38 C
Phnom Penh

តុលាការ​សាកសួរ​ឧកញ៉ាក្នុងជម្លោះ​​ជាមួយ​បងប្អូន​បង្កើត

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

​កាលពីម្សិលមិញ សាលាដំបូងរាជធានីភ្នំពេញ​បាន​សាកសួរ​​​អ្នកមាន​ស្តុកស្តម្ភ​ចំណាស់​ម្នាក់​​​ដែល​ជាប់​​​​ក្នុងពន្ធនាគារ​​កាល​​ពីដើម​ខែ​នេះ​​ ក្នុង​​​ជម្លោះ​​​អចលនទ្រព្យ​​​ជាមួយ​ប្អូន​ប្រុស​​របស់​ខ្លួន​ ដែល​ជា​​​អ្នក​​ជំនួញ​​ធំដុំម្នាក់​ដែរ។

លោក សៀង សុខ ព្រះរាជអាជ្ញារងអមសាលាដំបូង​​បានមាន​ប្រសាសន៍ថា លោក ហួត សេងឡុង ​​អាយុ​៧៦ឆ្នាំ ដែលប្រើ​ឈ្មោះ​ ថៃ សេងឡុង ផងដែរ ត្រូវបាន​​សាកសួរ​ក្នុង​សវនា​ការ​​បិទទ្វារ​មួយ​អស់​រយៈ​ពេល​ជិត​ប្រាំបីម៉ោង​ ដោយ​ចៅក្រម​សាកសួរ អឿង សៀង។

ចៅក្រម អឿង សៀង មិនព្រម​ធ្វើ​អត្ថាធិប្បាយ​​​អំពីការសាកសួរលោក សេង ឡុង ឡើយ​ហើយលោក ច័ន្ទ វិចិត្រ ដែលជា​មេធាវីរបស់គាត់ ក៏មិនព្រម​ធ្វើ​អត្ថាធិប្បាយ​ដែរ។

លោក សេង ឡុង ដែល​​ជាម្ចាស់​ក្រុមហ៊ុន ហួតត្រាកូ ត្រូវបាន​ចាប់ខ្លួន​កាល​ពីសប្តាហ៍មុន​យោងតាម​ពាក្យ​បណ្តឹង​មួយ​ពី​ប្អូនប្រុស​​របស់លោក ឈ្មោះ ហួត វ៉ាន់ថន ដែល​​ជាម្ចាស់​ក្រុមហ៊ុនទូរស័ព្ទចល័ត Beeline។

លោក វ៉ាន់ថន ចោទថា បងប្រុសរបស់លោក បានលួចក្លែង​ឯកសារ​អចលនទ្រព្យ​ដើម្បី​កាន់កាប់​កម្មសិទ្ធិផ្ទះ​​​របស់​លោក វ៉ាន់ថន និងលក់យកប្រាក់​តែឯង។

លោក សេងឡុង ​សម្រាក​ព្យាបាល​នៅក្នុង​មន្ទីរ​​ពេទ្យ​​រយៈពេល​​​ពីរថ្ងៃ​ បន្ទាប់​​ពី​ការ​ចាប់​ខ្លួនលោក និង​ត្រូវបាន​ព្យាបាល​​​ជំងឺ​លើស​ឈាម​។ បន្ទាប់​ពីសះ​ស្បើយ​ លោក​ត្រូវបាន​ចោទ​ប្រកាន់​កាល​ពីថ្ងៃ​​សៅរ៍ ​​ពីបទ​រំលោភ​សេចក្តីទុកចិត្ត​ ​និង​ត្រូវបាន​ឃុំខ្លួន​នៅ​ពន្ធនាគារ ប៉េហ្ស៊ី៕ ប៊ុននី​​​​

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស