32 C
Phnom Penh

អ្នកភូមិ​សហគមន៍បឹងកក់​ប្រាំមួយ​គ្រួសារ​ទទួលយក​ការ​ដោះស្រាយរបស់សាលារាជធានី

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អ្នក​ភូមិ​ប្រាំមួយ​គ្រួសារ​ដែល​​​ត្រូវបាន​បណ្តេញចេញពី​សហគមន៍បឹងកក់​ រួមទាំង​អ្នកស្រី ហេង មុំ ដែលជា​សកម្មជន​យូរមក​ហើយ​​​ផង​ បាន​បញ្ជាក់​កាលពី​ម្សិលមិញថា ពួកគាត់​បាន​ទទួលយក​ការ​ដោះ​​​ស្រាយរបស់​សាលា​​​រាជធានី​​​ភ្នំេពញដែលផ្ត​ល់ដីនិង​ប័ណ្ណកម្ម​សិទ្ធិនៅក្នុង​​តំបន់​ដដែល។

គ្រួសារទាំងនោះ​បាន​យល់​ព្រម​ទទួល​​​យក​​​ដីដែល​​​មួយក្បាលៗ​​​មានទំហំ​៤ម៉ែត្រគុណនឹង​១៨ម៉ែត្រ​នៅក្នុង​ភូមិ​២២ នៃតំបន់បឹង​កក់ ដោយ​​​ធ្វើឲ្យ​​គ្រួសារ​​​ដែល​​​នៅមិនទាន់មានដី​នៅឡើយ​​នៅសល់ត្រឹម​៤០គ្រួសារ​។

អ្នកភូមិ​ជាង​១០០គ្រួសារ​​ត្រូវ​បាន​លុប​​​ឈ្មោះ​​​ចេញពី​​​គម្រោង​ផ្តល់ប័ណ្ណកម្មសិទ្ធិដីធ្លីដែល​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បង្កើត​ឡើងកាលពី​ខែសីហា ឆ្នាំ២០១១ដល់​គ្រួសារ​ដែលនៅសេស​សល់​ដែលតស៊ូ​នឹង​ការ​បណ្តេញចេញនៅក្នុង​តំបន់នេះ។

អ្នកភូមិ​ប្រហែល​៣.០០០គ្រួសារ​នៅក្នុង​តំបន់នេះ​ត្រូវ​បាន​បណ្តេញចេញ​ពី​ផ្ទះសំបែង​របស់ពួកគាត់​ដើម្បី​បើក​ផ្លូវ​ឲ្យ​គម្រោង​អចលនទ្រព្យ​របស់​សមាជិក​ព្រឹទ្ធសភា​មួយរូបមកពីគណបក្ស​កាន់​អំណាច។

អ្នកស្រី ហេង មុំ បាននិយាយថា “ខ្ញុំ​បាន​យល់ព្រម​ចំពោះ​ការ​ដោះស្រាយរបស់សាលា​រាជធានី ពីព្រោះ​ពួកគេ​បាន​ដោះដូ​រដី​ឲ្យ​ខ្ញុំ​នៅកៀកនឹង​ផ្លូវ​ធំ ដែលពីមុន​វា​នៅ​ឆ្ងាយ​ណាស់”​។

អ្នកស្រី​ ហេង មុំ​ បាន​បែកបាក់យូរមកហើយ​ពី​ក្រុម​អ្នក​តវ៉ា​បឹង​កក់​ដែលដឹកនាំដោយ អ្នកស្រី ទេព វន្នី​ ជា​សកម្ម​ជន​ដ៏លេចធ្លោម្នាក់​​​ ហើយ​កាល​ពី​ឆ្នាំ​២០១២អ្នកស្រីបាន​សន្យា​នៅចំពោះមុខ​ក្រុមមន្ត្រី​ថា ​អ្នក​ស្រី​នឹង​​បោះ​ឆ្នោត​ឲ្យគណបក្ស​ប្រជាជនកម្ពុជា​នៅ​ក្នុងការបោះឆ្នោត​កាល​ពី​ខែ​កក្កដា​ឆ្នាំ​២០១៣​ជាថ្នូរ​នឹង​ប័ណ្ណកម្មសិទ្ធិ​ដី​ធ្លី។

ភាគច្រើន​នៃ អតីត​អ្នក​ភូមិ​​តំបន់​បឹង​កក់​ដែល​មិន​ទាន់​ទទួល​បាន​ប័ណ្ណកម្ម​សិទ្ធិ​ដី​នៅ​ឡើយ​ បាន​បដិសេធមិន​ទទួលយក​​ការ​ផ្តល់​សំណង​របស់​សាលា​រាជ​ធានី ដោយ​និយាយ​ថា ដី​ដែល​ផ្តល់​ឲ្យ​នេះ​មិន​គ្រប់​គ្រាន់​ទេ​។

ឃី រ៉េត ដែល​បាន​រស់​នៅ​ក្នុង​ភូមិ​១​ តំបន់​បឹង​កក់​ដែរបាន​និយាយថា “យើង​មិន​អាច​ទទួល​យក​ការ​ដោះស្រាយរបស់​សាលា​រាជធានី​ផ្តល់​ឲ្យ​បាន​ទេ ពីព្រោះ​ដី​នេះ​មាន​ទំហំ​តូ​ចជាង​ដី​ដែល​យើង​បាន​​កាន់​កាប់​ពី​មុន​មក​”។

អ្នកស្រី សែន ទូច ជា​អតីត​អ្នក​ភូមិ​បឹង​កក់​ម្នាក់​ទៀត​ក៏​បាន​បដិសេធ​មិនទទួល​យក​ការ​ផ្តល់​ជូន​នេះដែរ ដោយ​អះ​អាង​ថា ដី​​របស់​អ្នកស្រី​ពីដំបូង​​មាន​ទំហំ​៩០០ម៉ែត្រក្រឡា។ អ្នកស្រី​បាន​និយាយ​ថា ” សាលា​រាជ​ធានី​លើក​​ឡើង​ថា យើង​បាន​រស់​នៅ​លើ​ដី​រដ្ឋ​ ប៉ុន្តែ គ្រប់​កន្លែង​សុទ្ធតែជា​ដី​របស់​រដ្ឋ​។ នឹង​មិន​មាន​ដី​សម្រាប់​រស់​នៅ​ទេ ប្រសិន​បើ​អ្វី​ៗទាំងអស់​សុទ្ធ​តែ​ជា​របស់​​រដ្ឋ​នោះ​។

លោក អំ សំអាត អ្នកគ្រប់​គ្រង​បច្ចេក​ទេស​នៅ​អង្គការ​សិទ្ធិ​មនុស្ស​លីកាដូ​បាន​ស្វាគមន៍​ការ​ខិត​ខំប្រឹង​ប្រែង​របស់​សាលារាជ​ធានី​ដើម្បី​ដោះ​ស្រាយ​វិវាទ​ដីធ្លី​នៅ​តំបន់​បឹង​កក់​។

លោក សំអាត បាន​មាន​ប្រសាសន៍​ថា ទោះ​ជា​យ៉ាង​ណា វា​មិន​មែន​ជា​ការ​ត្រឹម​ត្រូវ​ទេ​ដែល​សាលារាជ​ធានី​លើក​ឡើង​ថា ពួកគាត់​ដែលត្រូវ​បាន​បណ្តេញ​ចេញដោយសារ​​រស់​នៅ​លើ​ដី​របស់​រដ្ឋ​នោះ។ ប្រសិន​បើ​ពួកគេ​ដឹង​ថា ដី​នេះ​ជា​កម្ម​សិទ្ធិ​របស់​រដ្ឋ​នោះ អ៊ីចឹងអាជ្ញាធរ​មិន​គួរ​បណ្តោយ​ឲ្យពួកគាត់​រស់​នៅទីនោះ​ទេ​”៕សារុន​

 

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស