រីបាននិយាយតាមទូរស័ព្ទកាលពីម្សិលមិញពីផ្ទះរបស់អ្នកស្រីនៅក្នុងខេត្តបន្ទាយមានជ័យថា ” ខ្ញុំនិងប្រពន្ធអ្នកបើកបររថយន្តបានអង្វរឲ្យគាត់ឈប់ ប៉ុន្តែអ្នកបើកបរមិនព្រមឈប់ទេ ហើយបន្ទាប់មករថយន្តក្រឡាប់តែម្ដង”។
អ្នកស្រីបាននិយាយថា បុរសម្នាក់បានស្លាប់នៅកន្លែងកើតហេតុ ហើយស្ត្រីពីរនាក់បានស្លាប់ដោយសាររងរបួសបន្ទាប់ពីដឹកតាមរថយន្តសង្គ្រោះបន្ទាន់ទៅកាន់មន្ទីរពេទ្យក្នុងប្រទេសថៃ។ អ្នកស្រី ភៀយ បាននិយាយថា ប្ដីរបស់អ្នកស្រីនិងអ្នកដំណើរមួយចំនួនទៀតដែលបានរងរបួសក្នុងគ្រោះថ្នាក់ចរាចរណ៍នោះបានធូរស្រាលវិញហើយនៅក្នុងប្រទេសថៃ។ អ្នកស្រីបាននិយាយថា ” ខ្ញុំអំពាវនាវឲ្យស្ថានទូតកម្ពុជាជួយបញ្ជូនគាត់ទៅប្រទេសកម្ពុជាវិញ ពីព្រោះគាត់រងរបួស ហើយមិនទាន់ជាសះស្បើយនៅឡើយទេ។
លោក ស៊ុម ចាន់គា អ្នកឃ្លាំមើលនៅអង្គការអាដហុក ប្រចាំខេត្តបន្ទាយមានជ័យបានមានប្រសាសន៍ថា អង្គការរបស់លោកបានបញ្ជូនបុគ្គលិកមួយក្រុមទៅប្រទេសថៃដើម្បីស៊ើបអង្កេតករណីនេះ។
កាលពីថ្ងៃអង្គារ លោក ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃបានមានប្រសាសន៍ថា ប្រទេសថៃត្រូវទទួលខុសត្រូវចំពោះបញ្ហាទាំងអស់ដែលកើតចេញពីការសម្រុកចាកចេញរបស់ពលរដ្ឋខ្មែរក្នុងចំនួនដ៏ច្រើនរួមទាំងអ្នកស្លាប់ផងដែរ។
ពលរដ្ឋខ្មែរប្រាំមួយនាក់បានស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍ដាច់ដោយឡែកពីគ្នា នៅពេលដែលរថយន្តទួរីសដែលពួកគេជិះបានផ្ទុះកង់ ខណៈធ្វើដំណើរមកព្រំដែន ហើយបានក្រឡាប់។ អាជ្ញាធរថៃបានជូនដំណឹងមកប្រទេសកម្ពុជាថា បុរសម្នាក់ទៀតបានស្លាប់កាលពីថ្ងៃសុក្រ បន្ទាប់ពីលោតចេញពីទូកនេសាទ ដែលគាត់បានធ្វើការដោយខុសច្បាប់ដើម្បីគេចពីការចាប់ខ្លួន។
រដ្ឋាភិបាលយោធាថៃបានទទួលស្គាល់ថា ពិតជាបានបង្ក្រាបទៅលើពលករចំណាកស្រុកនៅក្នុងប្រទេសដោយខុសច្បាប់មែន ប៉ុន្តែបានបដិសេធថា មិនមានគោលនយោបាយណាមួយបង្ខំឲ្យពលករខ្មែរចំណាកស្រុកចាកចេញពីប្រទេសថៃទេ។
យោងតាមរបាយការណ៍ពីប្រព័ន្ធផ្សព្វផ្សាយព័ត៌មានថៃបានឲ្យដឹងថា បន្ទាប់ពីជំនួបនៅក្រុងបាងកកកាលពីថ្ងៃអង្គារ រវាងរដ្ឋមន្ត្រីការបរទេសថៃ និងឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសថៃ រដ្ឋាភិបាលថៃលើកឡើងថា ខ្លួនស្វាគមន៍ពលករចំណាកស្រុកពីប្រទេសកម្ពុជាត្រឡប់មកវិញ ឲ្យតែពួកគេមានលិខិតស្នាមត្រឹមត្រូវ។
បើទោះជាការភ័យខ្លាចជាកត្តាធ្វើឲ្យពួកគេចាកចេញក៏ដោយ ក៏ពលករដែលវិលត្រឡប់មកវិញនិយាយថា ពួកគេសង្ឃឹមថា នឹងបានទៅប្រទេសថៃវិញកន្លែងដែលពួកគេអាចរកការងារធ្វើច្រើននិងមានប្រាក់ខែខ្ពស់នៅពេលឆាប់ៗតាមដែលអាចធ្វើទៅបាន៕ សារុន