ក្នុងការបង្ហាញសាមគ្គីភាពដ៏កម្រមួយនៅខាងក្រៅរាជធានីភ្នំពេញ ប្រជាពលរដ្ឋជាង១.០០០នាក់ដែលកើតទុក្ខមិនសុខចិត្តទាក់ទងនឹងវិវាទដីធ្លីផ្សេងៗគ្នានៅទូទាំងខេត្តសៀមរាប បានប្រមូលផ្តុំគ្នានៅខាងក្រៅការិយាល័យលោកអភិបាលខេត្តកាលពីថ្ងៃអង្គារ ដើម្បីទាមទារឲ្យមានការចាត់វិធានការ ហើយពួកគាត់បានចាកចេញទៅវិញដោយមានការសន្យាជួយពីលោកអភិបាលខេត្ត។
អ្នកស្រី ឆែក សំបូ ជាសកម្មជនបាននិយាយកាលពីម្សិលមិញថា អ្នកស្រីបានជួយរៀបចំសម្រាប់អ្នកតវ៉ាទាំងនោះ ហើយជាតំណាងម្នាក់ក្នុងចំណោមអ្នកតំណាង១៨នាក់មកពីសហគមន៍ជាច្រើនដើម្បីជួបប្រជុំជាមួយលោក ឃឹម ប៊ុនសុង អភិបាលខេត្តសៀមរាប។
អ្នកស្រី សំបូ បាននិយាយថា ក្រុមអ្នកតវ៉ារួមមានអ្នកដែលជាប់ពាក់ព័ន្ធវិវាទដីធ្លីជាមួយរដ្ឋបាលព្រៃឈើ អ្នកដែលបានស្នើសុំឲ្យរដ្ឋាភិបាលវាស់វែងដីរបស់ពួកគាត់ ដោយសង្ឃឹមថា នឹងទទួលបានប័ណ្ណកម្មសិទ្ធិ និងអ្នកដែលត្រូវបានវាស់វែងដីរួចហើយ ប៉ុន្តែ កំពុងរង់ចាំទទួលប័ណ្ណកម្មសិទ្ធិនៅឡើយ។ អ្នកស្រីបាននិយាយថា ” លោកអភិបាលខេត្តបានសន្យារកដំណោះស្រាយជូនក្រុមអ្នកតវ៉ាក្នុងរយៈពេលពីរសប្តាហ៍”។
អ្នកស្រី សំបូ បានពន្យល់ថា អ្នកស្រីស្ថិតក្នុងចំណោមអ្នកកំពុងរង់ចាំទទួលប័ណ្ណកម្មសិទ្ធិបន្ទាប់ពីដីអ្នកស្រីត្រូវបានវាស់វែងរួចកាលពីឆ្នាំមុន ដោយក្រុមនិស្សិតសាកលវិទ្យាល័យដែលត្រូវបានបញ្ជូនទៅវាស់វែងដីនៅទូទាំងប្រទេសដោយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដើម្បីពន្លឿនដំណើរការផ្តល់ប័ណ្ណកម្មសិទ្ធិដីធ្លី។
អ្នកស្រី សំបូ បាននិយាយថា កាលពីឆ្នាំ២០០៨ អាជ្ញាធរមូលដ្ឋានបានលក់ដីទំហំ៣ហិកតាទៅឲ្យអ្នកផ្សេង ដែលដីនោះអ្នកស្រីបានទិញកាលពីឆ្នាំ១៩៩៧ ហើយថា អ្នកស្រីបានជាប់ពន្ធនាគាររយៈពេលប្រាំមួយខែកាលពីឆ្នាំ២០០៩ បន្ទាប់ពីសាលាដំបូងខេត្តបានកាត់ឲ្យអ្នកស្រីជាប់ទោសពីបទលួចដីនេះ ។ អ្នកស្រីបាននិយាយថា អ្នកស្រីអាចបន្តកាន់កាប់ដីនោះទាល់តែបាន ប៉ុន្តែ អ្នកស្រីចង់បានប័ណ្ណកម្មសិទ្ធិដើម្បីធានាសិទ្ធិកាន់កាប់របស់អ្នកស្រី។
បើទោះណាជាចំនួនអ្នកតវ៉ាខុសពីធម្មតានិងទំហំនៃទុក្ខលំបាកត្រូវបានបង្ហាញក្នុងការជួបជុំនោះក៏ដោយ ក៏អ្នកស្រីអះអាងថា មិនមានអង្គការណាមួយនៅពីក្រោយពួកគាត់ឡើយ។
អ្នកស្រី កែវ សុភី ជាអ្នកតវ៉ាម្នាក់ទៀតបាននិយាយថា អ្នកស្រីបានទិញដីស្រែទំហំ១៨៣ហិកតាកាលពីឆ្នាំ១៩៩៨ ប៉ុន្តែ ត្រូវរដ្ឋបាលព្រៃឈើបណ្តេញចេញកាលពីឆ្នាំ២០០៣។ អ្នកស្រីបានត្រឡប់មកវិញកាលពីខែមិថុនាឆ្នាំមុន ហើយបានកាន់កាប់ដីប្រហែលពាក់កណ្តាលវិញ ហើយត្រូវបានរដ្ឋបាលព្រៃឈើព្រមានកាលពីខែមុនថា អ្នកស្រីនឹងត្រូវបណ្តេញម្តងទៀតដោយបង្ខំ ប្រសិនបើអ្នកស្រីមិនព្រមចេញទេនោះ។
អ្នកស្រីបាននិយាយថា ” ខ្ញុំបានចូលរួមតវ៉ាជាមួយអ្នកភូមិដទៃទៀតដើម្បីទាមទារដីស្រែរបស់ខ្ញុំមកវិញ ពីព្រោះរដ្ឋបាលព្រៃឈើបានរឹបអូសយកដីរបស់ខ្ញុំ ហើយបានរានដីនេះដើម្បីដាំដើមអាកាស្យាទៅវិញ”។
លោក ឃឹម ប៊ុនសុង ជាអភិបាលខេត្តបាននិយាយថា អាជ្ញាធរបានដោះស្រាយទុក្ខលំបាករបស់អ្នកតវ៉ាមួយចំនួនរួចហើយ ប៉ុន្តែ លោកបានបដិសេធមិននិយាយលម្អិតឡើយ។ លោកបានចោទប្រកាន់អ្នកផ្សេងថា បានរស់នៅដោយខុសច្បាប់លើដីដែលពួកគាត់កំពុងទាមទារសិទ្ធិកាន់កាប់ ហើយលោកបានមានប្រសាសន៍ថា ការដោះស្រាយវិវាទដីធ្លីរបស់ពួកគាត់ត្រូវមានអន្តរាគមន៍ពីមន្ត្រីថ្នាក់លើ។
លោកបានមានប្រសាសន៍កាលពីម្សិលមិញថា ” ខ្ញុំនឹងបញ្ជូនករណីនេះទៅស្ថាប័នពាក់ព័ន្ធ ជាពិសេសក្រសួងកសិកម្ម ពីព្រោះបញ្ហាទាំងនេះពាក់ព័ន្ធនឹងក្រសួងនេះ។ ពួកគាត់ចង់បានដំណោះស្រាយឆាប់ៗ ហើយយើងកំពុងធ្វើការលើរឿងនេះហើយ”៕ សារុន