26 C
Phnom Penh

មន្ទីរ​​ពេទ្យគាំទ្រ​ដោយវៀតណាម​សាងសង់​អស់​ប្រាក់​៤២លាន​ដុល្លារមាន​ដំណើរ​ការ​សន្សឹមៗ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ដោយ​បើក​រយៈពេល​ប្រាំមួយ​ខែ​មកហើយ​ដើម្បី​ផ្តល់​ឲ្យ​អ្នក​ជំងឺធ្ងន់​នូវជម្រើស​ធ្វើ​ដំណើរ​ទៅ​ក្រៅប្រទេសដើម្បី​ព្យាបាល​ មន្ទីរ​​ពេទ្យ​​ជោរីភ្នំពេញ​​ ដែលគ្រាំទ្រ​ដោយវៀត​ណាម​ ​បាន​ដំណើរ​ការសន្សឹម​ៗ​។

ដោយមានគ្រែដេកចំនួន​២០០​នៅ​ឈ្នៀងអគារ​ចំនួន​ពីរ និង​មាន​កម្ពស់​បួន​ជាន់​ អគារ​ដែលសាងសង់អស់ប្រាក់​ចំនួន​៤២លានដុល្លារ​នៅក្នុងខណ្ឌមាន​ជ័យ​ ជាការ​រកស៊ី​រួម​​រវាង​វិនិយោគិន​វៀតណាម​និង​លោក សុខ គង់ ​មហាសេដ្ឋី​ជំនួញប្រេង​ឥន្ធនៈ​និងទេសចរណ៍​ក្នុង​ស្រុក​ ​គឺជាសញ្ញា​គួរឲ្យកត់​សម្គាល់​មួយ​។

យោងតាម​មន្ត្រីមន្ទីរពេទ្យ​​បាន​ឲ្យដឹងថា អ្នក​ជំងឺ​ចំនួន​​៣០.០០០នាក់​ត្រូវបាន​ព្យាបាល​នៅទីនោះ​​ចាប់​តាំង​ពីខែ​មករាមក​។ កាលពីដើមសប្តាហ៍នេះ នៅកន្លែង​ទទួល​អ្នក​ជំងឺ មាន​អ្នក​ជំងឺ​ជាច្រើន​ជួរ កំពុង​​រង់​ចាំ​​គិលានុបដ្ឋាយិកា​ក្នុង​ឯកសណ្ឋាន​ពណ៌​ស៊ីជម្ពូ។

ប៉ុន្តែ​នៅ​​ជាន់លើ​ងងឹត​​ឈឹង​ បន្ទប់​ជាច្រើន​គ្មាន​អ្នក​ជំងឺ​សម្រាកទេ ពីព្រោះ​មន្ទីរ​ពេទ្យនេះ​កំពុង​ផ្ទេរ​អ្នក​ជំងឺ​ជាច្រើន​ទៅ​កាន់​មន្ទីរពេទ្យ​ដូច​គ្នា​នេះ​នៅក្នុងទីក្រុងហូជីមិញ​នៅឡើយ។

លោក ង្វៀន ហ័ង ណាម (NguyenHoangNam) ជាប្រធាន​មន្ទីរ​​ពេទ្យនេះ​​ បានពន្យល់​តាម​រយៈ​អ្នកបកប្រែថា “យើងមិន​ទាន់ បញ្ចប់់ រចនាសម្ព័ន្ធនៅឡើយទេ​”។

លោកបានមានប្រសាសន៍ថា” ដូច្នេះ ពេលខ្លះ យើង​បញ្ជូន​អ្នក​ជំងឺទៅកាន់​មន្ទីរ​ពេទ្យ​ជោរី នៅក្នុងប្រទេស​វៀតណាម ពីព្រោះ​មន្ទីរពេទ្យនោះ​មាន​វេជ្ជបណ្ឌិត​ ដែល​ធ្វើការរយៈ​ពេល​យូរ​មក​ហើយ​ ពួកគេមាន​បទ​​ពិសោធន៍ច្រើន​ ប៉ុន្តែ​មុនពេល​យើង​បញ្ជូន​​​អ្នក​ជំងឺ​ដែល​មាន​របួស​ធ្ងន់​ យើងពិភាក្សា ​ថាតើត្រូវ​បញ្ជូន​​ពួកគេ​ឬអត់​”។

