28 C
Phnom Penh

មុខ​​របរ​​លក់​​​តែគជ់កាក់កប​​​ខ្លាំង​​​​​​ពេល​​​មាន​​​យុវវ័យ​​​ចូល​​​ចិត្ត​​​កាន់​​​តែ​​​​​​​​ច្រើន​​​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

រាជ​​​ធានីភ្នំពេញ​​​ប្រហែល​​​ជា​​​យឺត​​​យ៉ាវ​​​បីទសវត្សរ៍ចំពោះ​​​​​​ការ​​​ចាប់​​​មុខ​​​របរលក់​​​តែ​​​គជ់​​​ ប៉ុន្តែ មុខ​​​របរលក់​​​ភេសជ្ជៈ​​​ផ្អែម​​​ៗ​​​ដែល​​​បាន​​​ចាប់​​​ផ្តើម​​​នៅ​​​កោះ​​​តៃ​​​វ៉ាន់ ​​​អំឡុង​​​ទសវត្សរ៍​​​ឆ្នាំ​​​១៩៨០​​​នេ​​​ះ​​​បច្ចុប្បន្ន​​​ទទួល​​​បាន​​​ការ​​​ពេញ​​​និយម​​​ខ្លាំង​​​។ 

​​​និស្សិត​​​មួយ​​​ក្រុម​​​បាន​​​នាំ​​​គ្នា​​​​​​​​​​​​​​​​​អង្គុយ​​​ផ្អែក​​​ស្មា​​​គ្នា​​​​​​នៅខាង​​​ក្រៅ​​​ហាង​​​កាហ្វេ​​​មួយ​​​​​​ដែល​​​មាន​​​​​​​​​យីហោ Gong Cha ​​​ក្នុង​​​រាជ​​​ធានី​​​ភ្នំពេញ​​​នៅ​​​សប្តាហ៍​​​នេះ ខណៈ​​​ពេល​​​ពួកគេ​​​ចុច​​​ទូរស័ព្ទ​​​ស្មាត​​​ហ្វូន​​​បណ្តើរ​​​ និង​​​បឺត​​​តែ​​​គជ់​​​​​​ទឹក​​​ដោះ​​​គោ​​​ ដែល​​​​​​គ្រាប់​​​គជ់​​​តូច​​​ៗ​​​នៅ​​​បាត​​កំប៉ុង​​​បណ្តើរ​​​។

​​​យុវ​​​និស្សិត​​​ ទេព សុផានិត អាយុ​​​២​​​២​​​ឆ្នាំ​​​ ដែល​​​មក​​​ហាង​​​កាហ្វេ​​​នេះ​​​ជា​​​ប្រចាំ​​​ ចាប់​​​តាំង​​​ពីវា​​​បាន​​​បើក​​​ដំណើរ​​​​ការ​​​កាល​​​ពី​​​ឆ្នាំ​​​មុន​​​​​​មក​​​នោះ​​​ និយាយ​​​ថា ” ខ្ញុំ​​​ចូល​​​ចិត្ត​​​រស​​​ជាតិ​​​តែ​​​គុជ​​​នៅ​​​ទី​​​នេះ​​​ពីព្រោះ​​​វា​​​មិន​​​សូវ​​​ផ្អែម​​​ដូច​​​នៅ​​​ហាង​​​ផ្សេង​​​ៗ​​​ទៀត​​​ទេ​​​ ហើយ​​​ម្យ៉ាង​​​​​​វានៅ​​​ជិត​​​សាលា​​​រៀន​​​របស់​​​ខ្ញុំ​ផង​​​​​”។

យុវជន​​​រូប​​​នេះ​​​និយាយ​​​​​​​​​ថា ​​​ដោយ​​​ត្រូវ​​​ចំណាយ​​​២,៥០​​ដុល្លារ​​​ក្នុង​​​តែគជ់​​​មួយ​​​កំប៉ុង រូប​​​គេ​​​ចំណាយ​​​ពេល​​​ប្រហែល​​​១ម៉ោង​​​​​​ជជែក​​​គ្នា​​​លេង​​​លំហែ​​​អារម្មណ៍​​​​​​ជាមួយ​​​មិត្ត​​​រួម​​​ថ្នាក់​​​។ រូប​​​គេ​​​និយាយ​​​ថា “ខ្ញុំ​​​មក​​​ទី​​​នេះ​​​ជាមួយ​​​មិត្ត​​​ភក្តិ​​​មួយ​​​ចំនួន​​​ដើម្បី​​​ជជែកគ្នា​​​ពេល​​​ញាំុ​​​​​​អាហារ​​​ថ្ងៃ​​​ត្រង់​​​ ឬ​​​បន្ទាប់​​​ពី​​​ចេញ​​​ពី​​​រៀន​​​”។

​​​នៅ​​​ពេល​​​ហាង Gong Cha ​​​​​​បាន​​​បើក​​​ដំណើរ​​​ការ​​​នៅ​​​ពាក់​​​កណ្តាល​​​ឆ្នាំ​​​២០១៣​​​ មាន​​​ហាង​​​កាហ្វេ​​​ប្រហែល​​​ប្រាំ​​​ប៉ុណ្ណោះ​​​ដែល​​​បម្រើ​​​ភេសជ្ជៈ​​​តែ​​​គជ់​​​​​​នៅ​​​ក្នុង​​​រាជធានី​​​ភ្នំពេញ​​​ នេះ​​​បើ​​​យោង​​​តាម​​​​​​លោក ថៃ ឈាងម៉េង នាយក​​​ទី​​​ផ្សារ​​​របស់​​​ Brown Coffee ដែល​​ទទួល​​​បាន​​​សិទ្ធិ​​​ធ្វើ​​​អាជីវកម្ម​​​ក្នុង​​​ស្រុក​​​​​​ពី​​​​​ហាង​​​តែ​​​គជ់​​​ Gong Cha ដែល​​​មាន​​​មូល​​​ដ្ឋាន​​​នៅ​​​តៃវ៉ាន់​​​​​។

លោក​​​មាន​​​ប្រសាសន៍​​​ថា ចាប់​​​តាំង​​​ពី​​​ពេល​​​នោះ​​​មក ​​​ចំនួន​​​ហាង​​​តែ​​​គជ់​​​​​​បាន​​​កើន​​​ឡើង​​​ដល់​​​ជាង​​​៤០​​​កន្លែង​​​។ លោក​​​បាន​​​​​​បន្ត​​​ថា ការកើន​​​ឡើង​​​យ៉ាង​​​ឆាប់​​​រហ័ស​​​នេះ​​​គឺ​​​ដោយសារ​​​យុវជន​​​ស្វែង​​​រក​​​​​​ជម្រើស​​​ភេសជ្ជៈ​​​​​​ផ្សេង​​​ក្រៅ​​​ពី​​​កាហ្វេ ដោយ​​​ហាង​​​បែប​​​នេះ​​​​​​ភាគ​​​ច្រើន​​​​​បើក​​​ដំណើរ​​​ការ​​​នៅ​​​ជិត​​​សាលា​​​រៀន​​​ សាកលវិទ្យាល័យ​​​ និ​​​ង​​​ផ្សារ​​​ទំនើប។
ខណៈ​​​ពេល​​​ដែល​​​​​​  GongCha រីក​​​ចម្រើន​​​ Chatime របស់​​​តៃវ៉ាន់ និង​​​ Pop Tea របស់​​​ខ្មែរ​​​ដែល​​​ជា​​​គូប្រជែង​​​ធំ​​​របស់​​​វា​​​ ក៏​​​រីក​​​ចម្រើន​​ដែរ​​​។ បច្ចុប្បន្ន Chatime មាន​​​២០​​​សាខានៅ​​​ទូ​​​ទាំង​​​រាជ​​​ធានី​​​ភ្នំពេញ​​​ នេះ​​​បើ​​​យោង​​​តាម​​​លោក ហាក់ តិចសៀង​​​ ជា​​​អ្នក​​​មើល​​​ការ​​​ខុស​​​ត្រូវ​​​នៅ​​​សាខា​​​មួយ​​​ក្នុង​​​សង្កាត់​​​បឹង​​​កេង​​​កង​​​៣​​​​​​​​​​​​​​​​​។ លោក​​​មាន​​​ប្រសាសន៍​​​ថា ​​​ក្នុង​​ហាង​​​មួយ​​​លក់​​​បាន​​​ប្រហែល​​​៥០០​​​ដុល្លារ​​​ក្នុង​​​មួយ​​​ថ្ងៃ​​​។

ពេល​​​លើក​​​ទូរស័ព្ទ​​​នៅ​​​សាខាមួយ​​​ក្នុង​​​ចំណោម​​​សាខា​​​​​​ថ្មីៗជាច្រើន​​​របស់​​​ Pop Tea ក្នុង​​​រាជ​​​ធានី​​​ភ្នំពេញ​​​ បុគ្គលិក​​​ម្នាក់​​​និយាយ​​​ថា នាង​​​​​​មិន​​​អាចធ្វើ​​​អត្ថាធិប្បាយ​​​បាន​​​ទេ ដោយ​​​សារ​​​តែ​​​សព្វ​​​ថ្ងៃ​​​​​ទី​​​ផ្សារ​​​តែ​​​គជ់​​​​​​មានការ​​​ប្រកួត​​​ប្រជែង​​​គ្នា​​​ខ្លាំង។ បុគ្គលិក​​​រូ​​​ប​​​នេះ​​​និយាយ​​​ថា “ខ្ញុំ​​​មិន​​​អាច​​​ផ្តល់​​​ព័ត៌​​​មាន​​​ស្តី​​​អំពី​​​ហាង​​​​​​នេះ​​​បាន​​​ទេ ​​​ពី​​​ព្រោះ​​​ថៅកែ​​​របស់​​​ខ្ញុំ​​​ខ្លាច​​​អ្នកឯង​​​​​ជា​​​អ្នក​​​ប្រកួត​​​ប្រជែង”។

បុគ្គលិក​​​ផ្នែក​​​ព័ត៌មាន​​​វិទ្យា​​​ម្នាក់​​​ឈ្មោះ ប្រុស និយាយ​​​ថា ជាញឹក​​​ញាប់​​​គាត់​​​ចំណាយ​​​ប្រាក់​​​​​​ប្រហែល​​​៣០​​​ដុល្លារ​​​ ពេល​​​គាត់​​​ទៅ​​​ហាង​​​តែ​​​គជ់​​​​​​ម្តងៗ​​​ ពី​​​ព្រោះ​​​គាត់​​​ត្រូវ​​​​​​ទិញ​​​ភេសជ្ជៈ​​​សម្រាប់​​​គ្រួសារ​​​​​​របស់​​​គាត់​​​ទាំង​​​មូល ដោយ​​​ដាក់​​​គ្រឿង​​​ផ្សំ​​​បន្ថែ​​​ម​​​ដូច​​​ជា​​​ សណ្តែក​​​ក្រហម អាឡូវេរ៉ា និង​​​ចាហួយ​​​ខ្មៅ​​​។

គាត់​​​និយាយ​​​ថា ” មាន​​​រស​​​ជាតិ​​​ជា​​​ច្រើន​​​ដែល​​​ឆ្ងាញ់​​​។ គ្រួសារ​​​របស់ខ្ញុំ​​​អាច​​​ទទួល​​​ទាន​​​រស​​​ជាតិ​​​ខុស​​​ៗគ្នា​​​​​​បាន​​​រាល់​​​លើក​​​”។ នៅ​​​តៃ​​​វ៉ាន់​​​ មុខ​​​របរ​​​តែ​​​គជ់​​​​​​បាន​​​ជួប​​​បញ្ហា​​​មួយ​​​រយៈ​​​ពេល​​​ខ្លី​​​នៅ​​​ក្នុង​​​ឆ្នាំ​​​២០១៣​​​ នៅពេល​​​អាជ្ញាធរ​​​ដក​​​ហូត​​​សារធាតុ​​​​​​ម្យ៉ាង​​​រាប់​​​រយ​​​តោន​​​ (ដែល​​​ជាញឹក​​​ញាប់​​​​​គេ​​​ប្រើ​​​ប្រាស់​​​នៅ​​​ក្នុង​​​តែ​​​គជ់​​​) ដែល​​​​​​មាន​​​ផ្ទុក​​​​អាស៊ីត​​​ maleicacid ​​​អាច​​​ធ្វើ​​​ឲ្យ​​​ខូច​​​តម្រង​​​នោម​​​ប្រសិន​​​បើ​​​ទទួល​​​ទាន​​​​ច្រើន​​​។

ទោះបី​​​ជា​​​ប្រទេស​​​កម្ពុជា ​​​មិន​​​ទាន់​​​មាន​​​​​​​​​បញ្ហា​​​ដូចនេះ​​​អំឡុង​​​ពេល​​​​​​របរ​​​តែ​​​គជ់​​​កាក់​​​កប ​​​ក៏​​​មន្ត្រី​​​មន្ទី​​​រ​​​​​​សុខាភិបាល​​​រាជ​​​ធានី​​​ភ្នំពេញ​​​លើក​​​ឡើង​​​ថា អតិថិជន​​​គួរ​​​តែ​​​ទទួល​​​ទាន​​​តែ​​​គជ់​​​​​​ផ្អែម​​​ៗ​​​នេះ​​​ក្នុង​​​កម្រិត​​​ល្ម​​​ម​​​បាន​​​ហើយ។

លោក ងី​​​ មាន​​​ហេង ប្រធាន​​​មន្ទីរ​​​សុខាភិបាល​​​រាជ​​​ធានី​​​ភ្នំពេញ​​​បាន​​​មា​​​ន​​​ប្រសាសន៍​​​ថា ” យក​​​ល្អ​​​កុំ​​​ទទួល​​​ទាន​​​វា​​​រាល់​​​ថ្ងៃ​​​អី​​។ អង្គការ​​​សុខ​​​ភាព​​​ពិភព​​​លោក​​​បាន​​​លើក​​​​​​ឡើ​​​ងថា មនុស្ស​​​ពេញ​​​វ័យ​​​មិន​​​គួរ​​​ទទួល​​​ទាន​​​ភេសជ្ជៈ​​​ផ្អែម​​​ៗ​​​ឲ្យលើស​​​ពី​​​១កំប៉ុង​​​​​​​​​​​​​​​​​​​​​​​​ទេ​​​ក្នុង​​​មួយ​​​ថ្ងៃ​​​”។

លោក ហេង តៃគ្រី ​​​រដ្ឋ​​​លេខា​ធិការ​​​ក្រសួង​​​សុខាភិបាល​​​បាន​​​មាន​​​ប្រសាសន៍​​​ថា ប្រសិនបើ​​​តែ​​​គជ់​​​នៅ​​​ក្នុង​​​ប្រទេស​​​កម្ពុជា​​​ ត្រូវ​​​បាន​​​រក​​​ឃើញ​​​ថាពុល រដ្ឋាភិបាល​​​នឹង​​​មិន​​​ស្ទាក់​​​ស្ទើរនឹង​​​​​​បិទ​​​វា​​​ចោល​​​ឡើយ​​​។ លោកបាន​​​បន្ត​​​ថា ” ប្រសិន​​​បើ​​​ [ តែគជ់​​​]​​ ពុល ​​​​​​ត្រូវ​​​បិទ​​​វា​​​ចោល​​​”។

លោក ឡុង​​​ ឌីម៉ង់ អ្នក​​​នាំពាក្យសាលា​​​រាជ​​​ធានី​​​ភ្នំពេញ​​​បាន​​​មាន​​​ប្រសាសន៍​​​ថា លោក​​​​​​​មិន​​​ឃើញ​​​​​​មាន​​​បញ្ហា​​​អ្វី​​​ទេ​​​ជាមួយ​​​នឹង​​​ហាង​​​តែ​​​គជ់​​​ដែល​​​បើក​​​ដំណើរ​​​ការ​​​នៅ​​​ទូទាំង​​​រាជ​​​ធានី​​​ភ្នំពេញ​​​ ដោយ​​​លោក​​​គូស​​​បញ្ជាក់​​​ថា ​​​រឿង​​​ខ្លះ​​​ធ្ងន់​​​ធ្ងរ​​​​​​ជាង​​​​​​ការ​​​ទទួល​​​ទាន​​​ភេសជ្ជៈ​​​ផ្អែម​​​ៗ​​​​​​​​​នេះ​​​ទៅ​​​ទៀត។ លោក​​​មាន​​​ប្រសាសន៍ បន្ថែ​​​ម​​​ទៀត​​​ថា ” បើ [យើង​​​]​ ឃើញ​​​​​​យុវ​​​វ័យ​​​ជជែក​​​គ្នា​​​ [​​​នៅ​​​តាម​​​ហាង​​​] វា​​​ល្អ​​​​​​​​ជាង​​​ឲ្យ​​​ពួកគេ​​​​​​​​​ភ្នាល់​​​​​​បាល់​​​ទាត់​​​”។

​​​ដោយ​​​​​​មាន​​​ហាង​​​ថ្មី​​​ៗ​​​បើក​​​​​​ជា​​​​​​បន្ត​​​បន្ទាប់ ​​​ធ្វើ​​​ឲ្យ​​​ហាង​​​មួយ​​​ចំនួន​​​​​​ជួប​​​​​​ការលំបាក​​​ដោយ​​​សារ​​​​​មាន​​​ការ​​​ប្រកួត​​​ប្រជែង​​​ខ្លាំង។ សម្រាប់ហាង​​​​​​ Boba Taiwan Bubble Tea ដែល​​​មាន​​​បី​​​សាខា​​​នៅ​​​ក្នុង​​​រាជ​​​ធានី​​​ភ្នំពេញ ការកើន​​​ឡើង​​​នូវ​​​​​​ចំនួន​​​ហាង​​​កាហ្វេ​​​បាន​​​ធ្វើ​​​ឲ្យ​​​ការ​​​រក​​​ស៊ី​​​របស់​​​​​​​​​​​​អ្នក​​​ស្រី យឿន​​​ ចាន់​​​ណា ដែល​​​ជា​​​អ្នក​​​គ្រប់​​​គ្រង​​​ម្នាក់ ប្រឈម​​​​​​បញ្ហា​​​លំបាក​​​។ នៅ​​​ពេល​​​ហាង​​​ Boba បើក​​​ដំណើរការ​​​កាល​​​ពី​​​ជាង​​​មួយ​​​ឆ្នាំ​​​មុន​​​ ​​​ក្នុង​​​ហាង​​​នីមួយ​​​ៗ​​​លក់​​​បាន​​​ប្រហែលពី​​​ ​​​៣០០ទៅ​​​៤០០កែវ​​​ក្នុង​​​មួយ​​​ថ្ងៃ​​​ ប៉ុន្តែ​​​​​​ពេល​​​នេះ​​​ការ​​​លក់​​​បាន​​​ធ្លាក់​​​ចុះ​​​មក​​​នៅ​​​​​​ប្រហែល​​​២០០កែវ​​​ក្នុង​​​មួយ​​​ថ្ងៃ​​​។

អ្នកស្រី​​​ យឿន​​​ ចាន់ណា និយាយ​​​​​​ថា “ការ​​​លក់​​​របស់​​​ខ្ញុំ​​​បាន​​​ធ្លាក់​​​ចុះ​​​ដោយសារ​​​ពេល​​​នេះ​​​​​​មាន​​​អ្នក​​​ប្រកួត​​​ប្រជែង​​​ច្រើន​​​ ហើយ​​​​​​​​​ម៉ូយ​​​មួយ​​​ចំនួន​​​របស់​​​ខ្ញុំ​​​បាន​​​ទៅ​​​ហាង​​​ផ្សេង​​​”។

ទោះ​​​ជា​​​យ៉ាង​​​ណា យុវជន​​​ អ៊ុ​​​ង សេង​​​លី​​​  ជា​​​និស្សិត​​​ឆ្នាំ​​​ទី​​​៤​​​នៃ​​​សាកលវិទ្យាល័យ​​​មេគង្គ​​​ដែល​​​ទទួល​​​ទាន​​​តែគជ់​​​​​​​​​ម្តង​​​ក្នុង​​​មួយ​​​សប្តាហ៍​​​និយាយថា មុខ​​​របប​​​តែ​​​គជ់​​​​​​គួរ​​​តែ​​​មាន​​​ឱកាស​​​ច្រើន​​សម្រាប់​​​ពង្រីក​​​ខ្លួន ​​​ពីព្រោះ​​​សិស្ស​​​និស្សិត​​​ចូលចិត្ត​​​ភេសជ្ជៈ​​​ផ្អែម​​​ៗ​​​នេះ​​​ជា​​​ជាង​​​ភេសជ្ជៈ​​​ផ្សេង​ទៀត​​​។ យុវជន​​​រូប​​​នេះ​​​​​​បាន​​​លើក​​​ឡើង​​​ទៀត​​​ថា ” ខ្ញុំ​​​ចូល​​​ចិត្ត​​​តែ​​​គជ់​​​ជាង​​​កាហ្វេ។ នៅពេល​​​ខ្ញុំ​​​ផឹក​​​កាហ្វេ​​​ វា​​​ធ្វើ​​​ឲ្យខ្ញុំ​​​ក្តៅ​​​ខ្លួន​​​”៕សុខុម​​​​​​​​​​​​

 

 

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស