ខណៈដែលបុគ្គលិក កម្មករ និងមន្ត្រីរាជការទូទាំងប្រទេសបានឈប់សម្រាកមួយថ្ងៃកាលពីម្សិលមិញ ដើម្បីអបអរព្រះរាជពិធីបុណ្យចម្រើនព្រះជន្មសម្តេចម៉ែ នរោត្តម មុនីនាថ សម្តេចម៉ែបានប្រារព្ធព្រះរាជពិធីនេះដោយស្ងាត់ៗជាមួយសែរាជវង្សានុវង្សប្រមាណ៦០រូបក្នុងព្រះបរមរាជវាំង។

សម្តេចម៉ែបានប្រារព្ធព្រះរាជពិធីបុណ្យចម្រើនព្រះជន្មគម្រប់៧៨ព្រះវស្សាយាងចូល៧៩ព្រះវស្សារបស់ព្រះអង្គ ដោយការទទួលពរជ័យពីព្រះសង្ឃប្រាំអង្គក្នុងពិធីតូចមួយនៅព្រះបរមរាជវាំងវេលាម៉ោង៩ព្រឹក នេះបើយោងតាមការឲ្យដឹងពីព្រះអង្គម្ចាស់ សីុសុវត្ថិ ធម្មិកោ ដែលបានចូលរួមព្រះរាជពិធីនេះដែរ។
ព្រះអង្គម្ចាស់បានមានព្រះបន្ទូលថា “សម្តេចម៉ែកំពុងកាន់ព្រះរាជមរណទុក្ខព្រះបរមរតនកោដ្ឋសម្តេចឪ នរោត្តម សីហនុ ដូច្នេះគ្មានពិធីធំដុំ គ្មានតន្ត្រី និងពិធីលាងសាយភោជន៍សម្រាប់សម្តេចម៉ែ នរោត្តម មុនីនាថ ទេ។ មានសារលិខិតថ្វាយព្រះពរ និងកន្ត្រកផ្កាមួយចំនួនពីឯកអគ្គរាជទូត រដ្ឋទូត និងមន្ត្រីការទូតនានាប្រចាំកម្ពុជា ប៉ុន្តែ គ្មានពិធីទទួលមេដឹកនាំក្នុងជួររដ្ឋាភិបាល និងមន្ត្រីផ្សេងៗទៀតទេ”។
ព្រះអង្គម្ចាស់បានមានបន្ទូលថា ចាប់តាំងពីសម្តេចឪបានចូលទិវង្គតនៅខែតុលា ឆ្នាំ២០១២មក សម្តេចម៉ែឈប់រៀបចំព្រះរាជពិធីចម្រើនព្រះជន្មធំដុំទៀតហើយ។ ព្រះអង្គបានបន្តថា “កន្លងមក សម្តេចឪតែងតែរៀបចំពិធីលាងសាយភោជន៍ជាមួយមន្ត្រីការទូត និងមេដឹកនាំក្នុងជួររដ្ឋាភិបាល ប៉ុន្តែ គ្មានតន្ត្រីអឺងកង ឬពិធីលាងសាយភោជន៍ទេ ចាប់តាំងពីសម្តេចឪសោយទិវង្គតមក”។
ទោះជាយ៉ាងណា នំខេកប្រាំពីរថ្នាក់ដែលមានរាងដូចស្វេតច្ឆត្រត្រូវបានថ្វាយសម្តេចម៉ែអំឡុងថ្ងៃចម្រើនព្រះជន្មរបស់ព្រះអង្គ ហើយកាលពីយប់មិញ មានពិធីអុជកាំជ្រួចនៅទន្លេសាបខាងមុខព្រះបរមរាជវាំង។
ព្រះរាជពិធីនេះគឺជាឱកាសជួបជុំគ្នារបស់សែរាជវង្សជាច្រើនដែលមកពីគ្រប់និន្នាការនយោបាយ រួមមានទាំងព្រះអង្គម្ចាស់ នរោត្តម រណប្ញទ្ធិ ដែលទើបបង្កើតគណបក្សសង្គម រាស្ត្រ រាជាធិបតេយ្យកាលពីសប្តាហ៍មុន និងព្រះអង្គម្ចាស់ ចក្រពង់្ស ដែលជាអ្នកស្មោះត្រង់នឹងគណបក្សប្រជាជនជាយូរមកហើយផងដែរ។
ទូរទស្សន៍ជាតិបានចាក់បញ្ចាំងខ្សែភាពយន្តដែលព្រះបរមរតនកោដ្ឋសម្តេចឪ និងសម្តេចម៉ែ សម្តែងជាតួឯក នៅមុនព្រះរាជពិធីបុណ្យចម្រើនព្រះជន្មកាលពីម្សិលមិញ។
សារថ្វាយព្រះពរពីស្ថាប័ននានារបស់រដ្ឋាភិបាលត្រូវបានចុះផ្សាយព្រោងព្រាតតាមកាសែតក្នុងស្រុក ចំណែកឯទីភ្នាក់ងារសារព័ត៌មានអាកាប៉េ របស់រដ្ឋ ក៏បានចុះផ្សាយសារលិខិតស្រដៀងគ្នាពីមន្ត្រីជាន់ខ្ពស់មួយចំនួន ដែលរួមមានទាំងលោក នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងលោក ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃផងដែរ។
លោក ឈិន កេតណា អគ្គលេខាធិការនៃគណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ និងអន្តរជាតិបានមានប្រសាសន៍ថា ព្រះឆាយាលក្ខណ៍របស់សម្តេចម៉ែត្រូវបានដាក់តាំងនៅខាងមុខបណ្តាក្រសួង និងអគារនានារបស់រដ្ឋាភិបាល ដើម្បីគោរពដល់ព្រះរាជពិធីបុណ្យចម្រើនព្រះជន្មរបស់ព្រះអង្គ៕សុខុម