លោក ហ័ង ណាម ​បានមាន​ប្រសាសន៍ថា ​មិនអាច​ប៉ាន់ប្រមាណ ថាតើ​អ្នកជំងឺជោរីចំនួន​ប៉ុន្មាននាក់​​​​ត្រូវបាន​បញ្ជូន​​ទៅ​កាន់​ប្រទេស​វៀតណាម​ទេ​ ពីព្រោះមន្ទីរ​ពេទ្យ​​ជាច្រើន​​នៅទូទាំង​រាជ​ធានីភ្នំពេញក៏​ប្រើ​សេវាបញ្ជូនអ្នក​ជំងឺ​​របស់​ខ្លួនដូច្នេះដែរ។​ លោក​ក៏មិនបាន​ឲ្យ​ដឹង​ថាតើ​មន្ទីរ​ពេទ្យនេះ​មានផែនការ​​ឈប់បញ្ជូន​អ្នកជំងឺទៅក្រៅប្រទេស​នៅ​ពេល​ណាទេ​​។

លោក ស៊ិន តារា អ្នកគ្រប់គ្រង​ធនធាន​មនុស្ស​របស់មន្ទីរ​​ពេទ្យនេះ​ ​បានមាន​ប្រសាសន៍​ថា ចំនួនអ្នកជំងឺ​​ដែល​បញ្ជូន​ទៅ​ប្រទេស​វៀតណាម នឹង​ចុះថយ​ឆាប់ៗ ពីព្រោះមាន​តែ​​អ្នក​ដែលត្រូវការ​ព្យាបាលពីអ្នក​ជំនាញ​ ដូចជាអ្នកមាន​ជំងឺសើស្បែក ឬ​របួស​ក្បាល​ធ្ងន់ធ្ងរ​​ប៉ុណ្ណោះ​ នឹង​ត្រូវបញ្ជូន​​ទៅ​​កាន់ប្រទេស​វៀតណាម​។

លោកបានមានប្រសាសន៍ថា “​​អំឡុង​ប៉ុន្មាន​ខែមុននេះ យើងមិន​បាន​​ចាប់ផ្តើម​វះកាត់ទេ​ យើង​ទើប​ចាប់​ផ្តើម​​នៅ​ខែ​នេះ ដូច្នេះ​យើងមិន​ចាំបាច់​បញ្ជូន​[​អ្នកជំងឺត្រូវវះកាត់​] ទៅ​វៀតណាម​​ទេ​នៅ​ពេល​នេះ​”។

លោក តារា ​បាន​បន្ថែមថា មន្ទីរពេទ្យ​នេះ​​កំពុង​ឈាន​ទៅ​រក​ការ​ពង្រីក​ដំណាក់កាល​ទី​២ ដែលត្រូវសាងសង់អាគារ​​ទី២មួយ​នៅជិតនោះ​ មាន​គ្រែ​សម្រាកព្យាបាល​ចំនួន​៣០០​ថែម​ទៀត​។

នៅពេល​មន្ទីរ​ពេទ្យ ជោរី បាន​បើក​ព្យាបាល​កាល​ពីដើមឆ្នាំនេះ​ លោក​ ​ធា គ្រុយ រដ្ឋ​លេខា​ធិការ​ក្រសួង​សុខាភិបាល​ បានមាន​ប្រសាសន៍ថា ប្រជាពលរដ្ឋកុំរំពឹង​ថា គុណ​ភាព​នៃការ​ព្យាបាល​ដូចគ្នានៅក្នុងប្រទេសវៀតណាម​នោះ​។

លោក គ្រុយ បានមានប្រសាសន៍នៅពេលនោះថា ” ខ្ញុំមិនហ៊ាននិយាយ​ថា ការព្យាបាល​នឹងមាន​ប្រសិទ្ធភាព​ខ្ពស់​ ដូចនៅ​មន្ទីរ​​ពេទ្យ ជោរី ក្នុងប្រទេស​វៀតណាម​​ទេ ពីព្រោះ​[វេជ្ជបណ្ឌិតវៀតណាម] បានទទួលការ​អប់រំនិងបទពិសោធន៍​នៅប្រទេស​បារាំង​និង​ប្រទេស​អភិវឌ្ឍន៍​ផ្សេង​ទៀត​”។

ក៏ប៉ុន្តែ​ក្រុមមន្ត្រី​មន្ទីរពេទ្យ​​បាន​បញ្ជាក់​នៅសប្តាហ៍នេះថា វេជ្ជបណ្ឌិត​នៅសាខា​ភ្នំពេញនេះ​ក៏មាន​សមត្ថភាព​ដូចគ្នាដែរ។

លោក តារា បានមានប្រសាសន៍ថា “វេជ្ជបណ្ឌិត​កម្ពុជា​នៅទីនេះ​ធ្លាប់ធ្វើការ​នៅមន្ទីរ​ពេទ្យ ជោរី អស់រយៈពេលជា​​ច្រើន​ឆ្នាំ ឥឡូវ​ពួកគេ​ធ្វើការ​នៅ​ទីនេះ​ហើយ​។ យើងក៏​មាន​វេជ្ជបណ្ឌិត​មកពីប្រទេស​វៀតណាមដែរ​​ ដូច្នេះ​សមត្ថភាព​របស់​​វេជ្ជបណ្ឌិត​​​នៅ​ទីនេះគឺ​ ដូចតែ​គ្នា”។

ហើយវា​ច្បាស់ណាស់​​ថា កេរ្តិ៍ឈ្មោះ​​របស់​មន្ទីរពេទ្យ ជោរី ដែល​ជួយគាំទ្រ​ផ្ទាល់ដោយ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន អំឡុងពិធីកាត់​ខ្សែបូកាល​​ពី​​ខែមករា ​ទាក់ទាញ​​​អ្នកជំងឺ​បាន​ច្រើន។

ឈ្មោះ ចុន អឿន អាយុ​២៩ឆ្នាំ ដែល​ស្វែងរក​ការ​​ព្យាបាលជំងឺ​​​​ឈឺក្បាលរ៉ាំរ៉ៃបាន​ឲ្យដឹងថា ” ខ្ញុំមកទីនេះ​ ពីព្រោះ​ខ្ញុំ​បាន​ឃើញ​បងប្អូន​របស់ខ្ញុំ​​បាន​ប្រសើរ​ឡើង បន្ទាប់​ពី​ពួកគេ​ត្រូវបាន​ព្យាបាល​នៅទីនេះ​”។

អ្នកជំងឺម្នាក់ទៀត ឈ្មោះ ឡឹក ហួរ អាយុ​៦៩ឆ្នាំ បានមាន​ប្រសាសន៍ថា នេះ​​ជាលើក​ទី១​​របស់​អ្នកស្រី​ដែល​មក​ព្យាបាល​នៅ​មន្ទីរ​ពេទ្យនេះ​។

អ្នកស្រី​បាន​មាន​ប្រសាសន៍ថា” ខ្ញុំ​បានសម្រេច​ចិត្ត​មក​មន្ទីរ​ពេទ្យ​នេះ​ ពីព្រោះ​ខ្ញុំ​ឮថា ​មន្ទីរ​ពេទ្យមួយ​នេះ​នៅក្នុងប្រទេស​វៀតណាម​ ព្យាបាល​​ជំងឺ​ប្រជាជន​កម្ពុជា​បាន​ប្រសើរ​”៕​ប៊ុននី​

​​​​​​

 

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស