27 C
Phnom Penh

កម្ពុជាដណ្តើមបានចំណាត់ថ្នាក់ចំនួនពីរចំណោមទេសចរណ៍កំពូលទំាង១០ក្នុងពិភពលោក​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

យោង​តាមកម្មវិធីផ្តល់​ពាន​រង្វាន់​​​របស់​គេហទំព័រ​​TripAdvisor បានឲ្យដឹងថា ​កម្ពុជា​គឺ​ជា​ប្រទេស​តែមួយគត់ដែល​ដណ្តើមបាន​ចំណាត់ថ្នាក់ ចំនួនពីរក្នុងចំណោមតំបន់ទាក់​ទាញ​ភ្ញៀវទេសចរកំពូលៗទាំង១០ក្នុង​ពិភពលោក ដោយ​​ប្រាសាទ​​​អង្គរវត្ត​ជាប់ចំណាត់​ថ្នាក់​លេខ៦ និង​ប្រាសាទបាយ័នជាប់​ចំណាត់​ថ្នាក់លេខ​៧​នៅក្នុងការដាក់ចំណាត់ថ្នាក់​ដែល​ចេញ​ប្រកាស​កាលពីថ្ងៃអង្គារ។

ប្រាសាទ​អង្គរ​សតវត្សរ៍ទី១២​ជាប់​ចំណាត់ថ្នាក់​អែប​ជាមួយនឹង​តំបន់ទេសចរណ៍​ St.​Peter’s​ Basilica ក្នុងទីក្រុង​រ៉ូម និង​ TajMahal ក្នុង​ប្រទេស​ឥណ្ឌា និង​ MachuPicchu ជាទី​ក្រុងបុរាណ​របស់​អាណាចក្រ​ Incaសតវត្សរ៍​ទី១៥ដោយជាប់ចំណាប់ថ្នាក់កំពូលក្នុង​ចំណោមទីកន្លែង​ប្រវត្តិសាស្ត្រកំពូលៗចំនួន​២៥​កន្លែង​។

គេហទំព័រ​ទេសចរណ៍ធំបំផុត​លើពិភពលោក​នេះឲ្យដឹង​ថា ខ្លួនបាន​កំណត​់​ចំណាត់​ថ្នាក់​ទាំង​នេះ តាម​រយៈការវ​ិភាគ​ទៅលើ​ទស្សនបង្ហោះដោយ​អ្នកប្រើប្រាស់គេហទំព័រនេះ​ចំនួនរាប់លាននាក់​រយៈ​ពេល​​១២​ខែ​មកនេះ​។ គេហទំព័រ​TripAdvisor លើក​ឡើង​ថា ” ចំណាត់​ថា្នក់ទេសចរណ៍​នេះ គឺ​ជា​រង្វាស់មួយ​ឲ្យដឹង​អំពី​ថាតើ​ភ្ញៀវ​ទេសចរ​របស់យើង​ពេញចិត្ត​ទីកន្លែង​នីមួយៗ​បែប​ណា​”។

លោក​ ម៉ី មា៉រ៉ាឌី អនុ​ប្រធាន​អាជ្ញាធរ​អប្សរា​ដែល​គ្រប់​គ្រង​បរិវេណ​ឧទ្យាន​បុរាណ​អង្គរ​បាន​មាន​ប្រសាសន៍​ថា ការដណ្តើមចំណាត់ ថ្នាក់ចំនួន ពីរក្នុងទីកន្លែង​ទាក់​ទាញ​​ទេសចរ​ចំនួន​ពីរ​នៅក្នុងគេហទំព័រ​​​​TripAdvisor នឹង​ទទួលបាន​ការ​ចាប់អារម្មណ៍ស្របពេល​មាន​​អស្ថិរភាព​ក្នុង​ឧស្សាហកម្ម​ទេស​ចរណ៍​ ដោយ​សារ​ភាព​ចលាចល​នៅក្នុង​ប្រទេស​ថៃ​។ លោក ម៉ារ៉ាឌី បាន​ឲ្យ​ដឹង​ថា ” វា​ជា​ព័ត៌មាន​គួរ​ឲ្យ​ភ្ញាក់ផ្អើល ជា​ព័ត៌មាន​ដ៏​ល្អ និង​មាន​សារៈសំខាន់ណាស់​នៅពេលនេះ​”។

តំបន់ប្រវត្តិសាស្ត្រ​ដ៏ល្បីល្បាញ​មួយចំនួន​ ដូច​ជា ពីរ៉ាមីត នៅ​ប្រទេស​អេហ្ស៊ីបជាដើម​ មិនជាប់​​ចំណាត់​ថ្នាក់​ក្នុង​ចំណោម​ចំណាត់ថ្នាក់​កំពូល​​ទាំង​២៥ឡើយ។

លោកស្រី អានឡឺម៉េស ប្រធាន​អង្គការ​យូណេស្កូ​ប្រចាំ​ប្រទេស​នេះ​បាន​មាន​្របសាសន៍​ថា ​”​វា​ជា​ដំណឹង​ដ៏អស្ចារ្យ សម្រាប់​មុខ​មាត់​របស​់​កម្ពុជា ក៏ប៉ុន្តែ​មាន​​ប្រាសាទ​ចំនួន​៤២​ ដូច្នេះ​ការ​ព្រួយ​បារម្ភនៅតែមាន ហើយនៅតែ​ផ្ដោត​លើភ្ញៀវ​ទេសចរ​បន្ថែមទៀត​ដែលមកទស្សនា​នៅតំបន់ប្រាសាទ​អង្គរ​”។

គេហទំព័រ ​TripAdvisor បាន​ក្លាយ​ជា​ប្រភពកាន់​តែ​សំខាន់​សម្រាប់​ភ្ញៀវ​ទេសចរ​កំណត់ទីកន្លែង​​ត្រូ​វទៅ​ ទីកន្លែង​ស្នាក់នៅ​ និង​បរិភោគ។ ភ្ញៀវ​ទេសចរចិន​ ដែល​​ផែន​ការ​ទេសចរណ៍​ថ្មី​របស់​កម្ពុជាផ្តោតលើនោះ ​គឺ​ជាអ្នក​ប្រើ​ប្រាស់​គេហទំព័រ​ដូចជា ​TripAdvisorChinaជាដើម។ ភ្ញៀវ​ទេសចរចិនលំដាប់ខ្ពស់​​ គឺ​ជា​អ្នក​ប្រើ​ប្រព័ន្ធ​អុីនធើណិត​​ដ៏សកម្មបំផុត​ក្នុង​ពិភព​លោក​ នេះ​បើយោងតាម​ការ​ស្ទង់មតិ​ថ្មីៗ​មួយ​ដោយ​ BrandKarma និង​ InternationalLuxuryTravel។

លោក គង់ សុភារក្ស ប្រធាន​នាយកដ្ឋានព័ត៌មាននិង​​ស្ថិតិ​នៅ​ក្រសួង​ទេសចរណ៍​បាន​មាន​ប្រសាសន៍​ថា ប្រទេស​កម្ពុជា​ទទួល​បាន​ភ្ញៀវ​ទេសចរ​ចំនួន​៤,២លាន​នាក់​ក្នុង​ឆ្នាំ​២០១៣​ និង​កើនឡើង​៦,៨ភាគរយ​ក្នុង​រយៈពេល​បួន​ខែ​នៃ​ឆ្នាំ​នេះ​ បើធៀបនឹងរយៈពេលដូចគ្នាកាល​ពីឆ្នាំមុន។ ប្រាសាទ​នៅ​ខេត្ត​សៀម​រាប គឺ​ជា​កន្លែង​ទាក់ទាញដ៏សំខាន់ ហើយលោក​ សុភារក្ស បាន​ឲ្យដឹង​ថា រដ្ឋាភិបាល​ដឹងអំពីភាព​ចាំបាច់ដែលត្រូវ​​អភិរក្ស​តំបន់នេះ។

លោក​បានមាន​ប្រសាសន៍​ថា ” យើង​មាន​គម្រោង​ការ​ពា​រ​ប្រាសាទ​របស់​យើង ដូច​ជា តាម​រយៈ​ការ​កម្រិត​ចំនួនភ្ញៀវ​ទេសចរ​ក្នុង​មួយ​ថ្ងៃ​ជាដើម ហើយយើង​​កំពុង​សហការ​ជាមួយ​អង្គការ​ក្រៅ​រដ្ឋាភិបាល​ដើម្បី​កម្រិតការ​ខូច​ខាត​ដល់ប្រាសាទ​”៕ ប៊ុននី​​​​​​​

 

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស